កំពតៈ ក្រសួង​បរិស្ថាន​សូម​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​កុំ​បន្ត​ចាញ់បោក​ក្រុម​ជន​ខិលខូច​ដែល​បាន​គប់គិត​គ្នា​បោកប្រាស់​ប្រជាពលរដ្ឋ ទិញ​លក់ដី នៅ​ក្នុង​តំបន់​ការពារ​ធម្មជាតិ ដោយ​អះអាងថា​ ជា​ដី​ស្របច្បាប់ និង​អាច​រត់ការ​ធ្វើ​បណ្ណ​សម្គាល់​កម្មសិទ្ធិ​បាន តាម​ពិត គឺ​មិនអាច​ទៅ​រួច​ឡើយ។

នេះគឺជា​ការ​ថ្លែង​របស់​លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន នៅ​ថ្ងៃទី១៩ ខែ​វិច្ឆិកា នេះ ក្រោយ​ពី​មន្ត្រី​នៃ​មន្ទីរបរិស្ថាន​ខេត្ត​កំពត បាន​ទប់ស្កាត់​បាន​សម្រេច​លើ​ក្រុម​ជនខិលខូច​បង្កើត​ទំព័រ​ហ្វេសប៊ុក និង​បាន​ដាក់ផ្ទៃ​ដី​នៃ​ឧទ្យានជាតិ​ព្រះមុនីវង្ស​បូកគោ​ក្នុង​តំបន់​អន្លង់​ក្មេង​លេង​ស្ថិតក្នុង​ភូមិសាស្ត្រ ឃុំ​តេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត លក់​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេសប៊ុក។

លោក នេត្រ ភក្ត្រា មន្ត្រី​ជាន់ខ្ពស់ និង​ជា​អ្នក​នាំពាក្យ​ក្រសួង បរិស្ថាន បាន​គូស​បញ្ជាក់​ថា ផ្ទៃដី​ដែល​មាន​ទំហំ ១៨០០ ហិកតា​ដែល​ជន​ខិលខូច រៀបចំ​ផែនទី​ដាក់​លក់​នោះ​ជា​ផ្ទៃដីព្រៃ ស្ថិត​ក្នុង​ឧទ្យានជាតិ​ព្រះ​មុនីវង្ស​បូកគោ។ ផ្ទៃដី​មួយ​ចំនួន​ត្រូវ​បាន​ជនទុច្ចរិត​លួចចូល​ឈូសឆាយ​ទន្ទ្រាន​កាន់កាប់​ដោយ​ខុស​ច្បាប់ ដើម្បី​លក់ដូរ ហើយ​ត្រូវ​បាន​កសាង​សំណុំរឿង​នៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​ផ្លូវ​ច្បាប់​រួចរាល់​ហើយដែរ។

លោក​បញ្ជាក់​បន្ថែម​ថា មន្ត្រី​នៃ​មន្ទីរ​បរិស្ថាន​បាន​ធ្វើការ​តាមដាន​និង​ធ្វើ​ចំណាត់​លើ​ហ្វេសប៊ុក​មួយ​ឈ្មោះ​ថា NL Real Estate Cambodia បាន​ដាក់​បង្ហាញ​ផែនទី​និង​ទីតាំង​ដី​ទំហំ ១៨០០ ហិកតា និង​រូបភាព​មួយ​ចំនួន​សម្រាប់​លក់។ ក្រុម​មន្ត្រី​បាន​សួរនាំ​ភ្នាក់ងារ​លក់ដី​ដែល​ធ្វើ​សកម្មភាព​នោះ ដោយ​បាន​បញ្ជាក់​ថា ឈ្មោះ សុខ ម៉ាប់ ជា​តំណាង​ម្ចាស់ដី។

តាម​ការ​បញ្ជាក់​របស់​មន្ត្រី​នៃ​មន្ទីរ​បរិស្ថាន​ខេត្ត​កំពត ឈ្មោះ សុខ ម៉ាប់ នេះ​គឺជា​ជន​សង្ស័យ​មួយ​រូប​ក្នុង​ចំណោម ២ រូប​ដែល​មន្ទីរ​បរិស្ថាន​ខេត្តកំពត បាន​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ​ពាក់ព័ន្ធ​នឹង​ការ​ទន្ទ្រាន​ដីព្រៃ​ខុសច្បាប់​នៅ​ក្នុង​ភូមិ​អន្លង់​ក្មេងលេង ឃុំតេជោ អភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត ជាមួយ​ឈ្មោះ ឡៅ អាន់ ដែល​ជា​ឪពុក​របស់​ខ្លួន។

បច្ចុប្បន្ន សំណុំរឿង​បាន​និង​កំពុង​បន្ត​នីតិវិធី​នៅ​តុលាការ​ខេត្ត​កំពត។ មន្ត្រី​នៃ​មន្ទីរ​បរិស្ថាន​ខេត្ត​កំពត បាន​បន្ត​ថា ជាមួយ​ភ័ស្តុតាង​ និង​សាក្សី​ថ្មី​នេះ មន្ទីរ​បរិស្ថាន​ខេត្តកំពត នឹង​រៀបចំ​សំណុំ​ឯកសារ​ភ័ស្តុតាង​បន្ថែម​ដាក់​ជូន​ទៅ​តុលាការ​ដើម្បី​បន្ត​នីតិវិធី​ច្បាប់ ដើម្បី​ចាត់​ការ​លើ​ជន​ទុច្ចរិត រួម​នឹង​បក្ខពួក​នៅ​ពីក្រោយ​ដែល​ខប់ខិត​គ្នា​ចូល​រុករាន​ទន្ទ្រាន​ដី​ព្រៃរដ្ឋ​ដោយ​ខុស​ច្បាប់។

មន្ត្រី​ជាន់ខ្ពស់​ក្រសួង បរិស្ថាន បាន​ឱ្យ​ដឹង​ទៀតថា ពាក់ព័ន្ធ​ក្នុង​រឿង​នេះ មន្ត្រី​នៃ​មន្ទីរបរិស្ថាន​ខេត្ត​កំពត បាន​និង​កំពុង​សហការ​ជាមួយ​ភាគី​ពាក់ព័ន្ធ ដើម្បី​បន្ត​ដាក់​ភ័ស្តុតាង​បន្ថែម​លើ​សំណុំ​រឿង និង​បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ដែល​បាន​ចាញ់​បោក​ក្រុម​ជន​ខិលខូច​ទិញដី​នៅ​តំបន់​នោះ ត្រូវ​ទាមទារ​លុយ​របស់​ខ្លួន​មក​វិញ​ព្រោះ​ទីតាំង​នោះ​ជា​ដី​របស់​ឧទ្យានជាតិ​បូកគោ​ដែល​ត្រូវ​ការពារ​និង​អភិរក្ស។

លោក​ថ្លែង​ថា៖ «គ្មាន​ជន​ណា​ម្នាក់​មាន​សិទ្ធិ​ទិញ ឬ​លក់​ដីធ្លី​នៅ​ក្នុង​តំបន់​ការពារ​ធម្មជាតិ និង​របៀង​អភិរក្ស​ជីវៈចម្រុះ​នៅ​តាម​ខេត្ត​នានា​បាន​ឡើយ, ក្រសួង​ស្នើឱ្យ​ពលរដ្ឋ​ឈប់​ចាញ់​បោក​មេខ្យល់ ឬ​ក្រុម​ជន​ខិលខូច​ត​ទៅ​ទៀត»។

លោក​បាន​លើក​ឡើងថា មាន​ប្រជាពលរដ្ឋ​ជាច្រើន​បន្ត​ការ​ចាញ់​បោក​ក្រុម​ជន​ខិលខូច​ដែល​លក់ដី​ខ្យល់ គ្មាន​ដី​ពិត​ប្រាកដ និង​គ្មាន​ការ​កាន់​កាប់​ស្របច្បាប់។ ក្រុម​ជន​ខិលខូច​មួយ​ចំនួន​បាន​ដើរ​ចង្អុល​ដីព្រៃ​ដើម្បី​លក់ និង​ខ្លះ​ទៀត បង្កើត​ឯកសារ​ក្លែងក្លាយ ដើម្បី​យក​ដី​ព្រៃ​របស់​រដ្ឋ​ដោយ​ប្រឌិត​ថា ជា​ដី​ដែល​ប្រជាពលរដ្ឋ​បាន​កាន់​កាប់​អាស្រ័យ​ផល​ជា​យូរ​មក​ហើយ​ដើម្បី​ស្នើសុំ​កាត់ឆ្វៀល។

លោកថា ក្រុម​ជន​ខិលខូច​មួយ​ចំនួន​ប្រើ​យុទ្ធសាស្ត្រ​ឈ្នះ​បាន​ដី ចាញ់​បាន​លុយ​ក្នុង​ជម្លោះ​ដណ្តើម​ដីរដ្ឋ និង​មាន​ក្រុម​ជន​ខិលខូច​ខ្លះ​បាន​ជួល​ប្រជាពលរដ្ឋ​ដើម្បី​តវ៉ា និង​ទាមទារ​ដី​ជាមួយ​អាជ្ញាធរ​ពេល​ចុះ​អនុវត្ត​ច្បាប់។

លោក​រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន​បាន​គូស​បញ្ជាក់​ថា សូម​កុំ​ជឿ​លើ​ជន​ខិលខូច​ដែល​អះអាង​ថា ទិញ​ដី​រដ្ឋ​ហើយ​អាច​ធ្វើ​ប្លង់រឹង​ជា​កម្មសិទ្ធិ​បាន​នោះ នេះ​គឺជា​ការ​បោក​ប្រាស់​សុទ្ធសាធ។ កាល​ដែល​បងប្អូន​ប្រជាពលរដ្ឋ​មួយ​ចំនួន​បន្ត​ចាញ់​បោក​មេខ្យល់​ក្នុង​ការ​ទិញ​លក់​ដូរដី​ខុស​ច្បាប់ នឹង​ត្រូវ​ប្រឈម​មុខ​នឹង​បញ្ហា ២ គឺ​ទី១ ការ​ខាតបង់​ប្រាក់​និង​ទ្រព​សម្បត្តិ​របស់​ខ្លួន និង​ទី២ ប្រឈម​មុខ​នឹង​ច្បាប់​ជាមួយ​នឹង​ជន​ល្មើស ដោយសារ​តែ​ការ​រុករាន ទន្ទ្រាន​កាន់កាប់​ដីព្រៃរដ្ឋ និង​ទិញ​លក់​ដូរ​ដី​ព្រៃរដ្ឋ​ជា​ទង្វើ​ខុសច្បាប់៕