ក្រចេះៈ សម្បុក​សត្វ​ត្រដក់​តូច​ចំនួន ៤៨ ​ដែល​មាន​វត្ត​មាន​ដោយ​បក្សី​ពេញ​វ័យ​ចំនួន​សរុប ៦៨ ក្បាល ព្រមទាំង​វត្តមាន​កូន​តូចៗ​ជាច្រើន​ទៀត កំពុង​រស់​នៅតាម​ទីជម្រក​ព្រៃលិច​ទឹក​នៃទន្លេ​មេគង្គ​ ក្លាយ​ជាកំណត់​ត្រា​ខ្ពស់​នៃ​សម្បុក​សត្វ​ត្រដក់​តូច​នៅក្នុង​តំបន់​ទីជម្រក​មេគង្គ​ ក្នុង​រយៈ​ពេល ៤ ​ឆ្នាំ​​ចុង​ក្រោយ​នេះ​។

ការ​កើន​ឡើង​នៃ​វត្ត​មាន និង​ចំនួន​សត្វ​ព្រៃ​មួយ​ចំនួន ជា​កត្តា​បង្ហាញ​អំពី​សុវត្ថិ​ភាព​កាន់​តែប្រ​សើរ​ឡើង​នៅក្នុង​តំបន់​ការពារ​ធម្មជាតិ​កម្ពុជា ដែល​នេះជា​លទ្ធផល​មួយ​ស្តែង​ចេញ​ពីកិច្ច​ខិត​ខំគ្រប់​គ្រង និង​ការពារ​របស់​ក្រសួង​បរិ​ស្ថាន អង្គការ​ដៃ​គូ និង​ភាគី​ពាក់ព័ន្ធ​ទាំង​អស់សំ​ដៅផ្តល់​ជម្រក​ប្រកប​ដោយសុ​វត្ថិភាព សម្បូរ​ដោយ​ចំណី និង​ទឹក​គ្រប់​គ្រាន់​សម្រាប់​ការ​រស់​រានរប​ស់​សត្វគ្រប់​ប្រភេទ។ នេះ​ជាការថ្លែង​​របស់​លោក នេត្រ ភក្ត្រា រដ្ឋលេខា​ធិការ និង​ជាអ្នក​នាំពាក្យ​ក្រសួង​បរិស្ថា​ន។​

លោក នេត្រ ភក្ត្រា បាន​សាទរ​ចំពោះល​ទ្ធផល​នៃ​ការ​តាម​ដាន​សត្វ​ត្រ​ដក់តូច​នៅ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃសំបូរ ខេត្ត​ក្រចេះនេះ​ ដែល​ចំនួន​សម្បុក​សត្វ​នេះបាន​កើន​ឡើងពី​​ ២៤ សម្បុក ​ក្នុង​ឆ្នាំ ២​០២១ មក​ដល់​ចំនួន ៤៨​ សម្បុក​ ក្នុង​ឆ្នាំ​ ២០២២​។

លោក​ថា៖ «លទ្ធ​ផល​នាពេល​នេះជា​ផ្នែក​មួយ​ដែល​បាន​បង្ហាញ​ពីកិច្ច​ខិតខំប្រឹង​ប្រែង​រួម​គ្នារវាង​ក្រសួងប​រិស្ថាន និង​អង្គការ​ WWF ក្នុង​កិច្ច​សហការ​គ្រប់​គ្រង និង​អភិរក្ស​ដែន​ជម្រក​សត្វ​ព្រៃ​សំបូរ​។ លទ្ធផល​ដែល​បង្ហាញ​ពីការ​កើន​ឡើង​សម្បុក​សត្វត្រ​ដក់​តូច​នេះ​ជាក្តី​សង្ឃឹម​មួយ​សម្រាប់អ្នក​អភិរក្ស​ជីវ​ចម្រុះ និ​ង​សត្វ​ព្រៃ ដែលរំពឹង​ថា​ ចំនួន​សត្វ​ត្រដក់​តូច​នឹង​កើន​ឡើង​នៅក្នុង​ប្រទេស​កម្ពុជា​»។

យោង​តាម​សេចក្តី​ប្រកាសព័ត៌​មាន​រួម​របស់​ក្រសួង​បរិស្ថា និង​អង្គការ WWF នាយប់​ថ្ងៃទី​ ២១ ខែវិច្ឆិ​កា បាន​លើក​ឡើង​ថា ​លទ្ធផល​ដែល​ទទួល​បាន​នាពេល​នេះ គឺជា​កំណត់​ត្រា​នៃចំនួន​សម្បុក​សត្វ​ត្រដក់​ដែល​មាន​អត្រាមួយ​ខ្ពស់​សម្រាប់​រយៈ​ពេល ៤ ឆ្នាំចុង​ក្រោយ នៅក្នុងតំបន់​ទីជម្រក​មេគង្គ​នេះ​។

សេចក្តី​ប្រកាស​នេះ​​បញ្ជាក់​ថា៖ «លើស​ពីនេះ​ទៀត ចំនួន​សម្បុក​ដែល​ត្រូវ​បាន​កត់​ត្រា​នាពេល​នេះ​បាន​កើន​ឡើង​រហូត​ដល់​ជិត ១៣០% បើ​ប្រៀប​ធៀប​ទៅ​នឹង​ចំនួន​ត្រឹម​តែ ២៤ សម្បុក ប៉ុណ្ណោះ ដែល​ត្រូវ​បាន​អ្នក​ជំនាញ​កត់​ត្រា​ទុក​ក្នុង​អំឡុង​ពេលដូច​គ្នា​កាល​ពីក្នុងឆ្នាំ ​២០២១»។

មន្រ្តីជាន់​ខ្ពស់នៃ​ក្រសួង​បរិស្ថាន​រូប​នេះ ក៏បាន​អំពាវ​នាវ​ឱ្យ​បញ្ឈប់​ការ​ដាក់​អន្ទាក់ និង​ការ​បំពុល​នានា​ដែល​បង្ក​ផល​វិបាក​ខ្លាំង​ក្លា​​ចំពោះ​ការ​រស់​​នៅ​របស់​សត្វ​ព្រៃផ​ង​ដែរ​ ដោយ​លោក​ទទូច​ដល់​អ្នក​ដែល​និយម​បរិភោគ​សាច់​សត្វ​ព្រៃទាំង​អស់ឱ្យ​បញ្ឈ​ប់ការ​បរិភោ​គ បញ្ឈប់​ការ​ទិញ​សាច់​សត្វ​ព្រៃដើម្បី​រួម​គ្នាអ​ភិរក្ស​សត្វ​ព្រៃ​​ទាំង​អស់​គ្នា។​

លោក​ នេត្រ ភក្ត្រា បាន​ថ្លែង​ថា៖«ក្នុង​នាម​ក្រសួង​បរិស្ថាន ​ខ្ញុំសូម​អំពាវ​នាវ​ដល់​ប្រជា​ពលរដ្ឋ​ដែល​រស់​នៅជុំវិញ​តំបន់​នៃដែន​ជម្រក​សត្វ​ព្រៃ​សំបូរ ​បន្ត​ចូល​រួម​ការពារ​តំបន់​ធម្មជាតិ​ និង​អភិរក្ស​សត្វ​ព្រៃ និង​សត្វស្លាប​គ្រប់​ប្រភេទ ព្រោះធន​ធាន​សត្វ​ព្រៃទាំង​នេះ​មានសា​រៈសំខាន់​ចំពោះ​ការ​រក្សា​និរន្តរ​ភាព​នៃប្រព័ន្ធ​អេកូឡូ​ស៊ី ហើយ​ការ​កើន​ឡើង​នៃចំ​នួន​សត្វ​ត្រដ​ក់តូច និ​ង​ស​ត្វ​ដទៃ​ទៀត ជា​ការលើក​កម្ពស់​សក្តានុពល​វិស័យ​អេកូទេសច​រណ៍សម្រាប់​តំបន់»។ ​

​សូម​បញ្ជាក់​ថា ក្រសួង​បរិស្ថាន និង​អង្គការ WWF ក្រោម​ការ​ឧបត្ថម្ភ​ថវិកា​ពីរដ្ឋាភិបាល​ប្រទេស​បែល​ហ្ស៊ិក និង​អង្គការ​ WWF បែល​ហ្ស៊ិក​ បាន​និង​កំពុង​អនុវត្ត​កម្មវិធី​ការ​ពារ​សម្បុក​សត្វ​ស្លាប ដោយឱ្យ​មាន​ការ​ចូល​រួម​ផ្ទាល់​ពី​សហគមន៍​មូល​ដ្ឋាន​នៃតំ​បន់​ទីជម្រក ក្នុង​ការ​ងារ​តាម​ដាន និង​ការងារ​ល្បាត​ជាប្រចាំ​ដែល​ដឹក​នាំ​ដោយ​មន្ត្រី​ឧទ្យា​នុរក្ស ដើម្បី​ការ​ពារ​ពង និង​សម្បុក​របស់​សត្វ​ត្រដក់​ទាំង​នេះ ​រហូត​ដល់​ពួក​វាញាស់ និង​ហើរចេញ​រក​ស៊ី។

កម្មវិធី​ការ​ពារ​សម្បុក​សត្វ​ស្លាបនេះ​ផ្តោត​លើប្រភេទ​សត្វស្លាប​មាន​មាឌ​ធំ រួម​មាន សត្វ​ត្រដក់​តូច សត្វ​ត្រយងចង្កំ​កស សត្វ​ត្រយង​យក្ស និង​សត្វ​ត្មាត​ទាំង​៣ប្រភេទ​។ សត្វ​ត្រដក់​តូចត្រូវ​បាន​ចាត់​ថ្នាក់​ជាប្រ​ភេទ​បក្សី​ងាយ​រងគ្រោះ​​​ក្នុង​បញ្ជី​ក្រហម​របស់ IUCN ហើយ​ចំនួន​របស់​វាត្រូវបាន​គេប៉ាន់​ប្រមាណ​ថា មានយ៉ាង​ហោច​ណាស់​ចំនួន​ ៣ ០០០​ ក្បាល កំពុ​ង​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា ប៉ុន្តែ​សត្វ​នេះ​កំពុង​ទទួល​រងការ​គំរាម​កំហែង​ដោយ​ការប​របាញ់ ការ​បាត់​បង់​ជម្រក​ពង​កូន​ដោយ​សារ​កត្តា​រេចរឹល និងការ​បំប្លែង​ធម្មជាតិ​តំបន់​ដីសើម​។

សូម​រំឭក​ដែរ​ថា ​សត្វ​ព្រៃ​កម្រ​ចំនួន​ ២០ ​ប្រភេទ ត្រូវ​បាន​បង្ហាញ​ខ្លួន​ក្នុងតំបន់​ដែន​ជម្រក​សត្វព្រៃ​នៃខេត្ត​កោះ​កុង​ដែល​ទិន្នន័​យថ្មី​នេះ ត្រូវ​បាន​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​កម្ពុជា​ចាត់​ទុក​ថា​ ជា​លទ្ធផល​បង្ហាញ​ពី​កិច្ច​ខិតខំ​ប្រឹង​ប្រែង​រួម​គ្នារវាង​រដ្ឋាភិ​បាល ប្រជា​ជាន និង​ដៃគូ​អភិវឌ្ឍន៍ ក្នុង​កិច្ច​ការពារ​និង​អភិរក្សធន​ធាន​ធម្មជាតិ​ ព្រៃ​ឈើ និងសត្វ​ព្រៃ​នៅកម្ពុជា​។

សត្វ​ព្រៃ​កម្រ ដែល​បង្ហាញ​វត្ត​មាន ក្នុង​ជម្រក​សត្វ​ព្រៃ នោះរួម​មាន សត្វព​ង្រូល ភេរោម​ច្រមុះ ឆ្កែព្រៃ​ ស្វាត្រោ​ស ជ្រូក​ពោន ប្រើស​ស្បូវ ព្រមទាំង​សត្វ​ព្រៃ និង​ថនិក​សត្វ រួមទាំងបក្សី​ជាច្រើន​ទៀត​៕