ភ្នំពេញៈ លោក អ៊ុក សមវិទ្យា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក ប.ស.ស. ណែនាំ​មន្ត្រី​គ្រប់​ជាន់ថ្នាក់របស់ខ្លួនឱ្យ​បន្ត​យកចិត្តទុកដាក់​ពិនិត្យ​ទៅលើ​សហគ្រាស​ខ្នាតតូច និង​ជំរុញ​ឱ្យ​ពួកគេមក​ចុះបញ្ជី​ក្នុង ប.ស.ស. ខណៈ​ក្រុមហ៊ុន​ដែល​​ជាប់​កាតព្វកិច្ច​បង់​ភាគទាន​ប្រាក់​សោធន​ដែលជា​របប​មួយ​ថ្មី មាន​ភាពយឺតយ៉ាវ​ក្នុង​ការបង់នៅខែដំបូង។

របប​សន្តិសុខ​សង្គម​ផ្នែក​ប្រាក់​សោធន​សម្រាប់​បុគ្គល​ទាំងឡាយ​ដែល​ស្ថិតនៅក្រោម​បទ​ប្បញ្ញត្តិ​នៃ​ច្បាប់​ស្តីពី​ការងារ បានចាប់ផ្តើម​អនុវត្ត​ចាប់ពី​ខែតុលា ដែល​គ្រប់​ក្រុមហ៊ុន សហគ្រាស នឹងត្រូវ​បង់​ភាគទាន​ទាំងនេះ​កាត់​ចេញពី​ប្រាក់ខែ​បុគ្គលិក​ចំនួន ២ ភាគរយ និង​ក្រុមហ៊ុន​ចំនួន ២ ភាគរយ ដើម្បី​បង់​ទៅ​ប​សស នៅ​ដើមខែ​បន្ទាប់ ដែល​ការបង់​ដំបូង អាច​នឹងមាន​ពេល​បង់​រហូតដល់​ដើមខែ​វិច្ឆិកា។

ប៉ុន្តែ​យ៉ាងណា​រហូតមកដល់​ថ្ងៃទី ២១ វិច្ឆិកា​នេះ នៅតែមាន​ក្រុមហ៊ុន​ឯកជន​មួយចំនួន មិនទាន់​បំពេញ​កាតព្វកិច្ច​ចប់​រួច​រាល់ ដោយសារតែ​កត្តា​បញ្ហា​បច្ចេកទេស​មួយចំនួន។ នេះ​បើតាម​ការអះអាង​របស់​លោក ហេង សុផាន់​ណា​រិ​ទ្ធ ​អគ្គ​នាយ​ករង ប.ស.ស.។

លោក សុផាន់​ណា​រិ​ទ្ធ បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី ២១ វិច្ឆិកា​ថា ការបង់​ភាគទាន​ប្រាក់​សោធន គឺ​បាន​ពន្យារ​ពេល​រហូត​មក​ដល់ពេលនេះ ហើយ​វា​អាច​នឹង​ពន្យារ​ពេល​បន្តទៀត​ទៅដល់​ក្រុមហ៊ុន សហគ្រាស​ដែល​មិនទាន់បាន​បំពេញ​កា​តព្វ​កិច្ច ដើម្បីឱ្យ​ពួកគេមក​បំពេញ​កាតព្វកិច្ច​ឱ្យបាន​រួចរាល់។

លោកបាន​បញ្ជាក់ថា៖ «សម្រាប់​ប្រាក់​ភាគទាន​ផ្នែក​សោធននេះ ដោយសារតែ​បញ្ហា​នេះ គឺជា​រឿង​ថ្មី ដែល ​ប.​ស.ស. ទើប​ចាប់ផ្តើម​ប្រមូល ដែល​ធ្វើឱ្យ​សហគ្រាស​មួយចំនួន មាន​ការបង់​យឺតយ៉ាវ។ កត្តា​នៃ​ការបង់​យឺត​យ៉ាងនេះ ដោយសារតែ​ក្រុមហ៊ុន​សហគ្រាស​ទាំងនោះ រៀបចំ​ឯកសារ​មិនទាន់​ត្រូវដែល​អាច​នឹង​លើក​ពេល ឬ​មិន​ធ្វើការ​ពិន័យ​ទៅ​គាត់​ទេ ដោយ​​​សារតែ​យើង​ឱ្យ​គាត់ ពន្យារ​ពេល​បង់ ព្រោះ​ដោយសារ​យើង​ទើប​ចាប់ផ្តើម​ដំណាក់កាល​ដំបូង គឺមាន​ភាពយឺតយ៉ាវ​បន្តិច​»។

ជាមួយនឹង​ភាពយឺត​យ៉ាវនេះ លោក ហេង សុផាន់​ណា​រិ​ទ្ធ បាន​សង្កត់​ធ្ងន់​ថា ចំពោះ​ក្រុមហ៊ុន សហគ្រាស​ដែលជា​ប់​កាតព្វកិច្ច​បង់​ភាគទាន​ប្រាក់​សោធន​ទាំងអស់ គឺ​ត្រូវតែ​ធ្វើ​ការបង់​ភាគទាន ហើយ​ត្រូវ​រួសរាន់​បំពេញ​កាតព្វកិច្ច​ឱ្យទាន់​ពេល​វេលា ទាន់ ប.ស.ស. ​ផ្តល់ឱកាស និង​មិនទាន់មាន​ការផាកពិន័យ។

លោកបាន​បញ្ជាក់ថា៖ «តាមពិតទៅ​ដំណើរ​នៃ​ការបង់​ភាគទាន​នេះ គឺមាន​លក្ខណៈ​ល្អប្រសើរ ដោយ​គ្រាន់តែ​យើង ទើប​ចាប់ផ្តើម​ដំណើរការ​ដំបូង អាច​ថា ក្រុមហ៊ុន ឬ​សហគ្រាស​មួយចំនួន គាត់​រៀបចំ​ឯកសារ​មិនត្រូវ ដែល​តែងតែ​ត្រឡប់​ឯក​សារទៅមកៗ រុញ​ចុះ​រុញ​ឡើង​ដោយសារ​ការ​គណនា​រប​ស់​ពួកគាត់ មិនត្រូវ​អី​ជាដើម។ យ៉ាងណា សហគ្រាស​គ្រឹះ​ស្ថាន​ទាំងនេះ គឺ​ត្រូវតែ​បង់​ភាគទាន​ម​ក ប​សស បើទោះជា​យឺត​បន្តិច​សម្រាប់​ខែ​ដំបូង»។

កាលពី​ថ្ងៃទី ២១ វិច្ឆិកា ប.ស.ស. បាន​បើក​កិច្ចប្រជុំ​ប្រចាំខែ​របស់ខ្លួន ដើម្បី​ពិនិត្យ​លើ​វឌ្ឍនភាព​ការងារ​សម្រេចបាន និង​បញ្ហា​ប្រឈមផ្សេងៗ ដោយមាន​វត្តមាន​ចូលរួម​ពី​ថ្នាក់ដឹកនាំ​មកពី​នាយក​ដ្ឋា​ន​សាខា ប.ស.ស. ខេត្ត ក្រុង ស្រុក ខណ្ឌ និង​តំណាង​ការិយាល័យ​សរុប​ប្រមាណ​ជាង ១០០នាក់ នៅ​សាលប្រជុំ​ធំ​ស្នាក់ការ​កណ្តាល ប.ស.ស. រាជធានី​ភ្នំពេញ និង​តាមរយៈ​ប្រព័ន្ធ Hybrid។

ក្នុងឱកាស​នោះ​លោក អ៊ុក សមវិទ្យា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក ប.ស.ស. បាន​ណែនាំ​ឱ្យ​មន្ត្រី​របស់​ខ្លួន ធ្វើយ៉ាងណា​ជំរុញ​ឱ្យ​សហគ្រាស​ខ្នាត​តូច​មក​ចុះបញ្ជី​ក្នុង ប.ស.ស. ឱ្យបាន​គ្រប់គ្នា ដើម្បី​ការពារ​អត្ថប្រ​យោ​ជន៍ និង​សិទ្ធិ​ទទួលបាន​ការប្រើប្រាស់​សេវា​នៅតាម​មូលដ្ឋាន​សុខាភិបាល​ប្រកបដោយ​ភាពច្បាស់លាស់។

បន្ថែម​ពីនេះ លោក ក៏បាន​ណែនាំ​ឱ្យ​ប្រធាន​អង្គភាព​ចំណុះ ប.ស.ស. មន្ត្រី បុគ្គលិក​គ្រប់លំដាប់​ថ្នាក់ ត្រូវ​បន្ដ​យកចិត្ត​ទុក​ដាក់​ពិនិត្យ តាមដាន អនុវត្ត​នូវ​រាល់​កិច្ចការ​របស់ខ្លួន ពិសេស​ត្រូវ​ផ្ដោតលើ​កត្ដា២ ដែល​ត្រូវ​ប្រកាន់ខ្ជាប់​ជាសំខាន់ នោះ​​គឺ​ភាពទន់ភ្លន់ និង​ម៉ឺងម៉ាត់​បំពេញការងារ។

លោក​បាន​បញ្ជាក់ថា៖ «ព្រោះថា​កត្ដា​សមត្ថភាព​២​នេះ​សំខាន់​ណាស់ ដែល​ថ្នាក់ដឹកនាំ​ទទួល​ភារកិច្ច​ជួរមុខ​ទាំងអស់​មិន​អាច​ខ្វះ​បាន​នោះឡើយ ព្រោះ​ខ្លួន​អ្នកផ្ដល់​សេវាសាធារណៈ ជាពិសេស​ត្រូវធ្វើ​យ៉ាងណា​រក្សា​នូវ​ក្រមសីលធម៌ វិជ្ជាជីវៈ ដើម្បី​ពង្រឹង​សេវា​ឱ្យ​ឈានទៅដល់​កម្រិត​១ដែល​ទទួលបាន​នូវ​ការផ្ដល់​ទំនុក​ចិ​ត្ដ​ខ្ពស់​ពី​ប្រជាពលរដ្ឋ»។

គិត​ត្រឹម​ខែតុលា មាន​កម្មករនិយោជិត​ចំនួន ១ ៤៦៦ ៧២៥ នាក់ នៅក្នុង​សហគ្រាស​ជាង ១៣ ៣០០ សហគ្រាស ដែលមាន​នៅក្នុង​ប្រព័ន្ធ ប.ស.ស. ស្រាប់ នឹង​ត្រូវមាន​កាតព្វកិច្ច​បង់​ភាគទាន​នេះ​ដោយ​ស្វ័យប្រវត្តិ។ នេះ​បើតាម​លោក ហេង សុផាន់​ណា​រិ​ទ្ធ៕