ភ្នំពេញៈទូ​សៀវ​ភៅ​ដែល​បាន​រចនា​ និង​បង្កើត​ដោយ​ដៃ​មាន​សណ្ឋាន​ជា ​៤ ​ថ្នាក់ អម​ជា​មួយ​ប្រអប់​ទទួល​ការ​បរិច្ចាគ​នៅ​ពីលើ ​ដែល​មាន​ប្រក់​ជា​​ដំបូល​ដូច​ទៅ​នឹង​ដំបូល​ផ្ទះ ​ត្រូវ​បាន​ដាក់​ឱ្យ​ប្រើ​ប្រាស់​ និង​ផ្សព្វ​ផ្សាយ​ពី​គម្រោង​យុទ្ធ​នា​ការ​សៀវ​ភៅ ១ សហ​គមន៍ ១​ នៅ​ភោជ​នីយ​ដ្ឋាន​បណ្តែត​ទឹកក្រូ​កូ​ដាល​ ដែល​ជា​ទូ​ក​កម្សាន្ត​ដឹក​ភ្ញៀវ​ទេស​ចរ​នៅ​តាម​ដង​ទន្លេ​។

យ៉ាង​ហោច​ណាស់​ទូ​សៀវភៅ​ក្នុង​សណ្ឋាន​បែប​នេះ​ចំនួន ​២៥ ​នឹងត្រូវ​ដាក់​ពង្រាយ​នៅតាម​ហាង​កាហ្វេ​ និង​ភោជនីយ​ដ្ឋាន​​ដទៃ​ទៀត​នៅ​ទូ​ទាំង​​​រាជ​ធានី​ភ្នំពេញ​ក្នុងគោល​បំណង​ ដើម្បី​ផ្សព្វ​ផ្សាយ​អំ​ណាន​នៅតាម​ស្ថាប័ន​ឯក​ជន ​​ដែល​គាំទ្រ​ និង​ស្រឡាញ់​ការ​អប់រំ​បែប​អំ​ណាន​។

លោក​ សុខ​ ឡាក់​ សហ​ស្ថាប​និក​បណ្ណា​ល័យ​បញ្ញ​វន្ត និង​ជា​សហ​ស្ថាបនិក​យុទ្ធ​នាការ​សៀវ​ភៅ ​១ សហ​គមន៍ ១​ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថាទូ​សៀវភៅ​ទាំង​នេះនឹង​រៀបចំ​សម្រាប់​ម្ចាស់​ហាង​កាហ្វេ​ និង​ភោជនីយ​ដ្ឋានខ្ចី​ប្រើ​ដោយ​ឥត​គិត​ថ្លៃ​ ដើម្បី​ដាក់​តាំង​បង្ហាញ​នៅ​ហាង​របស់​ពួក​គេ។លោក​ថា ការ​ពង្រាយ​ទូសៀវ​ភៅទាំង​នេះ គឺ​ដើម្បី​ជំរុញ និង​លើក​កម្ពស់​ការ​អាន​នៅក្នុង​ប្រទេស​កម្ពុជា ​ហើយ​វាក៏​ជា​ផ្នែក​មួយ​នៃ​គម្រោង​យុទ្ធ​នា​​ការ​សៀវ​ភៅ ១​ សហ​គមន៍​ ១ ​ដែល​គ្រោង​នឹង​អនុវត្ត​ចាប់​ពី​ឆ្នាំ​ដើម​ឆ្នាំ​ ២០២៣​ តទៅ​ផង​ដែរ​។

លោកបាន​បញ្ជាក់​ថា៖ «ពេល​នេះ​យើង​បាន​ដាក់​ទូ​សៀវភៅ​តាម​ហាង​បាន​មួយ​ចំនួន​ហើយ។ យើង​កំពុង​ពន្លឿន​ការ​ធ្វើ​ទូ​សៀវ​ភៅ​នេះ​ឱ្យ​គ្រប់​ ២៥ ​ដើម្បី​ដាក់​តាម​គោល​ដៅ​ក្នុង​ហាង​កាហ្វេ​ក្នុង​រាជធានី​ភ្នំពេញ។ ការ​ដាក់​ទូ​សៀវ​ភៅ​ក្នុង​ពេល​នេះ ក៏​បាន​ឆ្លុះ​បញ្ចាំង​ពី​គម្រោង​យុទ្ធ​នា​ការ​សៀវ​ភៅ ១ ​សហ​គមន៍ ១​ នឹង​ត្រូវ​អនុវត្ត​ក្នុង​ពេល​ឆាប់ៗ»​។

លោក ​សុខ ឡាក់ និយាយ​ថា ទូ​សៀវ​ភៅ​ទាំង​នេះគឺមាន​តួនាទី​សំខាន់​ក្នុង​ការ​ផ្សព្វ​ផ្សាយ​អំពី​យុទ្ធ​នាការក៏​ដូច​ជា​វប្ប​ធម៌​អាន​ទៅ​កាន់​សាធា​រណ​ជនហើយ​វា​ក៏​ជា​ផ្នែក​មួយ​ក្នុង​ការ​ប្រមូល​សំឡេង​គាំទ្រ​ និង​ថវិកា ដើម្បី​ទ្រទ្រង់​យុទ្ធ​នាការ​នេះឱ្យ​កាន់​តែ​មាន​ប្រសិទ្ធ​ភាព​ទៀត​ផង។

ម្យ៉ាង​ទៀត​ លោក​អះអាង​ថា ការ​ដាក់​តាំង​បង្ហាញ​ទូ​សៀវភៅ​នៅ​តាម​ហាង​កាហ្វេ និង​តាម​ទីសា​ធារណៈ​គឺជា​ឥរិយា​បថ​មួយ​ក្នុង​ការ​ជួយ​ជំរុញ​ការ​អាន​និង​ការអាន​តាម​សា​ធារណៈព្រម​ទាំង​ជំរុញ​ឱ្យ​សា​ធារណជន​ផ្តល់​តម្លៃ​ និង​យល់​ដឹង​ពី​សារៈ​សំខាន់​ជុំវិញ​ការ​អាន​សៀ​វភៅ​។

​សហ​ស្ថាប​និក​បណ្ណា​ល័យ​បញ្ញ​វន្ត និង​ជា​សហ​ស្ថាបនិក​យុទ្ធ​នាការ​សៀវភៅ ​១ សហ​គមន៍ ១ ​រូបនេះ បាន​អះអាង​ថា​ប្រសិន​បើ​យុទ្ធ​នា​ការ ​ដែល​បាន​ធ្វើ​ឡើង​ក្នុង​រាជ​ធានី​ភ្នំពេញ​មានការ​គាំទ្រ​ច្រើននោះ​ទូ​សៀវភៅ​ជា​ច្រើន​ទៀតនឹង​ត្រូវ​បាន​ធ្វើ​ឡើង​ ដើម្បី​ចែក​ចាយ​ទៅតាម​ហាង​កាហ្វេ និង​ភោជនីយ​ដ្ឋាន​នានា​នៅតាម​បណ្តា​ខេត្ត​ដទៃ​ទៀត​នៅ​កម្ពុជា។

លោក ​សុខ​ ឡាក់ ​បង្ហាញ​ក្តីរំពឹង​ថា៖ «បងប្អូន​អាច​ចូល​រួម​បរិច្ចាគ​តិចក្តី​ច្រើន​ក្តី​ទៅ​តាម​លទ្ធ​ភាព ​ដើម្បី​រួមគ្នា​លើក​កម្ពស់​ការ​អាន​នៅ​តាម​សហ​គមន៍​នៅ​ទូទាំង​ ២៥​ ខេត្ត​រាជធានី។ឆ្លៀត​ក្នុង​ឱកាស​នេះក្រុម​ការងារ​យើង​ខ្ញុំ​ក៏​សូម​អរគុណ​ដល់​បង​ប្អូន​សាធា​រណជន​ទាំង​អស់​ដែល​បាន​បរិច្ចាគ​ថវិកា​ ដើម្បី​ជួយ​ជំរុញ​ឱ្យមាន​សកម្ម​ភាព​នេះ​ឡើង រួមទាំង​សហ​ការ​ផ្តល់​ទីតាំង​ក្នុង​ការ​ដាក់​តាំង​ទូសៀវ​ភៅ»​។

លោក​ ប៉ាង វណ្ណៈ ជា​បុគ្គលិក​ហាង​កាហ្វេ​មួយ​កន្លែង ស្ថិត​ក្នុង​សង្កាត់​ទួល​ទំ​ពូង​ បាន​ពោល​ឡើង​ថា ទូ​សៀវ​ភៅ​ដែល​រចនា​ឡើង​ពី​អ្នក​ស្ម័គ្រ​ចិត្ត​ក្នុង​គម្រោង​យុទ្ធនា​ការ​សៀវភៅ​ ១ ​សហ​គមន៍ ១ គឺ​មើលទៅ​គួរឱ្យ​ទាក់​ទាញ​ព្រោះ​បាន​ដាក់​តាំង​​បង្ហាញ​សៀវភៅ​រឿង​ប្រ​លោម​លោក ​និង​សៀវ​ភៅ​ទស្សន​វិ​ជ្ជា​ជាច្រើន​ក្បាល​សម្រាប់​អ្នក​ដែល​ចូល​ចិត្ត​និង​ស្រឡា​ញ់​ការ​អាន​សៀវ​ភៅ។

ជាបុ​គ្គលិក​ហាង​កាហ្វេ​ ដែល​បាន​ផ្តល់​ទីកន្លែង​សម្រាប់​ដាក់​តាំង​បង្ហាញ​ទូ​សៀវភៅ​ក្នុង​ចំណោម​ហាង​កាហ្វេ​និង​ភោជ​នីយ​ដ្ឋាន​ដទៃ​ទៀត​លោក វណ្ណៈ បាន​បង្ហាញ​ក្តី​រំពឹង​របស់​ខ្លួន​ថា​ទូសៀវ​ភៅនេះ​នឹង​អាច​ចូល​រួម​ចំណែក​ និង​ជំរុញ​ឱ្យ​អតិ​ថិ​​ជន​របស់​ខ្លួន​បាន​ទទួល​សៀវ​ភៅ​អាន​ល្អៗ​។

លោក​បាន​រៀប​រាប់​ថា៖ «មានទូ​សៀវ​ភៅ​នេះ​នៅក្នុង​ហាង​កាហ្វេ គឺជា​រឿង​មួយ​ដ៏​ល្អ​ដល់​ប្រជា​ជន​ទូទៅ ជា​ពិសេស​ក្មេង​ៗ​ដែល​គាត់​មក​ទទួល​អាហារ ​និង​កាហ្វេ​នៅក្នុង​ហាង​របស់​ប្អូន។ ដោយ​សារ​តែ​អំឡុង​ពេល​នេះ​សាលា​រដ្ឋគេ​ឈប់​សម្រាក​។ ដូច្នេះ​ នឹង​មាន​ក្មេងៗគាត់​មក​ហាង​កាហ្វេ​ច្រើន ​ពេល​នោះ​ឃើញ​សៀវ​ភៅ គាត់​នឹង​អាន​បាន ​ព្រោះ​សៀវភៅ​ដែល​ដាក់​ក្នុង​ទូ​សៀវ​ភៅ​នេះ​គឺ​គួរ​ឱ្យ​ចាប់​អារម្មណ៍»​។

អំឡុង​ពេល​ធ្វើការ​នៅ​ហាង​ការ​ហ្វេ​លោក​ ប៉ាង​វណ្ណៈ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថាទូ​សៀវ​ភៅ​មួយ​នេះគឺ​មាន​ការ​តាំង​បង្ហាញ​សៀវ​ភៅ​ជា​ច្រើន​ក្បាល ដែល​មាន​ទាំង​ភាសា​ជាតិ និង​អន្តរ​ជាតិ​ហើយ​អតិថិ​ជន​អាច​យក​សៀវ​ភៅ​ទាំង​នេះទៅ​អាន​បាន​ដោយ​សេរី​។

តាម​គម្រោង​របស់​គម្រោង​យុទ្ធនា​ការ​សៀវ​ភៅ ១ ​សហ​គមន៍​ ១ ចំពោះ​សៀវភៅ​ ដែល​ដាក់​តាំង​បង្ហាញ​នៅ​ក្នុង​ទូ​សៀវ​ភៅ​នឹង​ត្រូវ​ផ្លាស់​ប្តូរ​ជា​ប្រចាំ​ និង​ទៀង​ទាត់​ដែល​លោក​វណ្ណៈ​អះអាង​ថាការធ្វើ​បែប​នេះនឹង​កាន់​តែ​ទាក់​ទាញ​អ្នក​អាន​កាន់​តែ​ច្រើន​ ព្រោះ​ភ្ញៀវ​ដែល​មក​ហាង​កាហ្វេ​របស់​លោក​រាល់​ថ្ងៃ​នឹង​មិន​ធុញ​នឹង​ការ​អាន​សៀវ​ភៅ​ដដែលៗ​។

ជា​ម្ចាស់​ហាង Java Creative Cafe ដែល​ចូល​ចិត្ត​គំនិត​ច្នៃ​ប្រឌិត​ និង​សិល្បៈ​វប្បធម៌​ខ្មែរ​អ្នក​ស្រី Dana Langlois បាន​រៀប​រាប់​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​ចាប់​តាំង​ពី​ខ្លួនបាន​បើក​ហាង Java Creative Cafe ក្នុង​ឆ្នាំ​២០០០​សិល្បៈបាន​ក្លាយ​ជា​បេះដូង​នៃ​អ្វី​គ្រប់​យ៉ាង​ដែល​អ្នក​ស្រី​បាន​ធ្វើ​នៅ​ក្នុង​ហាង​របស់​ខ្លួន​។

អ្នកស្រី​បាន​អះ​អាង​ថា​ហាង​អ្នក​ស្រីបាន​ធ្វើការ​ និង​បាន​ចូលរួម​គាំទ្រ​ដល់​សិល្បៈ​ខ្មែរ​អស់​រយៈ​ពេល​ជាង ​២២ ​ឆ្នាំ​មក​ហើយហើយ​ការ​ផ្តល់​ទីកន្លែង ​សម្រាប់​ដាក់​តាំង​បង្ហាញ​ទូ​សៀវ​ភៅ​សម្រាប់​ផ្តល់​ចំណេះ​ដឹង​តាម​រយៈ​ការ​អាន​សៀវភៅ​ដល់​អ្នក​ដែល​មក​ពិសា​កាហ្វេ​នៅ​ហាង​របស់​អ្នក​ស្រីគឺជា​គុណ​តម្លៃ​មួយ​ដែល​អ្នក​ស្រី​ពេញ​ចិត្ត​និង​អាច​ចូល​រួម​បាន​។

ជា​ម្ចាស់​ហាង​កាហ្វេនិង​បាន​មក​រស់នៅ​កម្ពុជា​អស់​ជា​ច្រើន​ឆ្នាំអ្នកស្រី Danaបាន​បញ្ជាក់​ថា៖​ «យើង​បាន​ផ្តល់​បណ្ណា​ល័​យ​សម្រាប់​អាន​សៀវ​ភៅ​ដោយ​ឥត​គិត​ថ្លៃដោយ​ផ្តោត​លើ​អក្ស​រសិល្ប៍​ជា​ភាសា​ខ្មែរ​ដល់​អតិថិ​ជន​របស់​យើង​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ ដូច្នេះ​វា​សម​ស្រប​ជាមួយ​នឹង​គុណ​តម្លៃ​របស់​យើង​ក្នុង​ការគាំទ្រ​ One Book One Com​munity»។

បន្ថែម​ពីនេះ​អ្នក​ស្រីក៏​បាន​បង្ហាញ​ពី​អារម្មណ៍​ដ៏​អស្ចារ្យ​ដែល​បាន​រួម​ចំណែក​ជា​មួយ​យុទ្ធ​នា​ការ​នេះ​យ៉ាង​ដូច្នេះ​ថា៖​ «ខ្ញុំ​ពិតជា​រីក​រាយនិង​កោត​សរសើរ​ចំពោះ​ស្នាដៃ​របស់​លោក​សុខឡាក់ដែល​តាម​ពិតគាត់​គឺជា​អ្នក​ជំនាញ​ដែល​បាន​ជួយ​យើង​បង្កើត​បណ្ណា​ល័យ​តូច​មួយ​ផ្ទាល់​ខ្លួន​នៅ Java Creative Cafe។ខ្ញុំ​ពិត​ជា​សប្បាយ​រីករាយ​ណាស់​ដែល​យើង​អាច​គាំទ្រ​គម្រោង​ដ៏​សំខាន់​នេះ​សម្រាប់​អ្នក​អាន​និង​អ្នក​និពន្ធ​ចាប់​ពី​ពេល​នេះនិង​ទៅ​អនា​គត»​។

ជា​ទូទៅ​ការ​អាន​គឺមាន​គុណ​សម្បត្តិ​ ១០ ​យ៉ាង​ដូច​ជា​ជួយ​ជំរុញ​ខួរក្បាល​ឱ្យ​រហ័សរ​ហួនជួយ​អភិវឌ្ឍនូវ​ការ​គិត​អាច​ឱ្យ​មាន​ការ​ស្រមើ​ស្រមៃ​ទៅកាន់​ពិភព​លោក​ថ្មីកាត់​បន្ថយ​ភាព​តានតឹង​ជួយ​ឱ្យមាន​ភាព​សកម្ម​ និង​ក្លា​ហាន​ជាង​មុនជួយ​លើ​ក​ទឹកចិត្ត​ឱ្យមាន​ក្តី​សង្ឃឹមជួយ​ឱ្យមាន​ភាព​ច្នៃ​ប្រឌិត​ជាង​មុនជួយ​បង្កើន​វាក្យ​សព្ទ​ក្នុងការ​និយាយ​ជួយ​ឱ្យ​មាន​អត្ត​ច​រិ​ត​ថ្នៃ​ថ្នូរ និង​គុណ​ធម៌​ព្រមទាំង​ផ្តល់​ចំណេះ​ដឹង​ខ្ពស់​ធ្វើជា​ម្ចាស់​ការ​ខ្លួន​ឯ​ង​បាន​ផង​ដែរ។ ទាំងនេះ គឺជា​ការ​ពោល​ឡើង​របស់​លោក​រស់​កុក​ប្រធាន​នាយក​ដ្ឋាន​សៀវភៅ​ និង​ការ​អាន​នៃ​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្ប:។

លោក​ រស់ កុក បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ​ការ​អាន​សៀវ​ភៅ​គឺ​មិន​រើស​ទីកន្លែង​នោះទេហើយ​ទីក​ន្លែង​ណាក៏​អាច​អាន​សៀវ​ភៅ​បាន​ដែរ។ដូច្នេះ​លោក​គាំទ្រ​ចំពោះ​ការរៀបចំ​ឱ្យមាន​ទូ​សៀវភៅ​នៅ​តាម​ហាង​កាហ្វេ​ និង​ភោជនីយ​ដ្ឋាន​នេះដែល​​បាន​ចូល​រួម​ចំណែក​ជំរុញ​ការ​អាន​សៀវ​ភៅ​នៅ​កម្ពុជា​។

លោក​បាន​បញ្ជាក់​ថា៖ ​«ខាង​នេះ​ធ្វើ​បន្តិច​ខាង​នោះ​ធ្វើ​បន្តិច​យើង​សហ​ការគ្នា​ធ្វើ​ហើយ​ទៅ​កន្លែង​ណាក៏​ក្រឡេក​ឃើញ​សៀវ​ភៅ​ទៅវា​នឹង​ធ្វើឱ្យ​មនុស្ស​ចូល​ចិត្ត​អាន​សៀវ​ភៅ​ហើយ។​ យើង​ត្រូវ​ផ្សព្វ​ផ្សាយ​ជំរុញ​ធ្វើ​ម៉េច​ឱ្យ​សាធា​រណ​ជន​ហ្នឹង​គាត់​​ស្គាល់​ឬក៏​ដឹង​ពី​គុណ​តម្លៃឬ​សារ​ប្រ​យោជន៍​នៃ​ការ​អាន។ ពេល​ខ្លះគាត់​មិន​ដឹង​ដូច្នេះ​គាត់​មិន​ប្រឹង​អាន​នោះ​ទេ»៕