ភ្នំពេញៈ ក្រសួង​សាធារ​ណការ និង​ដឹកជញ្ជូន និង​ក្រុមហ៊ុន​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-ព្រះសីហនុ ពិភាក្សាគ្នា​បន្ថែម​ ដើម្បី​ធ្វើឱ្យ​ប្រសើរ​ឡើង លើ​ការ​គ្រប់គ្រង​តាម​ច្រកចេញ​ចូលលើផ្លូវនេះ​ឱ្យ​កាន់តែ​លឿន​រហ័ស និង​កាត់​បន្ថយ​ការកក​ស្ទះ ខណៈ​អត្រា​រថយន្តបើកបរ​តាមផ្លូវ​ជាតិ​លេខ ​៤​ មានការ​ថយ​ចុះ​គួរឱ្យ​គត់​សម្គាល់។

កាលពី​ថ្ងៃទី​ ១៦ ខែវិច្ឆិកា លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ជួបពិភាក្សា​ជាមួយ​លោក Zhou Yang អគ្គនាយក​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន​ថ្នល់​ចិន និង​លោក Mo Kun អគ្គនាយក​ក្រុមហ៊ុន​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​ព្រះសីហនុ ដើម្បី​ពិនិត្យ​ពិភាក្សា​លើ​វិធី​ធ្វើឱ្យ​ប្រសើរឡើងលើ​ការគ្រប់​គ្រង​ការចេញចូល​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-ក្រុង​ព្រះ​សី​ហនុ។

ក្នុងឱកាស​នោះ ភាគី​ទាំង ២ បាន​ផ្តោត​សំខាន់​ទៅលើ​ការធានា​លំហូរ​យានយន្តចូល​ចេញ ដែល​កន្លងទៅ​តម្រូវឱ្យ​បង់​ជា​សាច់​ប្រាក់​នៅ​គ្រប់​គន្លង​ច្រកចេញពី​ផ្លូវ​ល្បឿន​លឿន ជា​បច្ច័យ​អាចធ្វើឱ្យ​ការកកស្ទះ នៅពេល​មាន​តម្រូវការ​ចរាចរណ៍​ខ្ពស់ ជាពិសេស​ថ្ងៃ​បុណ្យ​ទាន និង​ថ្ងៃ​ឈប់​សម្រាក​នានា។

ក្នុងនោះ​ភាគី​ទាំង ២ ​ក៏បាន​លើកយក​បញ្ហា​ប្រឈម​មួយ​ចំនួនដែ​ល​បាន​កើតឡើង​ក្នុង​រយៈពេល​ ២ ​សប្តាហ៍​កន្លងទៅ និង​​​​ពិភាក្សា​លើ​ដំណោះស្រាយ​ថ្មីតាម​ប្រព័ន្ធ​បច្ចេកវិទ្យា DIP អនុញ្ញាតឱ្យ​បញ្ចូល​ប្រាក់​តាម​ស្លាក​លេខមុន​ចូល​​ប្រើប្រាស់​ផ្លូវ​ល្បឿន​លឿន ដែល​បានប្រកាស​ដាក់ឱ្យ​សាក​ល្បង​កាលពី​ថ្ងៃទី ១៤ វិច្ឆិកា ២០២២ កន្លង​ទៅ។ នេះ​បើតាម​ការអះអា​ង​របស់​​​ក្រសួង​សាធា​រណ​ការ និង​ដឹក​ជ​ញ្ចូ​ន។

លោក ស៊ុន ចាន់​ថុល បាន​និយាយ​ថា ប្រព័ន្ធ​បច្ចេកវិទ្យា DIP គឺជា​គំនិត​ផ្តួចផ្តើម​មួយ ត្រូវបាន​ដាក់ចេញ​ ដើម្បី​ធានា​ការ​ធ្វើ​អាជីវកម្ម​របស់​ក្រុមហ៊ុន កាន់​តែមាន​តម្លាភាព ក្នុងការ​គ្រប់គ្រង​ការងារ​ផ្តល់​សេវា​ប្រើប្រាស់​ផ្លូវ ការកត់ត្រា​ការប្រមូល​ចំណូល​សម្រាប់​ការបង់​ពន្ធ​ជូន​រាជ​រដ្ឋាភិបាល ឱ្យបាន​ត្រឹមត្រូវ។

លោកបាន​បញ្ជាក់ថា៖ «ប្រព័ន្ធ​នេះ ក៏​នឹង​ធានា​ឱ្យ​ការធ្វើដំណើរ​កាន់តែ​មាន​សុវត្ថិភាព​ខ្ពស់ កាត់​បន្ថយ​គ្រោះថ្នាក់​ចរាច​រណ៍ និង​ទទួលបាន​សេវា​ប្រើប្រាស់​ផ្លូវ​បាន​លឿន​រហ័ស ចៀស​ផុតពី​ជំងឺ​កូ​វី ១៩ កាត់​បន្ថយ​ភាពស្មុគ​ស្មាញ ​និង​កាត់​បន្ថ​យ​ការរង់ចាំ​យូរ​ដែល​បណ្តាល​មកពី​ការកក​ស្ទះ​ចរាច​រណ៍​ជាដើម»។

ជាមួយគ្នា​នោះ​លោក ស៊ុន ចាន់ថុល ក៏បាន​ណែនាំ​ឱ្យ​ភា​កី​ក្រុមហ៊ុន​ធ្វើការ​យកចិត្តទុកដាក់ លើ​ការបណ្តុះបណ្តាល​បុគ្គ​លិក​នៅតាម​ច្រកចូល​ចេញ​ឱ្យមាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុងការ​បំពេញការងារ​ឱ្យបាន​លឿន​រហ័ស លើ​ការ​កាត់ទឹក​ប្រាក់​ពី​ក្នុងស្លាកលេខ ព្រមទាំង​មាន​សមត្ថភាព​ដោះស្រាយ​បញ្ហា​ជូន​អ្នកធ្វើដំណើរ ក្នុងពេល​បំពេញភារកិច្ច​ការងារ​របស់ខ្លួន។

ដើម្បីឱ្យ​ការចេញ​ពី​ផ្លូវ​បាន​លឿន​រហ័ស អគ្គនាយកដ្ឋាន​បច្ចេក​វិទ្យា និង​ទំនាក់ទំនង​សាធារណៈ បាន​សហការ​រួមគ្នា​ជាមួយ​ក្រុមហ៊ុន​ផ្លូវ​ល្បឿន​លឿន បាន​សម្រួល​ផ្តល់​លទ្ធភាពឱ្យ​អ្នកបើកបរ អាចធ្វើ​ការបញ្ចូល​សម​តុល្យ​ទឹកប្រាក់​ជាមុន​ទៅក្នុង​ស្លាកលេខ​សម្គាល់​យានយន្ត មុន​ចូល​ប្រើប្រាស់​ផ្លូវ​ល្បឿន​លឿន។ ក្រសួង​បាន​អះអាងថា នេះ​គឺជា​ផ្នែក​មួយ​នៃ ប្រព័ន្ធ​បច្ចេក​វិទ្យា DIP របស់​ក្រសួង​។

ការ​បញ្ចូល​ទឹកប្រាក់​ក្នុង​ស្លាកលេខ ជាមុន (Prepaid License Plate Top-Up) ត្រូវ​បានផ្តល់​លទ្ធភាព​ឱ្យធ្វើតាម​កម្ម​វិធី​ទូរ​ស័ព្ទ​ដៃ​ទូទាត់​ប្រាក់​អេឡិចត្រូនិក (Mobile Banking) ឬ​បញ្ជរ​បង់ប្រាក់របស់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ និង​ធនា​គារ​ដៃគូ របស់​ក្រសួង​សាធារ​ណការ និង​ដឹក​ជញ្ជូន។

លោក Zhou Yang អគ្គនាយក​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន​ថ្នល់​ចិន បាន​និយាយថា គិត​ត្រឹម​ថ្ងៃទី ១៦ វិច្ឆិកា ឆ្នាំ ២០២២ មាន​គ្រឹះស្ថាន​ដៃគូ​ចំនួន ០៥ ដែល​ដែល​ត្រូវ​អនុញ្ញាតឱ្យ​បញ្ចូល​ទឹកប្រាក់​ក្នុង​ស្លាកលេខ​សម្គាល់​យានយន្ត។ លោក​ថា គ្រឹះស្ថាន​ទាំងនោះ មានដូចជា​ធនាគារ ជីបម៉ុង (Chip Mong Bank),ធនាគារ អេស៊ីលីដា (ACLEDA Bank), ធនាគារ វឌ្ឍនៈ​អាស៊ី​ចំកាត់ (ABA Bank),ធនាគារ​វី​ង (Wing Bank) និង​ធនាគារ វឌ្ឍនៈ (VATTANAC Bank)។

លោក​Zhou Yang បាន​បញ្ជាក់ថា៖ «ធនាគារ​មួយ​ចំនួន​ទៀត នឹង​ត្រូវ​បានអនុញ្ញាត​ឱ្យចូល​រួម​ក្នុង​គំនិត​ផ្តួចផ្តើម​នេះ ក្នុង​ពេល​ដ៏​ខ្លី​ខាងមុខ។ ការបញ្ចូល​ទឹកប្រាក់​ក្នុង​ស្លាកលេខ គឺ​ត្រូវបាន​អនុញ្ញាត​សម្រាប់​គ្រប់​យានយន្ត បើទោះជា​យាន​យន្ត​នោះ មិនបាន​ចុះឈ្មោះ​បំពាក់​ឧបករណ៍ OBU ក្តី»។

ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-ក្រុង​ព្រះសីហនុ ចាប់​ផ្តើម​គិត​តម្លៃ​សេវា​ចាប់ពី​ថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០២២ ដែល​ការបង់ប្រាក់​នឹងត្រូវ​ធ្វើ​ឡើង​តាម​ចម្ងាយ​ជាក់ស្តែងអាស្រ័យ​លើ​ការធ្វើដំណើរ​របស់​យាន​យន្ត​ទាំង​នោះ ខណៈ​ក្នុង​ចម្ងាយ ១៨៧,០៥ គីឡូ​ម៉ែត្រ​ សម្រាប់​រថយន្ត​លក្ខណៈ​គ្រួសារ​ត្រូវ​ចំណាយ​ប្រមាណ​ ១២ ដុល្លារ​អាមេរិក។

​យោងតាម​ការអះអាង​រប​ស់​ក្រសួង​សាធារ​ណការ និងដឹកជញ្ចូន បើទោះជា​ផ្លូវ​នេះ ត្រូវបាន​បើក​ឱ្យប្រើ​ប្រាស់​ដោយ​គិត​ថ្លៃ​សេវា ក៏​ក្នុង ១ ថ្ងៃៗ មាន​យានយន្ត​ចន្លោះ​ជាង ១ ម៉ឺន​គ្រឿង ទៅជិត២ម៉ឺន​គ្រឿង​បានធ្វើ​ដំណើរ​ឆ្លងកាត់។ ការធ្វើដំណើរ​ឆ្លង​កាត់​លើកផ្លូវ​ល្បឿន​លឿន​នេះ គឺជាមូលហេតុធ្វើ​ឱ្យការធ្វើ​ចរាចរណ៍​ឆ្លង​កាត់តាម​ផ្លូវជាតិ​លេខ ៤

មានការ​ថយចុះ​ស្ទើរ​ពាក់​កណ្តាល។ នេះ​បើតាម​ការអះ​អាង​របស់​លោក វ៉ី សំណាង អភិបាល​ខេត្ត​កំពង់​ស្ពឺ។

លោក វ៉ី សំណាង បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ថា៖«ការ​ងាក​ទៅប្រើ​ប្រាស់​ផ្លូវ​ល្បឿន​លឿន​ព្រោះ​វា​ចំណេញ​ពេលវេលា​សម្រាប់​ពួកគាត់ បើទោះជា​ពួកគាត់​ចំណាយ​ថវិកា​របង់​ទៅលើ​សេវា។ អ្វីដែល​ពលរដ្ឋ​មួយចំនួន គាត់​នៅតែ​ប្រើប្រាស់​ផ្លូវជាតិ​លេខ​ ៤ គឺមាន​មូលហេតុផ្សេងៗទី​គាត់ អាចមាន​លំនៅ​នៅតាម​បណ្តា​យ​ផ្លូវជាតិ​លេខ ៤។ ទី២ ព្រោះ​ផ្លូវ​នេះ គឺជា​ម​ធ្យោបាយ​រួម​ដែល​ភាគ​ច្រើន គឺជា​អ្នករត់​តាក់ស៊ី និង​រថយន្ត​ដឹក​ទំនេញ​ជាដើម»។

បន្ថែម​ពី​នេះលោក វ៉ី សំណាង បាន​អះអាងថា ក្រោយពី​ផ្លូវ​ល្បឿន​លឿន​បាន​បើក​ដំណើរការ​ ចំពោះអាជីវកម្ម​មួយ​ចំនួន ក៏បាន​បាត់បង់​ចំណូ​លមួយ​ផ្នែក​តាមរយៈ​ការ​ទាន​ផលប្រយោជន៍​ពី​អ្នកធ្វើដំណើរ​នៅតាម​ផ្លូវជាតិ​លេខ ៤ ផងដែរ។ ប៉ុន្តែ​ យល់​ថា បញ្ហា​នេះ គឺមិន​បង្ក​ផលប៉ះ​ពាល់​ធ្ងន់ធ្ងរ​ដល់​ពលរដ្ឋ​នោះទេ។

លោកបាន​បញ្ជាក់​ថា៖«សំខាន់​យើង​គិត​ប្រយោជន​ធំ​រួម ហើយ​ផលប៉ះពាល់​នេះ គឺដំបូងៗ​ពលរដ្ឋ​មិនអាច​ទទួលយក​បានទេ។ ប៉ុន្តែ​បច្ចុប្បន្ន​នេះ យើង​មើល​ឃើញ​ថា អ្នកប្រើប្រាស់​ផ្លូវជាតិ​លេខ ៤ ពីមុន គឺ​គាត់​នៅតែ​បន្ត​ប្រើ​ដដែល គ្រាន់តែ​កាត់​បន្ថយ​ជាង​មុន ហើយ​ការ​បាត់​បង់​ភ្ញៀវ​ទេសចរ​គឺ​មិន​ប៉ុន្មាន»៕