សៀមរាបៈ អាយឆា​កម្ពុជា ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​ពិសេស​លើក​ទី​២ ឆ្នាំ​ ២០២២ នៃ​គណៈកម្មការ​អន្តររដ្ឋាភិបាល​អាស៊ាន​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស (​អាយឆា​) និង​កិច្ចប្រជុំ​ពាក់ព័ន្ធ ដើម្បី​ធ្វើការ​ពិនិត្យ និង​ពិភាក្សា​លើ​បញ្ហា​មួយចំនួន រួមមាន​បរិស្ថាន និង​បញ្ហា​សិទ្ធិមនុស្ស​នៅ​តំបន់​អាស៊ាន ហើយ​ត្រៀម​អនុម័ត​លើ​ឯកសារ​មួយចំនួន​។

កិច្ចប្រជុំ​អាយឆា នេះ​ធ្វើឡើង​ក្នុង​ទម្រង់​នៃ​កិច្ចប្រជុំ​ដោយផ្ទាល់ ដែល​រៀបចំ​ប្រារព្ធ​ធ្វើឡើង​នៅ​ខេត្ត​សៀមរាប ចាប់ពី​ថ្ងៃទី​ ១៥-១៩ ខែវិច្ឆិកា ឆ្នាំ​ ២០២២ ​។ ចាប់ពី​ថ្ងៃទី​ ១៥-១៧ វិច្ឆិកា លោក កែវ រ៉េមី ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​តំណាង​កម្ពុជា​ប្រចាំ​អាយឆា និង​ជា​ប្រធាន អាយឆា ឆ្នាំ​ ២០២២ នឹង​ដឹកនាំ​កិច្ចប្រជុំ​ពិសេស​លើក​ទី ​២ ឆ្នាំ​ ២០២២ របស់​ អាយឆា ដោយមាន​ការចូលរួម​ពី​តំណាង​ប្រទេស​សមាជិក​អាស៊ាន​ទាំងអស់​ប្រចាំ​ អាយឆា និង​លេខាធិការដ្ឋាន​អាស៊ាន​។

កិច្ចប្រជុំ​ពិសេស​លើក​ទី​២ របស់​ អាយឆា ​នេះ​នឹង​ធ្វើការ​ពិនិត្យ ពិភាក្សា លើ​ឯកសារ ទស្សនទាន​នៃ​សកម្មភាព​អាទិភាព​របស់​ អាយឆា ​ឆ្នាំ​ ២០១៩-២០២២ បច្ចុប្បន្នភាព​នៃ​សកម្មភាព អាទិភាព​របស់​ អាយឆា ​ពី​ឆ្នាំ​ ២០១៤-២០២២ របាយការណ៍​សកម្មភាព​នានា​ដែល​បាន​អនុវត្ត​រួចហើយ វឌ្ឍនភាព​នៃ​កម្មវិធី​នានា​ដែល​មិនទាន់​បាន​អនុវត្ត និង​ឯកសារ​សំខាន់ៗ​មួយចំនួនទៀត​។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ អាយឆា ​កម្ពុជា ចុះ​ថ្ងៃទី​ ១៥ ខែវិច្ឆិកា បាន​ឱ្យដឹងថា ក្នុង​កិច្ចប្រជុំ​ពិសេស​លើក​ទី​ ២ ​របស់​ អាយឆា លោក កែវ រ៉េមី នឹង​ដឹកនាំ​គណៈប្រតិភូ​ អាយឆា ក្នុង​កិច្ចប្រជុំ​ដាច់ដោយឡែក​រវាង អាយឆា និង​អង្គការ​សហប្រជាជាតិ​នៅ​រសៀល​ថ្ងៃទី​ ១៦ ខែវិច្ឆិកា ដើម្បី​ពិភាក្សា​ពី​កិច្ចសហប្រតិបត្តិការ​របស់​ អាយឆា និង​អង្គការ​សហប្រជាជាតិ ក្នុង​ការការពារ និង​លើកកម្ពស់​សិទ្ធិមនុស្ស​នៅក្នុង​តំបន់​អាស៊ាន​។

សេចក្តី​ប្រកាស​ដដែល​បន្ត​ទៀតថា នៅ​ថ្ងៃទី​ ១៨ វិច្ឆិកា អាយឆា ​កម្ពុជា​នឹង​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​ពិធី​អបអរសាទរ​ខួប​លើក​ទី​ ១០ នៃ​សេចក្តី​ប្រកាស​សិទ្ធិមនុស្ស​អាស៊ាន និង​សេចក្តី​ថ្លែងការណ៍​ភ្នំពេញ​ស្តីពី​ការអនុម័ត​សេចក្តីប្រកាស​សិទ្ធិមនុស្ស​អាស៊ាន​ ដែលជា​ឧបករណ៍​ស្នូល​នៃ​ការការពារ និង​លើកកម្ពស់​សិទ្ធិ​មនុស្ស​របស់​អាស៊ាន ហើយ​ដែល​ត្រូវបាន​អនុម័ត​នៅ​រាជធានី​ភ្នំពេញ នៅពេល​ដែល​កម្ពុជា​ធ្វើ​ប្រធាន​អាស៊ាន​ឆ្នាំ​ ២០១២ ​។

សេចក្តី​ប្រកាស​ព័ត៌មាន​ស្តីពី​លទ្ធផល​នៃ​កិច្ចប្រជុំ​ក្រុម​ជំនួយការ​របស់​តំណាង​ប្រចាំ​គណៈកម្មការ​អន្តររដ្ឋាភិបាល​អាស៊ាន​ទទួល​បន្ទុក​សិទ្ធិមនុស្ស បានឱ្យ​ដឹងថា កិច្ច​ប្រជុំបាន​ពិនិត្យ​ពិភាក្សា និង​កែសម្រួល​ទៅលើ​ខ្លឹមសារ​នៃ​សេចក្តីព្រាង​របាយការណ៍​ចំនួន​ ៧ ពាក់ព័ន្ធ​ទៅនឹង​កិច្ចប្រជុំ​របស់​ អាយឆា កិច្ចជំនួប​នានា​រវាង​ អាយឆា ​ជាមួយ​ភាគី​ពាក់ព័ន្ធ និង​កម្មវិធី​ផ្សេងៗ ដែល​បានរៀបចំ​នាពេល​កន្លងមក​។

កិច្ចប្រជុំ​ក៏បាន​ពិភាក្សា​ទៅលើ​វឌ្ឍនភាព​នៃ​ឯកសារ ទស្សនទាន​ស្តីពី​កម្មវិធី​អាទិភាព​របស់​ អាយឆា ឆ្នាំ​ ២០១៩-២០២២ ដែល​ពាក់ព័ន្ធ​នឹង​ការប្រើប្រាស់ បច្ចេកវិទ្យា​ព័ត៌មាន និង​ទូរគមនាគមន៍​ក្នុង​ការលើក​កម្ពស់ និង​ការពារ​សិទ្ធិ​សុខភាព សិទ្ធិ​ទទួល​បាន​ទឹកស្អាត និង​អនាម័យ អន្តរសាសនា ការវាយតម្លៃ​លើ​ផលប៉ះពាល់​បរិស្ថាន​ដោយ​ផ្អែកលើ​អភិក្រម​សិទ្ធិមនុស្ស និង​ការបញ្ជ្រាប​សិទ្ធិជន​មាន​ពិការភាព​។

នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ​លោក អំ សំអាត ថ្លែងថា ទិដ្ឋភាព​ចុងក្រោយនេះ ពាក់ព័ន្ធ​បញ្ហា​សិទ្ធិមនុស្ស​នៅ​តំបន់​អាស៊ាន មាន​ការធ្លាក់ចុះ និង​មាន​ការរំលោភ​សិទ្ធិមនុស្ស ដូចជា​នៅ​មីយ៉ាន់ម៉ា និង​បណ្តា​ប្រទេស​អាស៊ាន​មួយចំនួន​។

លោក​បន្តថា ជាក់ស្តែង​អាស៊ាន​ក៏មាន​ធម្មនុញ្ញ​អាស៊ាន​ស្តីពី​សិទ្ធិមនុស្ស​ដែរ ប៉ុន្តែ​ការចែង​ពី​សិទ្ធិមនុស្ស​នៅមាន​តិច ហើយ​សេចក្តី​ថ្លែងការណ៍​រួម​ស្តីពី​សិទ្ធិមនុស្ស​ក៏​មិនទាន់​មាន​លក្ខណៈ​គ្រប់គ្រាន់​។

លោក​បញ្ជាក់ថា​៖ ​​«​ទោះជា​យ៉ាងណា​អាស៊ាន មាន​ប្រទេស​ចម្រុះ​បាន​ន័យថា ប្រទេស​កាន់​លទ្ធិប្រជាធិបតេយ្យ និង​ប្រកាន់​របប​ផ្សេងគ្នា​ហើយ​យន្តការ​សិទ្ធិមនុស្ស​ប្រទេស​នីមួយៗ​មាន​លក្ខណៈខុសៗ​គ្នា​។ អ៊ីចឹង​គឺជា​រឿង​ផល​ពិបាក​សម្រាប់​អាស៊ាន ប៉ុន្តែ​ទោះជា​យ៉ាងណា ក្នុង​នាម​ជា​កម្ពុជា​ឆ្នាំនេះ​ជា​ប្រធាន​អាស៊ាន គួរតែ​បង្ហាញ​ពី​គំរូ​ល្អ​ពាក់ព័ន្ធ​សិទ្ធិមនុស្ស ទាក់ទង​បញ្ហា​ចម្រូងចម្រាស​ដើម្បីឱ្យ​កម្ពុជា​មាន​ការកែលម្អ​ទៅលើ​បញ្ហា​សិទ្ធិមនុស្ស​»​។ ត្រង់​ន័យ​នេះ​លោក​ ​អំ សំអាត គូសបញ្ជាក់​ថា ព្រោះ​នៅ​កម្ពុជា​ក៏​នៅមាន​ការរិះគន់​ផងដែរ ទាក់ទិន​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​ជាដើម​។

ពាក់ព័ន្ធ​កិច្ចប្រជុំ​នេះ អ្នកនាំពាក្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​លោក ជិន ម៉ាលីន ថ្លែងថា នឹង​ជូន​លទ្ធផល​ក្រោយ​បញ្ចប់​កិច្ចប្រជុំ​។ សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ អាយឆា ​កម្ពុជា​បញ្ជាក់​ថា​៖ «​បន្ទាប់ពី​ការពិនិត្យ និង​កែសម្រួល​នៅក្នុង​កិច្ចប្រជុំ​ក្រុម​ជំនួយការ ឯកសារ​ទាំងអស់​ខាងលើ​នឹងត្រូវ​ដាក់បញ្ចូល​ទៅក្នុង​កិច្ចប្រជុំ​ពិសេស​លើក​ទី​ ២ ​របស់​ អាយឆា ​ដើម្បី​ពិនិត្យ និង​អនុម័ត​»៕