ភ្នំពេញៈ​ ក្រុម​សង្គម​ស៊ីវិល​កម្ពុជា​អំពាវ​នាវ​ឱ្យ​គណៈ​កម្មការ​អន្តរ​រដ្ឋាភិ​បាល​អាស៊ាន​ (​អាយ​ឆា​) គិត​គូរ​ពង្រឹង​វិស័យ​សិទ្ធិ​មនុស្ស​ឡើង​វិញ ខណៈ​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​នៅក្នុង​តំបន់​អាស៊ាន​ កំពុង​ដើរ​ថយ​ក្រោយ​។​

​លោក​ អំ សំអាត ​នាយក​ទទួល​បន្ទុក​កិច្ច​ការ​ទូទៅ​​នៃ​អង្គ​ការ​លីកាដូ ​(Licado) បានលើក​ឡើង​ថា ​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ហាក់​កំពុង​បោះ​ជំហាន​ថយ​ក្រោយ​សម្រាប់​បណ្តា​ប្រទេស​មួយ​ចំនួន ជា​ពិសេស​ក្នុងប្រទេស​មី​យ៉ាន់​ម៉ា​ ដែល​កំពុង​រង​ការ​រំលោភ​សិទ្ធិ​យ៉ាង​ធ្ងន់ធ្ងរ​ពី​សំណាក់​របប​សឹក​។​

​លោក​បាន​ថ្លែង​ថា​​៖ «បើ​យើង​ពិនិត្យ​ពី​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​នេះកំពុង​ជួបប្រទះ​បញ្ហា​ច្រើន ដូចជា ​នៅ​ភូមា ដែល​ជួប​វិបត្តិ​រំលោភ​សិទ្ធិ​ធ្ងន់ធ្ងរ​មែន​ទែន​។ កន្លង​មក​យើង​ឃើញ​ហើយ​ ទោះបី​អាស៊ាន​មាន​ធម្មនុញ្ញ​ស្តីពី​សិទ្ធិ​មនុស្ស មាន​សេចក្តី​ថ្លែង​ការណ៍​ស្តី​សិទ្ធិ​មនុស្ស​យ៉ាង​ណាក៏​ដោយ ក៏​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន​មួយ​ចំនួន​មាន​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​មិនល្អ​ប្រសើរ​នោះ​ទេ ហើយ​ក្នុង​ហ្នឹង​ក៏មាន​កម្ពុជា​យើង​ដែរ​ដែល​រង​ការរិះ​គន់​លើ​ការ​រំលោភ​សិទ្ធិ​មនុស្ស​»​។​

​អ្នក​ឃ្លាំ​មើល​បញ្ហា​សិទ្ធិ​មនុ​សុ្ស​រូបនេះ សង្កត់​ធ្ងន់ថា ទោះបី​ក្នុង​ក្រប​ខ័ណ្ឌ​អាស៊ាន មិន​មាន​គោល​ជំហរ​លទ្ធិ​នយោ​បាយ​រួម​ដោយ​ប្រទេស​ខ្លះ​ប្រកាន់​លទ្ធិ​ប្រជាធិប​តេយ្យ ​ប្រទេស​ខ្លះ​ប្រកាន់​លទ្ធិកុម្មុ​យនីស្តក៏ដោយ ក៏​លោក​សង្ឃឹមថា អាស៊ាន​លើក​យក​បញ្ហា​សិទ្ធិ​មនុស្ស​មក​ជជែក​ពិភាក្សានិង​ដោះ​ស្រាយ​ក្នុង​យន្ត​ការ​របស់​អាយ​ឆាប្រកប​ដោយ​ប្រសិទ្ធ​ភាពក្នុងការ​កែល​ម្អ​ចំណុច​ខ្វះ​នានា របស់​បណ្តា​ប្រទេស​ជា​សមា​ជិក​អាស៊ាន​នេះ​។​

​កម្ពុជា​កំពុង​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​ពិសេស​លើក​ទី​២ ឆ្នាំ​ ២០២២ នៃ​គណៈ​កម្មការ​អន្ត​ររដ្ឋាភិ​បាល​អាស៊ាន ​(​អាយ​ឆា​) និង​កិច្ច​ប្រជុំ​ពាក់​ព័ន្ធ​ ដែល​ប្រព្រឹត្ត​ទៅ​ពីថ្ងៃ​ទី​ ១៥ ដល់ ១៩ ​ខែវិច្ឆិកា ឆ្នាំ​ ២០២២ នៅ​ខេត្ត​សៀមរាប​។ កិច្ចប្រជុំ​នេះ​ដឹកនាំ​ដោយ​លោក ​កែវ រ៉េមី ប្រធាន​គណៈ​កម្មការ​សិទ្ធិ​មនុស្ស​កម្ពុជា ​ព្រមទាំង​ជា​តំណាង​កម្ពុជា​ប្រចាំ​អាយ​ឆា ​ដែល​មាន​ការចូល​រួម​ពី​តំណាង​ផ្នែក​សិទ្ធិ​មនុស្ស​នៃបណ្តា​ប្រទេស​សមា​ជិក​អាស៊ាន​ប្រចាំ​អាយ​ឆា​។​

​លោក​ មាស នី អ្នក​ស្រាវ​ជ្រាវ​ការអភិវឌ្ឍ​សង្គម និង​ជា​អ្នក​វិភាគ​បញ្ហា​សង្គម​នៅក​ម្ពុ​ជាបានថ្លែងថា ជា​រឿង​ចាំបាច់​ដែល​បណ្តា​ប្រទេស​អាស៊ាន​ត្រូវ​ជួបជុំ​ពិភាក្សា​គ្នា​ពី​បញ្ហា​សិទ្ធិ​មនុស្ស​ ខណៈ​ប្រទេស​មួយ​ចំនួន​កំពុង​មាន​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​ស្រុត​ចុះ​ខ្លាំង​។

លោក​បាន​បន្ត​ថា ​បើទោះ​បីជា​មិនអាច​ផ្តល់​ផ្លែផ្កា​ជា​ដុំកំភួន​ក្តី ប៉ុន្តែ​វា​ជាការ​ដាស់​ស្មារតី​ដល់​រដ្ឋ​ជា​សមា​ជិក​អាស៊ាន​ទាំង​ឡាយ​ឱ្យងាក​មក​ចាប់​អារម្មណ៍​ពី​បញ្ហា​សិទ្ធិ​មនុស្ស​នេះដែរ​ ខណៈ​ប្រទេស​ខ្លះ​បាន​រអិល​ចេញពី​គោល​ការណ៍​សិទ្ធិ​មនុស្ស ដោយ​ឈាន​ដល់​ការប្រើ​អំណាច​ផ្តាច់ការ​ពី​សំណាក់​រដ្ឋាភិ​បាល​។​

​លោក​ មាស នី ​គូស​បញ្ជាក់​ដាច់​ដោយ​ឡែក​ជុំវិញ​បរិបទ​ដែល​កម្ពុជា​កំពុង​ធ្វើ​ជា​ប្រធាន​អាយ​ឆា​ស្រាប់​ថា៖ «​ខ្ញុំ​មិន​រំពឹង​ថា​នឹង​មាន​ការ​ផ្លាស់​ប្តូរ​សំខាន់​ណាមួយ​ទេ​ដោយ​សារ​រដ្ឋាភិបាល​ប្រទេស​កម្ពុជា​ អាច​នឹង​បន្ត​ថ្លែង​ការពារ​ខ្លួន​តទៅ​ទៀត ខណៈ​ប្រទេស​កម្ពុជា ​បាន​ទទួល​រង​ការ​រិះគន់ថា ប្រជា​ធិប​តេយ្យ​កម្ពុជា​បាន​ដើរ​ថយ​ក្រោយ ហើយ​ការ​រំលោភ​សិទ្ធិ​មនុស្ស​មាន​ការ​កើន​ឡើង »​​។​

​ស្រដៀង​គ្នា​នេះ​ដែរ លោក ​សឹង ​សែន​ករុណា អ្នក​នាំ​ពាក្យ​សមា​គម​ការពារ​សិទ្ធិម​នុស្ស​អាដ​ហុក ​(Adhoc) លើក​ឡើង​ថា ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះស្ថាន​ភាព​សិទ្ធិ​មនុស្ស​នៅ​បណ្តា​ប្រទេស​ក្នុង​សមា​គម​ប្រជាជាតិ​អាស៊ី​អាគ្នេ​យ៍​មួយ​ចំនួន​រួ​មទាំង​កម្ពុជាផ​ង កំពុង​ធ្លាក់​ចុះ​កាន់​តែ​អាក្រក់​ទៅ ជា​ពិសេស​ប្រទេស​មី​យ៉ាន់​ម៉ា។

​លោក​ សែន​ករុណា បានថ្លែងថា​៖ «​នៅ​ក្នុង​កិច្ច​ប្រជុំ​ក្នុង​ក្រប​ខ័ណ្ឌ​អាស៊ាន​នេះ ថ្វីដ្បិតតែ​​មាន​លទ្ធផល​មួយ​ចំនួន​មែន​ប៉ុន្តែ​ចំពោះ​លទ្ធ​ផល​លើ​បញ្ហា​សិទ្ធិម​នុស្ស និ​ង​ប្រជាធិប​តេយ្យ​ក្នុង​តំបន់​អាស៊ាន​នេះហា​ក់​មិនសូវ​មាន​លទ្ធផ​ល​ជា​ដុំ​កំភួន​សោះ​ឡើយ ក្នុង​ការ​បើក​លំហ​សិទ្ធិ​មនុស្ស​និង​ប្រជាធិប​តេយ្យ​នៅ​ឡើយ​ទេ »​។​

​យ៉ាងណាក្ដី អ្នកជំនាញ​ផ្នែក​សិទ្ធិមនុស្ស​រូបនេះសង្ឃឹមថា បណ្តា​រដ្ឋ​សមាជិក​អាស៊ាន​នឹង​គិតគូរ​កែលម្អ​ឡើងវិញ លើ​បញ្ហា​សិទ្ធិមនុស្សជាពិសេស​គណៈកម្មការ​អាយ​ឆា គួរ​មាន​លក្ខខណ្ឌ​ជំរុញ​យ៉ាងណា ដើម្បី​ឱ្យ​មេដឹកនាំ​អាស៊ាន​ដឹកនាំ​ប្រទេស​ដោយ​គិតគូរ​លើ​សិទ្ធិសេរីភាព​របស់​ពល​រដ្ឋ​ខ្លួន​ឱ្យមាន​ភាពល្អប្រសើរ​។​

​កម្ពុជា​ជា​ប្រធាន​អាស៊ាន​នេះបាននិងកំពុងពិនិត្យពិភាក្សាលើ​ឯកសារ​ទស្សនទាន​នៃ​សកម្មភាព​អាទិភាព​របស់​អាយ​ឆា​ឆ្នាំ​ ២០១៩-២០២២ និង​បច្ចុប្បន្នភាព​នៃ​សកម្មភាព​អាទិភាព​របស់​អាយ​ឆា​ពី​ឆ្នាំ​ ២០១៤-២០២២​ នៅក្នុង​កិច្ចប្រជុំ​ពិសេស​លើក​ទី​២​ នៅ​ឆ្នាំ​ ២០២២ នេះ​។ ក្រៅពីនេះ នឹងមាន​កិច្ចប្រជុំ​ដាច់ដោយឡែក​រវាង​អាយ​ឆានិង​អង្គការសហប្រជាជាតិក្នុងការ​លើកកម្ពស់​សិ​ទ្ធិ​មនុស្ស​ក្នុង​តំបន់​អាស៊ាន​ផងនៅ​ថ្ងៃទី ​១៧ ខែវិច្ឆិកា​។

ចំណែក​នៅ​ថ្ងៃទី​ ១៨ ​ខែវិច្ឆិកា អាយ​ឆា​កម្ពុជា​នឹង​ធ្វើជា​ម្ចាស់​ផ្ទះ​រៀបចំ​ពិធី​អបអរ​សាទរ​ខួប​ទី​១០ នៃ​សេចក្តី​ប្រកាស​សិទ្ធិ​មនុស្ស​អាស៊ាន​និង​សេចក្តី​ថ្លែង​ការណ៍​ភ្នំពេញ​ស្តីពី​ការ​អនុ​ម័ត​សេចក្តី​ប្រកាស​សិទ្ធិ​មនុស្ស​អាស៊ាន​ដែល​សម្រេច​បាន​ក្នុងគ្រា​ដែល​កម្ពុជា​ធ្វើជា​ប្រធាន​អាស៊ាន​លើក​ទី​២កាលពី​ឆ្នាំ​ ២០១២​។ លុះ​ដល់នៅ​ថ្ងៃទី​ ១៩ ​ខែវិច្ឆិកាក​ម្ពុជា​នឹង​ប្រគល់​តួនាទី​ជា​ប្រធាន​អាយ​ឆា​ដល់​ឥណ្ឌូ​ស៊ី​ដែល​ធ្វើជា​ប្រធាន​អាស៊ាន​ប្តូរ​វេន​នៅ​ឆ្នាំ​

២០២៣។

ពាក់​ព័ន្ធ​នឹង​កិច្ច​ប្រជុំ​នេះ អ្នកនាំ​ពាក្យ​គណៈ​កម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​លោក​ ជិន ម៉ាលី​ន ​ថ្លែង​ថា នឹង​ជូន​លទ្ធ​ផល​ក្រោយ​បញ្ចប់​កិច្ច​ប្រជុំ​។រីឯក្នុងសេចក្តី​ប្រកាស​ព័ត៌មាន​របស់​អាយ​ឆាក​ម្ពុជាបាន​​បញ្ជាក់​ថា៖ «បន្ទាប់​ពី​ការពិ​និត្យ​និង​កែ​សម្រួល​នៅ​​ក្នុង​កិច្ច​ប្រជុំ​ ក្រុម​ជំនួយ​ការឯកសារ​ទាំង​អស់​ នឹង​ត្រូវ​ដាក់​បញ្ចូល​ទៅ​ក្នុង​កិច្ច​ប្រជុំ​ពិសេស​លើក​​ទី២​ របស់​អាយ​ឆា​ដើម្បី​ពិនិត្យ​និង​អនុ​ម័ត​»៕