ភ្នំពេញៈ ក្រសួង​កសិកម្ម​បាន​សម្ដែង​ការ​ហួសចិត្ត បន្ទាប់ពី​មន្ត្រី​របស់​ខ្លួន​ម្នាក់​ ត្រូវ​បាន​ឃាត់ខ្លួន​នៅ​អាកាសយានដ្ឋាន​នៃ​សហរដ្ឋ​អាមេរិក នាថ្ងៃទី១៦ ខែវិច្ឆិកា ក្នុង​អំឡុង​ពេល​កំពុង​រង់ចាំ​បន្ត​ដំណើរ​ទៅ​ចូលរួម​កិច្ច​ប្រជុំ​នៅ​ប្រទេស ប៉ាណាម៉ា។

យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​ក្រសួង កសិកម្ម នា​យប់​ថ្ងៃទី​១៧ ខែ​វិច្ឆិកា បាន​បញ្ជាក់​ថា លោក គ្រី ម៉ះផល ប្រធាន​នាយកដ្ឋាន​សត្វព្រៃ និង​ជីវចម្រុះ​នៃ​រដ្ឋបាល​ព្រៃឈើ ត្រូវ​បាន​ឃាត់ខ្លួន​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ ចន អេហ្វ កេណ្ណឌី ក្នុងរ​ដ្ឋ​ញូវយ៉ក សហរដ្ឋ​អាមេរិក អំឡុងពេល លោក​កំពុង​រង់ចាំ​បន្ត​ដំណើរ​ទៅ​ចូលរួម​កិច្ច​ប្រជុំ​អនុសញ្ញា​ការពារ​សត្វ និង​រុក្ខជាតិ​ជិត​ផុតពូជ CITES (សាយតេស) នៅ​ប្រទេស​ប៉ាណាម៉ា។

សេចក្តី​ប្រកាស​ព័ត៌មាន​បញ្ជាក់ថា៖ «ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មាន​ការ​ភ្ញាក់ផ្អើល និង​ក្តីទោមនស្ស​យ៉ាងខ្លាំង​ដោយ​បានទទួល​ដំណឹង​ថា លោក គ្រី ម៉ះផល ត្រូវ​បាន​ឃាត់ខ្លួន»។

តាមការ​ប្រកាស​ចុះថ្ងៃ​ទី​១៦ ខែវិច្ឆិកា លើ​គេហទំព័រ​របស់​ក្រសួង​ យុត្តិធម៌ សហរដ្ឋអាមេរិក លោក គ្រី ម៉ះផល និង​ប្រធាន​រដ្ឋបាល​ព្រៃឈើកម្ពុជា ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​សមគំនិត​ក្នុង​ការ​រត់ពន្ធ​សត្វ​ស្វាក្តាម ទៅ​សហរដ្ឋ​អាមេរិក។

ក្រសួង​កសិកម្ម​កម្ពុជា​បញ្ជាក់​ថា៖ «ក្រសួង​ប្រកាន់​ខ្ជាប់​នូវ​គោលការណ៍ និង​ច្បាប់​ដែល​មាន​ចែង​នៅ​ក្នុង​អនុសញ្ញា​សាយតេស។ វា​ជា​រឿង​ដ៏គួរ​ឱ្យ​ហួសចិត្ត​ជា​ទីបំផុត ដែល​លោក គ្រីម៉ះផល ត្រូវ​បាន​ឃាត់ខ្លួន​ក្រោម​បទចោទ​ប្រកាន់​នេះ ខណៈ​ពេល​ដែល​លោក​កំពុង​ធ្វើ​ដំណើរ​ទៅចូលរួម​កិច្ច​ប្រជុំ​ផ្លូវការ​ដើម្បី​ការពារ​សត្វ និង​រុក្ខជាតិ​ជិត​ផុតពូជ នៅ​ឯវេទិកា​អង្គការ​សហប្រជាជាតិ និង​ខណៈពេល​ដែល​ប្រទេស​ទាំង ២ គឺកម្ពុជា និង សហរដ្ឋអាមេរិក កំពុង​មាន​ទំនាក់ទំនង​សហប្រតិបត្តិការ​យ៉ាង​ជិតស្និទ្ធ»។

សត្វស្វាក្ដាម​ដែល​ជា​ប្រភេទ​សត្វ​សម្បូរ​និង​មាន​វត្តមាន​នៅ​ទូទាំង​ប្រទេស​កម្ពុជា ទាំង​ក្នុង​ព្រៃ​ធម្មជាតិ ទាំង​ក្នុង​តំបន់​ជាយក្រុង និង​ទីក្រុង ដូចជា​នៅ​រមណីយដ្ឋាន​វត្តភ្នំ ក្នុង​រាជធានី​ភ្នំពេញ​ជាដើម។ រូបថត ក្រសួង​កសិកម្ម

ក្រសួងបន្តថា នៅកម្ពុជា សត្វស្វាក្តាម​ជា​ប្រភេទ​សត្វ​សម្បូរ និង​មាន​វត្តមាន​នៅ​ទូទាំង​ប្រទេស ទាំង​ក្នុង​ព្រៃធម្មជាតិ ទាំង​ក្នុង​តំបន់​ជាយក្រុង និង​ទីក្រុង ដូចជា នៅ​រមណីយដ្ឋាន វត្តភ្នំ ក្នុង​រាជធានី​ភ្នំពេញ ជាដើម។ សត្វ​ស្វាក្តាម ត្រូវ​បាន​ចិញ្ចឹម​នៅ​កម្ពុជា តាំង​ពី​ឆ្នាំ ២០០៥ ហើយត្រូវ​បាន​នាំចេញ​សម្រាប់​គោលដៅ វេជ្ជសាស្ត្រ ជាពិសេស សម្រាប់​ដំណាក់​កាល​ធ្វើ​ពិសោធន៍ ដើម្បី​ផលិត​ឱសថ វ៉ាក់សាំង ឬ​គ្រឿង​សំអាង។

បើ​តាម​ក្រសួង​កសិកម្ម សត្វ​ស្វាក្តាម ទាំងនេះ​មិនមែន​ត្រូវ​បាន​ចាប់​ពីព្រៃ ហើយ​បញ្ចូន​ចេញ​ទៅ​ក្រៅ​ប្រទេស​នោះ​ទេ។ ចំណែក​កសិដ្ឋានដែល​ចិញ្ចឹម​សត្វស្វាក្តាម​ទាំងនេះ​ទៀត​សោត ទម្រាំ​ទទួល​បាន​ការ​ទទួល​ស្គាល់​តាម​ផ្លូវច្បាប់ គឺ​សុទ្ធតែ​តម្រូវ​ឱ្យ​គោរព​តាម​បទដ្ឋាន​អនាម័យ និង​វិធីសាស្ត្រ​ចិញ្ចឹម​ត្រឹមត្រូវ ដើម្បី​រក្សា​ឱ្យ​បាន​នូវ​ហ្សេនេទិក​របស់​វា​មិន​ឱ្យ​ផុត​ពូជនោះ​ឡើយ។

ក្រសួងបន្តថា សមត្ថកិច្ច​គ្រប់គ្រង​សាយតេស​កម្ពុជា​ បាន​អនុញ្ញាត​ឱ្យ​នាំចេញ​សត្វ​ ស្វាក្តាម ដោយ​ផ្អែក​លើច្បាប់ និង​បទប្បញ្ញត្តិជាតិ និងអន្តរជាតិ។ ចំពោះ​ការ​នាំចូល​ទៅ​សហរដ្ឋអាមេរិក ក្រុមហ៊ុន​ដែល​ប្រកប​អាជីវកម្ម​នាំ​ចេញ​សត្វ​ស្វាក្តាម​នេះ ត្រូវ​អនុវត្ត​ទៅ​តាម​នីតិវិធី​របស់សហរដ្ឋអាមេរិក។

រដ្ឋមន្ត្រីក្រសួងកសិកម្ម និង​រាជរដ្ឋាភិបាល​កម្ពុជា នឹង​ខិតខំ​ប្រឹងប្រែង​ឱ្យ​អស់​ពី​លទ្ធភាព ដើម្បី​ស្វែង​រក​យុត្តិធម៌ ជូន​មន្ត្រី​របស់​ខ្លួន ជាពិសេសអ្នកដែល​បំពេញ​កាតព្វកិច្ច​ផ្លូវការ​តំណាង​ប្រទេស ស្រប​តាម​អនុសញ្ញា​អន្តរជាតិ៕