កណ្តាលៈ អង្គភាពប្រឆាំងអំពើពុករលួយ (អបព) បានចេញប្រកាសព័ត៌មាន ស្តីពីការ​ឃាត់​ខ្លួនជនសង្ស័យ ឈ្មោះ សុខ សុផា ស្មៀនសង្កាត់តាខ្មៅ ក្រុងតាខ្មៅ កាលពី​វេលាម៉ោង ៥ ល្ងាច​ ថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២២ ពាក់ព័ន្ធនឹងការ​មិនបើកប្រាក់ឧបត្ថម្ភជូនគ្រួសារក្រីក្រ និងងាយរងគ្រោះមាន​ទឹកប្រាក់សរុប​ជាង ៧០ លានរៀល ក្នុងអំឡុងពេលប្រយុទ្ធ​នឹងជំងឺកូវីដ ១៩។

សេចក្តីប្រកាសព័ត៌មាន​បានបញ្ជាក់ថា អបព ពិតជាបានទទួលជនសង្ស័យឈ្មោះ សុខ សុផា ភេទប្រុស អាយុ ៤៥ ឆ្នាំ ស្មៀនសង្កាត់តាខ្មៅ ពីស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដូចការចុះផ្សាយរបស់សារព័ត៌មាននានា និង​បានសម្រេចធ្វើការឃាត់ខ្លួនជននេះ។

ស្មៀន​សង្កាត់​តាខ្មៅ គឺលោក សុខ សុផា ត្រូវ​បាន​ក្រសួង​សង្គមកិច្ច​និង​កម្លាំង​នគរ​បាល ចាប់​​ខ្លួន​បញ្ជូន​ទៅកាន់​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​កណ្តាល​ បន្ទាប់​ពី​សង្ស័យ​ថា​ បុគ្គល​រូប​នេះ​កិប​កេង​ថវិកា​រដ្ឋជាង​ ៧០ ​លាន​រៀល ពី​កម្មវិធី​មូល​និធិ​ជាតិ​ជំនួយ​សង្គម​។

បើតាម​លោក ឈួរ សុបញ្ញា ប្រធាន​នាយក​ដ្ឋាន​សុខុមាល​ភាព​សង្គម​ នៃក្រសួង​សង្គម​កិច្ច អតីត​យុទ្ធជន និង​យុវនីតិ​សម្បទា​ បាន​ប្រាប់​ថា ​ដោយ​សារបាន​ទទួល​ពាក្យ​បណ្ដឹង​ពីប្រ​ជាពល​រដ្ឋ និង​ពិនិត្យ​ទៅលើ​បច្ចេក​ទេស​ផង​ដែរ ទើប​រក​ឃើញ​ករណី​មិន​ប្រក្រ​តីនេះ​។ ​

លោក​បញ្ជាក់​ថា ក្រុមការងារ​មូល​និធិ​ជាតិ​គាំពារ​សង្គម បាន​ចុះទៅ​ពិនិត្យ​ទៅលើ​ស្ថានភាព​តែបច្ចេក​ទេស​ទេ ដូច​ជាពិនិ​ត្យ​លើពាក្យ​បណ្ដឹង​ប្រជា​ពលរដ្ឋថា ​វាត្រឹម​ត្រូវ​ដែរ​ទេ។ ប៉ុន្តែ​ចំពោះ​នីតិវិធី​នៃ​ការ​បញ្ជូន​បន្ត ឬ​ក៏អនុវត្តនី​តិវិធី​ច្បាប់ គឺមាន​តែសួរ​ទៅខាង​សមត្ថកិច្ច​ដែល​អនុវ​ត្ត​ច្បាប់។​

លោក​ ឈួរ សុបញ្ញា​ ថា៖ «យើង​រក​ឃើញ​ស្មៀន​កិប​កេង​លុយពី​កម្មវិធី​នេះ ​គឺដោ​យសារ​ទទួល​បានពាក្យ​បណ្ដឹង​ពីប្រជា​ពលរដ្ឋ​ ហើយ​មួយ​ទៀត យើង​មាន​ប្រព័ន្ធព័​ត៌មា​នវិទ្យា​មួយ​ដែល​រាល់ថ្ងៃយើង​មាន​ប្រើប្រាស់​កម្មវិ​ធីហ្នឹ​ង។​

អ៊ីចឹង​នៅក្នុ​ងប្រព័ន្ធ​ហ្នឹង​ យើង​បាន​ពិនិត្យ​មើល​ទៅ​លើ​យន្ត​ការ​នៃអនុវត្ត​កម្មវិធី​នេះ ដូច្នេះយើ​ងមើល​ប្រព័ន្ធ​ទៅ គឺអាច​ដឹង​ថា វាមាន​ភាព​ប្រក្រ​តី ឬមិន​មាន​ភាព​ប្រក្រ​តី»​។

​លោក​បន្ថែមថា​ ពេល​ដែល​ពិនិត្យ​ឃើញ​ហើយថា​ មាន​ភាព​មិន​ប្រក្រ​តី ខាង​ក្រសួង​ក៏បាន​បញ្ជូន​បញ្ហាព័ត៌​មាន​បច្ចេក​ទេស​ទាំង​នេះទៅ​សមត្ថ​កិច្ច ដើម្បីឱ្យ​ពួក​គាត់អនុវ​ត្តតា​មនីតិ​វិធីច្បាប់​។

លោក ឯ​ក ស៊ុន​រស្មី ព្រះ​រាជអាជ្ញារង​អមសា​លាដំបូងខេ​ត្តកណ្ដា​ល បាន​ប្រាប់ថា ក​រណីនេះ​ ខាង​នរ​គបាល​ គឺមិ​ន​ទា​ន់បាន​បញ្ចូន​មក​អយ្យការ​នៅឡើយ​ទេ ហើយ​​លោក​សូម​ឱ្យសួ​រទៅ​ខា​ង​នរគបា​លវិ​ញ​។ ​

លោក ប៉ិច ពិសី នាយក​ប្រតិប​ត្តិ​អង្គការ​តម្លាភាព​កម្ពុជា ​(TI) បាន​ថ្លែង​ថា​ ករណីនេះ គឺ​ពាក់​ព័ន្ធ​ជាមួយ​នឹង​អំពើពុក​រលួយ​ហើយ ពីព្រោះ​ស្មៀន​សង្កាត់​​រូប​នេះ បាន​កេង​ប្រវ័ញ្ច និង​កិប​កេង​ថវិកា​ជាតិ ដែល​រាជ​រដ្ឋាភិបាល​បាន​ឧបត្ថម្ភ​ទៅដល់​គ្រួសារ​ក្រីក្រ ដូច្នេះ​ហើយ​នៅក្នុង​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ បាន​ចែង​អំពីបទ​ល្មើស​ហ្នឹង​ដែរ។

លោក​ ប៉ិច ពិសី បញ្ជាក់​ថា៖ «ខ្ញុំ​គិត​ថា ដោយ​សារ​ប្រជាពល​រដ្ឋ គាត់​មាន​ភស្ដុង​តាង​ខ្លះ​ផង និង​ប៉ូលីស​ផង ជា​ការ​ចាំបាច់​ណាស់​ដែលត្រូ​វ​តែក្រសួង​សាមី ស្មៀនឃុំ ត្រូវស្ថិត​ក្នុង​ដែន​សមត្ថកិច្ច​របស់​ក្រសួង​មហា​ផ្ទៃ។ អ៊ីចឹង​ជំហាន​ដំបូ​ងក្រ​សួងម​ហាផ្ទៃ គួរតែមា​នការ​ស៊ើប​អង្កេត​ទៅលើក​រណី​ហ្នឹង ទៅ​លើការ​កេង​ប្រវ័ញ្ច កាសង្ស័យ​ថា មាន​ការកិប​កេងរ​បស់ស្មៀ​នហ្នឹ​ង»។​

លោ​កបន្ត​ថា​៖ «ហើយ​ករណី​នេះ ជាដែន​សមត្ថ​កិច្ច​របស់​អង្គភា​ព​ប្រឆាំ​ង​អំពើពុក​រលួយ។ អ៊ីចឹង​ខាង​អង្គភាព​គួរ​តែមាន​ការ​ស៊ើប​អង្កេត ស្វែង​រកការ​ពិត​បន្ថែម ដើម្បី​ឱ្យ​ជន​សង្ស័យ​ហ្នឹងផ្ដល់​ភាព​យុត្តិធម៌ ដល់​ខ្លួន​ឯង​ផង និងជន​រង​គ្រោះ​ផង ពីព្រោះ​ថា កេង​ប្រវ័ញ្ច​ពីកម្ម​វិធីគាំ​ពារ​សង្គម គឺ​វាប៉ះពាល់​ដល់​អ្នកក្រ»។

លោក​បន្ថែម​ថា ដើម្បី​កុំឱ្យ​មាន​មន្ត្រីក្រោយៗ​ណា ដែល​បន្តសកម្ម​ភាព​ដូចករណីនេះ​បន្តទៅទៀ​ត អាជ្ញាធរ​ត្រូវ​អនុវត្ត​ទៅតាម​ច្បាប់ដែល​ចេញជាធរ​មាន​ នៃច្បាប់​អំពើ​ពុក​រលួយ ដោយ​មិន​គួរ​បន្ធូរបន្ថយ​ឬលើក​លែង​ឡើយ។

សូម​បញ្ជាក់​ថា លោក សុខ សុផា ស្មៀន​​សង្កាត់​តាខ្មៅ ត្រូវ​បាន​មន្ត្រីក្រសួង​សង្គម​កិច្ច អតីត​យុទ្ធ​ជន និង​យុវនីតិ​សម្បទា បាន​សហការ​ជាមួយ​កម្លាំង​នគរ​បាល​ខេត្ត​កណ្ដាល​ ចុះឃាត់​ខ្លួន​កាល​ពីថ្ងៃទី​ ១៤ ខែ​វិច្ឆិកា ឆ្នាំ ២០​២២ ​ដោយ​ចោទ​ថា ស្មៀន​សង្កាត់​រូប​នេះ​ កិប​កេង​លុយ​ជាង ​៧០​ លាន​រៀល​ពីកម្ម​វិធីឧបត្ថ​ម្ភ​សាច់​ប្រាក់​ជូន​គ្រួសា​រ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​គ្រោះ ក្នុង​កំឡុង​ពេលប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺកូវី​ដ-​១៩។

​លោក ឡាក់ ម៉េងធី ស្នងកា​ររង​ទទួល​ផែន​ព្រហ្មទណ្ឌ​នៃស្នង​ការដ្ឋាន​នគរ​បាល​ខេត្ត​កណ្តាល​បាន​ប្រាប់ ភ្នំពេញ ​ប៉ុស្តិ៍ នៅថ្ងៃទី​ ១៦ វិច្ឆិកា​ថា ជន​សង្ស័យ​ជាស្មៀន​សង្កាត់​តាខ្មៅម្នាក់​នេះ​ ត្រូវ​បាន​សមត្ថ​កិច្ច​របស់​លោក​បញ្ចប់​ការ​សាក​សួរ​ហើយ​ ហើយ​បាន​បញ្ជូន​បន្ត តាម​សំណើរ​របស់​អង្គភាព​អំពើពុក​រលួយ ​(ACU)។​ ទោះជា​យ៉ាង​ណា​លោក​​ស្នង​ការរង​រូប​នេះ​មិន​បាន​បញ្ជាក់​លម្អិត​ពាក់ព័​ន្ធនឹង​ចម្លើយ​របស់​ជន​សង្ស័យ​ឈ្មោះ ​សុខ សុផា​ឡើយ​ ៕