
ភ្នំពេញៈ អគ្គលេខាធិការដ្ឋានរដ្ឋសភាកម្ពុជា បានឱ្យដឹងថា គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នឹងអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ តបតាមការអញ្ជើញរបស់លោក ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា។
សេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា ចុះថ្ងៃទី១៨ ខែវិច្ឆិកា បានឱ្យដឹងថា នៅក្នុងអំឡុងពេលទស្សនកិច្ចនេះ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាឡាវ គ្រោងមានកម្មវិធីជួបជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ នៃព្រះរាជាណាចក្រកម្ពុជាមានដូចជា ចូលក្រាបបង្គំគាល់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។
ចូលជួបសម្តែងការគួរសមជាមួយ លោក សាយ ឈុំ ប្រធានព្រឹទ្ធសភា ចូលជួបសម្តែងការគួរសមជាមួយ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងចូលជួបសវនាការ និងពិភាក្សាការងារទ្វេភាគីជាមួយ លោក ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពង្រឹងពង្រីកចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិ នៃប្រទេសទាំង២។
នៅក្រោយជំនួប ភាគីទាំង ២ នឹងអញ្ជើញ ចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា រវាងរដ្ឋសភាទាំង ២ កម្ពុជា-ឡាវ និងរវាង អគ្គលេខាធិការដ្ឋានរដ្ឋសភាកម្ពុជា និងអគ្គលេខាធិការដ្ឋានរដ្ឋសភាឡាវ ព្រមទាំងជំនួបពិភាក្សាការងាររវាងគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ នៃរដ្ឋសភាកម្ពុជា និងគណៈកម្មាធិការការពារជាតិ និងសន្តិសុខ នៃរដ្ឋសភាឡាវ និង ជំនួបពិភាក្សាការងាររវាងក្រុមមិត្តភាពរដ្ឋសភា កម្ពុជា-ឡាវ ផងដែរ។
ប្រភពដដែលបញ្ជាក់ថា៖ «នៅក្នុងដំណើរទស្សនកិច្ចនេះដែរ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាឡាវ នឹងអញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធ នៅវិមានឯករាជ្យ មណ្ឌបព្រះបរមរូប ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្ដម សីហនុ “ព្រះបរមរតនកោដ្ឋ” អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងអញ្ជើញទៅទស្សនកិច្ចនៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញផងដែរ»៕