ភ្នំពេញៈ ម្ចាស់​គម្រោង​ធុរកិច្ច​ ៣ ​នាក់​ដែល​បង្កើត​អាជីវកម្ម​ថ្មី​ពាក់ព័ន្ធ​នឹង​ផ្នែក​ថែទាំ​សុខភាព​នៅ​កម្ពុជា​បានឈ្នះ​ប្រាក់រង្វាន់​ប្រមាណ​ជាង​ ១ ​ម៉ឺន​ដុល្លារ​ដើម្បី​បង្កើន​អាជីវកម្ម​របស់ខ្លួន​ និង​បាន​បន្តដំណើរ​កម្សាន្ត​ទៅ​ប្រទេស​ស្វ៊ីស​រយៈពេល​ ១០ ​ថ្ងៃ ដើម្បី​ផ្លាស់ប្តូរ​បទពិសោធន៍​ផ្នែក​អាជីវកម្ម​បង្កើត​ថ្មី ក្រោយ​ចូលរួម​ប្រកួត​ក្នុង​កម្មវិធី Lafiya Innovators នៅ​កម្ពុជា​។

កម្មវិធី Lafiya Innovators គឺជា​កម្មវិធី​មួយ​ផ្តល់​ការគាំទ្រ​ទៅ​លើ​គម្រោង​ធុរកិច្ច​ថ្មី​ផ្នែក​ថែទាំ​សុខភាព​សុខាភិបាល​នៅ​កម្ពុជា​។ គម្រោង​នេះ​បានផ្តល់​វគ្គប​ណ្តុះ​បណ្តាល​រយៈពេល​ ២ ​ខែ​ទៅកាន់​ធុរជន​ថ្មីៗ មុននឹង​ផ្តល់ឱកាស​ឱ្យ​ពួកគេ​ឡើង​ការពារ​គម្រោង​ធុ​រ​កិច្ច​ថ្មី​របស់ខ្លួន​ទៅកាន់​គណៈ​កម្មការ​ដើម្បី​វាយតម្លៃ​រក​អ្នកឈ្នះ​។

កញ្ញា តាំង ស៊ីវហ្គិច ប្រធាន​គ្រប់គ្រង​គម្រោង Lafiya Innovators នៅ​កម្ពុជា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ២០ វិច្ឆិកា​ថា ក្រោយ​ផ្តល់​ការ​បណ្តុះបណ្តាល​រយៈពេល​ ២ ​ខែ​នៅ​ខែវិច្ឆិកា​នេះ ម្ចាស់​អាជីវកម្ម​ ១០ ​ក្រុម ឬ​នាក់ បាន​ឡើង​ធ្វើ​បទ​បង្ហាញ​របស់ខ្លួន ពី​អាជីវកម្ម​ដែល​ពួកគេ​បាន​បង្កើត​ថ្មី​ក្នុងការ​គាំទ្រ​ដល់​បញ្ហា​សុខភាព និង​វិស័យ​សុខាភិបាល​នៅ​កម្ពុជា​។ កញ្ញា​បាន​បន្តថា ម្ចាស់​អាជីវ​-​កម្ម​ចំនួន​៣​នាក់ ក្នុងចំណោម​នោះបាន​ឈ្នះ​ពានរង្វាន់​ជា​ទឹក​ប្រាក់​ប្រមាណ​ជាង​ ១ ​ម៉ឺន​ដុល្លារ​ដើម្បី​បន្ត​អភិវឌ្ឍ​អាជីវកម្ម​របស់​ពួកគេ​បន្ថែមទៀត​ក្នុងន័យ​គាំទ្រ​ដល់​វិស័យ​សុខាភិបាល និង​សុខភាព​សាធារណៈ​នៅ​កម្ពុជា​។

កញ្ញា​បញ្ជាក់ថា​៖ «​បូករួម​ជា​មួយ​រង្វាន់​នេះ ពួកគាត់ ក៏​ទទួល​បានជា​ដំណើរ​ទស្សនកិច្ច​រយៈ​ពេល​ ១០ ​ថ្ងៃ នៅ​ប្រទេស​ស្វ៊ីស ​ដើម្បី​ផ្លាស់ប្តូរ​បទពិសោធន៍ និង​ផ្សារភ្ជាប់​ទំនាក់ទំនងរ​វាង​ម្ចាស់​ធុរកិច្ច​បង្កើត​ថ្មី​ផ្សេង ​នៅក្នុង​ប្រទេស​ដទៃ​ផងដែរ​»​។

កញ្ញា តាំង ស៊ីវហ្គិច បានឱ្យដឹង​ទៀតថា គម្រោង Lafiya Innovator ត្រូវបាន​បង្កើតឡើង​ដោយ Impact Phnom Penh សហការ​ជាមួយ Impact Hub នៃ​ប្រទេស​ចំនួន​ ៥ ​ផ្សេងទៀត គឺ​មាន​ប្រទេស​ចំនួន​ ៣ ក្នុង​សហគមន៍​អឺរ៉ុប ប្រទេស​បង់ក្លាដែស និង​ប្រទេស​ស្វ៊ីស​។​ កញ្ញា​បានឱ្យ​ដឹង​ទៀតថា គម្រោង​នេះ ក៏​នឹង​បន្ត​ផ្តល់​ការគាំទ្រ​ទៅកាន់​ធុរជន​ទាំងនោះ​រយៈពេល​ ៥ ​ខែ បន្តទៀត​ផងដែរ​ដើម្បីឱ្យ​ពួកគេ​ពន្លឿន​អាជីវកម្ម​របស់ខ្លួន​។​ ម្ចាស់​អាជីវកម្ម​ថ្មី​ដែល​ឈ្នះ​រង្វាន់​នេះ​មានដូចជា គម្រោង​អាជីវកម្ម Meet Doctor ដែលជា​កម្មវិធី​មួយ​ជួយ​អ្នកមាន​បញ្ហា​សុខភាព​ឱ្យ​ទទួលបាន​យ៉ាង​ឆាប់រហ័ស​ និង​ងាយស្រួល​ក្នុងការ​ស្វែងរក​វេជ្ជបណ្ឌិត​មាន​សមត្ថភាព​ខ្ពស់​។

រីឯ​អាជីវកម្ម​ទី​ ២ គឺ Green Lady Cambodia ដែល​ផ្តល់​ជម្រើស​ផលិតផល​ពេល​មក​រដូវ​ដែលមាន​សុវត្ថិភាព​ជាង​មុន​ហើយ​ក្នុងនោះ​ក៏បាន​អប់រំ​យុវជន​លើ​ប្រធានបទ​សុខភាព​ផ្លូវភេទ និង​សុខភាព​បន្ត​ពូជ និង​ផ្តល់​សិក្ខា​សាលា​សម្រាប់​ក្មេងស្រី និង​ស្ត្រី​នៅ​កម្ពុជា​។ ចំណែក​ទី​ ៣ គឺ​បាន​លើ​គម្រោង​អាជីវកម្ម Agri House ដែលជា​អាជីវកម្ម​ថ្មី​ក្នុង​ការផលិត និង​លក់​អាហារសម្រន់​ដែលមាន​តុល្យភាព​អាហារូបត្ថម្ភ​សម្រាប់​កីឡា​នៅ​កម្ពុជា​។

កញ្ញា ហុក សុវណ្ណវត្តី ស្ថាបនិក Green Lady បាន​ថ្លែងថា ពី​កម្មវិធី​នេះ អាចឱ្យ​កញ្ញា​ប្រើ​គន្លឹះ​ចាំបាច់​សម្រាប់​ការអភិវឌ្ឍ​អាជីវកម្ម​ដែលមាន​ភាពជា​សហគ្រិន​។ បន្ថែម​ពីនេះ ការចូលរួម​កម្មវិធី​នេះ គឺ​ទទួលបាន​ចំណេះដឹង​ និង​ការណែនាំ​ជាច្រើន​ពី​ក្រុម Impact Hub​ផងដែរ ដែល​នាំ​ឱ្យ​ខ្លួន​អាច​ឈ្នះ​ការប្រកួត​។​

កញ្ញា បញ្ជាក់ថា​៖ «​ខ្ញុំ​សូម​កោត​សរសើរ​ចំពោះ​អ្នក​ណែនាំ​គ្រូបង្វឹក និង​ក្រុម​ទាំងអស់​ដែល​បាន​ខិតខំ​ប្រឹងប្រែង​ក្នុង​កម្មវិធី​នេះ ​ដើម្បី​លើកទឹកចិត្ត​ដល់​សហគ្រិន​ថ្មី​ឱ្យ​កាន់​តែមាន​សុភមង្គល និង​មាន​តុល្យភាព​។ ដំបូង ខ្ញុំ​មិនបាន​រំពឹងថា នឹង​ឈ្នះ​ការប្រកួត​ឬ​ក៏​គិតពី​ការស្វែងរក​ឱកាស​ដើម្បី​ ឈ្នះ​ឡើយ ដោយសារ​ខ្លាច​ថា «​សុបិន​ធំ​ពេក​»​។​ ប៉ុន្តែ​អ្វីដែល​ជំរុញ​ខ្ញុំ​តាម​កម្មវិធី​នេះ​គឺ​ខ្ញុំ​ជឿថា​តម្រូវការ​ជា​ចាំបាច់​វិសមភាព​យេនឌ័រ​»៕