សៀមរាបៈក្រុម​គណ:​គ្រូពេទ្យ​កម្ពុជានៅ​ថ្ងៃ​ទី​ ២០ ខែវិច្ឆិ​កា ឆ្នាំ ​២០២២ បាន​រៀបចំ​ទិវា​អភិវឌ្ឍន៍​វិជ្ជា​ជីវ:​វេជ្ជ​សាស្ដ្រ​ប្រចាំ​ឆ្នាំលើក​ទី១៣ ដើម្បី​ផ្តល់​ចំណេះ​ដឹង និង​បទពិសោធន៍​ថ្មីៗ​ដល់​សមា​ជិក​គណ:​គ្រូ​ពេទ្យ ក្នុង​គោល​បំណង​អភិវឌ្ឍ​វិស័យ​សុខា​ភិបាល​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់​។

ក្រុ​ម​វេជ្ជ​បណ្ឌិត​ជំនាញ សាស្ត្រាចារ្យ​ផ្នែក​វេជ្ជសាស្ត្រ​ដែលមា​នបទ​ពិសោធ​ន៍ បាន​ឡើង​ធ្វើ​បទ​បង្ហាញ​ដើម្បី​ចែក​រំលែក​ទៅ​កាន់​សមា​ជិកចូ​លរួម​ពិធី នូវ​បទពិសោ​ធន៍និង​ចំណេះ​ដឹង​ដែល​ខ្លួន​មាន ព្រម​ទាំង​ក្រើន​រំឭក​ឱ្យ​អ្នក​ផ្ដល់​សេវា​សុខា​ភិបាល​ត្រូវ​ធ្វើ​ការងារ​ប្រកប​ដោយ​វិជ្ជាជីវៈ​និង​មាន​ក្រមសីល​ធម៌​ខ្ពស់​។

ប្រធាន​មន្ទីរ​សុខា​ភិបាល​ខេត្ដសៀ​ម​រាប លោកវេជ្ជ​បណ្ឌិត ក្រុស សារ៉ាត់ មាន​ប្រសាសន៍​តាម​រយ​:ទិវា​អភិវឌ្ឍន៍​វិជ្ជាជីវ​:វេជ្ជសាស្ត្រ​នេះថា​ ក្រុម​គ្រូពេ​ទ្យ នឹង​ទទួល​បាន​នូវ​ចំណេះ​ដឹង ទ្រឹស្ដី បទ​ពិសោធ​ន៍ ដើម្បី​ជាគុណ​ប្រយោជន៍​ក្នុង​ការ​អនុវត្ត​ការងារ​ប្រចាំ​ថ្ងៃ ដើម្បី​ព្យាបាល​ជំងឺ​ជូន​ប្រជាជន​ទាំង​សេវារ​ដ្ឋ និង​សេវា​ឯក​ជន​។

លោ​កបញ្ជា​ក់ថា ក្រុម​គ្រូពេទ្យ​បាន​យល់​កាន់​ប្រសើរ​ឡើង​ នូវ​បញ្ហាសុព​លភាព ក្រម​សីលធម៌​គ្រូ​​ពេទ្យ ច្បាប់​ស្តីពី​ការ​គ្រប់​គ្រង​អ្នក​ប្រកប​វិជ្ជាជីវ​:វិស័យ​សុខា​ភិបាល ហើយ​ចំនួន​អ្នកចូល​រួម​ក្នុង​ទិវាអភិវឌ្ឍន៍​វិជ្ជា​ជីវ: វេជ្ជ​សាស្ត្រ​មាន​ចំនួ​នកើ​ន​ឡើងជា​លំដាប់​។

លោក​វេជ្ជ​បណ្ឌិត ក្រុស សារ៉ាត់ ថ្លែង​​៖ «ទិវាវិជ្ជ​សាស្ដ្រ​វិជ្ជា​ជីវ​:គណ​:គ្រូពេទ្យ ប្រារព្ធ​ធ្វើ​ឡើង​ដើម្បី​ផ្ដល់​ឱកាស​ឱ្យ​គ្រូពេទ្យ​ទាំង​អស់ ពង្រីកនូវ​​ចំណេះដឹង​របស់​ខ្លួន​ជាប្រចាំ រៀនសូត្រ​ជាប្រ​ចាំ និង​យក​ចំណេះ​ដឹង​នេះ ​ទៅអនុវត្ត​​ក្នុង​ការ​ព្យាបាល​ជំងឺ ជូន​ប្រជាជន​ដោយ​គោរព​ទៅតាម​ក្រមសីលធ​ម៌វិ​ជ្ជាជី​វ: និង​ច្បាប់​ស្តីពី​ការ​គ្រប់​គ្រង​អ្នក​ប្រកប​វិជ្ជាជីវ​:វិស័យ​សុខា​ភិបាល»​។

លោក​ស្នើឱ្យ​ទាំង​គ្រូពេទ្យ​ខ្មែរ គ្រូ​ពេទ្យ​បរទេស​បន្ដ​ចុះប​ញ្ជី​គណ:​គ្រូពេទ្យ​ឱ្យ​បាន​ត្រឹម​ត្រូវ ​ដើម្បី​ចៀស​វាង​ខុស​ទៅនឹង​ច្បាប់ ស្តីពី​ការ​គ្រប់​គ្រង​អ្នក​ប្រកប​វិជា្ជ​ជីវ:​វិស័យ​សុខា​ភិបាល​​។

​ប្រធាន​គណ:​គ្រូពេទ្យ​ខេត្ដ​សៀម​រាប លោកវេជ្ជ​បណ្ឌិត​ អ៊ុយ ចាន់​ថុល មាន​ប្រសាន៍​ថា ទិវា​អភិវឌ្ឍន៍​វិជ្ជសា​ស្ដ្រ មាន​សារ​:​សំខាន់ ក្នុង​ការ​ពិភាក្សា​រកចំណុច​វិជ្ជមា​ន និង​អវិជ្ជមាន​របស់​គណ:គ្រូ​ពេទ្យ​ ។​

លោកប​ញ្ជាក់​ថា ​៖«ពេទ្យ​ខុស​ច្បាប់ ក៏នៅ​តែជា​បញ្ហាមួយ​ដែល​ត្រូវ​ដោះស្រា​យ ដែលទា​មទា​រឱ្យ​មាន​ការ​ចូល​រួម​ពីគ្រប់​ផ្នែក​ទាំង​អាជ្ញាធរ​ដែន​ដី ផ្នែក​សមត្ថ​កិច្ច ផ្នែក​សុខា​ភិបាល ផ្នែក​តុលា​ការ​ ​ដើម្បីមាន​វិធាន​ការ​លុប​បំបា​ត់»​។

លោក​ជំរុញដល់​គ្រូពេទ្យ​ទាំង​អ​ស់​​គោរព​ដែន​វិជ្ជាជីវ: ឱ្យ​បា​នត្រឹ​មត្រូវ​ ដើម្បី​ចៀស​វាង​ការបង្ក​គ្រោះថ្នាក់​ជាយ​ថាហេ​តុដល់​អ្នកជំ​ងឺ។​

លោ​កប​ន្ថែមថា​៖ «ពេទ្យ​ទាំង​អស់​ពិនិត្យ​មើល​នៅស​ម​ត្ថភាព​ខ្លួន​ឯង​ បើ​​ជំងឺ​ធ្ងន់ៗ​ត្រូវ​ឆាប់​បញ្ជូន​អ្នក​ជំងឺទៅ​កាន់​កន្លែង​មាន​សុវត្តិ​ភាព ដើម្បី​បន្ថយ​អត្រា​គ្រោះថ្នា​ក់»​។

​វេជ្ជបណ្ឌិត​ អ៊ុយ ចាន់​ថុល ឱ្យ​ដឹង​ថា កន្លង​ទៅ​ក្នុង​ករណី​ដែ​លនៅ​តាម​បន្ទ​ប់ពិ​គ្រោះឬ គ្លីនិក​ណាមួ​យ ​ដែលព្យា​បាលអ្នក​​ជំងឺបណ្តាលឱ្យស្លាប់ ក្រុម​ប្រឹក្សា​គណ:​គ្រូពេ​ទ្យរបស់​លោក បាន​ចុះទៅដល់​ទីតាំ​ង ​ដើម្បី​ពិនិត្យ​ភាព​ស្របច្បា​ប់ គុណវុ​ឌ្ឍិដើម្បី​ឱ្យដឹង​ថា អ្នក​ជំងឺស្លាប់​ដោយ​សារ​ស្ថាន​ភាពជំ​ងឺធ្ងន់​ធ្ងរពេ​ក ឬ​ស្លា​ប់​ដោយ​សារ​កំហុ​សប​ច្ចេកទេស​របស់​គ្រូពេ​ទ្យ។​

តាម​របាយ​ការណ៍​របស់​គណៈ​គ្រូពេ​ទ្យក​ម្ពុជា​បង្ហាញ​ថា ​គិត​មក​ដល់​ខែវិច្ឆ​កាឆ្នាំ ២០២​២ ​នេះ មានគ្រូពេ​ទ្យខ្មែ​រ ​និង​បរទេស​ចំ​នួន​ ៨៤៨ នាក់ ​បាន​ចុះ​ឈ្មោះជា​សមាជិក​គណៈគ្រូ​ពេទ្យខេត្ត​សៀម​រាប។​ នៅ​រយៈ​ពេល​ ១​ ខែចុង​ក្រោយ​នេះ ​គណៈគ្រូពេ​ទ្យក​ម្ពុជា បានរៀប​ចំ​ប្រារព្ធ​ទិវា អភិវឌ្ឍន៍​វិជ្ជា​ជីវ​:វេជ្ជ​សាស្ត្រ​នៅតាម​បណ្ដា​ខេត្ត​មួយ​ចំនួន​ទៀត​ក្រៅពីសៀម​រាប រួម​មា​ន​ខេត្ត​បន្ទាយ​មាន​ជ័យ ពោធិ៍សា​ត់ និង​ខេត្តស្វាយ​រៀង​ជាដើម​៕