ភ្នំពេញៈ ពលករ​កម្ពុជា​ចំនួន​ ៣០០​ នាក់ នឹង​ចាក​ចេញពី​កម្ពុជា​ទៅធ្វើ​ការ​ជា​លើកដំបូង​នៅ​សាធារណរដ្ឋ​ប៉ូឡូញ​។ ការចេញ​ទៅនេះ​នឹងធ្វើ​ឡើងជា​បន្តបន្ទាប់​ តាម​ដំណាក់កាល រហូត​គ្រប់​ចំនួន ​ក្នុង​ដំណាច់​ឆ្នាំ​ ២០២៣ ​ខាងមុខ ហើយ​ពលករ​កម្ពុជា​ដែល​ទៅធ្វើ​ការ​នៅ​ប្រទេស​នេះ​នឹង​ទទួលបាន​ប្រាក់ខែ​ខ្ពស់ និង​មាន​ថ្លៃ​ស្នាក់នៅ ​ធ្វើដំណើរ​មួយ​ចប់​។ ​នេះ​បើតាម ​លោក ​ឯល រ៉ូ​ហ្សែត​ អគ្គនាយក​ក្រុមហ៊ុន​អាយ​អាយ​អេស​។

​លោក ​ឯល រ៉ូ​ហ្សែត ​អគ្គនាយក​ក្រុមហ៊ុន ​អាយ​អាយ​អេស ​បានឱ្យដឹង​ថា ​ក្រុមហ៊ុន​របស់​លោក​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​អឹម​ភី​ឡា​មកពី​សាធារណរដ្ឋ​ប៉ូឡូញ ​កាលពី​ថ្ងៃទី ១៥​ ខែវិច្ឆិកា ​ដើម្បី​ផ្តល់​ឱកាស​ការងារ​ស្របច្បាប់​ជូន​ពលករ​កម្ពុជា។

​លោក​ថ្លែងថា​៖ «អាជ្ញាប័ណ្ណ​យើង​បានទទួល ​គឺ​នៅ​ក្នុង​ឆ្នាំ​ ២០២០ ​តែ​ដោយសារ​បញ្ហា​កូវីដ ​ទើប​យើង​អាក់ខាន​ការបញ្ជូន ​ដោយសារ​យើង​អត់​អាច​ចូល​សុំ​វីសា​ទៅ​បាន​។ អ៊ីចឹង​យើង​ធ្វើយ៉ាងណា​ជំរុញ​ឱ្យ​ពលករ​ចាកចេញ​នៅ​ក្នុង​ខែ ១២​ នេះ»។

​លោក​អគ្គនាយក​ក្រុមហ៊ុន​ បានឱ្យដឹង​ទៀតថា ​ពលករ​កម្ពុជា​ដែល​ត្រៀម​ចេញទៅ​នេះ ​ជា​ពលករ​ដែល​ត្រៀម​ចាកចេញ​ជា​លើកដំបូង​ទៅកាន់​ប្រទេស​ប៉ូឡូញ​។ ជំហាន​ដំបូង​មាន​ពលករ​ចំនួន​ ១៦ នាក់ ​ស្ថិតក្នុង​វគ្គ​ទី១ ​និង​វគ្គ​ទី២ ​បន្ទាប់​ពី​នេះ ​ក្រុមហ៊ុន​នឹង​រៀបចំ​វគ្គ​ជា​បន្តបន្ទាប់​ទៀត​រហូត​គ្រប់​ចំនួន ​៣០០​ នាក់ ។

​លោក​បញ្ជាក់ថា​៖ «ទាក់ទិន​ការងារ​នៅ​ប្រទេស​ប៉ូឡូញ ​គឺមាន​ច្រើន​ ទាំង​ការងារ​ឧស្សាហកម្ម ​រោងចក្រ ​កសិកម្ម​ អី​ផ្សេងៗ ​ប៉ុន្តែ​យើង​បញ្ជូន​ទៅនេះ ​គឺ​ផ្នែក​វេច​ខ្ចប់​ ហើយ​និង​មាន​ផ្នែក​ជាងផ្សារ​ដែក​ផ្សារ​ដំបូល​»។

​បើតាម​លោក​ ឯល រ៉ូ​ហ្សែត​ អគ្គនាយក​ក្រុមហ៊ុន ​និង​លោក​ការ៉ាន់ ​ស្សា ​តំណាង​ក្រុមហ៊ុន​អឹម​ភី​ឡា ​បានឱ្យដឹង​ថា ​ក្រោយ​បំពេញ​ការងារ​នៅ​ឆ្នាំ​ដំបូង​ចប់ ​ពលករ​នឹង​ទទួលបាន​ឱកាស​នៃ​ការរស់នៅ​ធ្វើការ​ក្នុង​ប្រទេស​ប៉ូឡូញ​តែម្តង​។ ក្រោយ​ចប់​ ១ ​ឆ្នាំ​នេះ​ដែរ​ ពលករ​នឹង​ទទួលបាន​ការបន្ត​ការងារ​រយៈពេល​ ២ ឆ្នាំ ​រហូត​ធ្វើការ​គ្រប់​ ៣ ​ឆ្នាំ ​នឹង​បន្ត​ថែម​ ២ ​ឆ្នាំ​ទៀត ​ដល់​គ្រប់​ ៥ ​ឆ្នាំ​។ ចាប់ពី​ឆ្នាំ​ទី​៦ ​ឬ​ទី​៧​ ទៅ ​ពលករ​អាច​ដាក់​ពាក្យ​ស្នើសុំ​ចូល​សញ្ជាតិ​បាន ​ដោយ​បំពេញ​លក្ខខណ្ឌ​មួយចំនួន ​ដូចជា​ពលករ​ល្អ ​និង​បាន​បង់ពន្ធ​ជូន​រដ្ឋ​ជាដើម​។

​លោក​បញ្ជាក់ថា​៖ «អត្ថប្រយោជន៍​ដែល​ពលករ​ទទួលបាន ​គឺ​ប្រាក់​បៀវត្ស​រ៍ខ្ពស់ ​ហើយ​ទទួលបាន​ការបង់ថ្លៃ​ស្នាក់នៅ ​ទឺក​ភ្លើង ​ធ្វើដំណើរ​ទៅ​ក្រុមហ៊ុន​ មួយ​ចប់»។

​លោក​ឯល រ៉ូ​ហ្សែត ​និង​លោក ការ៉ាន់ ​ស្សា ​បានឱ្យដឹង​ទៀតថា​ ពលករ​កម្ពុជា​ដែល​ទៅធ្វើ​ការ​នៅ​ប្រទេស​ប៉ូឡូញ​អាច​សល់​ប្រាក់​ ក្នុង​១​ខែ​ ចន្លោះ​ពី ​៧០០ ​ដុល្លារ ​ទៅ​ ១ ០០០​ដុល្លារ ​នេះ​បើ​គិតពី​ការកាត់​ការចំណាយ​ លើ​ថ្លៃ​ហូបចុក ​និង​ស្លៀកពាក់​រួច​។ ប្រភព​ដដែល​បន្តថា​ ការបញ្ជូន​ពលករ​ទៅ​ធ្វើការ​នៅ​ប្រទេស​នេះ​ធ្វើ​ឡើង​ដោយ​ស្របច្បាប់ ​ហើយ​ក្រុមហ៊ុន​ធានា​ច្បាស់លាស់ ​ដែល​អាច​ទុកចិត្ត​បាន ​ជាពិសេស​មាន​រៀបចំ​ព្រឹត្តិការណ៍​ឱ្យ​ក្រសួង​ដឹងឮ ​ក៏ដូចជា​ទូត​ដឹងឮ ​និង​មាន​ការផ្សព្វផ្សាយ​ព័ត៌មាន​ជា​ផ្លូវការ ​ច្រើន​ផងដែរ​។

​លោក​ សួង ​សង្វាវុទ្ធី ​អគ្គនាយករង ​នៃ​អគ្គនាយកដ្ឋាន​ការងារ ​នៃ​ក្រសួង​ការងារ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​បានឱ្យដឹង​ក្នុង​ពិធី​ចុះ​អនុស្សរណៈ​យោគយល់​នៃ​ក្រុមហ៊ុន​ទាំង​ ២ ​ថា ​ក្នុងនាម​តំណាង​ក្រសួង​ការងារ ​សម្តែង​នូវ​ក្តី​សោមនស្ស​រីករាយ​ក្រៃលែង ​ដែល​ក្រុមហ៊ុន​អាយ​អាយ​អេស​ និង​ក្រុមហ៊ុន​អឹម​ភី​ឡា ​ដែល​បានរៀបចំ​ពិធី​នេះ​ឡើង ​ដើម្បី​ផ្តល់​ឱកាស​ការងារ​ស្របច្បាប់​ដល់​បងប្អូន​ប្រជាជន​ខ្មែរ ​អាច​ទៅ​បម្រើ​ការងារ​នៅ​សាធារណរដ្ឋ​ប៉ូឡូញ​។​

​លោក​ថ្លែងថា​៖ «ខ្ញុំ​ពិតជា​សម្តែង​នូវ​ការអបអរសាទរ ​ចំពោះ​បងប្អូន​ពលករ​ ដែល​ទទួល​ការងារ​ស្របច្បាប់​ នៅ​ប្រទេស​ប៉ូឡូញ ​ដែល​ក្រុមហ៊ុន​ទាំង​ ២ ​បាន​ខិតខំ​រៀបចំ​ធ្វើ​ពិធី​ចុះ​ហត្ថលេខា ​លើ​កិច្ចសហ​ប្រតិបត្តិការ​ទ្វេភាគី​នេះ​ឡើង​ប្រក​ដបដោយ ​[ការ​ទំនួល​ខុសត្រូវ] ​ច្បាស់លាស់ ​និង​ទទួលស្គាល់​ពី​សំណាក់​រាជរដ្ឋាភិបាល​កម្ពុជា ​និង​សាធារណរដ្ឋ​ប៉ូឡូញ»។​

​លោក​បន្តថា​ ក្នុង​នាម​តំណាង​ក្រសួង​ការងារ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​លោក​នឹង​ធ្ចើ​ការជួយ​ជ្រោមជ្រែង​ដល់​ការស្នើសុំ​វីសា ​របស់​ពលករ​ ដែល​បានដាក់​ពាក្យ​រួច ​និង​រង់ចាំ​ទទួល​វីសា​ការងារ​ស្របច្បាប់ ​ទៅកាន់​ស្ថានទូត​ប៉ូឡូញ​។

​លោក​ កុល ​ខេន ​តំណាង​ពលករ​ទៅធ្វើ​ការ​នៅ​ប្រទេស​ប៉ូឡូញ ​បន្ទាប់ពី​បាន​ចូលរួម​ក្នុង​ពិធី​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​នេះ​ ពលករ​ទាំងអស់​គ្នា​បាន​យល់​ជ្រួតជ្រាប​កាន់តែ​ច្បាស់​ពី​ការចំណាក​ស្រុក​ស្របច្បាប់​ទៅ​ធ្វើការ​នៅ​ប៉ែក​អឺរ៉ុប​។ ជាពិសេស​បានទទួល​នូវ​ចំណេះដឹង ​និង​បទពិសោធន៍​ដ៏​ល្អៗ​ជាច្រើន​ពី​លោក ​លោកស្រី ​មកពី​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេងៗ​។

​លោក​ថ្លែងថា​៖ «យើងខ្ញុំ​សូម​ប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ​ថា ​នឹង​ខិតខំ​បម្រើ​ការងារ​ដ៏​ល្អ​ជូន​ក្រុមហ៊ុន ​សហគ្រាស ​និង​ធ្វើជា​ពលករ​គំរូ ​ប្រជាជន​ខ្មែរ​គំរូ ​នៅ​ប្រទេស​ប៉ូឡូញ ​ដើម្បី​លើកស្ទួយ​ដល់​អន្តរជាតិ ​ឱ្យ​ស្គាល់​ពី​កម្ពុជា​កាន់តែ​ច្បាស់​។ ពិសេស​យើងខ្ញុំ​​អស់គ្នា ​នឹង​យក​បទពិសោធន៍ ​និង​ចំណេះ​ជំនាញ ​ដែល​ទទួលបាន​ពី​ការងារ​នៅ​សាធារណរដ្ឋ​ប៉ូឡូញ​នេះ ​យកមក​អភិវឌ្ឍ​ការងារ​នៅ​មាតុប្រទេស​វិញ»៕