
មន្ត្រីពាក់ព័ន្ធនៅក្នុងកិច្ចប្រជុំនៅរដ្ឋបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី ២១ វិច្ឆិកា។ រូបថត រដ្ឋបាលខេត្តព្រះសីហនុ
ព្រះសីហនុៈ រដ្ឋបាលខេត្តព្រះសីហនុ បានបង្កើតក្រុមការងារគ្រប់គ្រងត្រួតពិនិត្យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅក្នុងក្រុង ក្រោយពីពិនិត្យឃើញថា ហេដ្ឋារចនាសម្ព័ន្ធទាំងនោះ ទទួលរងនូវការខូចខាតនៅតំបន់មួយចំនួន។
លោក បូរី វង្សសានិត ប្រធានមន្ទីរសារណធាការ និងដឹកជញ្ជូនខេត្តព្រះសីហនុ បានឱ្យដឹងថា ក្រោយពីការប្រគល់-ទទួលផ្លូវ ៣៧ ខ្សែក្នុងក្រុងព្រះសីហនុ ដែលបានប្រគល់ឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនជាអ្នកគ្រប់គ្រង ឃើញថា ផ្លូវមួយចំនួន ត្រូវធ្វើការជួសជុលឡើងវិញ។
លោកបានថ្លែងដូចនេះ ក្នុងកិច្ចប្រជុំ នាថ្ងៃទី ២១ ខែវិច្ឆិកា ស្តីពីការត្រួតពិនិត្យសណ្តាប់ធ្នាប់ អនាម័យបរិស្ថាន និងការចុះពិនិត្យបទល្មើសដែលធ្វើឱ្យខូចខាតទ្រូងផ្លូវ ខឿនផ្លូវ ការ៉ូឡា ក្រានីតតាមបណ្តោយផ្លូវក្នុងក្រុងព្រះសីហនុ ដោយមានការចូលរួមពីនាយករងរដ្ឋបាលសាលាខេត្ត នាយក នាយករងទីចាត់ការសាលាខេត្ត និងប្រធានមន្ទីរពាក់ព័ន្ធក្នុងខេត្ត។
លោក បូរី វង្សសានិត មានប្រសាសន៍ថា ៖ «គិតមកដល់ខែកញ្ញា ឆ្នាំ ២០២២ ការខូចខាតទ្រូងផ្លូវ ខឿនផ្លូវ ការ៉ូឡា ក្រានីតតាមបណ្តោយផ្លូវក្នុងក្រុងព្រះសីហនុ មានរហូតដល់ ៦ ២០០ ម៉ែត្រការ៉េ លើទីតាំងចំនួន ៩៩៣ ទីតាំង លើខ្សែផ្លូវចំនួន ២៦ ខ្សែ ដោយត្រូវទាមទារឱ្យក្រុមការងារត្រូវធ្វើការ ជួសជុលឡើងវិញ ដើម្បីបរិស្ថាន និងសោភណភាពក្រុងព្រះសីហនុ»។
ជាមួយគ្នានោះដែរ លោក អ៊ី សុខឡេង អភិបាលរងខេត្តព្រះសីហនុ បាន ឯកភាពតាមការណែនាំរបស់ក្រុមការងារ បន្ទាប់ពីលោកទទួលបានរបាយការណ៍ និងការលើកឡើងពីមន្ត្រីជំនាញរួចមក។
ជាមួយគ្នានេះ លោកបានធ្វើការណែនាំ និងឯកភាពក្នុងការចុះអង្កេតអនុវត្តជាក់ស្តែង ដោយមានវត្តមានម្ចាស់ទីតាំងមួយចំនួនចូលរួមផងដែរ ទោះមានម្ចាស់ទីតាំងមួយចំនួន ព្យាយាមមិនទទួលខុស ត្រូវលើការខូចខាតនេះក្តី។
លោក អ៊ី សុខឡេង បានប្រាប់ថា៖ «ប្រសិនបើយើងយោគយល់លើហេតុផលរបស់ពួកគាត់ ធ្វើឱ្យការងារជួសជុលការ៉ូឡារបស់យើងមានការយឺតយ៉ាវ ដូច្នេះយើងត្រូវយកគោលការណ៍ជាក់លាក់ នៅគ្រប់ម្ចាស់ទីតាំងដែលបានធ្វើឱ្យខូចខាតត្រូវទទួលខុសត្រូវនៅលើទីតាំងរបស់ខ្លួន ហើយម្ចាស់ទីតាំងនីមួយៗត្រូវធ្វើជាភ្នែកឱ្យរដ្ឋបាលខេត្ត-ក្រុងក្នុងការរាយការណ៍មកក្រុមការងារ ឬអាជ្ញាធរមូលដ្ឋានផងដែរ»។
លោកបន្តថា ទន្ទឹមនោះក្រុមការងារត្រូវពន្លឿនការជួសជុលការ៉ូឡា នៅតាមបណ្តោយផ្លូវក្នុងក្រុងព្រះសីហនុ ដើម្បីលើកកម្ពស់សោភ័ណភាព បរិស្ថានទីក្រុងរបស់យើងកាន់តែល្អស្អាត។
បន្ថែមពីនេះ លោក អ៊ី សុខឡេង ក៏បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមសហការថែរក្សាសម្បត្តិសាធារណៈរបស់រដ្ឋមានដូចជា ទ្រូងផ្លូវ ខឿនផ្លូវ ការ៉ូឡា ក្រានីតតាមបណ្តោយផ្លូវក្នុងក្រុងព្រះសីហនុ និងតាមទីតាំងរបស់ខ្លួន។
សូមបញ្ជាក់ថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់នូវហេដ្ឋារចនាសម្ព័ន្ធ ដែលក្នុងនោះមានផ្លូវ ៣៧ ខ្សែ និងស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ចំនួន ២ កន្លែងក្នុងខេត្តព្រះសីហនុ ដែលបានចំណាយថវិការបស់ជាតិសម្រាប់សាងសង់សរុបប្រមាណ ៣០០ លានដុល្លារអាមេរិក។
ផ្លូវ និងអាងប្រព្រឹត្តិកម្មទឹកកខ្វក់ ដែលបានបើកការដ្ឋាន កាលពីខែវិច្ឆិកា ឆ្នាំ ២០១៩ ត្រូវបានសាងសង់រួចរាល់ជាស្ថាពរហើយ ត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២១ កន្លងទៅ៕