ភ្នំពេញៈ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន លោក សាយ សំអាល់ បាន​អំពាវនាវ​ឱ្យ​ប្រទេស​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ខ្ពស់ បង្ហាញ​ភាពជា​អ្នកដឹកនាំ និង​ទទួល​ខុសត្រូវ​ខ្ពស់ ដោយ​បង្កើន​មហិច្ឆតា កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់ និង​បង្កើន​វិធានការ​បន្សុំា នឹង​ការប្រែប្រួល​អាកាសធាតុ​។

ការ​ថ្លែង​របស់លោក​រដ្ឋមន្ត្រី​បែបនេះ​ធ្វើឡើង នៅ​ទីក្រុង Sharm el-Sheikh សាធារណរដ្ឋអារ៉ាប់​អេហ្ស៊ីប នា​ថ្ងៃទី​ ១៥ ខែវិច្ឆិកា ឆ្នាំ​ ២០២២ ក្នុង​ឱកាស​ដែល​លោក​បាន​ថ្លែង​សុន្ទរកថា ក្នុង​សន្និសីទ​កំពូល​លើក​ទី​ ២៧ នៃ​បណ្តា​ភាគី​អនុសញ្ញា​ក្រប​ខ័ណ្ឌ​សហប្រជាជាតិ​ស្តីពី​ការ​ប្រែប្រួល​អាកាសធាតុ​។ នាឱកាស​នោះ លោក​ សាយ សំអាល់ ក៏បាន​ជំរុញ​ឱ្យ​ប្រទេស​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ខ្ពស់ ផ្តល់​ថវិកា ដូច​ការសន្យា​ឱ្យបាន​ឆាប់រហ័ស​ដល់​ប្រទេស​កំពុងអភិវឌ្ឍន៍​ដើម្បី​ដោះស្រាយ​បញ្ហា​ការប្រែប្រួល​អាកាសធាតុ​។

លោក​សាយ សំអាល់ បាន​បញ្ជាក់ថា​៖

«​ជាពិសេស ការ​ប្តេជ្ញាចិត្ត​ផ្តល់​ថវិកា​ ១០០ ​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក ដូច​ដែល​បាន​សន្យា​ឱ្យបាន​លឿន និង​ជាក់ស្តែង និង​ពន្លឿន​ការផ្ទេរ​បច្ចេកវិទ្យា​ដល់​ប្រទេស​កំពុងអភិវឌ្ឍន៍ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រែប្រួល​អាកាសធាតុ​»​។

លោក​រដ្ឋមន្ត្រី​មាន​ប្រសាសន៍ ថា ក្នុងនាម​ជា​ប្រធាន​អាស៊ាន​ប្តូរ​វេន កម្ពុជា​បាន​ផ្តួចផ្តើម​កិច្ចព្រមព្រៀង​បៃតង​ (ASEAN Green Deal) ដែលជា​គំនិត​ផ្តួចផ្តើម​របស់លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​តម្រង់ទិស​អាស៊ាន ឱ្យ​ស្ថិត​នៅ​លើ​មាគ៌ា​អភិវឌ្ឍន៍​បៃតង និង​ដោយ​ចីរភាព​ផងដែរ​។

លោក​បាន​បន្ថែមថា កត្តា​សុខសន្តិភាព ស្ថិរភាព​នយោ​បាយ និង​កំណើន នៃ​សេដ្ឋកិច្ច ២ ​ទសវត្សរ៍​ចុងក្រោយ កម្ពុជា​បានប្រែក្លាយ​ពី​ប្រទេស ដែលមាន​ចំណូល​ទាប ទៅជា​ប្រទេស ចំណូល​មធ្យម​កម្រិត​ទាប និង​កំពុង​វិវឌ្ឍ​ទៅជា​ប្រទេស​ចំណូល មធ្យម​កម្រិត​ខ្ពស់​ថែមទៀត​។ ប្រការ​នេះ​បាន​ផ្តល់​ឱកាស​ឱ្យ​កម្ពុជា​បើក​ទំព័រ​ថ្មី​ក្នុងនាម​ជា​រដ្ឋ​អធិបតេយ្យ ជា​សមាជិក​ពេញ​មុខ​ពេញមាត់​នៃ​សហគមន៍​ប្រជាជាតិ ក្នុងការ​ចូលរួម​ទប់​ស្កាត់​វិបត្តិ​សកល​នានា​។

ទោះ​យ៉ាងណា លោក​សាយ សំអាល់ បញ្ជាក់ថា ស្របពេល​ជាមួយគ្នា​នេះ ការ​ប្រែប្រួល​អាកាសធាតុ​កំពុង​ញាំញី​ដល់​ដំណើរការ​អភិវឌ្ឍន៍ ដោយ​បាន​បំផ្លាញ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត ទ្រព្យសម្បត្តិ និង​ជីវិត​មនុស្ស សត្វ​ផងដែរ​។

លោក​សាយ សំអាល់ បាន​ថ្លែងថា​៖ «​ជាការ​ឆ្លើយតប កម្ពុជា​បានធ្វើ​បដិភាគ​ថវិកា​ប្រមាណ ២,៣% នៃ​ផលិតផល​ក្នុងស្រុក​សរុប (GDP) សម្រាប់​សកម្មភាព​ប្រែប្រួល​អាកាសធាតុ បង្កើន​ការប្រើ​ប្រាស់​ថាមពល​កកើត​ឡើងវិញ ការពារ​ព្រៃឈើ និង​រៀបចំ​លិខិតបទដ្ឋាន​គតិយុត្ត គោល​នយោបាយ​ផែនការ​នានា​»​។

លិខិត​បទដ្ឋាន​គតិយុត្ត គោល​នយោបាយ​ផែន​ទាំងនោះ មាន​ជាអាទិ៍ យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​រយៈពេល​វែង ប្រកបដោយ​អព្យាក្រឹត​កាបូន និង​របាយ​ការណ៍​បច្ចុប្បន្នភាព​ការចូល​រួមចំណែក​របស់​ជាតិ ដើម្បី អនុវត្ត​អនុសញ្ញា​ក្របខ័ណ្ឌ​សហប្រជាជាតិ ស្តីពី​ការ​ប្រែប្រួល​អាកាសធាតុ ដែល​នឹង​រួមចំណែក​គាំទ្រ​ការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព បើទោះជា​មានការ​ប្រែប្រួល​អាកាសធាតុ​ក្តី​។

លោក​នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន បាន​ថ្លែងថា ការ​លើក​ឡើង​របស់លោក​រដ្ឋមន្ត្រី​ សាយ សំអាល់ ឆ្លើយតប​ទៅនឹង​ការងារ​គ្រប់គ្រង​បរិស្ថាន ជាទូទៅ បាននិងកំពុង​មានការ​រីកចម្រើន​។

លោក​ភក្ត្រា ​ថ្លែងថា​៖ «​កម្ពុជា​ក៏ដូចជា​តំបន់ មាន​មោទនភាព ដែល​អាស៊ាន​ផ្តល់​សារៈសំខាន់ កាន់តែខ្លាំង​ថែមទៀត​ដល់​សកម្មភាព និង​កិច្ចសហការ​ផ្សេងៗ សម្រាប់​តំបន់ និង​សកល ក្នុងនោះ​មាន​កិច្ចការពារ​បរិស្ថាន ការប្រើប្រាស់​ថាមពល​ស្អាត និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព ស្របតាម​ចក្ខុវិស័យ​អាស៊ាន ក្រោយ​ឆ្នាំ​ ២០២៥ ដែល​អាស៊ាន​កំពុង​ផ្តោត​ការ​គិតគូរ​ជា​យុទ្ធសាស្ត្រ​»​។

ក្នុង​ពិធី​បើក​កិច្ចប្រជុំ​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន លើក​ទី​ ៥៤ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ កាលពី​ថ្ងៃទី​ ១៤ ខែកញ្ញា​ កន្លងទៅ​នៅ​ខេត្តសៀមរាប លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែលជា​ប្រធាន​អាស៊ាន ឆ្នាំ​ ២០២២ បាន​លើក​ឡើងថា អាស៊ាន គួរតែ​ពិចារណា​ទៅលើ​គំនិត​ផ្តួចផ្តើម ក្នុងការ​បង្កើត​ក្របខ័ណ្ឌ​កិច្ចព្រមព្រៀង​បៃតង​អាស៊ាន​ (ASEAN Green Deal)​។ ព្រោះថា ការ​ធ្វើឡើង​បែបនេះ ដោយយោង​ទៅលើ​ស្ថានភាព​បច្ចុប្បន្ន ពិភពលោក និង​អាស៊ាន កំពុង​ប្រឈម​នឹង​បញ្ហា​ការ​ប្រែប្រួល​អាកាសធាតុ និង​ការ​សម្រេច​បាន​នូវ​គោល​ដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព ឆ្នាំ​ ២០៣០ ​។

លោកនាយក​រដ្ឋមន្ត្រី​សម្តែង​ការ​ជឿជាក់ថា កិច្ចព្រមព្រៀង​បៃតង​អាស៊ាន​នេះ នឹង​អនុញ្ញាត ឱ្យ​តំបន់​របស់​អាស៊ាន អាច​ប្រែក្លាយ​ខ្លួន​បន្តិច​ម្តងៗ ឆ្ពោះទៅកាន់​អនាគត​បៃតង ដែលមាន​ចីរភាព ការ​ប្រើប្រាស់​ធនធាន​ប្រកបដោយ​ប្រសិទ្ធភាព ភាព​ធន់​រឹងមាំ និង​ការ​ប្រកួត​ប្រជែង​ក្នុង​ផ្នែក​សេដ្ឋកិច្ច​។

ដោយឡែក នៅក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​លើក​ទី​ ៥៥ ដែល​បាន​ប្រព្រឹត្ត​ទៅ កាលពី​ខែសីហា កន្លងទៅ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​ស្នើ​ឱ្យ​មានការ​បង្កើត​ឡើង នូវ​ក្របខ័ណ្ឌ​កិច្ចព្រមព្រៀង​បៃតង​អាស៊ាន​ (ASEAN Green Deal) ដែល​អាច​អនុញ្ញាតឱ្យ​តំបន់​របស់​អាស៊ាន ធ្វើ​អន្តរកាល​ជា​បណ្តើរៗ ទៅជា​សហគមន៍ ដែល​មាន​ចីរភាព ប្រសិទ្ធភាព​ប្រើប្រាស់​ធនធាន និង​ភាព​ធន់​៕