ភ្នំពេញៈ លោក Masahiro MIKAMI ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​ប្រទេស​ជប៉ុន​ប្រចាំ​កម្ពុជា បានអនុញ្ញាត​ឱ្យប្រើ​ប្រាស់ Logo ផ្លូវការ​សម្រាប់​ការផ្សព្វផ្សាយ​ព្រឹត្តិការណ៍​នានា នៃ​ខួប​អនុស្សាវរីយ៍​លើក​ទី​៧០ នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ជប៉ុន និង​កម្ពុ​ជានា​ឆ្នាំក្រោយ​។

​តាមរយៈ​សារ​វីដេអូ​នៅ​ថ្ងៃទី​ ១៨ ខែវិច្ឆិកា លោក Masahiro MIKAMI បាន​មានប្រសាសន៍​អំពី​ឡូហ្គោ​ផ្លូវការ​នៃ​ខួប​អនុស្សាវរីយ៍​លើក​ទី​៧០ នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ជប៉ុន និង​កម្ពុ​ជានា​ឆ្នាំក្រោយ និង​របៀប​នៃ​ការដាក់​ពាក្យស្នើសុំ​ប្រើប្រាស់​ឡូហ្គោ​ផងដែរ​រ​។​

​លោក​ទូត​ជប៉ុន​បាន​លើកឡើងថា នេះ​គឺជា​រូប​សញ្ញា​សម្រាប់​ការ​ប្រារព្ធ​ខួប​លើក​ទី​៧០ នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត រវាង​ប្រទេស​ជប៉ុន និង​កម្ពុជា​នៅ​ឆ្នាំក្រោយ​។ Logo នេះ​ត្រូវ​បានបង្ហាញ​ដោយ​លោក Kishida Fumio នាយករដ្ឋមន្ត្រី​ជប៉ុន និង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី​ ១២ ខែវិច្ឆិកា ក្នុងឱកាស​ដែល​លោក Kishida បានមក​កម្ពុជា ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ អាស៊ាន​។

​លោក​ថ្លែងថា​៖ «Logo នេះ​អាច​អនុញ្ញាត ឱ្យប្រើ​សម្រាប់​ការផ្សព្វផ្សាយ​ព្រឹត្តិការណ៍​នានា នៃ​ការ​រំឭក​ខួប​លើក​ទី​៧០ ដែល​យល់ព្រម​ដោយ​ស្ថានទូត​ជប៉ុន​។ ឥឡូវនេះ​យើងខ្ញុំ​បាន​បើកទទួល​ពាក្យស្នើសុំ​ពី​សាធារណជន​ហើយ​»​។

​លោក​បាន​គូសបញ្ជាក់ថា របៀប​នៃ​ការដាក់​ពាក្យស្នើសុំ​ប្រើប្រាស់​ឡូហ្គោ​នេះ សាធារណជន​អាច​ចូលទៅ​កាន់​តំណ​ភ្ជាប់​នេះ៖ https://www.kh.emb-japan.go.jp/itpr_ja/11_000001_01076.html

សម្រាប់​ភាសា​អង្គ​គ្លេ​ស និងតំណ​ភ្ជាប់​នេះ https://www.kh.emb-japan.go.jp/itpr_ja/11_000001_01075.html សម្រាប់​ភាសា​ជប៉ុន​៕