ភ្នំពេញៈ មន្ទីរ​សាធា​រណការ​និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ​បាន​សម្រេច​ផ្អាក​ការធ្វើ​ចរាចរណ៍​លើ​ និង​ក្រោម​ស្ពាន​បា​ឡេ​ឆ្លង​កាត់​ទន្លេ​សាប​ដែល​ត​ភ្ជាប់​តំបន់​ទីក្រុង​រណប​ជ្រោយ​ចង្វារ​ក្នុង​ខណ្ឌ​ជ្រោយ​ចង្វារមក​ខណ្ឌឫស្សី​កែវ​ជា​បណ្ដោះ​អាសន្ន​ បន្ទាប់​ពី​មាន​ករណី​សា​ឡង់​ដឹក​ខ្សាច់​​ធំ​មួយ​បាន​បើក​មក​បុក​ហើយ​លិច​ក្រឡាប់​មក​គាប​ជាប់​ក្រោម​ស្ពាន​នេះ​កាល​ពី​យប់​ថ្ងៃទី​២០​ខែវិច្ឆិកា ឆ្នាំ២០២២​។​

​លោក ​សាំ ពិសិដ្ឋ​ នាយក​មន្ទីរ​សា​ធារណ​ការ និង​ដឹក​ជញ្ជូន​រាជ​ធានី​ភ្នំពេញ ​បាន​ថ្លែង​ថា ​រហូត​មក​ទល់​រសៀល​ថ្ងៃទី​២១ ​ខែវិច្ឆិកា ឆ្នាំ​២០២២​នេះ ​សា​ឡង់​ដឹក​ខ្សាច់​នោះ​ នៅ​មិន​ទាន់​អូស​ចេញពី​គល់​ស្ពាន​នៃ​ទីតាំង​កើត​ហេតុ​នៅ​ឡើយ​ទេ​។

​លោក​ថ្លែង​ថា​៖«​ដើម្បី​សុវត្ថិ​ភាព​សា​ធារណៈ​ យើង​ចាំបាច់​ត្រូវ​ផ្អាក​ការធ្វើ​ចរាចរណ៍​ឆ្លង​កាត់ ​ទាំង​លើ​ស្ពាន និង​ក្រោម​ស្ពាន​សម្រាប់​រថយន្ត​ និងនាវាគ្រប់​ប្រភេទ​ជា​បណ្ដោះ​អាសន្ន​ រហូត​ដល់​មាន​ការ​សិក្សា​វាយ​តម្លៃ​ពី​ក្រុម​ជំនាញ​ការ​ស្ពាន​ថ្នល់​សា​ជាថ្មី​»​។​

​លោក​បាន​បន្ត​ថា ៖«​តាម​ការ​ប៉ាន់​ស្មានលើ​ករណី​នេះ​ វា​មិន​មាន​សភាព​ធ្ងន់​ធ្ងរ​​ទេ​»។​

​ទោះ​យ៉ាង​ណា លោក​ ពិសិដ្ឋ មិន​បាន​ប្រាប់​ឱ្យដឹង​អំពី​អត្ត​សញ្ញាណ​នៃ​ក្រុម​ហ៊ុន​សា​ឡង់​ដឹក​ខ្សាច់ដែល​បាន​បើក​បុក​ស្ពាន​បា​ឡេ​នោះ​ដើម្បីឱ្យ​សា​ធារណជន​បាន​ដឹង​ឡើយ​​ ដោយ​លោក​ជំរុញ​ឱ្យ​សួរ​ទៅ​កាន់​អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ​។ចំណែក​អ្នកនាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ ​លោក ម៉េ​ត មាស​ភក្ដី បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា លោក​នៅ​មិន​ទាន់​ទទួល​បាន​របាយ​ការណ៍​អំពី​ឧបទ្ទវ​ហេតុ​ខាងលើ​នេះពី​អង្គភាព​ជំនាញ​នៅ​ឡើយ​ទេ​។​

​ប៉ុន្តែ​បើតាម​រយៈ​កំណត់​ហេតុ​របស់​សមត្ថ​កិច្ច​ជំនាញ​ខាង​នាវា​ចរណ៍ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួល​បាន​នៅ​ល្ងាច​ថ្ងៃទី​២១ ខែវិច្ឆិកា ​ឆ្នាំ​២០២២ សា​ឡង់​ដឹក​ខ្សាច់​បង្ក​ហេតុ​ខាង​លើ​នេះ ជា​កម្មសិទ្ធិ​របស់​លោក លី ឃី អាយុ​៦៧​ឆ្នាំ មាន​លំនៅ​ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។សា​ឡង់​ដឹក​ខ្សាច់​នេះ មាន​ផ្ទុក​ខ្សាច់​ពេញ និង​បើកបរ​ដោយ​ឈ្មោះ ញ៉ុ​ក ម៉ក់ អាយុ​៤១​ឆ្នាំ​ ធ្វើដំណើរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ ដើម្បី​នាំ​ខ្សាច់យក​ទៅ​ដាក់​នៅ​ដេ​ប៉ូ​ខ្សាច់​គីឡូ​ម៉ែត្រ​លេខ​១០ ស្ថិត​ក្នុង​ខណ្ឌ​ឫស្សី​កែវ​។

​កំណត់​ហេតុ​ដដែល​នោះបាន​បញ្ជាក់​ថា​«​លុះ​មក​ដល់​ចំណុច​កើតហេតុ​ក៏មាន​បញ្ហា​ម៉ាស៊ីន​ខាង​ឆ្វេង បណ្ដាល​ឱ្យ​ឡើង​ចរន្ត​ទឹក​មិន​រួច ​ហើយ​រសាត់​មក​បោក​ផ្ទប់​សសរ​ស្ពាន​បា​ឡេ​ត្រង់​ចំណុច P4 និង P5 ស្ថិត​ក្នុង​ភូមិ​ឃ្លាំង​សាំង ​សង្កាត់​-​ខណ្ឌ​ឫស្សីកែវ ​រាជធានី​ភ្នំពេញ ​បណ្ដាល​ឱ្យ​ផ្អៀង ​ជាប់​គាំង​លើ​កំណល់​គ្រឹះ​ស្ពាន​នោះ​តែ​ម្ដង​។ ហេតុ​ការណ៍​នេះ​មិន​បណ្ដាល​ឱ្យមាន​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត​នាវិក ​ណា​ម្នាក់​ឡើយ​។ ចំណែក​សម្ភារ​ត្រូវ​ខូច​ខាត​ទាំង​ស្រុង​»​។​

​ជុំវិញ​ករណី​សា​ឡង់​ដឹក​ខ្សាច់​បើក​បុក​ស្ពាន​បា​ឡេ​នេះ លោក ​សុខ ទូច ប្រធាន​រាជ​បណ្ឌិត្យ​សភា​កម្ពុជា បាន​មាន​ប្រសាសន៍​ថាតាម​ផ្លូវ​ច្បាប់ ម្ចាស់​អាជីវ​កម្ម​សា​ឡង់​ដឹក​ខ្សាច់​ត្រូវ​ទទួល​ខុស​ត្រូវចំ​ពោះ​សកម្ម​ភាព​បង្ក​ហេតុ​របស់​ខ្លួនដែល​នាំ​ឱ្យ​ខូច​ខាត​ឬ​ប៉ះ​ពាល់​ដល់​ផល​ប្រយោជន៍​សាធារណៈ​ ហើយ​ក្រសួងស្ថា​ប័ន និង​អង្គភាព​ជំនាញ​ដែល​ធ្វើ​ការងារ​ពាក់​ព័ន្ធ​លើ​វិស័យ​នេះ​គួរតែ​ធ្វើការ​ប្រកាស​ឱ្យ​ដឹង​អំពី​អ​ត្តសញ្ញាណ​នៃ​ក្រុម​ហ៊ុន​អាជីវកម្ម​ដែល​មាន​កំហុស​ឆ្គង​ទាំង​នោះ​ឱ្យ​សាធា​រណជន​បាន​ដឹង​ដើម្បី​ជា​ការ​ព្រមាន​ដល់​ក្រុមហ៊ុន​ដទៃ​ទៀត​ឱ្យមាន​ការ​ប្រុងប្រយ័ត្ន​និង​យក​ចិត្តទុក​ដាក់​អំពី​សុវត្ថិភាព​ជា​សា​ធារណៈ​។​

​លោក​បាន​បញ្ជាក់​ថា​៖«​បើទោះ​ជា​ករណី​នេះ​មិន​បង្ក​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត​មនុស្ស​ក៏ដោយ​ ប៉ុន្តែ​វា​បាន​បង្ក​ផ​លប៉ះពាល់​ និង​ខូច​ខាតដល់​ទ្រព្យ​សម្បត្តិ​សា​ធារណៈ​របស់​រដ្ឋ ​ដូច្នេះ​ម្ចាស់​អាជី​វកម្ម​សា​ឡង់​ដឹក​ខ្សាច់​ចាំ​បាច់​ត្រូវ​តែ​ចេញ​មុខ​ទទួល​ខុស​ត្រូវ​ក្នុង​ការបង់​ផាក​ពិន័យ​តាមផ្លូវ​ច្បាប់​។ចំណែក​សមត្ថកិច្ច​ជំនាញ​ត្រូវ​ធ្វើ​ការ​ស្រាវ​ជ្រាវ​ពី​សាវតារ​នៃ​ក្រុមហ៊ុន​សា​ឡង់​ដឹក​ខ្សាច់​នេះ​ដើម្បី​ប្រកាស​ឱ្យ​សា​ធារណ​ជន​បាន​ដឹងដើម្បី​ជា​ការ​ព្រមាន​កុំឱ្យ​ក្រុម​ហ៊ុន​ដទៃ​ទៀត​យក​តម្រាប់​តាម​»​។

គួររំឭកថា ​កាល​ពី​ថ្ងៃទី​១០ ​ខែកញ្ញា​ ឆ្នាំ​២០១៩​ ស្ពាន​ដែក​បា​ឡេ​ឫស្សី​កែវ​ក៏ត្រូវ​បាន​សា​ឡង់​ដឹក​ប្រេង​របស់​ក្រុមហ៊ុន«​សា​វី​មិច​»បើក​បុក​ដែរ​។ភ្លាមៗនោះ​នៅ​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០១៩​ អាជ្ញា​ធរ​ក៏បាន​ផ្អាក​ចរាច​រណ៍​នៅ​ស្ពាន​ដែក​បា​ឡេ​ឫ​ស្សី​កែវជា​បណ្តោះ​អាសន្ន​មួយ​រយៈ​ដែរ​៕