កំពង់ស្ពឺៈ​ប្រជា​សហ​គមន៍​ភូមិ​សុរិយានៃ​ឃុំ​តា​សាល់ ​ស្រុក​ឱ​រ៉ា​ល់ ខេត្ត​កំពង់​ស្ពឺ បាន​អះ​អាង​ថា ​បទល្មើស​ដាក់​អន្ទាក់​នៅតែ​បន្ត​កើត​មាន​គួរឱ្យ​ព្រួយ​បារម្ភ​នៅក្នុង​តំបន់​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ឱ​រ៉ាល់​ ជា​ពិសេស​នៅ​ក្នុង​តំបន់​ភ្នំ​ធំ និង​ខ្នង​វាល​។​

​តំណាង​ប្រជា​សហ​គមន៍​ភូមិ​សុរិយា ​លោក​ វី រ៉ា​ន់ បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ថា ​អន្ទាក់​ជាង​ ២០០​ គ្រឿង ត្រូវបាន​ប្រជា​សហ​គមន៍​របស់​លោក​ រួម​សហ​ការ​ជាមួយ​ក្រុម​ឧទ្យា​នុរក្ស នៃ​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់​ចុះ​ស្រាវ​ជ្រាវ និង​ដោះ​បាន​ជា​រៀង​រាល់​ខែ​។ ក្នុង​នោះ​ក៏មាន​សត្វព្រៃ​មួយ​ចំនួន​បាន​ងាប់​ដោយ​ការជាប់​អន្ទាក់​ទៀត​ផង​។​

​លោក វី រ៉ាន់ ​បាន​ឱ្យដឹង​ថា​៖ «​ប្រជា​សហ​គមន៍​ក្នុងភូមិ​សុរិយា​យើង​ខ្ញុំ​យល់​ថា ​អន្ទាក់​ គឺជា​ឃាត​ករ​សម្លាប់​សត្វ​ព្រៃ​ដ៏​ស្ងៀម​ស្ងាត់​»​។

​បើតាម​លោក​ វី រ៉ា​ន់ តំបន់ភ្នំ​ធំ និង​ខ្នង​វាល គឺជា​ជម្រក​សត្វ​ព្រៃ​និង​ជា​តំបន់​ដែលមាន​រុក្ខជាតិ​គ្រប់​ប្រភេទ​ដ៏​សម្បូរ​បែប​។ ក្នុង​នោះ​ក៏មាន​សត្វ​កម្រ​ជាច្រើន​ប្រភេទ​ផង​ដែរ ​ដូច​ជា សត្វ​ខ្ទីង ទន្សោង ខ្លាឃ្មុំ ​ខ្លាត្រី ដំរី ឈ្លូស ​ស្វា​ព្រា​ម និង​សត្វ​ក្ងោក ​ព្រម​ទាំង​មាន​ដើម​ឈើ​ធំៗ​និង​ជីវ​ចម្រុះ​គ្រប់​ប្រភេទ ​ហើយ​ក៏ជាទី​ទាក់​ទាញ​នៃ​ក្រុម​ទេស​ចរ​ធម្ម​ជាតិ ព្រៃភ្នំ​ផង​ដែរ។

ទោះ​ជាយ៉ាង​ណា​ក្ដី លោក​បាន​ថ្លែងថា​ វត្ត​មាននៃ​អន្ទាក់​បាន​ធ្វើឱ្យ​សត្វ​ព្រៃ​ដ៏​កម្រ​មួយ​ចំនួន​ត្រូវ​ងាប់​ហើយ​ខ្លះទៀត​ត្រូវ​ពិការ​ បន្ទាប់ពី​រួច​ពី​អន្ទាក់​ដោយ​មាន​របួស​ធ្ងន់​ធ្ង​រ ព្រោះ​អន្ទាក់​ខ្លះ​ត្រូវបាន​គេ​សាង​ឡើង​ពី​ខ្សែ​ហ្វ្រាំង​កង់ ខ្សែ​នីឡុង ​និង​ខ្សែលួស​ដោយ​មាន​ភ្ជាប់​ឧបករណ៍​ឆក់ដែល​អាច​សម្លាប់​សត្វ​ព្រៃ​គ្រប់​ប្រភេទ​បាន​ដោយ​ងាយ​។

​លោក ​វី រ៉ា​ន់ ដែល​មាន​តួនាទី​ជា​អ្នកដឹក​នាំ​ផ្លូវ​ភ្ញៀវ​ទេសច​រធម្មជាតិ​ព្រៃភ្នំ ដើរ​ក​ម្សា​ន្ត​បោះតង់​នៅ​តំបន់​ខ្នង​វាល ភ្នំ​ធំ និង​តំបន់​ផ្សេងៗ​ទៀត​នៅក្នុ​ង​តំបន់​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ឱ​រ៉ា​ល់និង​ជួរ​ភ្នំក្រវាញ​កណ្ដាល​ផង​នោះ​បាន​សម្ដែង​ក្ដី​ព្រួយ​កង្វល់​ជាខ្លាំង​ជុំវិញ​បញ្ហា​អន្ទាក់​សត្វ​ព្រៃ​នេះ​។

លោក​ថ្លែង​ថា​៖ «​សត្វ​ព្រៃ​ក្នុង​ដែន​ជម្រក​ទាំងអស់​នឹងត្រូវ​ងាប់​ផុត​ពូជ ប្រសិន​បើ​អន្ទាក់​នៅតែ​បន្ត​មាន​វត្តមាន​ដ៏​អាថ៌កំ​បាំង​នៅ​ក្នុង​តំបន់​ដែន​ជម្រក​សត្វ​ព្រៃ​របស់​យើង​។ ហេតុ​នេះហើយ​ទើប​ប្រជា​សហ​គមន៍​ភូមិ​សុរិយា​យើង​ខ្ញុំ​ត្រូវ​ចូលរួម​ជាមួយ​ក្រុម​ឧ​ទ្យា​នុ​រក្ស​ ដើម្បី​ស្រាវជ្រាវ​និង​ដោះ​អន្ទាក់​សត្វព្រៃ​ទាំង​នោះ​»​។​

​ប្រជា​សហ​គមន៍​ភូមិ​សុរិយា​ម្នាក់​ទៀត អ្នក​ស្រី ខុន ឆៃ បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ថា ក្រៅពី​បទល្មើស​អន្ទាក់ នៅ​មាន​បទ​ល្មើស​ព្រៃឈើ​ផង​ដែរ​នៅក្នុង​តំបន់ភ្នំ​ធំ និង​ខ្នង​វាល​។ដោយ​សារ​ព្រៃ​នៅក្នុង​តំបន់​នោះ​មាន​ចម្ងាយ​ឆ្ងាយ​ពី​សហ​គមន៍ ដូច្នេះ​ការចុះ​ល្បាត​បង្ក្រាប​បទ​ល្មើស​មិន​ត្រូវ​បានធ្វើ​ឡើងជា​ញឹក​ញាប់​ទេ​។

ម្យ៉ាង​ទៀត​សហ​គមន៍​ក៏​មិនមាន​ថវិកា​គ្រប់​គ្រាន់​សម្រាប់​ការចុះ​ល្បាត​ឱ្យបាន​ទៀង​ទាត់​ដែរ ​ពោលគឺ​ក្នុង​រយៈ​ពេល​ ២ ​ខែ ក្រុម​សហ​គមន៍​បាន​នាំគ្នា​​ចុះ​ល្បាត​ព្រៃ​បានតែ​៣​លើក​ប៉ុណ្ណោះ ​ដោយ​ក្នុង ​១​ លើក​ប្រើ​រយៈពេ​ល​២​យប់​៣​ថ្ងៃ និ​ង​ដោយ​មាន​ការគាំទ្រ​ជំនួយ​ថវិកា ​និង​ស្បៀងអាហារ​ពី​ក្រុមមន្ត្រី​ឧ​ទ្យា​នុ​រក្ស​នៃ​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ឱ​រ៉ា​ល់​។​

​អ្នកស្រី ​ខុន ឆៃ បាន​និយាយ​ថា​៖ «​កាល​ពីមុន​មិន​សូវ​មាន​បទ​ល្មើស​អន្ទាក់​ច្រើន​បែប​ហ្នឹង​ទេ ហើយ​បទ​ល្មើស​ព្រៃ​ឈើ​ក៏​មិន​សូវ​មាន​ដែរ តែ​ឥឡូវ​នេះ​មាន​បទ​ល្មើស​ទាំង​នេះ​កើត​មាន​ច្រើន​ណាស់​។ ពេល​ពួក​យើង​ចុះ​ល្បាត​ព្រៃ​ជាមួយ​ក្រុម​ឧ​ទ្យា​នុ​រក្ស​ម្ដងៗ រ​កឃើញ​និង​ដោះ​អន្ទាក់​បាន​រាប់រយ​ អន្ទាក់​ខ្លះ​ជាប់​សត្វ​ព្រៃ​ឡើង​ងាប់​ហើម​ស្អុយ​ទៀត​ផង​»​។​

​បើតាម​អ្នក​ស្រី ខុន ឆៃ សត្វ​ព្រៃ​ដែល​ងាប់​ដោយ​ជាប់អន្ទា​ក់​ព្រានព្រៃ​នៅ​ចំណុច​ជើងភ្នំ​ធំ និង​ខ្នង​វាល​នាពេល​កន្ល​ងមក​នោះ​មាន​ដូច​ជា សត្វ​ខ្ទីង ខ្លាឃ្មុំ និង​ជ្រូក​ព្រៃ​ជាដើម​។ ចំណែក​ប្រភេទ​ដើមឈើ​ដែល​ត្រូវ​បាន​ក្រុម​ជន​ប្រព្រឹត្ត​បទ​ល្មើស​លួច​កាប់​នោះ ភាគ​ច្រើន​ជា​ដើមរាជ​កុល ​គគីរ ផ្ចឹក និងសុ​ក្រំ​។

​ជុំវិញ​ករណីនេះលោក ហ៊ុល ម៉ា​រ៉ា ប្រធានកា​រិយាល័យ​ដែនជ​ម្រកស​ត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍ ​ថ្មីៗនេះ​ថា ការប​ង្ក្រាប​បទល្មើ​ស​ធ​ន​ធាន​ធម្មជាតិ ​ជា​ពិសេស​បទ​ល្មើស​អន្ទាក់​សត្វ​ព្រៃ គឺមិន​ងាយ​ស្រួល​នោះ​ទេហើយ​វា​ក៏​មិន​មែន​ជា​តួនាទី​ និង​កាតព្វ​កិច្ច​ផ្ដាច់​មុខ​របស់​ក្រុម​ឧ​ទ្យា​នុ​រក្ស​នៃ​ក្រសួង​បរិស្ថាន​ដែរ​។

លោក​បាន​បន្ត​ថា ការងារ​នេះវា​ទាម​ទារ​ឱ្យមាន​ការ​ចូល​រួម​សហ​ការ​រាយកា​រណ៍ ឬផ្ដល់​ដំណឹង​អំពី​បទ​ល្មើស​និង​ទីតាំង​នៃ​បទ​ល្មើស​ឱ្យបាន​ជាក់​លាក់ ​និង​ទាន់​ពេល​វេលា​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំង​អស់ជា​ពិសេស​ពី​អាជ្ញា​ធរ​ និង​ប្រជា​សហ​គមន៍​មូល​ដ្ឋាន​ផ្ទាល់​តែម្ដង​។​

​លោក​ថ្លែង​ថា​៖ «​ការចូល​រួម​ពី​អាជ្ញាធរ​ និង​ប្រជា​សហ​គមន៍​មូល​ដ្ឋាន ​គឺមាន​ភាព​សំខាន់​ណាស់ ​ក្នុងការ​ទប់​ស្កាត់​បទ​ល្មើស​អន្ទាក់​ដ៏​មហន្ត​រាយ​នៃ​សត្វ​ព្រៃ​របស់​យើង កុំឱ្យ​កើត​មាន​»​។​

​បើតាម​លោក ​ម៉ា​រ៉ា នៅ​ចុងខែ​វិច្ឆិកា​នេះ លោក​នឹង​ដឹកនាំ​កម្លាំង​ឧ​ទ្យា​នុ​រក្ស​ដែន​ជម្រកស​ត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ ចុះ​សហ​ការ​ជាមួយ​កម្លាំង​សមត្ថ​កិច្ច​មូលដ្ឋា​ន​ និង​ប្រជា​សហ​គមន៍​មួយ​ចំនួ​នទៀត​ដើម្បី​ចេញ​ល្បាត​ស្រាវ​ជ្រាវ និង​បង្ក្រាប​បទ​ល្មើស​អន្ទាក់ និង​ធន​ធាន​ធម្មជាតិ ​នៅក្នុង​តំបន់​ខ្នង​វាល និង​ភ្នំ​ធំ រួមទាំង​តំបន់​ផ្សេង​ទៀត ដែល​ស្ថិត​ក្នុង​តំបន់​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ឱ​រ៉ា​ល់ ក្នុង​រយៈ​ពេល​ ១​ សប្ដាហ៍​។

​គិត​ជា​មធ្យម​ មាន​អន្ទាក់​ជាង​ ៤ ​ម៉ឺន​អន្ទាក់ ក្នុង​ ១ ឆ្នាំៗ ​ត្រូវ​បាន​ដក​ចេញ​ពី​តំបន់​ការពារ​ធម្មជាតិ​ ដែល​ចំនួន​នេះ​ប្រហែល​២០​ភាគរយ​ប៉ុណ្ណោះ​ក្នុង​ចំណោម​អន្ទាក់​ដែល​ជន​ល្មើស​បាន​ដាក់​ពង្រាយ​នៅក្នុង​តំបន់​ការពារ​។ នេះ​បើ​យោង​តាម​របា​យការណ៍រ​បស់​ក្រសួង​បរិស្ថាន​ដែល​ត្រូវបាន​ផ្សព្វ​ផ្សាយ​កាល​ពីដើម​ខែមី​នា ​ក្នុង​យុទ្ធ​នាការ​អន្ទាក់​សូន្យ​។​

​របាយ​ការណ៍បា​ន​បង្ហាញ​ថា នៅ​អំឡុង​ឆ្នាំ​ ២០២១​ អន្ទាក់​ចំនួន​ជាង ៦ ​ម៉ឺន​អន្ទាក់ ​(៦១ ​៦១១)​ ត្រូវ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​និង​ប្រជា​សហ​គមន៍​តំបន់​ការ​ពារធម្ម​ជាតិ​ដោះ​ចេញពី​តំបន់កា​រពារធម្ម​ជាតិ និង​របៀង​អភិរក្ស​ជីវចម្រុះ​ទាំង​ ៧៦​ កន្លែង​នៅ​កម្ពុជា​។

​អន្ទាក់​ទាំង​នោះ​រួម​មាន អន្ទាក់​ឆក់​ប្រើ​អគ្គិ​សនី អន្ទាក់​អង្គប់​ដែក​វាយ​បំបាក់​ស្មង​ជើង​សត្វ និង​ប្រភេទ​អន្ទាក់​ផ្សេងៗ​ទៀត​។ រីឯ​កាំភ្លើ​ង​កែច្នៃ ក៏​ជា​ផ្នែក​មួយ​គំរាម​កំហែង​ដល់​សត្វ​ព្រៃ ដែល​មន្ត្រី​ជំនាញតែង​តែ​រឹប​អូស​បាន​ពី​ក្រុម​ជន​ល្មើស​ជា​ច្រើន​ករណី​៕