
រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ជួន ណារ៉ុន ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពីដំណើរការរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ កាលពីថ្ងៃទី ២១ ខែវិច្ឆិកា។ រូបថត សហការី
ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ជួន ណារ៉ុន ថ្លែងថា ការប្រឡងយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មិនមែនជាការដាក់ទោសទណ្ឌដល់សិស្សនោះទេ ប៉ុន្តែជាការគិតគូរដល់សិស្សក្នុងការរៀនសូត្រ ១២ ឆ្នាំមកនេះ ដើម្បីឱ្យពួកគេទទួលបាននូវផលប្រយោជន៍នៃចំណេះដឹង។
លោករដ្ឋមន្ត្រីក្រសួងអប់រំថ្លែងបែបនេះក្នុងសន្និសីទសារព័ត៌មានស្ដីពីដំណើរការរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង ៥ ធ្នូ ២០២២ នៅទីស្តីការក្រសួងអប់រំ យុវជន និងកីឡាថ្ងៃទី ២១ ខែវិច្ឆិកា នេះ។
លោករដ្ឋមន្ត្រីថ្លែងថា៖ «មាតាបិតាដែលវិនិយោគ ១២ ឆ្នាំ អស់ច្រើនណាស់ ទាំងស្នាក់នៅហូបចុក និងបង់ថ្លៃផ្សេងៗ ដូច្នេះយើងត្រូវតែផ្តល់ឱកាសឱ្យសិស្សទទួលបានផលមកវិញក្នុងកម្រិតមួយដែលសមល្មម គឺការប្រឡងមិនមែនជាការចាប់ដាក់ទោសទណ្ឌដល់សិស្សទេ គឺការជួយគាំទ្រសិស្សឱ្យគាត់អាចសម្រេចបាននូវជោគវាសនារបស់គាត់»។
លោក ហង់ជួន ណារ៉ុន លើកឡើងថា ការសិក្សារយៈពេល ១២ ឆ្នាំ បើសិនជាសិស្សធ្វេសប្រហែសមិនយកចិត្តទុកដាក់ក្នុងការរៀន ការអាន សរសេរ និង ចេះជំនាញមុខវិជ្ជាឱ្យបានច្បាស់លាស់ទេ ពួកគេនឹងត្រូវខាតបង់។ ក្រសួងអប់រំនឹងខិតខំធ្វើយ៉ាងណាកែលម្អការបង្រៀនឱ្យកាន់តែល្អប្រសើរ ដើម្បីឱ្យសិស្សដែលប្រឡងនឹងជាប់បានកាន់តែច្រើន។
លោកបានគូសបញ្ជាក់ថា អ្វីដែលក្រសួងគិតគូរក្នុងការរៀបចំការប្រឡង គឺដើម្បីលើកទឹកចិត្តឱ្យសិស្សខិតខំរៀនសូត្រផង និងសំខាន់ឱ្យសិស្សទទួលបានចំណេះដឹង ចំណេះធ្វើមានចរិយា សម្បទាល្អប្រសើរផង។ ការប្រឡងឆ្នាំនេះ មិនតឹងពេកដែលធ្វើឱ្យសិស្សច្រើនធ្លាក់ ប៉ុន្តែក៏មិនធូរពេកដែរ ដើម្បីឱ្យសិស្សអាចទៅរៀនឧត្តមសិក្សា និងសិក្សានៅក្រៅប្រទេសបាន។
ការប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំ ២០២២ នេះមានបេក្ខជនសរុបចំនួន ១២៨ ១៣៤ នាក់ដែលមានបេក្ខជនជានារីចំនួន ៦៨ ៧៧១ នាក់ មានមណ្ឌលប្រឡងសរុបទាំងអស់ ២២១ មណ្ឌល ត្រូវជា ៥ ១៧៤ បន្ទប់។ ក្រសួងអប់រំសង្ឃឹមថា លទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិអាចនឹងប្រកាសបាននៅថ្ងៃទី ២៧ ខែធ្នូ សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្តាល និងថ្ងៃទី ២៨ ខែធ្នូ សម្រាប់ខេត្តផ្សេងៗទៀត។ ក្នុងដំណើរការប្រឡងឆ្នាំនេះក្រសួងអប់រំក៏បានរៀបចំ ជាគណៈកម្មការមេប្រយោគ និងគណៈកម្មការអប្បមាទ ក៏ដូចជាគណៈកម្មការផ្សេងៗទៀត ដែលប្រើប្រាស់បុគ្គលិកអប់រំចំនួន ជាង ៧ ម៉ឺន ៧ ពាន់នាក់ និងមានការសហការជាមួយអង្គភាពប្រឆាំងអំពើពុករលួយនៅគ្រប់ដំណាក់កាលទាំងអស់នៃការប្រឡង ដែលអង្គភាពប្រឆាំងអំពើពុករលួយនឹងរៀបចំឱ្យមានអ្នកចូលរួមសង្កេតការណ៍ប្រមាណ ២ ០០០ នាក់។ ចំណែក សហភាពសហព័ន្ធយុវជនកម្ពុជា (សសយក) នឹងចូលរួមសម្រួលដល់ការប្រឡងផងដែរ។
លោក ប៉ិច ពិសី នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជាប្រាប់ភ្នំពេញ-ប៉ុស្តិ៍នៅថ្ងៃទី ២១ ខែវិច្ឆិកា ថា លោកស្វាគមន៍ក្រសួងអប់រំ យុវជន និងកីឡា ដែលលើកទឹកចិត្តឱ្យមានការចូលរួមពីស្ថាប័នពាក់ព័ន្ធដទៃទៀត ដូចជាអង្គភាពប្រឆាំងអំពើពុករលួយ សហភាពសហព័ន្ធយុវជនកម្ពុជាជាដើម ដែលអាចមានលទ្ធភាពក្នុងការសង្កេតការណ៍ ក៏ដូចជាសម្រួលក្នុងការប្រឡង។
លោកថ្លែងថា៖ «ភាពប្រាកដប្រជានៃការដាក់ពិន្ទុ ក៏ដូចជាការឱ្យគាត់ជាប់ដោយសមត្ថភាពជារឿងចាំបាច់ អ៊ីចឹង ការចូលរួមរបស់ស្ថាប័នពាក់ព័ន្ធក៏ដូចជាអង្គភាពប្រឆាំងអំពើពុករលួយនេះ ជាយន្តការមួយល្អ។ ខ្ញុំគិតថា បើសិនជាអាច គួរតែពង្រីកវិសាលភាពនៃកិច្ចសហការនេះទៅអង្គការសង្គមស៊ីវិល ដែលធ្វើការនៅក្នុងវិស័យអប់រំ»៕