
មហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ ដែលរៀបចំដោយសភាកម្ពុជានៅរាជធានីភ្នំពេញ កាលពីថ្ងៃម្សិលមិញ។ ហេង ជីវ័ន
ភ្នំពេញៈ ខណៈពិភពលោកកំពុងប្រឈមនឹងបញ្ហាស្មុគស្មាញជាច្រើន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងថា រដ្ឋសភាអាស៊ានមានតួនាទីសំខាន់ដែលមិនអាចខ្វះបានក្នុងការចូលរួមចំណែកដោះស្រាយបញ្ហាតំបន់ និងសកលទាំងនេះ។
ក្នុងពិធីបើកមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី ៤៣ ដែលរៀបចំដោយសភាកម្ពុជានៅរាជធានីភ្នំពេញនៅថ្ងៃទី ២១ ខែវិច្ឆិកា លោក ហ៊ុន សែន ថ្លែងថា ពិភពលោកនៅតែបន្តប្រឈមនឹងវិបត្តិជាច្រើនទៀត ដូចជា ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ សង្គ្រាមការបែងចែកប៉ូលពាណិជ្ជកម្ម និងសេដ្ឋកិច្ច ការប្រែប្រួលអាកាសធាតុ និងគ្រោះធម្មជាតិ។
លោកបន្តថា បញ្ហាទាំងនេះមិនត្រឹមតែកំពុងគំរាមកំហែងយ៉ាងខ្លាំងដល់ជីវិតប្រជាជន និងសន្តិសុខសកលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបន្ទច់បង្អាក់ដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចសកល រួមទាំងបង្កឱ្យមានការកើនឡើងនូវសម្ពាធអតិផរណា ការរាំងស្ទះខ្សែចង្វាក់ផ្គត់ផ្គង់ និងបញ្ហាអសន្តិសុខស្បៀង និងថាមពល។
ប្រធានបទ «បោះជំហានទៅមុខជាមួយគ្នាដើម្បីចីរភាព បរិយាប័ន្ន និងភាពធន់របស់អាស៊ាន» របស់មហាសន្និបាត AIPA (អាយប៉ា) នេះគឺមានភាពពាក់ព័ន្ធ និងសមស្របដែលនឹងរួមចំណែកបំផុសនូវស្មារតីទទួលខុសត្រូវរួម ក្នុងការឆ្លើយតបទាន់ពេលស្របទៅនឹងសភាពការណ៍វិវឌ្ឍន៍របស់តំបន់ និងសកលព្រមទាំងពន្លឿនការស្ដារសង្គម-សេដ្ឋកិច្ចអាស៊ានឡើងវិញ ឆ្ពោះទៅរកវិបុលភាពរួម។
លោក ហ៊ុន សែន បានបញ្ជាក់ថា៖ «អង្គការនីតិប្បញ្ញត្តិ ជាពិសេសគឺស្ថាប័នរដ្ឋសភាពិតជាមានតួនាទីសំខាន់ និងមិនអាចខ្វះបានក្នុងការចូលរួមចំណែកដោះស្រាយបញ្ហាតំបន់ និងសកល»។
លោកលើកឡើងថា ការប្រារព្ធមហាសន្និបាតនេះគឺជាឱកាសមួយដ៏កម្រសម្រាប់ប្រតិភូ អាយប៉ា ចូលរួមពិភាក្សាយ៉ាងទូលំទូលាយលើប្រធានបទនេះ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាធ្លុងមួយ និងរិះរកអនុសាសន៍គោលនយោបាយ ជាពិសេសគោលជំហររួមមួយដើម្បីជាឧត្តមប្រយោជន៍សម្រាប់ប្រជាជនអាស៊ានទាំងអស់គ្នា។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងនៅក្នុងពិធីបើកមហាសន្និបាតអាយប៉ា កាលពីថ្ងៃម្សិលមិញ។ហេង ជីវ័ន
លោកនាយករដ្ឋមន្ត្រីបញ្ជាក់ថា អាស៊ានកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងរួមគ្នា ក្នុងការអនុវត្តផែនការសកម្មភាព និងគំនិតផ្តួចផ្តើមពាក់ព័ន្ធនានាដែលបានដាក់ចេញដើម្បីទាញយកផលប្រយោជន៍ជាអតិបរមាពីកាលានុវត្តភាពដែលកើតចេញពីនិន្នាការសកល។
លោកថ្លែងថា៖ «ក្នុងទិដ្ឋភាពនយោបាយ និងសន្តិសុខ កម្ពុជាបានបន្តផ្តល់អាទិភាពលើការពង្រឹងមជ្ឈភាព និងឯកភាពអាស៊ាន ព្រមទាំងប្រកាន់ខ្ជាប់នូវយន្តការពហុភាគីនិយម ដែលជាយន្តការតំបន់ដ៏សំខាន់ ក្នុងការចូលរួមចំណែកបន្ធូរបន្ថយភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ និងការប្រឈមមុខដាក់គ្នារវាងប្រទេសមហាអំណាច ជាពិសេសតាមរយៈការបន្តលើកកម្ពស់កិច្ចសន្ទនាជាមួយដៃគូក្នុងវេទិកានានា»។
លោកបានបន្ថែមថា ទោះជាមិនទាន់អាចដោះស្រាយបានទាំងស្រុងនូវបញ្ហាសន្តិសុខនានាក្នុងតំបន់ ប៉ុន្ដែលោកជឿជាក់ថា លទ្ធផលវិជ្ជមាននៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធដែលបានបិទបញ្ចប់ថ្មីៗនេះបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកំណត់នូវចំណុចរួមសំខាន់ៗមួយចំនួនដែលបានផ្តល់ជាបច្ច័យសម្រាប់ការស្វែងរកដំណោះស្រាយ ដើម្បីធានាឱ្យបាននូវសន្តិសុខស្ថិរភាព និងការអភិវឌ្ឍ។
នៅក្នុងឱកាសមហាសន្និបាតនោះដែរ ព្រះមហាក្សត្រកម្ពុជាក៏បានអំពាវនាវឱ្យបន្តការពារថែរក្សា «ពូនជ្រំ» នូវសន្តិភាពដែលសម្រេចបានឱ្យគង់វង្សយូរអង្វែង ដោយព្រះអង្គមានព្រះបន្ទូលថា សន្តិភាពអាចនឹងត្រូវបានបំផ្លាញនៅពេលណាមួយដោយសារបញ្ហាប្រឈមជាប្រពៃណីពីទីជិត ឬឆ្ងាយ ក៏ដូចជាការគំរាមកំហែងមិនមែនជាប្រពៃណីជាច្រើន ដែលអាចបង្កអស្ថិរភាពដល់សង្គម។
ព្រះអង្គមានព្រះបន្ទូលតាមរយៈព្រះរាជសារដែលអានដោយលោក ជាម យៀប អនុប្រធានទី ១ នៃរដ្ឋសភាកម្ពុជា នៅក្នុងមហាសន្និបាតនោះថា៖ «ការកើនឡើងនូវភាពតានតឹងនៃការប្រកួតប្រជែងគ្នារវាងប្រទេសមហាអំណាច និងការគំរាមកំហែងថ្មីៗនៃការប្រើប្រាស់អាវុធនុយក្លេអ៊ែរ គឺជាក្ដីបារម្ភយ៉ាងខ្លាំងចំពោះជោគវាសនារបស់មនុស្សជាតិទាំងមូល។ ជាការពិតណាស់យើងនៅតែដាក់ចេញនូវវិធានការដោះស្រាយជារៀងរាល់ថ្ងៃនូវវិបត្តិ បម្រែបម្រួលអាកាសធាតុ និងគ្រោះមហន្តរាយនានាដែលបានបំផ្លាញសន្តិសុខស្បៀងអាហារ និងជីវភាពរស់នៅរបស់ប្រជាជនយើងនៅក្នុងតំបន់»។
ដោយឡែកលោក ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា ដែលបានដឹកនាំមហាសន្និបាតនេះ អំពាវនាវដល់អាយប៉ា ជំរុញឆន្ទៈកាន់តែមោះមុតក្នុងការពង្រឹងប្រព័ន្ធពហុភាគីនិយមឡើងវិញឱ្យកាន់តែមានភាពបើកចំហ បរិយាប័ន្ន និងផ្អែកលើច្បាប់ ដើម្បីធានាថា សហគមន៍អាស៊ាន ប្រកបដោយចីរភាព បរិយាប័ន្ន និងភាពធន់។
លោកថ្លែងថា៖ «យើងត្រូវធ្វើឱ្យពិភពលោកដឹងពីជំហររបស់យើងដោយបដិសេធរាល់គំនិត និងការអនុវត្តទាំងឡាយ ដែលបង្កឱ្យមានសង្គ្រាម ហើយយើងត្រូវប្រកាន់ខ្ជាប់គោលការណ៍ច្បាប់ដែលមានចែងនៅក្នុងធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការ»។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណិ្ឌត្យសភាកម្ពុជាប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ២១ ខែវិច្ឆិកាថា អាយប៉ានេះ គឺជាយន្តការពហុភាគីដ៏សំខាន់មួយទៀតខាងស្ថាប័ននីតិប្បញ្ញត្តិរបស់អាស៊ាន។ ការរួមចំណែករបស់អាយប៉ានេះគឺពិតជាមានសារៈសំខាន់ហើយប្រធានបទរបស់មហាសន្និបាត អាយប៉ានៅពេលនេះគឺពិតជាទាន់សភាពការណ៍គឺឆ្លើយតបទៅនឹងអ្វីដែលពិភពលោកកំពុងជួបប្រទះ។
លោកថ្លែងថា៖ «យើងសង្ឃឹមថា តាមរយៈមហាសន្និបាតនេះ គឺនឹងទទួលបានធាតុចូលជាច្រើនសម្រាប់រួមចំណែកដោះស្រាយបញ្ហាតំបន់ និងពិភពលោក ហើយនិងធ្វើឱ្យស្មារតីនៃគោលការណ៍ពហុភាគីនិយម ការរួមគ្នាដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា ហើយនិងការរួមចំណែកទទួលខុសត្រូវក្នុងបញ្ហាដែលកំពុងកើតឡើងនេះ គឺវាអាចស្តែងចេញតាមរយៈមហាសន្និបាតនេះ ជាពិសេសគឺប្រធានបទនៃមហាសន្និបាតនេះ គឺពិតជាកំពុងតែរួមចំណែកដោះស្រាយបញ្ហាប្រឈមដែលកំពង់កើតឡើង សំដៅធ្វើយ៉ាងណាឱ្យអាស៊ានទាំងមូលក៏ដូចជាតំបន់ទាំងមូល ក៏ដូចជាពិភពលោកទាំងមូលរកឃើញនូវសុខសន្តិភាពពិតប្រាកដ ស្ថិរភាព វិបុលភាព និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងបរិយាប័ន្ន»៕
វីដេអូ៖