ក្រសួងអប់រំ យុវជន និងកីឡា នឹង​រៀបចំ​សន្និសីទ​សារព័ត៌មាន​មួយ ដើម្បី​ផ្ដល់​ព័ត៌មាន​ពិស្ដារ​អំពី​ដំណើរការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ​បាក់ឌុប សម័យប្រឡង ៥ ធ្នូ ២០២២។ បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​អប់រំ សន្និសីទ​សារព័ត៌មាន​នេះ នឹង​រៀបចំ​ធ្វើ​នៅ​ថ្ងៃចន្ទ ទី​២១ ខែ​វិច្ឆិកា ឆ្នាំ២០២២ នៅ​អគារ​ទីស្ដីការ​ក្រសួង​អប់រំ ដោយ​មាន​លោក ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រី​ក្រសួង​អប់រំ យុវជន និងកីឡា និង​ថ្នាក់ដឹកនាំ​ពាក់ព័ន្ធ​ជាវាគ្មិន។

សូមរំឭកជូនថា ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ​បាក់ឌុប ឆ្នាំ​សិក្សា ២០២១-២០២២ នេះ ត្រូវ​បាន​លើកពេល ២​ដង​រួច​មក​ហើយ។ ដំបូងឡើយ ក្រសួង​គ្រោង​រៀបចំ​ការ​ប្រឡង​នេះ​នៅ​ថ្ងៃ​ទី១៤ និង១​៥ ខែ​វិច្ឆិកា ទៅថ្ងៃ​ទី២១ និង​ថ្ងៃទី​២២ ខែ​វិច្ឆិកា ដោយសារ​តែ​កម្ពុជា​ត្រូវធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន លើក​ទី​៤០ និង​៤១ និង​កិច្ច​ប្រជុំ​ពាក់ព័ន្ធ នៅ​ថ្ងៃទី១០ ដល់​ថ្ងៃទី១៣ ខែវិច្ឆិកា។ លុះក្រោយមក គម្រោង​រៀបចំ​ការ​ប្រឡង​នៅ​ថ្ងៃទី២១ និង២២ ខែវិច្ឆិកា ត្រូវ​លើក​ម្ដង​ទៀត ទៅ​ធ្វើ​នៅ​ថ្ងៃទី៥ និង៦ ខែធ្នូ ឆ្នាំ​២០២២​វិញ ដោយសារ​តែ​កម្ពុជា​ត្រូវ​រៀបចំ​ព្រឹត្តិការណ៍ជាតិ និង​ព្រឹត្តិការណ៍​តំបន់​មួយ​ចំនួន ដូចជា ព្រះ​រាជពិធី​បុណ្យអុំទូក អកអំបុក និង​សំពះ​ព្រះខែ និង​ព្រឹត្តិការណ៍​កីឡាជាតិ​លើក​ទី៣ នៅ​ថ្ងៃទី២១ ដល់​ថ្ងៃទី​៣០ ខែវិច្ឆិកា។

ជុំវិញ​ការ​លើក​ពេល​ប្រឡង​ម្ដង​ជា​ពីរដង​នេះ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រី​ក្រសួង​អប់រំ យុវជន និងកីឡា បាន​ពន្យល់​ថា គឺជា​ការ​ទុកពេល​ឱ្យ​សិស្សានុសិស្ស​មាន​ពេល​វេលា​គ្រប់គ្រាន់​ដើម្បី​រៀនសូត្រ ព្រោះ​មិនមាន​ការ​អនុញ្ញាត​ឱ្យ​សិស្ស​ថ្នាក់​ទី១២ ជាប់បាក់​ឌុប​ដោយ​ស្វ័យប្រវត្តិ​ដូចឆ្នាំ​មុនឡើយ។

លោក ហង់ជួន ណារ៉ុន៖ «ការ​ពន្យារពេល​ប្រឡង គឺ​ដើម្បី​ឱ្យ​សិស្ស​មាន​ពេល​គ្រប់គ្រាន់​ដើម្បី​រៀន។ អ៊ីចឹង​សំខាន់​គាត់​ត្រូវ​ខំរៀន ហើយ​ក្រសួង​ត្រូវ​រៀបចំ​ឱ្យ​បាន​ល្អ និង​លើកទឹកចិត្ត​ឱ្យ​សិស្ស​ខំរៀន ដើម្បី​កុំ​ឱ្យ​គាត់​បោះបង់​ចោល​ការសិក្សា»។

ទន្ទឹមគ្នានេះ ក្រសួងអប់រំ យុវជន និងកីឡា ក៏​បាន​កំណត់​វិញ្ញាសា​ជម្រើស សម្រាប់​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម័យ​ប្រឡង ៥ ធ្នូ ២០២២ ដោយរួមមាន ១.សម្រាប់ថ្នាក់វិទ្យាសាស្រ្ត មានប្រវត្តិវិទ្យា និង ២.សម្រាប់ថ្នាក់វិទ្យាសាស្រ្តសង្គម មាន ផែនដី និង​បរិស្ថានវិទ្យា៕