ភ្នំពេញៈ ក្រសួងការបរទេសកម្ពុជាកំពុងធ្វើការសម្របសម្រួលតាមច្រកការទូត ដើម្បីស្វែងរកយុត្តិធម៌ជូនមន្ត្រីកសិកម្មកម្ពុជាម្នាក់ដែលត្រូវបានឃាត់ខ្លួននៅសហរដ្ឋអាមេរិក ក្រោមបទចោទប្រកាន់ថា បានសមគំនិតក្នុងការរត់ពន្ធសត្វស្វាក្តាមទៅសហរដ្ឋអាមេរិក។
លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ប្រាប់អ្នកសារព័ត៌មានតាមប្រព័ន្ធតេឡេក្រាម (Telegram) ថា៖ «ចំពោះករណីមន្ត្រីរបស់យើងត្រូវឃាត់ខ្លួននៅញូវយ៉ក ខ្ញុំសូមជម្រាបថា ក្រសួងការបរទេស និងស្ថានទូតកម្ពុជានៅវ៉ាស៊ីនតោន និងញូវយ៉កកំពុងធ្វើការសម្របសម្រួលតាមច្រកការទូត និងតាមផ្លូវច្បាប់ ដើម្បីការពារ និង ស្វែងរកយុត្តិធម៌ជូន មន្ត្រីរបស់យើង ដែលត្រូវបានឃាត់ខ្លួន ក្នុងពេលកំពុងបំពេញបេសកកម្មផ្លូវការ»។
លោកបញ្ជាក់ថា ស្ថានទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិកក៏កំពុងស្វះស្វែង ដើម្បីបានចូលជួបមន្ត្រីកម្ពុជាដែលបានឃាត់ខ្លួននេះ ហើយក៏កំពុងរកមេធាវីការពារក្តីនេះផងដែរ។
តាមការប្រកាសចុះថ្ងៃទី ១៦ ខែវិច្ឆិកា លើគេហទំព័ររបស់ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក លោក គ្រី ម៉ះផល ប្រធាននាយកដ្ឋានសត្វព្រៃ និងជីវចម្រុះនៃរដ្ឋបាលព្រៃឈើ រួមទាំងប្រធានរដ្ឋបាលព្រៃឈើកម្ពុជាម្នាក់ទៀត ត្រូវបានចោទប្រកាន់ពីបទសមគំនិតក្នុងការរត់ពន្ធសត្វស្វាក្តាមទៅសហរដ្ឋអាមេរិក។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្មនាយប់ថ្ងៃទី ១៧ ខែវិច្ឆិកាបានបញ្ជាក់ថា លោក គ្រី ម៉ះផល ត្រូវបានឃាត់ខ្លួននៅអាកាសយានដ្ឋានអន្តរជាតិ ចន អេហ្វ កេណ្ណេឌី ក្នុងរដ្ឋញូវយ៉ក សហរដ្ឋអាមេរិក អំឡុងពេលលោកកំពុងរង់ចាំបន្តដំណើរទៅចូលរួមកិច្ចប្រជុំអនុសញ្ញាការពារសត្វ និងរុក្ខជាតិជិតផុតពូជ CITES (សាយតេស) នៅប្រទេសប៉ាណាម៉ា។
ក្រោយ ១ ថ្ងៃនៃការឃាត់ខ្លួននេះ ក្រសួងកសិកម្មបានចេញសេចក្តីប្រកាសដោយសម្ដែងការហួសចិត្តចំពោះការឃាត់ខ្លួនលោក គ្រី ម៉ះផល និងបញ្ជាក់ថា រដ្ឋមន្ត្រីក្រសួងកសិកម្ម និងរាជរដ្ឋាភិបាលកម្ពុជានឹងខិតខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាព ដើម្បីស្វែងរកយុត្តិធម៌ជូនមន្ត្រីរបស់ខ្លួន៕