កោះកុងៈ រដ្ឋបាល​ស្រុក​ស្រែអំបិល បាន​ចេញ​សេចក្តី​ជូនដំណឹង​ទៅ​លោក​មេឃុំ​ទាំង​ ៦ នៃ​ស្រុក ស្រែអំបិល ស្តីពី​ការ​ចុះ​ផ្តល់​អត្តសញ្ញាណប័ណ្ណ​សញ្ញាតិ​ខ្មែរ​គំរូថ្មី និង​អ្នក​អស់​សុពលភាព​ឆ្នាំ​២០២២ និង​បាន​ជំរុញ​មេឃុំទាំ​ង ៦ នៃ​ស្រុក ស្រែអំបិល ចាត់ចែង​ផ្សព្វផ្សាយ​ឱ្យ​ទូលំទូលាយ​ដល់​ប្រជាពលរដ្ឋ​តាម​ភូមិ​ក្នុង​ឃុំ​របស់ខ្លួន ដែល​គ្រប់​អាយុ ១៥ឆ្នាំ និង​អ្នក​ផុត​សុពលភាព​ឱ្យ​មក​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ឱ្យ​បាន​គ្រប់ៗគ្នា។

តាម​លិខិត​ចុះ​ថ្ងៃទី​១៧ ខែ​វិច្ឆិកា ជម្រាបជូន​ទៅ​លោក​មេឃុំ​ទាំង៦ នៃ​ស្រុក ស្រែអំបិល លោក ហុង ប្រុស អភិបាល​ស្ដីទី​ស្រុក​ស្រែអំបិល បាន​ឱ្យ​ដឹង​ថា ដើម្បី​ផ្ដល់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​គំរូថ្មី និង​អ្នក​អស់​សុពលភាព​ឆ្នាំ ២០២២ ជូន​ប្រជាពលរដ្ឋ បាន​ប្រើប្រាស់ អធិការដ្ឋាន​នគរបាល​ស្រុក​ស្រែអំបិល នឹង​ចាត់​ក្រុមការងារ ដោយ​អនុវត្ត​តាម​ផែនការ​ដែល​បាន​គ្រោង​ទុក គឺ​ចុះ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​គំរូ​ថ្មី​ដល់​ប្រជាពលរដ្ឋ​គ្រប់​អាយុ ១៥ឆ្នាំ និង​អ្នក​ផុត​សុពលភាព​ឆ្នាំ២០២២ ចាប់ពី​ថ្ងៃទី២១ ខែ​វិច្ឆិកា ឆ្នាំ​២០២២ រហូត​ដល់​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ២០២២។

សម្រាប់​នៅ​ឃុំដងពែង ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ នៅ​វត្ត​ទ័ពជាង ភូមិ​បាក់អង្រុត និង​ចាប់​ពី​ថ្ងៃទី​២៣ ដល់​ថ្ងៃ​ទី២៥ ខែ​វិច្ឆិកា ឆ្នាំ​២០២២ នៅ​សាលា​ឃុំដងពែង។ សម្រាប់​ឃុំ​ជ្រោយស្វាយ ចាប់ពី​ថ្ងៃទី២៨ ដល់​ថ្ងៃទី​២៩ ខែ​វិច្ឆិកា ឆ្នាំ២០២២ នៅ​សាលា​បឋម​សិក្សា​ភ្នំស្រឡៅ និង​ចាប់​ពីថ្ងៃទី​៣០ ដល់​ថ្ងៃទី២ ខែ​ធ្នូ ឆ្នាំ២០២២ នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ជ្រោយស្វាយ។ សម្រាប់ ឃុំ​បឹងព្រាវ ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ២០២២ នៅ​ភូមិ​ស្ទឹងឆាយ និង​ចាប់ពី​ថ្ងៃទី៦ ដល់​ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ នៅ​សាលា​អនុវិទ្យាល័យ​បឹងព្រាវ។

សម្រាប់​ឃុំ​ជីខលើ ចាប់​ពីថ្ងៃទី១២ ដល់​ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ នៅ​សាលា​ឃុំជីខលើ និង ចាប់​ពីថ្ងៃ​ទី១៥ ដល់​ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ​២០២២ នៅ​ប៉ុស្តិ៍​នគរបាល ឃុំជីខលើ។ សម្រាប់​នៅ​ឃុំ​ជីខក្រោម ចាប់​ថ្ងៃទី១៩ ដល់​ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ នៅ​ប៉ុស្តិ៍​នគបាល​ឃុំ​ជីខក្រោម។ សម្រាប់​ឃុំ​ស្រែអំបិល ចាប់ពី​ថ្ងៃទី២៦ ដល់​ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ នៅ​សាលា​អនុវិទ្យាល័យ​វាល ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ​២០២២ នៅ​សាលា​ឆទាន​ភូមិខ្លុង ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ នៅ​សាលាឆទាន​ភូមិទ្រៀក។ ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ នៅ​ភូមិ​ចម្ការក្រោម៕