ភ្នំពេញៈ លោក ហេង សំរិន ប្រធាន​រដ្ឋសភា​កម្ពុជា បាន​ជួប​សវនាការ​ជាមួយ​គណៈប្រតិភូ​ជាន់​ខ្ពស់ រដ្ឋសភា​វៀតណាម ដឹក​នាំ​ដោយ មឿង ឌីញ ហ្វេ នា​ព្រឹក​ថ្ងៃទី​១៩ ​ខែ​វិច្ឆិកា ឆ្នាំ​២០២២ នៅ​វិមាន​រដ្ឋសភា។ ភាគី​ទាំង ២ ក៏​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​រវាង​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា​កម្ពុជា និង​ខុទ្ទកាល័យ​រដ្ឋសភា​វៀតណាម នៅ​ក្នុង​ការ​ពង្រឹង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ឱ្យ​កាន់​តែ​ស៊ី​ជម្រៅ ទូលំទូលាយ ឆ្លើយតប​តាម​បរិបទ​ជាក់ស្ដែង។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា​កម្ពុជា នៅ​ថ្ងៃ​ទី​១៩ ខែ​វិច្ឆិកា​នេះ បាន​ឱ្យ​ដឹង​ថា អនុស្សរណៈ​នៃ​កិច្ច​ព្រមព្រៀង​ជាមួយ​គ្នា រវាង​រដ្ឋសភា​ប្រទេស​ទាំង ២ ដែល​បាន​ចុះ​ហត្ថលេខា​នាពេល​នេះ សំដៅ​បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការ គ្រប់​កម្រិត តាម​រយៈការ​ផ្លាស់ប្តូរ​ទស្សនកិច្ច នៃ​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់ ការ​ផ្លាស់​ប្ដូរ​បទពិសោធន៍​រវាង​គណៈកម្មការ​ជំនាញ និង​មន្ត្រី​ជំនាញ ការ​ចែក​រំលែក​ព័ត៌មាន និង​ការ​គាំទ្រ​គ្នា​ទៅវិញ​ទៅមក នៅ​ក្នុង​វេទិកា​អន្តរសភា ក្នុង​តំបន់ និងអន្តរជាតិ។

ជាមួយគ្នា​នោះ ភាគី​ទាំង ២ បាន​អបអរសាទរ​ចំពោះ​ចំណង​មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង ២ ដែល​មាន​ការ​រីក​ចម្រើន​ឥត​ឈប់ឈរ​នៅ​លើ​គ្រប់​វិស័យ ដែល​បាន​នាំ​មក​នូវ​ផល​ប្រយោជន៍ ដល់​ប្រទេស និង​ប្រជាជន​ទាំង​សងខាង។ ឆ្នាំ ២០២២​នេះ ជា​ខួប ៥៥​ឆ្នាំ នៃ​ទំនាក់ទំនង​ការទូត នៃ​ប្រទេស​ទាំង ២ កម្ពុជា-វៀតណាម។

ភាគី​ទាំង២ បាន​គូស​បញ្ជាក់​ថា តាម​រយៈការ​ផ្លាស់ប្តូរ​ទស្សនកិច្ច​នៅ​គ្រប់​កម្រិត ទាំង​សា្ថប័ន នីតិប្បញ្ញត្តិ និង​នីតិប្រតិបត្តិ​ជា​បន្តបន្ទាប់​មក​នេះ បាន​ឆ្លុះ​បញ្ចាំង​អំពី​ការ​ប្តេជ្ញាចិត្ត ក្នុង​ការ​បន្តពង្រឹង និង​ពង្រីក​ទំនាក់ទំនង ចំណង​មិត្តភាព សាមគ្គីភាព​ជាប្រពៃណី និង​កិច្ច​សហប្រតិបត្តិការ ​ដ៏​ល្អ​លើ​គ្រប់​វិស័យ ឱ្យ​បាន​កាន់តែ​ខ្លាំងក្លា រឹងមាំ និង​ស្ថិតស្ថេរ​យូរ​អង្វែង ស្រប​តាម​ទិស​ស្លោក "ភាព​ជា​អ្នក​ជិត​ខាង​ល្អ មិត្តភាព​ប្រពៃណី កិច្ច​សហប្រតិបត្តិការ​គ្រប់​ជ្រុង​ជ្រោយ និរន្តរភាព យូរអង្វែង”។ បន្ថែម​លើ​នេះ ភាគី​ទាំង ២ បាន​ចែក​រំលែក​នូវ​ព័ត៌មាន​ពី​គ្នា​ទៅវិញ​ទៅមក ជុំវិញ​ស្ថានការ​នយោបាយ សេដ្ឋកិច្ច សន្តិសុខ សង្គម និងវប្បធម៌។

លោក ហេង សំរិន ប្រធាន​រដ្ឋសភា​កម្ពុជា បាន​គូស​បញ្ជាក់​ថា កិច្ច​សហប្រតិបត្តិការ​វាង​រដ្ឋសភា កម្ពុជា-វៀតណាម មាន​ការ​វិវឌ្ឍ​កាន់​តែ​រីកចម្រើន និង​ស្អិត​រមួត ដោយ​ភាគី​ទាំង ២ បាន​ឯកភាព និង​ចុះ​អនុស្សរណៈ នៃ​កិច្ច​ព្រមព្រៀង​ជាមួយ​គ្នា សំដៅ​បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការ គ្រប់​កម្រិត តាម​រយៈការ​ផ្លាស់ប្តូរ​ទស្សនកិច្ច នៃ​ថ្នាក់​ដឹកនាំ​ជាន់ខ្ពស់ ការ​ផ្លាស់ប្តូរ​បទពិសោធន៍​រវាង​គណៈកម្មការ​ជំនាញ និង​មន្រ្តី​ជំនាញ ការ​ចែក​រំលែក​ព័ត៌មាន និង​ការ​គាំទ្រ​គ្នា​ទៅវិញទៅមក នៅ​ក្នុង​វេទិកា​អន្តរសភា ក្នុង​តំបន់ និងអន្តរជាតិ។

លោក​បាន​លើក​ឡើង​បន្ថែម​ថា ៖«រដ្ឋសភា​កម្ពុជា​ពេញចិត្ត និង​គាំទ្រ​ចំពោះ​វឌ្ឍនភាព នៃ​កិច្ច​សហប្រតិបត្តិការ​រវាង​រដ្ឋាភិបាល នៃ​ប្រទេស​ទាំង ២ នាពេល​កន្លងមក»។

លោក វឿង ឌីញ ហ្វេ ប្រធាន​រដ្ឋសភា នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម បាន​សម្តែង​ក្តី​រីករាយ​យ៉ាង​ក្រៃលែង​ ចំពោះ​ចំណង​មិត្តភាព និង កិច្ច​សហប្រតិបត្តិការ​ប្រទេស​ទាំង ២ ពិសេស​ រដ្ឋសភា​ប្រទេស​ទាំង ២ មាន​ការ​រីក​ចម្រើន​ជា​លំដាប់ ទាំង​នៅ​ក្នុង​កម្រិត​ទ្វេភាគី​និង​អន្តរជាតិ។

លោកបានស្នើ ប្រធាន​រដ្ឋសភា​កម្ពុជា​ជួយ​ជំរុញ​និង​បង្ក​លក្ខណៈ​កាន់តែ​ងាយស្រួល​នៅក្នុង​ការ​លើក​កម្ពស់​កិច្ច​សហប្រតិបត្តិការ​នេះ ឱ្យ​បាន​នៅ​គ្រប់​កម្រិត​ទាំង​កម្រិត​ថ្នាក់​ដឹកនាំ គណៈកម្មការ សមាជិក​សភា​ស្រ្តី សមាជិក​សភាវ័យក្មេង និង​កម្រិត​មន្រ្តី​បច្ចេកទេស។

ដំណើរ​ទស្សនកិច្ច​របស់ លោក វឿង ឌីញ ហ្វេ នៅ​កម្ពុជា​នាពេលនេះ​បាន​ធ្វើឡើង​បន្ទាប់​ពី​លោក ហេង សំរិន ប្រធាន​រដ្ឋសភា បាន​ដឹក​នាំ​គណៈប្រតិភូ​ជាន់ខ្ពស់​រដ្ឋសភា​កម្ពុជា បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម កាលពី​ខែ​កញ្ញា កន្លង​មកនេះ។

តបតាម​ការ​អញ្ជើញ​របស់ លោក ហេង សំរិន ប្រធាន​រដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក មឿង ឌីញ ហ្វេ (VUONG DINH HUE) ប្រធាន​រដ្ឋសភា នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ និង​មិត្តភាព នៅ​ព្រះរាជាណាចក្រ​កម្ពុជា ចាប់ពី​ថ្ងៃទី​១៩ ដល់​ថ្ងៃទី​២៣ ខែ​វិច្ឆិកា ឆ្នាំ​២០២២ និង​ចូលរួម​មហាសន្និបាត អន្តរ​សភា​អាស៊ាន លើក​ទី៤៣។

លោក ហេង សំរិន ចាត់ទុក​ដំណើរ​ទស្សនកិច្ច​របស់​ឯកឧត្តម​ប្រធាន និង​គណៈប្រតិភូ​ជាន់ខ្ពស់​រដ្ឋសភា​វៀតណាម​នៅ​ពេល​នេះ នឹង​រួម​ចំណែក​បន្ត​ជំរុញ​លើក​កម្ពស់​ទំនាក់ទំនង​មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​លើ​គ្រប់​វិស័យ រវាង​ប្រទេស​យើង​ទាំង​២ កម្ពុជា-វៀតណាម ជាពិសេស ផ្ដល់​កិត្តិយស​យ៉ាងខ្លាំង​ដល់​សភាកម្ពុជា ក្នុង​អាណត្តិ​ជា​ប្រធាន​មហាសន្និបាត​ អាយប៉ា លើកទី​៤៣ ហើយ​ជា​ការ​រួម​ចំណែក​មួយ​ដ៏​សំខាន់​ដល់​ភាព​ជោគជ័យ នៃ​មហាសន្និបាត​អន្តរសភា​អាស៊ាន លើក​ទី ៤៣ ផងដែរ៕