កោះកុងៈ លោក សុខ សុទ្ធី អភិបាលរង​ខេត្ត​កោះកុង អញ្ជើញ​ចុះ​ពិនិត្យ​ទី​តាំង​ដី និង​សំណង់​មួយ​កន្លែង​ស្ថិត​នៅ​ស្រុកស្រែ​អំបិល ក្រោយ​មាន​ការ​ផ្សាយថា មាន​ការ​កាប់ព្រៃ​កោងកាង និង​ចាក់​ដី​ចូល​សមុទ្រ។ ការ​ចុះ​ពិនិត្យ​នេះ​ធ្វើឡើង​នៅ​ថ្ងៃទី១៨ ខែ​វិច្ឆិកា ឆ្នាំ២០២២។

លោក សុខ សុទ្ធី អភិបាលរង នៃ​គណៈអភិបាល​ខេត្ត​កោះកុង បាន​ដឹកនាំក្រុម​ការងារ​ចុះ​ពិនិត្យ​ទីតាំង​ដី និង​សំណង់​មួយ​កន្លែង របស់​ឈ្មោះ អ៊ុក វរ៉ា ស្ថិត​នៅ​ភូមិ​ខ្សាច់ក្រហម ឃុំ​ជីខក្រោម ស្រុកស្រែ​អំបិល ខេត្ត​កោះកុង ក្រោយ​មាន​សារព័ត៌មាន​បាន​ចុះ​ផ្សាយ​ថា មាន​ការ​កាប់ព្រៃ​កោងកាង និង​ចាក់ដី​ចូល​សមុទ្រ។

តាម​ការ​ចុះ​ពិនិត្យ​ទីតាំង​ជាក់ស្តែង​ឃើញ​ថា ទីតាំងដី​ដែល​ឈូសឆាយ​អភិវឌ្ឍ​នេះ ជា​ទីតាំងដី​ស្ថិត​នៅ​ជាប់​នឹង​ភូមិ​ប្រជាពលរដ្ឋ ហើយ​ក្នុង​ទីតាំង​ដីនេះ​មាន​រៀបចំ​ជា ២ ផ្នែក។ មួយ​ផ្នែក មាន​ការ​រៀបចំ​ហេដ្ឋា​រចនា​សម្ព័ន្ធ សម្រាប់​ធ្វើ​វារីវប្បកម្ម ដែល​ទីតាំង​ដីនេះ​ស្ថិត​នៅក្នុង​តំបន់​កាត់ឆ្វៀល​ដោយ​អនុក្រឹត្យ​លេខ៣០ អនក្រ.បក ចុះ​ថ្ងៃទី២ ខែមីនា ឆ្នាំ២០២១។

ចំពោះ​ការ​ធ្វើ​វារីវប្បកម្ម​នេះ មាន​លិខិត​អនុញ្ញាត​ពី​រដ្ឋបាល​ជលផល នៃ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ តាម​រយៈ​លិខិត លេខ ២៨ ជ.ផ ចុះថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ ដែល​អនុញ្ញាត​ឱ្យ​ធ្វើ​វារីវប្បកម្ម ៖ ចិញ្ចឹម​ត្រី​ចម្រុះ បង្គា ក្តាម និង​ផលិត​កូនត្រី នៅ​ក្នុង​ស្រះ​មាន​ផ្ទៃ​ក្រឡា​សរុប ៦០៨០០​ម៉ែត្រ​ការ៉េ។

ចំណែក​មួយផ្នែក​ទៀត មាន​ការ​សាងសង់​សំណង់​រំលោភ​ចូល​ទៅ​ក្នុង​ព្រែក ដែល​ទីតាំង​នេះ ជា​ទីតាំងដី​សហគមន៍​នេសាទ​ជីខក្រោម ហើយ​ការ​សាងសង់​នេះ​មាន​ការ​អនុញ្ញាត​ពី​សហគមន៍​ដែរ ប៉ុន្តែ​សំណង់នេះ​នៅ​មិនទាន់​មាន​ច្បាប់​អនុញ្ញាត​នៅឡើយ។

បន្ទាប់ពី​បាន​ប្រជុំ​ពិភាក្សា និង​ការ​ចុះ​ពិនិត្យ​ទីតាំង​ជាក់ស្តែង​រួច​មក លោក សុខ សុទ្ធី មិន​ជំទាស់​ចំពោះ​ទីតាំង​វារីវប្បកម្ម​ទេ ដោយសារ​មាន​លិខិត​អនុញ្ញាត​ត្រឹមត្រូវ ប៉ុន្តែ ទីតាំង​សាងសង់​រំលោភ​ចូលព្រែក លោក​បាន​ប្រគល់​ភារកិច្ច​ជូន​ទៅ​មន្ទីរកសិកម្ម រុក្ខាប្រមាណ់ និងនេសាទ ខេត្តកោះកុង ដើម្បី​ដឹកនាំ​ក្រុម​ការងារ​ចុះ​ណែនាំ​ម្ចាស់​ទីតាំង រៀបចំ​ឯកសារ លក្ខខណ្ឌ​ផ្សេងស្រប​តាមច្បាប់។

លោក​បញ្ជាក់​ថា៖ «ចំពោះ​ទីតាំង​ដែល​មាន​ការ​សាងសង់​សំណង់​រំលោភ​ចូល​ព្រែក រដ្ឋបាល​ខេត្ត​បាន​ប្រគល់​ភារកិច្ច ជូន​មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត ដែល​ជា​មន្ទីរ​ជំនាញ​សាមី ដឹកនាំ​ក្រុមការងារ​ចុះ​ណែនាំ អនុវត្ត រៀបចំ​ឯកសារ លក្ខខណ្ឌ​ផ្សេងៗ​ស្រប​តាមច្បាប់ រវាង​ម្ចាស់​ទីតាំង​សំណង់ ដែល​មាន​បំណង​អភិវឌ្ឍ ជាមួយ​សហគមន៍​នេសាទ និង​អាជ្ញាធរ​មូលដ្ឋាន»។

ជាមួយគ្នានេះ លោក សុខ សុទ្ធី ក៏​បាន​ផ្តាំផ្ញើ​តាម​រយៈ​អ្នកសារព័ត៌មាន​ថា បងប្អូន​ប្រជាពលរដ្ឋ អ្នក​វិនិយោគ​ទាំងឡាយ មុន​នឹង​ធ្វើ​ការ​អភិវឌ្ឍដី ឬ​វិនិយោគ​អ្វីមួយ សូម​មេត្តា​ស្នើសុំ​ច្បាប់​អនុញ្ញាត​ជាមុន ហើយ​ជា​ជំហរ របស់​រដ្ឋបាល​ខេត្ត​កោះកុង គឺ​សូម​ស្វាគមន៍ នូវ​រាល់ការ​ចូលរួម​អភិវឌ្ឍ​លើ​គ្រប់វិស័យ៕