កំពង់ឆ្នាំងៈ គ្រឿងក្នុងមាន់ប្រមាណជាង ៥ តោន ត្រូវបានសមត្ថកិច្ចខេត្តកំពង់ឆ្នាំងបង្ក្រាបបាននៅលើកំណាត់ផ្លូវជាតិលេខ ៥ ក្នុងស្រុករលាប្អៀរ ខណៈសមត្ថកិច្ចបន្តស៊ើបអង្គេតករណីពាក់ព័ន្ធនឹងការនាំចូលសាច់បង្កកពីក្រៅប្រទេសខុសច្បាប់ ដោយមន្ត្រីជំនាញអះអាងថា មិនមានការកើនឡើងនៃការនាំចូលផលិតផលបង្កកនោះទេ។

កាលពីល្ងាចថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ២០២២ សមត្ថកិច្ចសេដ្ឋកិច្ចខេត្តកំពង់ឆ្នាំង បានឃាត់រថយន្តសាំយ៉ុង ១ គ្រឿង ដោយបានដឹកជញ្ជូនគ្រឿងក្នុងមាន់ (កោះមាន់) ដោយគ្មានលិខិតអនុញ្ញាត ក្នុងអំឡុងពេលរថយន្តនោះបានឆ្លងកាត់ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

លោក ក្រឹង សំអាត ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា សមត្ថកិច្ចបានពិនិត្យឃើញមានកេសសរុបទាំងអស់ចំនួន ៣៤៥ កេស ដែលមានទម្ងន់ប្រហែលជាង ៥ តោន។

លោកបានបញ្ជាក់ថា៖ «បន្ទាប់ឃាត់បានមក សមត្ថកិច្ចក៏បានធ្វើកំណត់ហេតុប្រគល់ឱ្យការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង។ ចំពោះវត្ថុតាងជាកោះមាន់ដែលត្រូវសមត្ថកិច្ចឃាត់បាននេះ នឹងត្រូវគណៈកម្មការចម្រុះចុះដុតកម្ទេចចោលនៅថ្ងៃទី ២១ នេះ»។

ពាក់ព័ន្ធនឹងករណីនាំចូលសាច់បង្កកទាំងនេះ លោក ហ៊ុន សារ៉ាត់ ប្រធានក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចរាចរណ៍សត្វ និងផលិតផលមានដើមកំណើតពីសត្វបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ២១ វិច្ឆិកាថា សមត្ថកិច្ចចម្រុះក៏កំពុងបន្តស៊ើបអង្កេត និងស្រាវជ្រាវចំពោះករណីនាំចូលសាច់បង្កកពីក្រៅប្រទេសដោយខុសច្បាប់បន្ថែមទៀតផងដែរ។

លោកបានអះអាងថា៖ «នៅចំពោះមុខយើងនេះ សមត្ថកិច្ចយើង កំពុងបន្តតាមដានករណីនាំចូលសាច់បង្កក ។ ចំពោះខ្ញុំ នេះគឺកំពុងធ្វើការស៊ើបអង្កេតរាល់ថ្ងៃ នៅតាមផ្សារ ដើម្បីរកប្រភពនៃការនាំចូលសាច់បង្កកទាំងនេះ ទាំងកន្លែងស្តុកទុក និងនាំចូល។ យើងខំទប់ស្កាត់តាមផ្លូវគ្រប់កន្លែង តែមិនបានជួបប្រទះទាល់តែសោះ គឺមានតែលក់តិចតួច ចំពោះបទល្មើសធំៗ មិនមានទេ»។

ជាមួយនឹងការស៊ើបអង្កេតនេះ លោក ហ៊ុន សារ៉ាត់ បានអះអាងថា ក្នុងពេលបច្ចុប្បន្ននេះ ការនាំចូលផលិតផលសាច់បង្កកដោយខុសច្បាប់មកកម្ពុជា គឺមានការថយចុះ ខណៈសមត្ថកិច្ចនៅតាមព្រំដែន បានចាត់វិធានការយ៉ាងតឹងរឹងក្នុងការការពារ និងឃាត់ទុកជាមុន។ លោក បានអះអាងថា សមត្ថកិច្ច នឹងបន្តទប់ស្កាត់ និងស្រាវជ្រាវដើម្បីចាត់វិធានការបន្ថែមទៀត រាល់ការនាំចូលសាច់បង្កកគ្រប់ប្រភេទដោយខុសច្បាប់ ដើម្បីធានាឱ្យបាននូវតម្លៃលើទីផ្សារក្នុងស្រុក និងសុខសុវត្ថិភាពរបស់ពលរដ្ឋ។

លោកបានបញ្ជាក់ថា៖ «ចំពោះករណីធ្លាយចូលមកមួយៗ ក៏ត្រូវបានសមត្ថកិច្ចក្នុងស្រុក តាមបង្ក្រាបបានដោយទាន់ពេលវេលាផងដែរ។ ចំពោះករណីនាំចូលសន្ធឹកសន្ធាប់ គឺគ្មាននោះទេ ហើយការដែលមានការបង្ហោះលក់នេះ គឺផលិតផលដែលមានសល់ពីមុនៗទេ។ ក្នុងពេលនេះ តាមស្ថានភាពជាក់ស្តែង គឺប្រជាជនយើងមានការចិញ្ចឹមច្រើន ហើយលក់មិនសូវបានថ្លៃ ហើយដល់ច្រើនពេកទៅគាត់លក់មិនទាន់ ក៏បង្កកទុកដែរ»។

ជាអាជីវករលក់ផលិតផលសាច់បង្កកនៅលើអនឡាញ អ្នកស្រី ស៊ីវម៉ី បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ២១ វិច្ឆិកាថា អ្នកស្រីបានបង្ហោះលក់សាច់បង្កកទាំងនេះ ដោយមានដូចជាក្បាល ពោះវៀនជ្រូក ពោះវៀនធំ ស្លឹកត្រចៀកជ្រូក អណ្តាតជ្រូក ក្រពះជ្រូក ខួរជ្រូក បេះដូងជ្រូក។ អ្នកស្រីបាននិយាយបន្តថា ផលិតផលទាំងអស់នេះ គឺជាផលិតផលមានគុណភាពខ្ពស់ និងតម្លៃសមរម្យ ដែលមិនមានលាយសារធាតុគីមីដែលធ្វើឱ្យបះពាល់ដល់សុខភាពអ្នកបរិភោគឡើយ ខណៈអ្នកស្រី អះអាងថា ផលិតផលទាំងនេះ គឺបានយកពីឈ្មួញដទៃទៀត ហើយវាជាផលិតផលក្នុងស្រុក គឺមិនមែនជាផលិតផលនាំចូលដោយខុសច្បាប់នោះទេ។

អ្នកស្រីបានបញ្ជាក់ថា៖ «ខ្ញុំទិញតពីខាងគេដែរហ្នឹង មិនមែនជាដេប៉ូធំទេ គឺខ្ញុំទៅយកតាមផ្សារមកលក់បន្ត។ ផលិតផលគ្រឿងក្នុងនេះ គឺរបស់ក្នុងស្រុកយើងទេ ព្រោះរបស់បង្កកនេះ មានតម្លៃធូរថ្លៃជាងរបស់ស្រស់។ របស់ស្រស់ និងរបស់បង្កក គឺមានតម្លៃមិនដូចគ្នាទេ»។

លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាបាននិយាយថា ក្នុងពេលច្ចុប្បន្ននេះ មានការផ្សព្វផ្សាយពីផលិតសាច់បង្កកច្រើន ហើយសមាគម ក៏កំពុងបន្តការស៊ើបអង្គេត ដើម្បីស្វែងរកប្រភពឱ្យបានច្បាស់លាស់ផងដែរ។ ដោយសារតែស្ថិតក្នុងការស៊ើបអង្កេត លោកមិនអាចសន្និដ្ឋានបានទេថា ផលិតផលបង្កកដែលមានលើទីផ្សារពេលនេះ ជាផលិតផលនាំចូលខុសច្បាប់ឬយ៉ាងណា។

លោកបានអះអាងថា៖ «បញ្ហាទាំងនេះ ភាគីពាក់ព័ន្ធកំពុងធ្វើការស៊ើបអង្កេត ដែលយើងមិនអាចធ្វើការសន្និដ្ឋានបានទេ ព្រោះមិនទាន់មានភ័ស្តុតាងអី្វមួយនោះទេ។ យ៉ាងណាយើងឃើញមានសាច់បង្កកចរាចរលក់លើទីផ្សារពិតប្រាកដមែន»។

កាលពីខែមេសា លោក តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ធ្លាប់បានអះអាងថា កម្ពុជា ត្រូវតែប្រយ័ត្ននូវការនាំចូលសាច់បង្កកខុសច្បាប់ទាំងនោះ ខណៈអាចបង្កផលប៉ះពាល់ដល់ការចិញ្ចឹមសត្វក្នុងស្រុក ក្រៅពីនោះសាច់នាំចូលទាំងនោះអាចផ្ទុកនូវជំងឺទៀតផង៕