ប៉ៃលិនៈ តុលាការ​ខេត្តប៉ៃ​លិន នៅថ្ងៃ​ទី ១៧ ខែ​វិច្ឆកា ឆ្នាំ​ ២០២២ បាន​សម្រេច​ឃុំខ្លួន​ បុរសជន​ជាតិ​ថៃ​ចំនួន​ ៦ នាក់ ក្រោម​ការ​ចោទ​ប្រកាន់​ពីបទ «ប្រើ​ប្រាស់ និងរក្សាទុ​កនូវ​អាវុធ​ខុសច្បា​ប់» តាម​បញ​ត្តិមាត្រា ២០​ នៃច្បាប់​ស្ដីពី​ការគ្រប់​គ្រង​អាវុធ គ្រឿង​ផ្ទុះ និង​គ្រាប់​រំសេវ និង​មាត្រា​ ៤៩០​ នៃ​ក្រម​ព្រហ្ម​ទណ្ឌ​។

​លោក ជា សា ព្រះរាជអា​ជ្ញារង និង​ជាអ្នក​នាំពាក្យ​អយ្យ​ការ​អមសាលា​ដំបូង​ខេត្ត​ប៉ៃលិន បាន​ប្រាប់​ ភ្នំ​ពេញ​ ប៉ុស្តិ៍​ថា បុរស​ជន​ជាតិ​ថៃ ៦ ​នាក់ ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ក្នុង​បទល្មើស​ខាង​លើនេះ​​រួមមាន​ឈ្មោះ EIMRAK SAWONG  PURIN អាយុ ៣០ ឆ្នាំ, SUEP SOMBOAT CHANITHON អាយុ ១៩ ឆ្នាំ, BUNTHUK THAWATH CHAI  អាយុ​៣៣ ​ឆ្នាំ, SITHIPONG VUTHICHAI អាយុ​ ៣២ ​ឆ្នាំ, BEA TACHAI អាយុ​ ២៧ ​ឆ្នាំ និង​ឈ្មោះ ATH THEBTI អាយុ​ ២៣ ​ឆ្នាំ។ អ្នកទាំង​ ៦ ​គឺ​ជា​បុគ្គ​លិក​កាស៊ី​ណូហ្គ្រែន​ប៉ៃ​លិន។

យោង​តាម​សំណុំរឿង​ព្រហ្មទណ្ឌ​របស់​នគរ​បាលយុត្តិ​ធម៌ នៃ​ស្នង​ការដ្ឋាន​នគ​របាល​ខេត្ត​ប៉ៃលិន បាន​បញ្ជូន​​មកកាន់​ស្ថាប័ន​អយ្យការ កាលពី​ថ្ងៃ​ទី ១៤ ​ខែវិច្ឆិកា ឆ្នាំ​ ២០២២ ពួកគេ​ត្រូវបាន​កម្លាំង​​សមត្ថកិច្ច​ស្រុក​សាលា​ក្រៅ រួមសហ​ការជា​មួយ​កម្លាំង​ស្នងការ​ដ្ឋាន​នគរបាល​ខេត្តប៉ៃលិន ចាប់​ឃាត់​​ខ្លួន​កាលពី​រសៀល​ថ្ងៃទី​ ១១ ខែ​វិច្ឆិកា បន្ទាប់​ពីពួក​គេ​បានបាញ់​អាវុធជា​ច្រើន​គ្រាប់​ នៅ​ចំណុច​មាត់​ស្ទឹងកាច់ ជិត​គល់​ស្ពាន​សន្តិភាព ស្ថិត​ក្នុង​ភូមិ-ឃុំស្ទឹងកា​ច់ ស្រុក​សា​លា​ក្រៅ។

ក្នុង​ការ​ឃាត់​ខ្លួន​នោះ កម្លាំង​សមត្ថ​កិច្ច​បាន​រក​ឃើញ និង​រឹបអូស​អាវុធខ្លី​ចំនួន​៣ដើម ក្នុង​នោះ​ម៉ាកឡុក ចំនួន​១​ដើម មាន​៣​បង់ (ខ្លី ២ វែង ១) មាន​គ្រាប់​សរុប ៤៥ ​គ្រាប់ ម៉ាក​គូស៊ី១​ដើម មាន​គ្រាប់​​ចំនួន​ ៥០​ គ្រាប់ និង ម៉ាករ៉ូឡូ​ចំនួន​ ១ ​ដើម និង​ប្រអប់​គ្រាប់​ចំនួន​ ២ មាន​គ្រាប់​សរុប​ចំនួន​៣១​គ្រាប់​

លោក ជា សា បាន​បញ្ជាក់​​ថា៖ «ក្រោយ​ពី​បញ្ចប់​ការ​សាក​សួរ​អស់​រយៈពេ​ល ២ ថ្ងៃ​មក តំណាង​អយ្យ​ការ​បាន​​សម្រេច​ចោទ​ប្រកាន់​ពួកគេ​ពី​បទ​ប្រើ​ប្រាស់ និង​រក្សា​ទុក​នូវអាវុ​ធខុ​សច្បាប់ តា​មបញត្តិ​មាត្រា​២០ នៃ​ច្បាប់​​ស្ដីពី​ការគ្រប់​គ្រង​អាវុធ គ្រឿផ្ទុះ និង​គ្រាប់រំ​សេវ និង មាត្រា ​៤៩០ នៃ​ក្រមព្រ​ហ្មទណ្ឌ ហើយ​ពួក​គេ​ត្រូវ​បា​នចៅ​ក្រម​ស៊ើប​សួរ​សាលា​ដំបូង​ខេត្ត​ប៉ៃលិន​បង្គាប់​ឱ្យមន្ត្រី​នគរបាល​យុត្តិធម៌​យក​ពួកគេ​ទៅឃុំ​ខ្លួន​ជា​​បណ្ដោះ​អាសន្ន​នៅ​ពន្ធនាគារ​ខេត្ត​ប៉ៃលិន​»។

យោង​តាម​មាត្រា ​២០ នៃ​ច្បាប់​ស្ដីពីការគ្រប់​គ្រង​អាវុធ គ្រឿ​ងផ្ទុះ និងគ្រាប់​រំសេវ និង មាត្រា​ ៤៩០ ​នៃក្រម​ព្រហ្ម​ទណ្ឌ បុរសជន​ជាតិថៃ​ទាំង ៦​ នាក់ ដែល​ជាប់​ចោទក្នុង​បទ​ល្មើសខាង​លើ​នឹងត្រូវ​ប្រឈមការ​ផ្ដន្ទា​ទោស​ជាប់​ពន្ធនាគារ​ពី ​៦ ខែ​ ទៅ​ ៣ ឆ្នាំ និង ពិន័យ​ជាប្រាក់​ពី ១ លាន​រៀល​ទៅ ​៦ លា​នរៀល ៕