ភ្នំពេញៈ ក្រសួង​អប់រំ យុវជន និង​កីឡា រៀបចំ​ព្រឹត្តិ​ការណ៍​អបអរ​សាទរ​សមិទ្ធ​ផល​​រួមគ្នា​របស់ GPE-3 នៅ​ថៃ្ង​ទី​ ១៧ ខែវិ​ច្ឆិកា នៅ​វិទ្យាន​ស្ថាន​គរុ​កោ​សល្យ​រាជធានី​ភ្នំពេញ (PTEC) ដើម្បី​ចែក​រំលែក​លទ្ធផល​និង​ឧត្តមានុវត្តន៍នៃ​កម្មវិធី GPE-3​ ជាមួយ​អ្នក​ពាក់​ព័ន្ធ​ផ្នែក​អប់រំ​សំខាន់ៗ ​រួមមាន​ថ្នាក់​ដឹក​នាំ និង​មន្ត្រី​ក្រសួង​អប់រំ ដៃគូ​អភិវឌ្ឍន៍ ​គណៈ​គ្រប់​គ្រងសាលា ​និង​គ្រូ​បង្រៀន​។​នេះ​បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​រួម​នៃ​ក្រសួង​អប់រំ​ អង្គការ​យូណេ​ស្កូ កម្មវិធី GPE និង​អង្គការ​យូ​នី​សេ​ហ្វ​។

​សេចក្តី​ប្រកាស​ព័ត៌មាន​បាន​ឱ្យដឹង​ថា ព្រឹត្តិកា​រណ៍​នេះ​នឹង​ផ្តល់នូវ​លទ្ធផល​សំខាន់ៗ​ ដើម្បី​ជូន​ដំណឹង​ដល់​កា​រផ្ដោត​អាទិ​ភាពជា​យុទ្ធ សាស្ត្រ​សម្រាប់​ដាក់​បញ្ចូល​ក្នុង​កម្ម​វិធី​ថ្មី GPE 2025 ដើម្បី​ទ្រទ្រង់ និង​បន្ត​ពី​សមិទ្ធ​ផល​សម្រេច​បាន​ដោយ GPE-3 ។​

​កម្មវិធី​ GPE-3 ត្រូវបាន​រៀបចំឡើង​ដើម្បី​​ដោះ​ស្រាយ​បញ្ហានៃ​លទ្ធផល​សិក្សា​ទាប​របស់​សិស្ស​ដែល​សិស្ស​មិន​ទទួល​បាន​កម្រិត​ស្ទាត់ជំ​នាញ​ផ្នែក​ភាសា​ខ្មែរ និង​គណិត​វិទ្យា​ដែល​រំពឹងទុក​ទៅតាម​កម្រិត​ថ្នាក់​របស់​ពួកគេ​សូម្បីតែ​នៅ​ថ្នាក់ដំបូង​ក៏ដោយ​។ កម្មវិធី​នេះ​ទទួល​ស្គាល់ថា​​ គ្រូ​ដែល​បាន​ត្រៀមខ្លួ​ន​ជាស្រេច មាន​សមត្ថ​ភាព និង​មាន​ទឹកចិត្ត​បន្ត​អភិវឌ្ឍ​វិជ្ជាជីវៈ​ គឺជា​កត្តា​នៅ​កម្រិត​សាលា​រៀន​ដ៏​រឹងមាំ​បំផុត​សម្រាប់​ការកែ​លម្អ​ការសិក្សា​របស់​សិស្ស​ហើយ​អន្តរា​គមន៍​ ត្រូវបាន​បង្កើត​ឡើង​ស្រប​តាម​អាទិភាព​ជាតិ​នៃ​ការ​អភិវឌ្ឍ​គ្រូបង្រៀន​។

​ប្រភព​ដដែល​បានឱ្យដឹង​ទៀតថា កម្មវិធី​នេះ​ សម្រេច​បាន​នូវ​គោល​ដែល​អង្គការ​យូណេស្កូ​ជា​ភ្នាក់ងារ​គ្រប់​គ្រង​ហិរញ្ញប្ប​ទាន ​របស់ខ្លួន​តាម​រយៈ​ផ្នែក​បំពេញ​គ្នា​ចំនួន ​២​សំណង “​ផ្នែក​ថេរចំនួន ១៤,៤ លាន​ដុល្លារ​អាមេរិក ដែល​ត្រូវបាន​គេ​ស្គាល់​ថា​ជា​គម្រោង​ពង្រឹង​កម្មវិធី​អប់រំ​គ្រូ បង្រៀន​នៅ​កម្ពុជា (STEPCam) ហើយ​អង្គការ​យូ​នី​សេ​ហ្វគឺជា​ភ្នាក់ងារ​គ្រប់គ្រង​ជំនួយ​ចំនួន ៦,២ លាន​ដុល្លារ​អាមរិ​ក"​ផ្នែក​អថេរ​"។ តាមរយៈ STEPCam ប្រព័ន្ធ​ថ្មី​ដំបូង​គេ​បង្អស់​ត្រូវបាន​បង្កើតឡើងនិង​ណែនាំ​នៅក្នុង​ប្រព័ន្ធ​អប់រំ​របស់​កម្ពុជា​។

​លោក Sardar Umar Alam តំណាង​អង្គការ​យូណេស្កូ​ប្រចាំ​កម្ពុជា ថ្លែងថា​៖ «​សមិទ្ធផល​រួមគ្នា​របស់​យើងតាមរយៈ STEPCam ក្រោម​ការគាំទ្រ​ថវិកា​ពី GPE-3 គឺអាច​ធ្វើទៅ​បាន​ដោយមាន​ការដឹក​នាំ​ដ៏​រឹងមាំ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា កិច្ចខិតខំ​ប្រឹង​ប្រែងរ​បស់​នាយកដ្ឋាន​បច្ចេក​ទេស​សំខាន់ៗ​ទាំងអស់ និង​ការគាំទ្រ​បន្ថែម​ដែល​ផ្តល់ដោយ​ដៃគូ​អភិវឌ្ឍន៍ និង​ដៃគូ​វិស័យ​ឯកជន​»​។

​លោក​បន្តថា អង្គការ​យូណេ​ស្កូ មាន​មោទន​ភាព​ដែល​បាន​ជួយ​ដល់​ការអភិវឌ្ឍ​គ្រូបង្រៀន​នៅ​កម្ពុជា​។ តាមរយៈ STEPCam យើង​បាន​ផ្តល់​ឱ្យ​គ្រូ​បង្រៀន​នៅក្នុង​ប្រទេស​កម្ពុជា​នូវ​លទ្ធភាព​ទទួល​បានការ​អភិវឌ្ឍ​វិជ្ជាជីវៈនិង​បានរួម​ចំណែក​ក្នុងការ​ធ្វើឱ្យ​ប្រសើរ​ឡើង​នូវ​ស្ថាន​ភាព​វិជ្ជាជីវៈ និង​លក្ខ​ខណ្ឌ​ការ​ងារ​របស់ពួក​គេ​។

​លោក​បញ្ជាក់​ថា​៖«​ជាមួយ​នឹង​គ្រូ​ដែល​មាន​ការ​ទទួលស្គា​ល់ មាន​សមត្ថភា​ព មានការ​លើកទឹ​កចិត្ត និង​ការ​គាំទ្រ ដែល​មានចំណេះ​ដឹង​និង​ជំនាញ​ត្រឹម​ត្រូវ យើង​អាច​ធានាថា​សិស្សានុ​សិស្ស​ក្នុង​ប្រទេស​កម្ពុជា​ទទួល​បាន​ការ​អប់រំ​ប្រកប​ដោយគុណភាព​សម្រាប់​ការ​រៀន​សូត្រ និង​ការអ​ភិវឌ្ឍ​របស់​ពួកគេ​» ។​

​លោក​បាន​លើក​ឡើងថា "​ផ្នែក​អថេរ​" ជា​ផ្នែក​មួយ​នៃ​ជំនួយ ​GPE3 គាំទ្រ​ដល់​ការលើក​កម្ពស់​សម​ធម៌ ប្រសិទ្ធ​ភាព និងលទ្ធផល​សិក្សា​ត្រូវ​បាន​គ្រប់គ្រង​ដោយ​អង្គការ​យូ​នី​សេ​ហ្វតាមរយៈ​មូល​និធិ​ភាពជា​ដៃគូ​សម្រាប់​អភិវឌ្ឍ​សមត្ថ​ភាព​វិស័យ​អប់រំ(CDPF|| ភាពជា​ដៃគូ​រវាង EU, USAID, Sida, GPE and UNICEF)​។

លោក​ថា ដើម្បី​បំពេញ​បន្ថែម​លើ​ការងារ​ក្រោម "​ផ្នែក​ថេរ​” ការ ផ្តល់ហិរញ្ញ​ប្បទាន​ដល់​ផ្នែក​អថេរគឺ​អាស្រ័យ​លើ​ការសម្រេចបាន​នូវ​សូចនា​ករ​ដែល​បាន​ព្រមព្រៀង​គ្នាដោយ​ជំរុញ​ឱ្យមាន​ការ​ប្រមូល​ផ្តុំ​កិច្ចខិ​តខំ​ប្រឹង​ប្រែង​ដើម្បី​ធ្វើឱ្យ​ប្រសើរ​ឡើង​នូវ​លទ្ធ​ផល​មួយ​ចំនួន​ក្នុង​វិស័យ​អប់រំរួ​មមាន​៖ការ​ពង្រឹង​ប្រព័ន្ធ​ និងកា​អនុវត្ត​កម្មវិធី​អាហា​រូបករណ៍ ការផ្តល់​បច្ចេក​ទេស​ដ​ល់​ការ​បង្រៀន​ថ្នាក់​ដំបូងនិងការ​ពង្រឹង​សមត្ថ​ភាព​នាយក​សាលា​ក្នុងការ​រៀបចំ​និងអនុវត្ត​ផែន​ការ​អភិវឌ្ឍន៍​សាលា​រៀន និងផែន​ការ​ថវិកា​។

​លោក​បន្ថែម​ថា ការផ្តល់​ហិរញ្ញប្ប​ទាន​ដោយ​ផ្អែកលើ​លទ្ធ​ផល​នេះ​ គឺជា​រឿងថ្មី​សន្លាង​សម្រាប់​ប្រទេស​កម្ពុជា ក៏ដូច​ជា ក្រសួង​អប់រំ យុវជន​ និង​កីឡា​។ ហេតុ​នេះ​មេរៀន​សំខាន់ៗ​មួយ​ចំនួន​ត្រូវ​បាន​សិក្សា​ក្នុង​ដំណើរការ​អនុវត្ត​កម្មវិធី រួមទាំង​ការប​ង្កើត​សូចនា​ករឱ្យ​សម​ស្រប ​ដំណើរ​ការ​ត្រួត​ពិនិត្យ និងផ្ទៀង​ផ្ទាត់​របាយ​ការណ៍​ ហើយ​និង​យន្ត​ការ​បញ្ចេញ​ថវិកា​ឱ្យបាន​សម​ស្រប​បំផុត​។

​ការផ្តល់​ហិរញ្ញ​ប្ប​ទាន "​ផ្នែក​អថេរ​" តាម​រយៈ CDPF បានរួម​ចំណែក​គាំទ្រ​ដល់​ការសម្រេច​បាន​នូវកំណែ​ទម្រង់សំខាន់ៗនិង អាទិភាព​ដែល​មាន​ចែង​ក្នុង​ផែន​យុទ្ធ​សាស្ត្រ​ការ​វិស័យ​អប់រំ(ESP)ជា​ពិសេស​លើ​ការពង្រីក​ការរៀន​ថ្នាក់​ដំបូង ​ការពិនិត្យ​កម្មវិធី​អាហា​រូប​ករណ៍​ឡើង​វិញ និងការ​គាំទ្រ​ដល់​ការឆ្លើយ​តប​នឹង​ជំងឺ​កូ​វីដ ​១៩​។​

​លោក Anirban Chatterjee នាយក​ស្ដីទីអង្គការ​យូ​នី​សេ​ហ្វ​ប្រចាំ​ប្រទេស​កម្ពុជាបាន​ថ្លែង​ថា​៖ការផ្តល់​ហិរញ្ញប្ប​ទាន​ផ្អែកលើ​លទ្ធផល​ត្រូវបាន​អនុវត្ត​យ៉ាង​ល្អ​នៅក្នុង​ប្រទេស​កម្ពុជាក្រោម​ការដឹកនាំ​ដ៏​ល្អ​របស់​ក្រសួង​អប់រំ​យុវជន និង​កីឡា ហើយ​វា​បាន​បង្ហាញ​ពី​សមត្ថ​ភាព​បច្ចេក​ទេស​របស់​ក្រសួង​ក្នុង​ការរៀប​ចំ​ផែនការ​អនុវត្ត និងតាម​ដាន​សកម្ម​ភាព​សំខាន់ៗ​របស់​កម្មវិធី​។

​លោក​ថ្លែងថា​៖ «​យូ​នី​សេ​ហ្វ តាមរយៈ CDPF មាន​ក្តី​សោមន​ស្ស​រីករាយ​ដែល​បានធ្វើកា​រយ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ក្រសួង​អប់រំយុវ​ជន និង​កីឡា​លើ​ការងារ​មួយ​ចំនួ​នធំ ដោយ​រួមទាំង​គម្រោង GPE3 ដើម្បី​ពង្រឹងកម្មវិធី​អាហា​រូបករណ៍ ការសិក្សា​ថ្នាក់​ដំបូង និងការ​ឆ្លើយ​តប​នឹង​ជំងឺ​កូ​វីដ ១៩ ​ដើម្បី​ធានា​ឱ្យបាន​ថា​កុមារ​ទាំង​អស់ អាច​ទទួល​បាន​ការ​អប់រំ​ប្រកប​ដោយ​គុណ​ភាព និង​រៀន​»​។​

​លោក​បន្ត​ថា ភាព​ជោគ​ជ័យ​របស់ GPE-3 ត្រូវបាន​ទទួល​ស្គាល់​យ៉ាង​ខ្លាំង​ពី​សំណាក់ GPE ដោយបាន​​ជ្រើសរើស​ប្រទេស​កម្ពុជា កាល​ពីដើម​ឆ្នាំនេះ ជា​ប្រទេស​ដំបូង​គេ​នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ី​ហ្វិកដែល​ត្រូវ​បាន​បង្ហាញ​ជា​ប្រទេស​ជោគ​ជ័យ​ក្នុង​ការអភិវឌ្ឍ​គ្រូ​បង្រៀន និង​ចែក​រំលែក​សមិទ្ធ​ផល និង​មេរៀន​ជាមួយ​ប្រទេស​ផ្សេងៗ​ទៀត​។

​លោក​បញ្ជាក់​ថា​៖ «​លទ្ធផល​ទាំងនេះ ​គឺជា​សក្ខីភាព​មួយ​ចំពោះ​ភាពជា​ដៃគូ​ដ៏​យូរ​អង្វែង​ដែល​បាន​បង្កើត​ឡើង​រវាង​ប្រទេស​កម្ពុជា និង GPE ដោយ​មាន​ការគាំទ្រ​ពីអង្គការ​យូណេ​ស្កូ និង​យូ​នី​សេ​ហ្វ ដើម្បី​ព​ន្លឿន​វឌ្ឍន​ភាព​ផ្នែក​អប់រំ​នៅ​កម្ពុជា​»​។​

​លោក​ ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រី​ក្រសួង​អប់រំ​យុវជន និង​កីឡា បាន​ថ្លែង​បាន​អំណរ​គុណ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ក្រុម​ការងារ​អនុវត្ត​កម្មវិធី ​ព្រមទាំ​ងអង្គការ​យូណេ​ស្កូ និង​អង្គការ​យូ​នី​សេ​ហ្វ ដែល​ជា​ភ្នាក់ងារ​គ្រប់គ្រង​ការ​អនុវត្ត បាន​សហ​ការ​គ្នា​យ៉ាង​ជិត​ស្និទ្ធធ្វើឱ្យ​សម្រេច​លទ្ធផល​គួរ​ឱ្យកត់​សម្គាល់​។

​លោក​ថ្លែងថា​៖ «​លទ្ធផ​ល និង​ឧ​ត្ត​មា​នុ​វត្ត​ន៍​កម្មវិធី​មូល​និធិ​ភាពជា​ដៃគូ​សកលដំណាក់​កាល​ទី​៣ នេះ ​ពិតជា​បាន​រួមចំណែក​ដល់​សមិទ្ធ​ផល​ទាំង​មូល​របស់​ក្រសួង​អប់រំ​យុវជន ​និង​កីឡា ដោយ​បាន​ឆ្លើយ​តប​ទៅនឹង​ការ​អនុវត្ត​អាទិភាព​កំណែ​ទម្រង់​របស់​ក្រសួង​បាន​ដាក់​ចេញ​»​។

​លោក​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​បន្តថា ការអភិវឌ្ឍ​សមត្ថភា​ព​គ្រូបង្រៀន​ជា​អាទិភាព​ចម្បងនិង​នៅតែ​ជា​អាទិភាព​របស់​ក្រសួង​សម្រាប់​បណ្តា​ឆ្នាំ​ខាងមុខ​។ឧ​ត្ត​មា​នុ​វត្ត​ន៍​ទាំងនេះ​ជាការ​បង្ហាញឱ្យឃើញ​ពី​ការប្រែប្រួល​ដ៏​ល្អ​នៃ​ប្រព័ន្ធ​អប់រំនិង​ជា​ម៉ូ​ដែល​អាច​ត្រូវ​ពិនិត្យ​ពិចារណា​យកទៅ​បន្ត​អនុវត្តឬ​ក្លាយជា​មូល​ដ្ឋាន​សម្រាប់​គម្រោង និង កម្មវិធី​ដែល​នឹងត្រូវ​អនុវត្ត​នៅ​ពេល​ខាងមុខ​។​

​តាមរយៈ​ការអនុវត្ត​រយៈ​ពេល ៤ ​ឆ្នាំ​ ក្រោម​ការគាំទ្រ​ថវិកា​ពី GPE-3 ក្រសួង​អប់រំ យុវជន និង​កីឡា រួមជាមួយ​អង្គការយូណេស្កូ និង​យូ​នី​សេ​ហ្វបាន​ជំរុញ​ការ​អភិវឌ្ឍ​គ្រូ​បង្រៀនដើម្បី​ធ្វើ​បរិវត្ត​កម្ម​ការ​បង្រៀន និង​ការរៀន​នៅក្នុង​ថ្នាក់រៀន​។ អន្តរាគមន៍​នេះ​ក៏​រួមចំណែក​ដល់​ការលើក​កម្ពស់​ស្ថានភាព​វិជ្ជាជីវៈនិង​លក្ខខណ្ឌ​ការងារ​ទូទៅ​របស់​គ្រូ​បង្រៀននៅ​កម្ពុជានិង​ធានាថា ​ពួកគេ​ត្រូវបាន​គាំទ្រ​ក្នុងការ​អភិវឌ្ឍ​វិជ្ជាជីវៈ​របស់​ពួកគេ​។

​លោក​ថ្លែងថា​៖ «​កត្តា​ទាំងនេះ​មាន​សារៈ​សំខាន់​ក្នុងការ​ទាក់​ទាញ​បេក្ខភាព​ពូកែៗ ​មាន​សមត្ថ​ភាព និង​មាន​ទឹកចិត្ត​បំពេញ​ការងារ​បំផុត​នៅ​ក្នុង​ប្រទេស​ឱ្យចូល​រួម​ក្នុង​វិជ្ជា​ជីវៈ​គ្រូ​បង្រៀន​»​។​

​លោក ណាត ប៊ុន​រឿន រដ្ឋ​លេខាធិ​ការ​ក្រសួង​អប់រំ យុ​វជន និង​កីឡា និង​ជានា​យកគ​ម្រោង GPE-3 ថ្លែង​ថា នៅពេលដែ​ល​ប្រទេស​កម្ពុជា​ឈានទៅ​ដំណាក់​កាល​បន្ទាប់​នៃ GPE 2025 សម្ទុះ​​ដែល​បង្កើត​បាន​តាម​រយៈGPE-3ដើម្បី​លើកក​ម្ពស់​ការ​អភិវឌ្ឍ​គ្រូ​បង្រៀន និង​ការ​អប់រំ​ប្រកប​ដោយ​គុណ​ភាព ចាំបាច់​ត្រូវ​បន្ត​ឱ្យមាន​និរន្តរ​ភាព និងពង្រីក​ការ​អនុវត្ត​បន្ថែម​ទៀត​។​

​លោក​មាន​ប្រសាសន៍​ថា​៖ «​យើង​សម្រេច​បាន​លទ្ធផល​ជា​វិជ្ជមាន​ជាច្រើន​នៅក្នុង​រយៈពេ​ល ៤ ឆ្នាំនៅក្នុ​ងគម្រោង​ង GPE-3 ក្នុង​ការជំរុញ​ការអ​ភិវឌ្ឍ​គ្រូបង្រៀន​។ ឥឡូវ​នេះ​ជំហាន​ទៅមុខ​គឺយើង​គួរ​យក​ឧ​ត្ត​មា​នុ​វត្ត​ន៍​របស់គម្រោង GPE-3 ទៅ​អនុវត្ត​បន្ត​ទៀត​» ។​

​បើតាម​លោក​ ណាត ប៊ុន​រឿន ការវិនិ​យោគ​ថ្មី​នឹង​ធានា​ថា អន្តរា​គមន៍​ដែល​ដាក់​ឱ្យ​ប្រើប្រាស់​តាមរយៈ GPE-3​ អាច​ត្រូវបាន​ពង្រីក​ជា​លំដាប់​រហូត​ទូទាំង​ប្រទេស ​ហើយ​គ្រូ​បង្រៀន​នៅ​កម្ពុជា​ត្រូវបាន​បន្ត​ការគាំទ្រ​ដើម្បី​កែលម្អ​គរុកោសល្យ និង​ជំនាញ ​ICT របស់​ពួកគេ​ដើម្បី​គាំទ្រ​ដល់​ការ​សិក្សា និង​ការ​អភិវឌ្ឍ​ផ្ទាល់​ខ្លួន​របស់​កុមារ​ទាំង​អស់​នៅ​កម្ពុជា​៕