
ស្មៀនសង្កាត់តាខ្មៅពេលឃាត់ខ្លួនកាលពីថ្ងៃទី ១៤ វិច្ឆិកា ។ រូបថត សហការី
កណ្ដាលៈចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល លោកស្រីហុង ម៉ារីនិច កាលពីថ្ងៃទី ១៨ ខែវិច្ឆិកា បានសម្រេចឃុំខ្លួនបណ្តោះអាសន្នឈ្មោះ សុខ សុផា ភេទប្រុស ជាស្មៀនសាលាសង្កាត់តាខ្មៅ ដាក់ក្នុងពន្ធធនាគារខេត្តកណ្តាល ពាក់ព័ន្ធការកេងយកផលប្រយោជន៍ដោយខុសច្បាប់ ដោយប្រព្រឹត្តបន្លំដកយកសាច់ប្រាក់ពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ ជាង ៥២ លានរៀល។
លោក សូ សារិន ប្រធានលេខាធិការដ្ឋានរដ្ឋបាលនៃសាលាដំបូងខេត្តកណ្តាលប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ២០ ខែវិច្ឆិកាថា ព្រះរាជអាជ្ញារងលោក ឯក ស៊ុនរស្មី ជាអ្នកទទួលបន្ទុកខាងតំណាងអយ្យការអមសាលាដំបូងខេត្តកណ្តាល ហើយសំណុំរឿងនេះជាសំណុំរឿងលេខ ១ ៧១៦ ចុះថ្ងៃទី ១៨ ខែ វិច្ឆិកា ឆ្នាំ ២០២២ ។
លោកបញ្ជាក់ថា៖ «ចៅក្រមស៊ីបសួរគឺលោកស្រី ហុងម៉ារីនិច សម្រេចឃុំខ្លួន [ឈ្មោះ សុខ សុផា ភេទប្រុស អាយុ ៤៦ ឆ្នាំ មានលំនៅ ភូមិព្រែកសំរោង ២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរស្មៀនសាលាសង្កាត់តាខ្មៅ] នៅថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០២២ ដាក់ពន្ធនាគារខេត្តកណ្តាល»។
លោក ឯក ស៊ុន រស្មី ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យតំណាងអយ្យការអមសាលាដំបូងខេត្តកណ្តាលបានឱ្យដឹងនៅថ្ងៃទី ២០ ខែវិច្ឆិកាថាបន្ទាប់ពីទទួលបានសំណុំរឿងពីអង្គភាពប្រឆាំងអំពើពុករលួយនៅថ្ងៃទី ១៨ ខែវិច្ឆិកា តំណាងអយ្យការបានធ្វើការចោទប្រកាន់តាមបញ្ញត្តិមាត្រា ៥៩៧ និង ៥៩៨ នៃក្រមព្រហ្មទណ្ឌ ពោលគឺចោទប្រកាន់ដូចនឹងមាត្រាដែលអង្គភាពប្រឆាំងអំពើពុលរលួយរកឃើញ។
លោកថ្លែងថា៖ «ខ្ញុំបានធ្វើការចោទប្រកាន់ទៅហើយ ខាងចៅក្រមគេចេញដីកាបង្គាប់ឱ្យឃុំតាំងពីថ្ងៃសុក្ រ[ថ្ងៃទី ១៨ វិច្ឆិកា] តាមមាត្រា៥៩៧-៥៩៨ នៃក្រមព្រហ្មទណ្ឌ»។
អង្គភាពប្រឆាំងអំពើពុករលួយបានឱ្យដឹងតាមរយៈសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី ១៦ ខែវិច្ចិកាថា ជនសង្ស័យ ឈ្មោះ សុខ សុផា ត្រូវបាន អ.ប.ព. ឃាត់ខ្លួនកាលពីថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២២ ពាក់ព័ន្ធនឹងការមិនបើកប្រាក់ឧបត្ថមជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ ១៩ ។
ដោយឡែក សេចក្តីប្រកាសព័ត៌មានរបស់អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព) ចុះថ្ងៃទី ១៩ ខែវិច្ឆិកាបានឱ្យដឹងថា ក្រោយពីបានស៊ើបអង្កេត ស្តាប់ចម្លើយជនរងគ្រោះ ស្តាប់ចម្លើយសាក្សី និងជនសង្ស័យ ព្រមទាំងពិនិត្យ ភ័ស្តុតាង ដាក់បន្ទុកខាងលើ អ.ប.ព អាចសន្និដ្ឋានបានថា ជនសង្ស័យ សុខ សុផា ពិតជាបានដកយក និងរក្សាទុកបណ្ណសមធម៌ដើម្បីបើកប្រាក់ឧបត្ថម្ភជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ចំនួន ១៨ បណ្ណ ដើម្បីជាប្រយោជន៍ផ្ទាល់ខ្លួនស្មើនឹងទឹកប្រាក់ចំនួន ៥២.៧៤៨.០០០ រៀល ពិតប្រាកដមែន។
អង្គភាពប្រឆាំងអំពើពុករលួយបានលើកឡើងថា ទង្វើរបស់ឈ្មោះ សុខ សុផា ក្នុងឋានៈខ្លួនជាអ្នករាជការសាធារណៈដែលមានមុខងារជាស្មៀនសង្កាត់តាខ្មៅ និងមានតួនាទី និងផ្តល់បណ្ណសមធម៌ជូនប្រជាពលរដ្ឋស្របតាមកម្មវិធីរបស់រាជរដ្ឋាភិបាលក្នុងការឧបត្ថម្ភសាច់ប្រាក់ ជូនប្រជាពលរដ្ឋក្រីក្រ ប៉ុន្តែបុគ្គលនេះបែរជាដកយក និងរក្សាទុកបណ្ណសមធម៌ទាំងនេះ ដើម្បីជាផលប្រយោជន៍ផ្ទាល់ ខ្លួនទៅវិញ។
អ.ប.ព បញ្ជាក់ថា «នេះជាទង្វើបុគ្គលដែលខុសយ៉ាងធ្ងន់ធ្ងរពីការណែនាំនិងគោលការណ៍របស់រាជរដ្ឋាភិបាល»។
ប្រភពដដែលបានឱ្យដឹងថា អំពើរបស់ឈ្មោះ សុខ សុផា ដែលមានភ័ស្តុតាងគ្រប់គ្រាន់ មានសាក្សីបញ្ជាក់ ហើយជនសង្ស័យ សុខ សុផា ខ្លួនឯង ក៏បានសារភាព គឺមាននូវរាល់ធាតុផ្សំនៃបទល្មើស អ.ប.ព. ស្នើសាលាដំបូងខេត្តកណ្តាលបន្តនីតិវិធីតាមផ្លូវច្បាប់ ចំពោះជនសង្ស័យ ឈ្មោះ សុខ សុផា បន្ទាប់ពីមានភ័ស្តុតាងគ្រប់គ្រាន់ពាក់ព័ន្ធធាតុផ្សំនៃបទល្មើស កេងយកផលប្រយោជន៍ដោយខុសច្បាប់ហើយជនសង្ស័យមានចេតនាពិតប្រាកដក្នុងការប្រព្រឹត្តផ្ទុយនឹងមាត្រា៥៩៧(និយមន័យនៃការកេងយកផលប្រយោជន៍ ដោយខុសច្បាប់) និងមាត្រា ៥៩ (ទោសដែលត្រូវអនុវត្ត) នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ។
ផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន នៅក្រោយកិច្ចប្រជុំនៅសណ្ឋាគារសុខាភ្នំពេញ កាលពីព្រឹកថ្ងៃទី ១៧ ខែវិច្ឆិកា លោក ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានឱ្យដឹងថា ស្មៀនគឺជាមន្ត្រីមុខងារសាធារណៈ មានតួនាទី ដើម្បីជួយដល់ការងារក្រុមប្រឹក្សា និងមេឃុំចៅសង្កាត់ ប៉ុន្តែបើធ្វើខុសនោះជារឿងបុគ្គលដែលត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។
លោកបានបញ្ជាក់ថា៖ «នោះជារឿងបុគ្គលរបស់គាត់ទេ ប៉ុន្តែគ្រាន់ថា ស្មៀន ជាមន្ត្រីមុខងារសាធារណៈដែលគាត់មានតួនាទីដើម្បីជួយដល់ក្រុមប្រឹក្សា មេឃុំ ចៅសង្កាត់ ប៉ុន្តែការប្រព្រឹត្តរបស់គាត់ អាហ្នឹងជារឿងមួយទៀត ដែលទាំងអស់គ្នាគឺស្ថិតនៅក្រោមច្បាប់ទាំងអស់គ្នា អ្នកណាធ្វើខុសនឹងទទួលខុសត្រូវ»។
មាត្រា ៥៩៨ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ចែងថា ការកេងយកផលប្រយោជន៍ដោយខុសច្បាប់ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ ទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី ៤ លាន ទៅ ១០ លានរៀល៕