ភ្នំពេញៈ ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​អំពាវនាវ​ដល់​សាធារណជន​ឱ្យ​ប្រុង​ប្រយ័ត្ន​ក្នុង​ការផ្ទេរប្រាក់ ឬ​វិនិយោគ​ណាមួយ​តាម​អនឡាញ ខណៈ​មន្ត្រី​ជំនាញ​កំពុង​ស៊ើបអង្កេត​ ​ក្រោយ​ទទួល​បាន​ពាក្យបណ្ដឹង​ជាច្រើន​ពាក់ព័ន្ធ​បទល្មើស​ឆបោក ជាពិសេស​ការវិនិយោគ​តាម​បណ្ដាញ​​សង្គម​គ្មាន​ប្រភព​ច្បាស់លាស់​។

សេចក្ដី​បំភ្លឺ​ព័ត៌មាន​របស់​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​បានឱ្យ​ដឹងថា ថ្មីៗ​នេះ មាន​ទំព័រ​ហ្វេសប៊ុក​មួយចំនួន​បាន​ចុះផ្សាយ​ព័ត៌មាន​ដែល​មិនមាន​មូលដ្ឋាន​គ្រប់គ្រាន់​ពាក់ព័ន្ធ​នឹង​ការ​ដំណើរការ​របស់​នាយកដ្ឋាន ដែល​ធ្វើឱ្យ​មានការ​ភាន់ច្រឡំ​ពី​សាធារណជន​។ ហេតុដូចនេះ នាយកដ្ឋាន​អះអាង​ថា ក្រុមហ៊ុន French OL Group ដែល​ជ្រក​ក្រោម​គេហទំព័រ​ភ្នាល់​បាល់​ឈ្មោះ ol669.vip និង ol668.online បានធ្វើ​សកម្មភាព​អូសទាញ​ពលរដ្ឋ​ឱ្យ​សាកល្បង​​ និង​ចូលរួម​វិនិយោគ​ដាក់​ប្រាក់ ដោយ​ណែនាំ​ថា​ នឹង​បាន​ប្រាក់ចំណេញ​ និង​ប្រយោជន៍​ផ្សេងៗ​។

ប៉ុន្តែ​ពេល​សមាជិក​បាន​បន្ត​ដាក់​ប្រាក់​វិនិយោគ​កាន់តែ​ច្រើន​​ក្រុមហ៊ុន​មិនបាន​ផ្ទេរប្រាក់​ជូន​សមាជិក​វិញ​ទេ ហើយ​សមាជិក​ទាំងនោះ ក៏​មិនអាច​ដក​ប្រាក់​វិញ​បានដែរ​។ នេះ​បើតាម​ការអះអាង​របស់​នាយកដ្ឋាន​។

ភ្លាមៗ​ក្រោយពី​ទទួល​បាន​ព័ត៌មាន​អំពី​សេចក្តី​បដិសេធ​របស់​ក្រសួង​ការបរទេស​ពីថ្ងៃ​ទី​ ២៥ តុលា ឆ្នាំ​ ២០២២ នាយកដ្ឋាន​បាន​ចាត់​មន្ត្រី​ជំនាញ​ឱ្យ​ស៊ើបអង្កេត​រក​បទល្មើស​របស់​ម្ចាស់​ក្រុមហ៊ុន​នេះ ​ដើម្បី​ឈានដល់​ការចាត់​វិធាន​តាម​នីតិវិធី​។

ប្រភព​ដដែល​បាន​បញ្ជាក់ថា​៖ «​ដោយ​ករណីនេះ​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​ស៊ើបអង្កេត​នៅ​​ឡើយ នាយកដ្ឋាន​មិនទាន់​អាច​ជូនដំណឹង​លម្អិត​បាន​ទេ ព្រោះ​អាច​ធ្វើឱ្យ​ប៉ះពាល់​ដល់​ដំណើរ​នៃ​ការស៊ើបអង្កេត​។ ទន្ទឹម​នឹង​នេះ ក៏មាន​ពលរដ្ឋ​មួយចំនួន​បាន​មក​ដាក់ពាក្យ​បណ្តឹង​ផ្ទាល់​នៅ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​ផងដែរ​»​។ នាយកដ្ឋាន​បាន​សង្កត់ធ្ងន់​ថា ​«​ដោយ​ឃើញ​​ថា បច្ចុប្បន្ន​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​បាន​ទទួល​ពាក្យបណ្ដឹង​ជាច្រើន គួរ​​ឱ្យ​កត់សម្គាល់​ពាក់ព័ន្ធ​បទល្មើស​​ឆបោក ជាពិសេស​ការវិនិយោគ​តាម​បណ្ដាញ​សង្គម​...»​។

លោក សុខ នីត្យា ប្រធាន​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​នៅ​ថ្ងៃទី​ ១៧ វិច្ឆិកា​នេះ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ពេលនេះ​លោក​មិនអាច​និយាយ​​អ្វី​បាន​ក្រៅពី​ព័ត៌មាន​ក្នុង​លិខិត​របស់​នាយកដ្ឋាន​នោះទេ ព្រោះ​គ្រប់យ៉ាង​គឺ​កំពុង​ស៊ើបអង្កេត​។

យ៉ាងណាក្ដី លោក​បាន​អះអាង​ថា រាល់​ពាក្យបណ្ដឹង​របស់​ពលរដ្ឋ​ត្រូវបាន​នាយកដ្ឋាន​យកចិត្ត​ទុកដាក់​ខ្ពស់​ក្នុង​ការស្រាវជ្រាវ​ឱ្យមាន​ប្រសិទ្ធភាព​ ​ដើម្បី​ឈាន​ដល់​ការបង្ការ ទប់ស្កាត់ និង​បង្ក្រាប​ឱ្យបាន​ទាន់​ពេលវេលា​។

ទម្រង់​នៃ​ការបោកប្រាស់​បែប​គឺ​​មិនមែន​ជា​រឿង​ថ្មី​ទេ ដែល​កន្លងមក​ទម្រង់​នេះ​ធ្លាប់​ត្រូវបាន​ជនខិលខូច​ប្រើប្រាស់​ក្នុង​ឈ្មោះ​ក្រុមហ៊ុន​ជាច្រើន ដូចជា​ក្រុមហ៊ុន PAYEER ក្រុមហ៊ុន​ ABC ឬ​ក្រុមហ៊ុន​ OL Football ជាដើម​។

លោក​ កាំង តុងងី ប្រធាន​នាយកដ្ឋាន​ទំនាក់ទំនង​នៃ​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​ធ្លាប់​ព្រមាន​ឱ្យ​ពលរដ្ឋ​ដែល​ទិញ​កាក់​ ឬ​ដាក់​លុយ​វិនិយោគ​លើ​ក្រុមហ៊ុន​ទាំងនោះ​គួរ​បញ្ឈប់​ជា​​បន្ទាន់ និង​ថា​ការប្រើប្រាស់​ឈ្មោះ​​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា ដើម្បី​ទាក់ទាញ​គឺជា​រឿង​បោក​ប្រាក់​។

ទន្ទឹមនឹងនេះ កាលពី​ថ្ងៃទី​ ១២ ខែវិច្ឆិកា មាន​សមាគម​ចំនួន ​៣ ​គឺ​សមាគម​សហព័ន្ធ​ហិរញ្ញវត្ថុ​ និង​បច្ចេកវិទ្យា​នៃ​កម្ពុជា និង​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា ព្រមទាំង​សមាគម​ធនាគារ​នៅ​កម្ពុជា​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​រួមគ្នា​មួយ ដោយ​​បាន​បដិសេធ​ចំពោះ​ការ​ផ្សព្វផ្សាយ​របស់​ក្រុមហ៊ុន PAYEER ថា មិនមាន​ជាប់​ពាក់ព័ន្ធ​នឹង​សមាគម​ខ្លួន​នោះទេ​៕