ភ្នំពេញៈ គ្រូ​បង្គោល​និង​អ្នក​បម្រើការ​ក្នុង​វិស័យ​ទេសចរណ៍​នៅតាម​ខេត្ត​ចំនួន​ ៥ បាន​ទទួល​ការ​បណ្តុះ​បណ្តាល​​លើ​ជំនាញ​វិជ្ជាជីវៈ​ទេស​ចរណ៍ ដោយ​អង្គការ​ស្វ៊ីស​ខន់​ថាក់ (Swisscontact) ដែល​មាន​រយៈ​ពេលរហូត​ដល់ ​៤ ​ឆ្នាំ គឺចាប់​ពី​ឆ្នាំ ២០២១​ ដល់​ ២០២៤​។

បើ​តាម​ក្រសួង​ទេស​ចរណ៍​ ខេត្តចំនួ​ន ៥ នោះរួម​មា​ន​ ខេត្ត​ពោធិ៍សាត់ បាត់​ដំបង ប៉ៃ​លិន ឧត្តរ​មាន​ជ័យ និង​បន្ទាយ​មាន​ជ័យ ដែល​អង្គការ​នេះ​គាំទ្រ​ដល់​រាជ​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​អនុវត្ត​គម្រោង​បណ្តុះ​បណ្តា​ល​នេះ​ឡើង​។

​ការគាំទ្រ​នេះធ្វើ​ឡើង​តាម​រយៈ​កម្មវិធី​បណ្តុះ​បណ្តាល​បដិសណ្ឋារ​កិច្ច​កម្ពុជា​ (HoKa) ដោយ​បាន​ឈាន​រហូត​មាន​ការ​ចុះ​អនុស្ស​រណៈនៃ​ការ​យោគយល់​គ្នា រ​វាងអង្គការ​ស្វ៊ីសខ​ន់​ថាក់​ជាមួយនឹ​ងក្រសួង​ទេសច​រណ៍​ដែល​មាន​គណៈកម្មការ​គ្រប់​គ្រង​គម្រោង​ហូកា (HoKa) ជាសេនា​ធិការ​​។

ការចុះ​ហត្ថ​លេខា​ផ្លូវ​ការ​លើ​អនុស្ស​រណៈ​នេះ បានធ្វើ​ឡើង កាល​ពីរ​ថ្ងៃទី ១៦ ខែវិច្ឆិកា ​ឆ្នាំ ២០​២២ នៅទីស្តី​ការ​ក្រសួង​ទេស​ចរណ៍ ក្រោមវត្ត​មាន​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួ​ងទេសច​រណ៍ និង​លោក ​Rajiv Pradhan នាយក​ប្រចាំ​ប្រទេស​របស់​អង្គការ​ស្វ៊ីស​ខន់​ថាក់​ផងដែរ​។

នាឱកាស​នោះ លោក​ ប៉ាក់ សុខុម រដ្ឋលេខា​ធិការ​ក្រសួង​ទេស​ចរណ៍ បាន​ថែ្លង​​ថា​ កម្មវិធី​បណ្តុះ​បណ្តាល​បដិសណ្ឋារ​កិច្ច​កម្ពុជា (HoKa) នេះ នឹង​ចូល​រួម​ចំណែក​ជាមួយ​រាជ​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ផ្តល់​នូវ​ច្រក​សិក្សា​ជំនា​ញវិ​ជ្ជាជីវៈ​ដល់​យុវជន-យុវ​នារី និង​អ្នក​ជំនាញ​កម្រិត​ទាប​ក្នុង​ខេ​ត្តគោល​ដៅទាំ​ង ៥ ​នេះ។​

លោក​បានឱ្យដឹ​ងថា​៖ «ការ​បណ្តុះ​បណ្តាល​នេះគឺ​ដើម្បី​ទទួល​បាន​ការងារ​សម​រម្យ និង​បង្កើន​ប្រាក់​ចំណូល​ស្រប​តាម​ផែនទី​ចង្អុល​ផ្លូវស្តីពី​ការស្តារនិ​ងលើក​ស្ទួយ​ឡើង​វិញនូ​វវិស័​យ​ទេស​ចរណ៍​អំឡុង​និងក្រោយ​វិបត្តិ​ជំងឺកូវី​ដ ​១​៩ ក៏ដូច​ជាចូលរួម​ពង្រឹង​សមត្ថភាព​មន្ត្រី​ជំនាញ​របស់​ក្រសួង​ទេសចរណ៍​ទាំង​ថ្នាក់​ជាតិ​និង​ក្រោម​ជាតិ ដោយ​បង្កើត​បាន​នូវមូល​ធន​មនុស្ស​សម្រាប់​និរន្តរ​ភាព​ការ​អប់រំ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ទេសច​រណ៍»។

​លោក ប៉ាក់ សុខុម បាន​បន្ថែម​ថា រយៈ​ពេ​ល ៤ ​ឆ្នាំ​ ចាប់ពីឆ្នាំ​ ២០២១-២០២៤ គម្រោង​នឹង​ផ្ដល់​ការ​បណ្ដុះ​បណ្ដាល​គ្រូ​បង្គោល​ក្នុង​វិស័យ​ទេសចរណ៍​ឱ្យ​បាន ​១៥០​ នាក់ និង​អ្នក​បម្រើការ​ដែល​មាន​ជំនាញ​តិច​តួច​ឱ្យ​បាន​ដល់ ​៧៨០ ​នាក់នៅ​ទូទាំង​ខេត្ត​​ទាំង ​៥ ​នេះ។

សូម​បញ្ជាក់​ដែរ​ថា នាឱកាស​នោះ​​ក៏មាន​ការ​ចុះ​ហត្ថលេខា​ត្រីភាគី​លើកិច្ច​ព្រមព្រៀង​អនុវត្ត​កម្មវិ​ធីបណ្តុះ​បណ្តាល​បដិសណ្ឋារកិច្ច​កម្ពុជា​ រវាង​គណៈកម្មការ​គ្រប់​គ្រងគម្រោង​ហូកានៃ​ក្រសួង​ទេស​ចរណ៍ អង្គការ​ស្វ៊ីស​ខន់​ថាក់ និង​មន្ទីរ​ទេសចរណ៍​ខេត្ត​គោល​ដៅទាំង​ ៥​ ផង​ដែរ។

ការ​ចុះ​ហត្ថលេខា​នេះ ​គឺ​បាន​យក​ចិត្ត​ទុក​ដាក់​ក្នុងការ​រៀបចំ​នូវ​ផែន​ការសកម្ម​ភាព និង​ថវិការ​យៈពេល ៣ ​ឆ្នាំ ដើម្បី​ជំរុ​ញការ​បណ្តុះ​បណ្តាល​បដិ​សណ្ឋារ​កិ​ច្ច​លើជំនាញ​អាទិភាព​របស់​ខេត្ត មាន​ដូ​ចជា ជំនាញ​ការិយាល័យ​ជួរមុខ គេហ​កិច្ច សេវា​កម្មម្ហូប​អាហារ​និង​ភេសជ្ជៈ ចុង​ភៅ ជំនាញ​ឆុង​កាហ្វេ និង​មគ្គុទ្ទេសក៍​សហគមន៍​ផង​ដែរ​។​

​ប្រធាន​នាយក​ដ្ឋាន​ផែន​ការអភិវឌ្ឍន៍​ទេសច​រណ៍ និង​ជាប្រធាន​លេខាធិការ​ដ្ឋាន​នៃ​គណៈកម្មការ​គ្រប់​គ្រង​គម្រោង ហូកា​លោក ជួប រតនា ក៏​បាន​លើក​ឡើង​ដែរ​ថា មូល​ហេតុ​ដែល​គម្រោង​បណ្ដុះបណ្ដាល​នេះ​សម្រេច​ជ្រើស​រើស​យក​ខេត្ត​ទាំង ​៥​ នេះ ​​ដោយ​សារ​អ្នក​បម្រើ​ការ​ក្នុង​វិស័យ​ទេស​ចរណ៍​ភាគ​ច្រើន​ត្រូវ​បាន​ផ្អាក​ការ​ងារ ពួក​គេមួយ​ចំនួន​ក៏បាន​ធ្វើចំណាក​ស្រុក​ទៅ​ធ្វើការ​នៅ​ក្រៅ​ប្រទេស ពិសេស​ខេត្ត​ជាប់​ព្រំដែន​ជាមួយ​ប្រទេស​ថៃ អំឡុង​ពេល​វិបត្តិកូវី​ដ ​១៩។

លោក​ថា ​​នៅពេល​វិស័យ​ទេសចរណ៍​មាន​ការ​ងើប​ឡើង​វិញ ក៏​មាន​អាជីវកម្ម​ខ្លះ​ត្រូវ​បាន​បើក​ដំណើរការ​និង​មាន​ការងារ​ធ្វើ​ឡើង​វិញ ដូច្នេះ​គឺត្រូវកា​រ​អ្នក​ជំនាញ​មក​ជួយ​បម្រើការងារ​ឡើង​វិញ​ដែរ ប៉ុន្តែ​ពួក​គេ​មួយ​ចំនួន​ធំហាក់​បាត់បង់​ជំនាញ​ក្នុង​វិស័យទេ​សចរណ៍​អស់​ច្រើន​ទៅហើ​យ។​

លោក​ ជួប រតនា បាន​បញ្ជាក់​ថា៖ «​ចំណុច​នេះ​ហើយ​ដែល​ជាមូល​ហេតុ​មួយ​ក្នុង​ការ​ផ្ដល់​ការ​បណ្ដុះ​បណ្ដាល​ដល់​ពួក​គេ ដើម្បី​ឱ្យពួកគេ​មាន​ជំនាញ​ល្អប្រសើរ​ឡើង​វិញ។​ មួយ​វិញ​ទៀត ការ​បើក​អាជីវកម្ម​ឡើង​វិញ និង​អាជីវកម្ម​ថ្មីៗ​ក៏មាន​ការ​កើន​ឡើង​គួរ​ឱ្យកត់​សម្គាល់​បន្ទាប់​ពី​មាន​ការងើប​ឡើង​វិញ​នូវ​វិស័យទេស​ចរណ៍»​។

ក្នុងនោះនិន្នាការ​នៃការដើរ​ទស្សនា​របស់ភ្ញៀវ​ទេសចរ​មាន​ច្រើន​ទៅកាន់​គោលដៅ​ខេត្តជុំវិញ​បឹង​ទន្លេសាប ពិសេ​សខេត្ត​សៀម​រាប បាត់​ដំបង ពោធិ៍​សាត់​ជាដើម។ ដូច្នេះ​ចាំបាច់ណាស់​ត្រូវ​ការ​បង្កើន​អ្នកបម្រើកា​រក្នុងវិស័យ​ទេស​ចរណ៍​ដែល​មា​នជំនាញ​ល្អប្រសើ​រ ឆ្លើយ​តប​ទៅនឹង​តម្រូវ​ការ​របស់ភ្ញៀវ​ទេសច​រ​ដែល​កំពុង​មាន​ការកើនឡើ​ងដែរ​នោះ​។នេះបើតា​មកា​រលើ​កឡើងពី​លោក ជួប​ រតនា។

លោកក៏បាន​បន្ថែម​ពីមូល​ហេតុមួយ​ទៀតផ​ងដែ​រថា ពីមុន​មក គម្រោង​បណ្ដុះ​បណ្ដាល​របស់​អង្គការ​ស្វ៊ីស​ខន់​ថាក់ ​​ក៏មិន​សូវ​អនុវត្ត​នៅ​តាម​ខេត្តទាំង​នោះដែរ ភាគ​ច្រើន​មាន​តែនៅតំបន់​ភាគ​ឦសា​ន ដូច្នេះ​អង្គការ​ស្វ៊ីស​ខន់​ថាក់ គឺ​ចង់​បន្ថែម​ការ​បណ្ដុះ​បណ្ដាល​នៅបណ្ដាខេត្ត​ជុំវិញ​បឹ​ង​ទន្លេ​សាប និង​តំបន់​ភា​គពា​យព្យ​ថែមទៀ​ត។

សូ​មរំ​ឭក​ថា កម្មវិធី​បណ្តុះ​បណ្តាល​បដិស​ណ្ឋារកិច្ច​កម្ពុជា (HoKa) ជាសមា​សធាតុ​មួយ​របស់​កម្មវិធី​អភិវឌ្ឍន៍​ជំនាញ (SDP) ដែល​ទទួល​បាន​ការគាំទ្រ​ថវិកា​ពីទីភ្នាក់​ងារ​ស្វ៊ីសសម្រាប់​ការ​អភិវឌ្ឍន៍ និង​កិច្ច​សហប្រ​តិបត្តិ​ការ (SDC) អនុវត្ត​គម្រោង​ដោយ​អង្គការ​ស្វ៊ីស​ខន់​ថាក់​នេះ ដោយ​គាំទ្រ​ក្រសួង​ទេស​ចរណ៍​តាមរ​យៈគណៈ​កម្មការ​គ្រប់​គ្រង​គម្រោង​ហូកា​ ដើ​ម្បីធ្វើ​ការ​បណ្តុះ​បណ្តាល​ជំនាញ​បដិសណ្ឋារ​កិច្ច​នេះ៕​