​ភ្នំពេញៈ រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​ជូនដំណឹង​ថា នៅ​យប់​ថ្ងៃទី​ ២១ និងទី​ ៣០ ខែវិច្ឆិកា នឹងមាន​ការអុជ​កាំជ្រួច ដើម្បី​សាទរ​ពិធី​បើក និង​បិទ​ការប្រកួត​កីឡា​ជាតិ​លើក​ទី​៣ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ស្ថិតនៅ​ភូមិ​ព្រែក​តា​រ័ត្ន សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វារ​។​

​សេចក្តីជូនដំណឹង​រប​ស់​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​ នៅ​ថ្ងៃទី​ ១៨ ខែវិច្ឆិកា​បានឱ្យដឹងថា ក្រសួង​អប់រំ យុវជន និង​កីឡា សហការ​ជាមួយ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា គណៈកម្មាធិការ​ជាតិ ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា សហព័ន្ធ​កីឡា​ជាតិ និង​ស្ថាប័ន​ពាក់ព័ន្ធ នឹង​រៀបចំ​ពិធី​បើក​ការប្រកួត​កីឡា​ជាតិ​លើក​ទី​៣ នា​ថ្ងៃទី​ ២១ ខែវិច្ឆិកា ឆ្នាំ​ ២០២២ និង​ពិធី​បិទ​នា​ថ្ងៃទី ​៣០ ខែវិច្ឆិកា ឆ្នាំ ២០២២ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ដែល​ស្ថិតនៅ​ភូមិ​ព្រែ​កតា​រ័ត្ន សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។

​រដ្ឋបាល​រាជធានី​ភ្នំពេញ​បញ្ជាក់ថា​៖ «​ដើម្បី​អបអរសាទរ​ក្នុង​ព្រឹត្តិការណ៍​ខាងលើនេះ ក្រសួង​អប់រំ យុវជន និង​កីឡា នឹងមាន​ការចាត់តាំង អុជ​កាំជ្រួច​នា​ថ្ងៃទី​ ២១ និង​ថ្ងៃទី​ ៣០ ខែវិច្ឆិកា ឆ្នាំ ២០២២ វេលា​ម៉ោង ១៩:០០​ នាទី នៅ​ពហុ​កីឡដ្ឋាន​ជាតិ មរតក​តេ​ជោ​។ អាស្រ័យហេតុនេះ សូម​ជម្រាបជូន​សាធារណជន​ទាំងអស់ ក្នុង​រាជធានី​ភ្នំពេញ មេត្តា​ជ្រាប​ជា​ព័ត៌មាន​»​។​

​អាជ្ញាធរ​រាជធានី​ភ្នំពេញ បានបញ្ជាក់​ប្រាប់​ទៅ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ រដ្ឋបាល​ខណ្ឌ​ទាំង​ ១៤ និង​អាជ្ញាធរ​ពាក់ព័ន្ធ​គ្រប់លំដាប់​ថ្នាក់ ត្រូវធ្វើ​ការផ្សព្វផ្សាយ​ឱ្យបាន ទូលំទូលាយ និង​ចាត់តាំង​អនុវត្ត​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​៕​