ភ្នំពេញៈ ​សមត្ថកិច្ច​ជំនាញ​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​រួមចំណែក​លើ​ការងារ​សន្តិសុខសម្រាប់​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​មួយចំនួនទៀត​នៅក្នុង​ខេត្តសៀមរាប​ ដែល​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​ ២០ ដល់​ថ្ងៃទី​ ២៤ នៅ​ខេត្តសៀមរាប​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក​ឧ​ត្ត​ម​សេនីយ៍​ អេង ហ៊ី អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដែល​បាន​ផ្សព្វផ្សាយ​ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់លោក​។​

លោក​ អេង ហ៊ី លើកឡើងថា អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ស្នើសុំ​សាធារណជន​ទាំងអស់ ជាពិសេស​ភូមិសាស្ត្រ​ក្នុង​ខេត្តសៀមរាប​ចូលរួម​ដោយ​សេចក្តី​ស្មោះត្រង់ ក្នុងការ​រួមចំណែក​ការពារ​សន្តិសុខ រក្សា​សណ្ដាប់ធ្នាប់ សុវត្ថិភាព​ជូន​គណៈប្រតិភូ​ជាតិ អន្តរជាតិ​។ លោក​ស្នើឱ្យ​ពលរដ្ឋ​ដែល​កំពុងធ្វើដំណើរ​តាម​ដងផ្លូវ សូមមេត្តា​ប្រុងប្រយ័ត្ន​កុំ​ឆ្លងកាត់​ត្រូវ​អេប​ស្តាំ អំឡុង​ពេលដែល​ក្បូន​របស់​គណៈប្រតិភូ​ធ្វើដំណើរ​មកដល់​។​លោក​ក៏​ស្នើឱ្យ​ពលរដ្ឋ​កុំ​រំខាន​ដល់​គណៈប្រតិភូ នៅ​ចំណុច​ទីតាំង​អាកាសយានដ្ឋាន​អន្តរជាតិ​កន្លែង​ស្នាក់នៅ​កន្លែង​ប្រជុំ​កន្លែង​ទស្សនកិច្ច និង​ទីលានកីឡា​...​។​ល​។​

លោក ​អេង ហ៊ី​បញ្ជាក់ទៀតថា៖ «​បុគ្គល​ដែល​គ្មាន​ភារកិច្ច ឬ​សមត្ថកិច្ច​ក្នុង​កិច្ចការ​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​នេះ សូមកុំ​រំខាន​កងកម្លាំង ឬ​មន្ត្រី​ដែល​កំពុង​បំពេញភារកិច្ច​នេះ​»​។​

​លោក​ អេង ហ៊ី បាន​បន្ថែមថា៖ «​យើងខ្ញុំ​ទាំងអស់គ្នា សង្ឃឹម​ជឿជាក់​ទុកចិត្ត​ចំពោះ​សាធារណជន ប្រជាពលរដ្ឋ​ខ្មែរ ដែលជា​ម្ចាស់​ប្រទេស ជា​ពលរដ្ឋ​ល្អ នឹងចូលរួម​យ៉ាងសកម្ម ដើម្បី​កិត្តិយស កិត្យានុភាព​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​យើងទាំងអស់គ្នា​»​។​

សេចក្តីសម្រេច​របស់​ក្រសួងការពារជាតិ ចុះ​ថ្ងៃទី​ ១ ខែមីនា ឆ្នាំ​ ២០២១ ស្តីពី​ការតែងតាំង​សមាសភាព តួនាទី និង​ភារកិច្ច​របស់​លេខាធិការដ្ឋាន និង​អនុគណៈកម្មការ​នានា នៃ​គណៈកម្មការ​អន្តរក្រសួង​ដើម្បី​រៀបចំ​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ឆ្នាំ​ ២០២២​បាន​ចាត់​តាំ​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក​ សៅ សុខា ជា​អនុប្រធាន​គណៈកម្មការ​អន្តរក្រសួង និង​ជា​ប្រធាន​អនុគណៈកម្មការ​សន្តិសុខ សណ្តាប់ធ្នាប់ និង​សុខាភិបាល​។​

រដ្ឋបាល​ខេត្តសៀមរាប កាលពី​ថ្ងៃទី​ ២០​ ខែវិច្ឆិកា បាន​ជូនដំណឹង​ស្តីពី​ការបញ្ចៀស​ការធ្វើដំណើរ​ឆ្លងកាត់​ខ្សែ​ផ្លូវ​មួយចំនួន​អំឡុងពេល​ការធ្វើដំណើរ​របស់​ប្រតិភូ​ចូលរួម​ប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​។​ ​រដ្ឋបាលខេត្ត​នឹង​ផ្អាក​ការធ្វើ​ចរាចរណ៍​លើ​កំណាត់​ផ្លូវជាតិ​លេខ​ ៦ ជា​បណ្តោះអាសន្ន​ចាប់ពី​ព្រលានយន្តហោះ​រហូតដល់​សុខា​សៀមរាប និង​កន្លែង​មួយចំនួនទៀត​ក្នុងអំឡុងពេល​ការធ្វើដំណើរ និង​ការ​ស្នាក់នៅ​របស់​ប្រតិភូ ដូច​មាន​ក្នុង​ផែនទី និង​មានការ​បញ្ជាការ​ចរាចរ​របស់​សមត្ថកិច្ច​តាម​គោលដៅ​នីមួយៗ។​

រដ្ឋបាល​ខេត្តសៀមរាប​បញ្ជាក់ថា៖ «​ការបិទ​ចរាចរណ៍​ទូទៅ​នេះ គឺធ្វើឡើង​តែ​ក្នុងពេល​ការធ្វើដំណើរ​របស់​ប្រតិភូ​តែប៉ុណ្ណោះ បន្ទាប់ពី​ប្រតិភូ​ឆ្លងកាត់​រួច ចរាចរណ៍​នឹង​បើក​ដំណើរ​ការធម្មតា លើកលែងតែ​គោលដៅ​ទីតាំង​ប្រជុំ ឬ​ការ​ស្នាក់​នៅតាម​ការចាំបាច់​របស់​សមត្ថកិច្ច​ជាក់ស្តែង​។»​។​

សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួងការពារជាតិ​បង្ហាញថា កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​-​បូក លើក​ទី​៩ (9″ADMM-Plus) និង​កិច្ចប្រជុំ​ពាក់ព័ន្ធ នៅ​ខេត្តសៀមរាប​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​ ២១ ដល់​ថ្ងៃទី​ ២៣ ខែវិច្ឆិកា ឆ្នាំ​ ២០២២​។ ក្រសួងការពារជាតិ​ក​ម្ពុ​ជា នឹង​រៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​ចង្អៀត រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន (ADMM Retreat) ដែល​កិច្ចប្រជុំ​នេះ ដឹកនាំ​ដោយ​លោក ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ការពារជាតិ​។​

រដ្ឋមន្ត្រី​ការពារ​ជាតិចិន និង​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក មក​ចូលរួម​ប្រជុំ​ជាមួយ​បណ្ដា​រដ្ឋមន្ត្រី​ការពារជាតិ​ប្រទេស​ផ្សេងទៀត ដែល​កិច្ចប្រជុំ​ទាំងអស់នោះ​ផ្តោតលើ​កិច្ចការងារ​សន្តិសុខ​តំបន់ និង​ពិភពលោក​៕