
លោក ជាវ តាយ (ឆ្វេង) និងលោក ខូយ រីដា។ រូបថត ហ្វេសប៊ុក
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានយល់ព្រមទៅតាមសំណើរបស់លោកឧបនាយករដ្ឋមន្ត្រី ស ខេង ដែលបានស្នើសុំគោលការណ៍តែងតាំងលោក ជាវ តាយ អភិបាលខេត្តពោធិ៍សាត់ មកជារដ្ឋលេខាធិការនៃក្រសួងមហាផ្ទៃ ហើយលោក ខូយ រីដា អភិបាលរងខេត្តបាត់ដំបង តែងតាំងជាអភិបាលខេត្តពោធិ៍សាត់ ជំនួសលោក ជាវ តាយ។
លោក ស ខេង បានដាក់លិខិតស្នើសុំគោលការណ៍តែងតាំងនេះជូនទៅលោក ហ៊ុន សែន កាលពីថ្ងៃទី ១៦ ខែវិច្ឆិកា។
នៅក្រោយកិច្ចប្រជុំលើកទី៥ គណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ (គសហ) កាលពីថ្ងៃទី ១៧ វិច្ឆិកា លោក ស ខេង បានប្រាប់អ្នកកាសែតថា សំណើតែងតាំងរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងអភិបាលខេត្តពោធិ៍សាត់ ត្រូវបានលោកនាយករដ្ឋមន្ត្រីយល់ព្រមចុះហត្ថលេខារួចហើយ ។
លោកបញ្ជាក់ថា បើគ្មានអ្វីប្រែប្រួលទេ នៅថ្ងៃទី ២១ ខែវិច្ឆិកា លោកនឹងទៅប្រកាសផ្ទេរមុខតំណែងអភិបាលខេត្តពោធិ៍សាត់។ «ឯកឧត្តម ជាវ តាយ គាត់អត់មានកំហុសអីទេ ប៉ុន្តែគឺគាត់ត្រូវការពេលវេលា ដើម្បីនឹងសម្រាកព្យាបាលខ្លួនគាត់ហើយ និងក្រុមគ្រួសារគាត់ចង់បាន អ៊ីចឹងហើយយើងក៏គោរពទៅតាមការសំណូមពររបស់គាត់»។
លោក ជាវ តាយ ត្រូវបានផ្ទេរពីអភិបាលខេត្តកំពតទៅអភិបាលខេត្តពោធិ៍សាត់ កាលពីនៅឆ្នាំ ២០២១៕