ភ្នំពេញៈ គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូទាំង​ប្រទេស​នៅ​ថ្ងៃ​ទី១៩ ខែ​វិច្ឆិកា ឆ្នាំ ២០២២នេះ បណ្តាល​ឱ្យ​មនុស្ស​ស្លាប់ ៨នាក់ (ស្រី ១នាក់) របួស​ធ្ងន់ ៥នាក់ និង​របួសស្រាល ១នាក់។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​អគ្គស្នងការ​នគរបាលជាតិ។

យោងតាម​ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូទាំង​ប្រទេស​ចេញ​ដោយ​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរបាលជាតិ នៅ​ថ្ងៃទី១៩ ខែ​វិច្ឆិកា បាន​បញ្ជាក់​ថា គ្រោះថ្នាក់​ដែល​បង្ក​ឱ្យ​មាន​មនុស្ស​ស្លាប់​និង​របួស​ចំនួន ១៤នាក់ កើតឡើង​ដោយសារ​ការ​ប៉ះទង្គិច​គ្នា​ចំនួន ៧លើក។

ដោយឡែក ក្នុង​រយៈពេល ១៩ថ្ងៃ (ថ្ងៃទី ១-១៩ ខែវិច្ឆិកា) ការ​រឹត​បន្ដឹង​ការ​អនុវត្ត​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក យានយន្ត​ចូល​គោលដៅ​មាន​ចំនួន ៣២ ៣៨៣ គ្រឿង ក្នុង​នោះ​រកឃើញ​យានយន្ត​ល្មើស​សរុប​ចំនួន ៣ ៣៥៥គ្រឿង ម៉ូតូ​មាន​ចំនួន ២ ៩១០គ្រឿង ត្រូវ​បាន​ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ​៣៩ អនក្រ.បក នៅ​ទូទាំង​ប្រទេស។

របាយការណ៍​ដដែល​បាន​វាយ​តម្លៃ​រយៈពេល ១៩ ថ្ងៃ នៃ​ខែ​វិច្ឆិកា​នេះ ឃើញ​ថា ការ​អនុវត្តតាម​អនុក្រឹត្យ ការ​ផាក​ពិន័យ​យានយន្ត​ល្មើស បាន​ដំណើរការ​ទៅ​យ៉ាង​ល្អ​ប្រសើរ ទទួល​បាន​ការ​គាំទ្រ ពិសេស​អ្នក​ប្រើប្រាស់​ផ្លូវ​ទាំងអស់ បាន​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​យ៉ាងល្អ​ប្រសើរ៕