ភ្នំពេញៈ កុមារា​អាយុ ​១៤ ​ឆ្នាំ​ ដែល​​មាន​ជំងឺ​បេះដូង​ចំហ​ពី​កំណើត​ដែល​បាន​ជួប​ស្ត្រី​ទី​១ ​កូរ៉េខាងត្បូង លោកស្រី Kim Keon-hee អាច​នឹង​ទទួល​ការវះកាត់ និង​ព្យាបាល​នៅ​មន្ទីរពេទ្យ Seoul Asan Medical Center ប្រទេស​កូរ៉េខាងត្បូង បន្ទាប់ពី​មាន​ជនជាតិ​កូរ៉េ​ជាច្រើនរូប បាន​ប្រកាស​ជួយ​ជា​ថវិកា និង​ការចំណាយ​ផ្សេងៗ​។

កុមារ អោក រដ្ឋា គឺជា​កុមារ​ម្នាក់​ក្នុងចំណោម​បងប្អូន​ទាំង​ ១២​ នាក់​ (​ស្លាប់​ ២ ​នាក់​) ដែល​បាន​ជួប​លោកស្រី Kim Keon-hee កាលពី​ថ្ងៃទី​ ១២ ខែវិច្ឆិកា ក្នុង​អំឡុងពេល​លោកស្រី​អមដំណើរ​ជាមួយ​លោក​ប្រធានាធិបតី Yoon Suk Yeol ដែលជា​ស្វាមី​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​នៅ​កម្ពុជា​។

បន្ថែម​ពីនេះ​លោកស្រី Kim Keon-hee ក៏បាន​ត្រឡប់​ទៅ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ Hebron ដែល​ត្រូវបាន​បង្កើតឡើង​ដោយ​គ្រូពេទ្យ​កុមារ​កូរ៉េខាងត្បូង​កាលពី​ថ្ងៃទី​ ១៣ វិច្ឆិកា​ម្តងទៀត​ផងដែរ មុនពេល​លោកស្រី​​ចេញដំណើរ​ទៅកាន់​ប្រទេស​ឥណ្ឌូនេស៊ី​​ក្នុង​ជើង​ទី​ ២ ​នៃ​ដំណើរ​ទស្សនកិច្ច​ថ្នាក់​តំបន់​ជាមួយ​ស្វាមី​។

លោក Lee Young-don ប្រធាន​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ Hebron Medical Center បាន​ប្រាប់​ភ្នំពេញ​-​ប៉ុស្តិ៍​នៅ​ថ្ងៃទី ​១៦ វិច្ឆិកា​ថា បន្ទាប់ពី​បាន​ជួប​ជាមួយ​កុមារ រដ្ឋា លោកស្រី Kim Keon-hee នៅតែ​បន្ត​តាមដាន​ព័ត៌មាន​អំពី​ រដ្ឋា ដើម្បី​ឱ្យ​ប្រាកដ​ថា រដ្ឋា ពិតជា​អាច​បន្ត​ការព្យាបាល និង​វះកាត់​នៅ​ប្រទេស​កូរ៉េ​ក្នុងពេល​ឆាប់ៗ​។

លោក​បាន​បញ្ជាក់ថា​៖ «HMC បាន​ណែនាំ ​រដ្ឋា ទៅកាន់​ស្ត្រី​ទី​១ ​នៃ​ប្រទេស​កូរ៉េ គឺ​លោកស្រី Kim Keon-Hee ហើយ​លោកស្រី​បាន​ទៅលេង​ផ្ទះ​របស់​ រដ្ឋា ដោយផ្ទាល់ និង​បាន​ជួប ​រដ្ឋា ​។ លោកស្រី​មានចិត្ត​អាណិតអាសូរ​ រដ្ឋា ​ជាខ្លាំង ហើយ​លោកស្រី​ក៏​ចាប់​ឱប​ រដ្ឋា ដោយ​ដៃ​លោកស្រី​ផ្ទាល់​តែម្តង​។ ព័ត៌មាន និង​រូបភាព​ត្រូវបាន​ផ្សព្វផ្សាយ​ពេញ​កាសែត​កូរ៉េ បន្ទាប់មក​មាន​សប្បុរសជន​ម្នាក់ និង​មន្ទីរពេទ្យ​នៅ​ប្រទេស​កូរ៉េ​បាន​អះអាង​ចូលខ្លួន​មក​ជួយ​ រដ្ឋា ​»​។

ជាមួយ​នឹង​ការនាំយក​ រដ្ឋា ​ទៅ​ព្យាបាល​នៅ​ប្រទេស​កូរ៉េ លោក Lee Young-don បាន​ប្រាប់​បន្តថា រដ្ឋា និង​សមាជិក​គ្រួសារ​របស់​គាត់​អាច​នឹង​ធ្វើ​ដំណើរ​ទៅ​ព្យាបាល​នៅ​ប្រទេស​កូរ៉េ​ក្នុងពេល​ឆាប់ៗ បន្ទាប់ពី​ពួកគេ​បាន​ទទួល​លិខិត​ឆ្លងដែន និង​ វីសា រួមទាំង​បាន​បំពេញ​លក្ខខណ្ឌ​ផ្សេងៗ​ផងដែរ​។ ប្រធាន​មជ្ឈមណ្ឌល​រូបនេះ​បាន​អះអាង​ថា រាល់​ការចំណាយ និង​ការព្យាបាល​នានា​នឹងត្រូវ​បាន​ធានា ហើយ​មន្ទីរពេទ្យ Seoul Asan Medical Center នឹង​ទទួល​ក្នុងការ​ព្យាបាល និង​វះកាត់​លើ​ រដ្ឋា ​។

លោក​បាន​បញ្ជាក់ថា​៖ «​សប្បុរសជន​ម្នាក់ និង​មន្ទីរពេទ្យ​នឹង​ផ្តល់​ការគាំទ្រ​ក្នុង​ការចំណាយ​ទាំងមូល រួមទាំង​ការដឹកជញ្ជូន និង​ថ្លៃ​ព្យាបាល ហើយ​ខាង Hebron នឹង​ជួយ​ពួកគេ​ជាមួយ​នឹង​ប្រាក់​ដែល​ទទួលបាន​ពី​ការបរិច្ចាគ​មក​យើង​ដោយ​ស្ត្រី​ទី​ ១ ​របស់​កូរ៉េ និង​កង​អង្គរក្ស​ផ្ទាល់​របស់​​លោកស្រី​។ ប្រជាជន​កូរ៉េ​ជាច្រើន​បាន​ប្រមូល​ផ្តុំគ្នា​ជួយ​ដល់​ រដ្ឋា ​។

យើង​សង្ឃឹមថា ការវះកាត់​លើ​ រដ្ឋា អាច​ទទួល​បាន​ជោគជ័យ គ្រាន់តែ​ពេល​ខ្លះ ការវះកាត់​ជាច្រើន​ទៀត​អាច​ច្រើនជាង​ ១ ដែល​នឹងត្រូវ​បានធ្វើ​ឡើងលើ ​រដ្ឋា ​»​។

បច្ចុប្បន្ន កុមារា អោក រដ្ឋា មាន​អាយុ​ ១៤​ ឆ្នាំ ប៉ុន្តែ​ទម្ងន់​ខ្លួន​របស់គេ​ត្រឹមតែ​ ១៩ ​គីឡូក្រាម​ប៉ុណ្ណោះ​។ រដ្ឋា មាន​ជំងឺ​បេះដូង​ពី​កំណើត​ដ៏ស្មុគស្មាញ ដូចជា TOF (Tetralogy of Fallot) និង PFO (Patent Foramen Ovale) ហើយ​គេ​ធ្លាប់​ទទួលបាន​ការវះកាត់​បឋម​ម្តង​កាលពី​ឆ្នាំ​ ២០១៨ ​។ ប៉ុន្តែ រដ្ឋា មិន​ត្រូវបាន​ក្រុមគ្រួសារ​នាំមក​តាមដាន​ជំងឺ​ឱ្យបាន​ល្អ និង​ប្រើប្រាស់​ថ្នាំ​បាន​ទៀងទាត់​នោះទេ​។ ហេតុ​ដូចនេះ​ហើយ លោក Lee Young-don បាន​អះអាង​ថា សរសៃ​ឈាម​ខ្លះ ឬ​ផ្នែក​ខ្លះ​នៃ​បេះដូង​របស់​ រដ្ឋា ត្រូវបាន​ស្ទះ ហើយ​ រដ្ឋា ពិតជា​ពិបាក​ក្នុង​ការដកដង្ហើម ព្រោះ​វា​គឺជា​ផលវិបាក​ដែល​កើតចេញ​ពី​ជំងឺ​បេះដូង​របស់គេ​។

លោក​បាន​បន្ថែមថា​៖ «​យើង​សង្ឃឹមថា បងប្រុស​របស់​គាត់​អាច​ទៅ​ជាមួយ​គាត់​បាន​ក្នុង​អំឡុងពេល​ទៅ​ព្យាបាល​នៅ​ប្រទេស​កូរ៉េ ព្រោះ​ម្តាយ​រដ្ឋា​ក៏​ឈឺ​ដែរ​។ ខ្ញុំ​មិនមាន​មោទនភាព​ប៉ុន្មាន​ទេ ប៉ុន្តែ​ខ្ញុំ​ពិតជា​រីករាយ​ដែល​បាន​ជួយ​មនុស្ស​ក្នុង​ប្រទេស​ដទៃ​។ ​ថ្វីដ្បិតតែ​យើង​មិនមាន​ជំនាញ និង​មិនមាន​លក្ខណសម្បត្តិ​គ្រប់គ្រាន់​ក៏ដោយ ក៏​យើង​ចង់​ក្លាយជា​ចំណែក​តូច​មួយ​ ដើម្បី​ផ្តល់​ភាពកក់ក្តៅ​ដល់​ប្រជាជន​ដែល​ខ្វះខាត​នៅ​កម្ពុជា ព្រោះ​យើង​ស្រឡាញ់​ពួកគេ​»​។

អ្នកស្រី ស៊ន សាឌី ជា​អ្នកគ្រប់គ្រង​ផ្នែក​ថែទាំ​កុមារ​ក្រោយ​ការវះកាត់​បេះដូង​កុមារ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ឪពុក​របស់​កុមារ​រូបនោះ​បាន​ស្លាប់​មុនពេល​រូបគេ​កើត ហើយ​គេ​ជា​កូនពៅ​ក្នុង​ចំណោម​បងប្អូន​ប្រុស​ស្រី​ ១២ (​ស្លាប់​ ២ ​នាក់​)​។ អ្នកស្រី​បាន​បន្តថា កុមារ រដ្ឋា ព្រមទាំង​ម្តាយ​ចាស់ជរា និង​មាន​ជំងឺ​ផ្នែក​ស្មារតី​ផង​នោះ កំពុង​រស់នៅ​ជាមួយ​នឹង​បងប្រុស​របស់គេ ដែល​បច្ចុប្បន្ន ក៏​កំពុង​មាន​បញ្ហា​សុខភាព ខណៈ​បន្ទុក​ក្នុង​គ្រួសារ និង​ការមើលថែ​ជា​ប្រចាំថ្ងៃ ត្រូវ​ធ្លាក់​ទៅលើ​បងស្រី​ថ្លៃ​ម្នាក់ ដែល​មាន​របរ​​ជា​អ្នក​អនាម័យ​។

ជា​អ្នក​ថែ​កុមារ អោក រដ្ឋា ផ្ទាល់ ក្រោយ​ការវះកាត់​ក្នុង​ឆ្នាំ​ ២០១៨ អ្នកស្រី សាឌី បាន​ប្រាប់​​ថា​៖ «​ក្រោយ​វះកាត់​លើក​ទី​ ១ គឺ​រដ្ឋា បាន​គ្រាន់បើ​បន្តិច​ហើយ និង​ត្រូវ​បន្ត​ប្រើប្រាស់​ថ្នាំ​ជា​ប្រចាំ​ ដើម្បី​រង់ចាំ​ការវះកាត់​លើក​ទី​ ២ ​។ ប៉ុន្តែ​ដោយសារតែ​ស្ថានភាព​គ្រួសារ​គាត់​ក្រីក្រ និង​លំបាក ដែល​គាត់​មិនបាន​នាំយក​ រដ្ឋា មក​បន្ត​ការព្យាបាល​តាម​ការណាត់​រហូត​ជិត​ ៣ ​ឆ្នាំ​។ ហេតុនេះ ធ្វើឱ្យ​ស្ថានភាព​ រដ្ឋា កាន់តែ​ធ្ងន់ធ្ងរ​»​។

លោក អោក ណារ៉ា ដែល​ត្រូវជា​បងប្រុស​បង្កើត​ រដ្ឋា ហើយ​កំពុង​មាន​ជំងឺ​ប្រចាំកាយ​ដែរនោះ​ធ្លាប់​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ដោយ​បង្ហាញ​ក្តី​ត្រេកអរ​ចំពោះ​ការជួយ​ព្យាបាល​ជំងឺ​ប្អូនប្រុស​ពៅ​របស់​​ខ្លួន​ពី​ស្ត្រី​ទី​ ១​ របស់​ប្រទេស​កូរ៉េ ព្រោះតែ​កន្លងមក លោក​ពិតជា​ពុំ​មាន​លទ្ធភាព​ក្នុង​ការព្យាបាល រដ្ឋា ​នោះទេ​។

ខណៈ​រៀបរាប់​ពី​ស្ថានភាព​គ្រួសារ​​ដែល​កំពុង​ស្នាក់នៅ​បន្ទប់​ជួល​តូច​មួយ​ក្នុង​រាជធានី​ភ្នំពេញ និង​មាន​សមាជិក​ ៧ ​នាក់ លោក អោក ណារ៉ា បាន​ថ្លែងថា​៖ «​ប្អូន​​ខ្ញុំ​គាត់​ចង់​ចូលរៀន​ណាស់​។

ប៉ុន្តែ​អាការ​គាត់​មិនអាច​ឱ្យ​គាត់​ទៅ​សាលា​បានទេ​។ ​គាត់​ធ្លាប់​​បាន​ទៅ​សាលា​បាន​ ១ ​ខែ ប៉ុន្តែ​ដោយសារ​តែ​ស្ថានភាព​ជំងឺ​ធ្វើ​​ឱ្យ​គាត់​មិនអាច​ទៅ​រៀន​បាន​។ រាល់ថ្ងៃ គាត់​ចង់តែ​ទៅ​រៀន និង​ចង់ទៅ​សាលា​ដូច​គេ​»​។

មន្ទីរពេទ្យ Hebron Medical Center មាន​ទីតាំង​នៅ​រាជធានី​ភ្នំពេញ ហើយ​ជា​មន្ទីរពេទ្យ​មួយ​ ដែល​បង្កើត​ដោយ​វេជ្ជបណ្ឌិត​កូរ៉េខាងត្បូង​ចំនួន​ ៣ ​នាក់ កាលពី​ឆ្នាំ​ ២០០៧ ​។ មន្ទីរពេទ្យ​នេះ បាន​ផ្តល់​ការព្យាបាល និង​ប្រឹក្សា​ដល់​អ្នកជំងឺ​សរុប​ប្រហែល​ជាង​ ៦ ​ម៉ឺន​នាក់​ក្នុង​ ១ ​ឆ្នាំ ក្នុងនោះ ការពិនិត្យ​ព្យាបាល​ដល់​កុមារ គឺមាន​ចន្លោះ​ពី​ ៥ ទៅ​ ១០ ​ភាគរយ ខណៈ​មាន​ជាង​​ ៣០០ ​នាក់​ត្រូវបាន​ជួយ​វះកាត់​ជំងឺ​ពាក់ព័ន្ធ​នឹង​បេះដូង ដោយ​ក្រុម​គ្រូពេទ្យ​របស់ HMC និង​មួយចំនួន​​តូច​ត្រូវបាន​បញ្ជូន​ព្យាបាល​នៅ​ប្រទេស​កូរ៉េ​ដោយផ្ទាល់​៕