ភ្នំពេញៈ ក្រសួង​បរិស្ថាន នឹង​ប្រារព្ធ​ទិវា​អនាម័យ​បរិស្ថានជាតិ ២៣ វិច្ឆិកា ឆ្នាំ២០២២ ក្រោម​ប្រធានបទ «មាតុភូមិ​យើង កាតព្វកិច្ច​យើង ស្អាត និង​បៃតង»។ កម្មវិធី​នេះ​នឹង​ប្រព្រឹត្ត​ទៅ​នៅព្រឹក​ថ្ងៃទី២២ ខែ​វិច្ឆិកា ឆ្នាំ២០២២ នៅក្រុង​សែនមនោរម្យ ខេត្ត​មណ្ឌលគិរី។ នេះ​បើតាម​សេចក្តី​ជូនដំណឹង​របស់​ក្រសួង​បរិស្ថាន។

ក្រសួង​បរិស្ថាន​បញ្ជាក់​ថា៖ «ក្រសួង​បរិស្ថាន សហការ​ជាមួយ​រដ្ឋបាល ខេត្តមណ្ឌលគិរី នឹង​ប្រារព្ធ​ទិវា​អនាម័យ​បរិស្ថាន​ជាតិ ២៣ វិច្ឆិកា ក្រោម​ប្រធានបទ «មាតុភូមិយើង កាតព្វកិច្ចយើង ស្អាត និងបៃតង» ក្នុង​គោលបំណង​លើក​កម្ពស់​ការ​យល់ដឹង​អំពី​បរិស្ថាន​ទៅ​ដល់ សាធារណជន សិស្ស និស្សិត ជាពិសេស ជំរុញ​ចលនា​គាំពារ​បរិស្ថាន ការ​អភិរក្ស​ជីវៈចម្រុះ និង​ការ​រស់នៅ​ប្រកប​ដោយចីរភាព»។

កម្មវិធីនេះ ផ្តោតសំខាន់​លើ​ចលនា​កម្លាំង​គ្រប់​ស្រទាប់​វណ្ណៈ​ក្នុង​ការ​ចូលរួម ធ្វើ​អនាម័យ​បរិស្ថាន ដែល​នឹង​ប្រព្រឹត្ត​ទៅ នាថ្ងៃ​ទី២២ ខែ​វិច្ឆិកា ឆ្នាំ​២០២២ វេលាម៉ោង ០៧:៣០-៩:៣០នាទី នៅ​ក្រុង​សែនមនោរម្យ ខេត្ត​មណ្ឌលគិរី ដោយ​ប្រកាន់​ខ្ជាប់​នូវ​គោលការណ៍​ណែនាំ​របស់​ក្រសួង​សុខាភិបាល និង​វិធានការ «៣កុំ ៣ការពារ» ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ១៩៕