​ភ្នំពេញៈ កសិករ​នៅ​ខេត្តបាត់ដំបង និង​ខេត្តបន្ទាយមានជ័យ មានចិត្ត​សប្បាយរីករាយ និង​បាន​សហការ​លក់​ស្រូវ​ទៅតាម​តម្លៃ​ដែល​បានកំណត់ ហើយ​មកទល់ពេលនេះ​រោង​ម៉ាស៊ីន​នៅតែ​បន្ត​ប្រមូល​ទិញ​យ៉ាង​សស្រាក់សស្រាំ​។

​នេះ​បើតាម​ការលើកឡើង​រប​ស់លោក ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដែល​បង្ហោះ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កនៅ​យប់​ថ្ងៃទី​ ១៨ ខែវិច្ឆិកា​។ តាមរយៈ​ហ្វេ​ស​ប៊ុ​កលោក​រដ្ឋមន្ត្រី​កសិកម្ម​សរសេរថា ៖«​កសិករ​នៅ​ខេត្ត​ទាំងពីរ​មានចិត្ត​សប្បាយរីករាយ និង​បាន​សហការ​លក់​ស្រូវ​ទៅតាម​តម្លៃ​ដែល​បានកំណត់ ហើយ​មកទល់ពេលនេះ​រោង​ម៉ាស៊ីន​នៅតែ​បន្ត​ប្រមូល​ទិញ​យ៉ាង​សស្រាក់សស្រាំ​។ ក្រុមការងារ​នៅតែ​បន្ត​តាមដាន​យកចិត្តទុកដាក់​ដោយ​មិនឱ្យ​ប្រជាកសិករ​យើង​បាត់បង់​ប្រយោជន៍​ដោយ​គ្មាន​ហេតុផល​នោះឡើយ​»​។

​តាមរយៈ​វីដេអូ​ឃ្លី​ប​ដែល​បង្ហោះ​ដោយ​លោក​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​បានបង្ហាញ​ពី​សំឡេង​កសិករ​ម្នាក់ បានធ្វើការ​ថ្លែងអំណរគុណ​ដល់​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ព្រមទាំង​មន្ត្រី​មន្ទីរ​កសិកម្ម និង​អ្នកសារព័ត៌មាន ដែល​បាន​ជួយ​និង​ផ្សព្វផ្សាយ​ពី​ការ​ត្អូញត្អែរ​របស់​ប្រជាកសិករ​។

​កសិករ​ម្នាក់នេះ​បញ្ជាក់ថា​៖ «​បងប្អូន​កសិករ​កំពុង​តែ​មមាញឹក​យក​ស្រូវ​មក​លក់​នៅ​សាលាឃុំ​ទ្រាស​បាន​តម្លៃ​សមរម្យ​ដូច​ការរំពឹងទុក​រប​ស់​ពួកគាត់​ពិតមែន​។ គោរព​អរគុណ​ដល់​ឯកឧត្តម​និង​មន្ទីរ​ក្រសួងកសិកម្ម​ទាំងអស់​ដែល​បាន​ធ្វើតាម​ការសន្យា​»​។

​អភិបាលខេត្ត​បន្ទាយមានជ័យ លោក អ៊ុំ រាត្រី បានឱ្យដឹងថា គោលការណ៍​ទិញស្រូវ​នៅក្នុង​ខេត្តបន្ទាយមានជ័យ ត្រូវបាន​អនុវត្ត​ដូចគ្នា​ទៅនឹង​ខេត្តបាត់ដំបង​ដែរ ដោយ​ក្នុងនោះ ១​ គីឡូក្រាម តម្លៃ​មិន​ក្រោម ១ ០៤០ ​រៀល សម្រាប់​ស្រូវ​ផ្ការំដួល​ ប្រភេទ​លេខ ​១ (​ស្រូវ​សើម​)​។​

​អភិបាលខេត្ត​បន្ទាយមានជ័យ​បានឱ្យដឹង​ទៀតថា នៅក្នុង​ខេត្តបន្ទាយមានជ័យ ស្រូវ​ដែល​ប្រជាកសិករ​កំពុង​ប្រមូល​ផល​នេះ មាន​ប្រមាណ ១០ ​ម៉ឺន​ហិកតា​។ ដែល​មកដល់ពេលនេះ​ប្រមូល​អស់​ប្រមាណ ២​ ម៉ឺន​ហិកតា​ហើយ នៅសល់​ ៧​ ទៅ​ ៨ ​ម៉ឺន​ហិកតា​ទៀត​។​

​លោក​បញ្ជាក់ទៀតថា ក្រុមការងារ​ចម្រុះ​ខេត្ត​ដែលមាន​ខាង​កសិកម្ម​ខេត្ត ពាណិជ្ជកម្ម​ខេត្ត អាជ្ញាធរ​មូលដ្ឋាន ក្រុមហ៊ុន​បៃតង បាន​នឹង​កំពុង​ជួយ​សម្របសម្រួល​ជាប្រចាំ​ជាមួយ​ឈ្មួញ និង​ប្រជាកសិករ តាម​គោលដៅ​ដែល​បានរៀបចំ​។

​លោក​បានឱ្យដឹងថា យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងកសិកម្ម បានឱ្យដឹងថា នៅ​ថ្ងៃទី​ ១៧ ខែវិច្ឆិកា ឆ្នាំ​ ២០២២ ក្រុមការងារ​បាន​ជួប​ជាមួយ​ភាគី​ពាក់ព័ន្ធ រួមមាន លោក​ឧកញ៉ា ភូ ពុ​យ អគ្គនាយក​នៃ​រោង​ម៉ាស៊ីនកិនស្រូវ​បៃតង លោក ឃ្លោក នួ​យ អភិបាលរង​ខេត្តបន្ទាយមានជ័យ តំណាង​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ តំណាង​មន្ទីរ​ពាណិជ្ជកម្ម តំណាង​ធនាគារ​អភិវឌ្ឍន៍​កសិកម្ម និង ជនបទ លោក លោកស្រី​អភិបាលស្រុក មេឃុំ​តំណាង រោង​ម៉ាស៊ីនកិនស្រូវ និង​អ្នកប្រមូល​ទិញស្រូវ​ផ្គត់ផ្គង់​ទៅ​រោង​ម៉ាស៊ីនកិនស្រូវ​។

​ជា​លទ្ធផល ក្រោយ​កិច្ចប្រជុំ​ដើម្បី​ធានា​ស្ថិរភាព​តម្លៃ​ស្រូវ លោក​ឧកញ៉ា ភូ ពុ​យ បានសម្រេច​ប្រកាស​កំណត់​យក​ថ្លៃ​គោល សម្រាប់​ស្រូវ​ផ្ការំដួល​ប្រភេទ​លេខ​១ (​ស្រូវ​សើម​) មិន​ក្រោម​៩​បាត ក្នុង ១ គីឡូក្រាម ឬ ១ ០៤០​រៀល ក្នុង ​១​ គីឡូក្រាម​ នៅនឹងកន្លែង​ដូច​នៅ​ខេត្ត​បាត់ដំបង​ដែរ និង​បាន​អំពាវនាវ​ដល់​ម្ចាស់​រោង​ម៉ាស៊ីនកិនស្រូវ និង​ឈ្មួញ​ប្រមូល​ទិញស្រូវ ក្នុង​ខេត្តបន្ទាយមានជ័យ ឱ្យ​ចុះ​ប្រមូល​ទិញ ដោយ​អនុវត្តតាម​ថ្លៃ​ដែល​បានកំណត់ ចាប់ពី​រសៀល​ថ្ងៃ ទី ​១៧ ខែវិច្ឆិកា ឆ្នាំ​ ២០២២​ នេះ​ទៅ​។​

​លោក​បញ្ជាក់ថា​៖ «​ការ​អនុវត្ដ​នឹង​ចាប់ផ្តើម​ពី​គោលដៅ​ចំនួន​៨​ទីតាំង រួមមាន​៖ ១ ​ទីតាំងនៅ ស្រុក​ភ្នំស្រុក ១ ​ទីតាំង នៅ​ស្រុក​ព្រះនេត្រព្រះ ៣ ទីតាំងនៅ​ស្រុក​ស្វាយចេក និង ៣​ ទីតាំងនៅ​ស្រុក​ថ្មពួក​»​។

​ប្រភព​ដដែល​បន្ថែមថា ប្រជាកសិករ​គ្រប់​គោលដៅ​ទាំងអស់ បាន​សាទរ​ទៅនឹង​ការអនុវត្ត​ថ្លៃ​គោល​នេះ​។ ក្នុងករណី​មាន​បញ្ហា​អ្នកទិញ​អនុវត្ត​មិន​ត្រឹមត្រូវ សូម​ប្រជាកសិករ​មេត្តា​ទាក់ទង​ជាមួយ​មេឃុំ ឬមន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តបន្ទាយមានជ័យ តាមរយៈ​ទូរស័ព្ទ​លេខ ០១២ ៨៣៨ ៩៣៧ ដើម្បី​ទទួលបាន​ការអន្តរាគមន៍​៕​