ភ្នំពេញៈ អគ្គនាយក​ដ្ឋាន​ការពារ​អ្នកប្រើ​ប្រាស់ កិច្ចការ​ប្រកួត​ប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ «ក.ប.ប» សហការ​ជាមួយ​អង្គការ​សង្គម​ស៊ីវិល​ចំនួន២ ​ធ្វើការ​ផ្ទៀងផ្ទាត់​របាយ​ការណ៍​ដែល​ប្រមូលបាន​ពី​តាម​បណ្តា​ទីផ្សារ​លើ​ផលិតផល​ទំនិញ​សម្រាប់​ទារក និង​កុមារ ទៅនឹង​ខ្លឹមសារ​អនុក្រឹត្យ​លេខ​ ១៣៣ ស្ដីពី​ការផ្សព្វផ្សាយ​លើ​ផលិត​ផល​សម្រាប់​ចិញ្ចឹម​ទារក​និង​កុមារ​នៅ​កម្ពុជា។

ការ​ផ្តៀង​ផ្ទាត់​នេះ បានធ្វើ​ឡើង​​កាលពី​ថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២២ ក្នុង​សិក្ខាសាលា​ស្ដីពី​ការតាមដាន​ការអនុវត្ត​ខ្លឹម​សារ​អនុក្រឹត្យ​លេខ ១៣៣ ស្ដីពី​ការផ្សព្វផ្សាយ​លើ​ផលិតផល​សម្រាប់​ចិញ្ចឹម​ទារក ​និង​កុមារ នៅ​ស្នាក់ការ​កណ្ដាល​អគ្គនាយក​ដ្ឋា​ន ក.ប.ប ដែលមាន​ថ្នាក់ដឹក​នាំ និង​តំណាង​សាខា ក.ប.ប រាជធានី ខេត្ត ជាមួយនឹង​អង្គការ Helen Keller International Cambodia និង​អង្គការ Alive & Thrive International ចូលរួម។

លោក ផាន អូន ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​អគ្គ​នាយក​នៃ​អគ្គនាយក​ដ្ឋាន ក.ប.ប បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី ២២ វិច្ឆិកា​ថា សិក្ខាសាលា​នេះ មាន​គោលបំណង​ធ្វើការ​វាយតម្លៃ​អំពី​សកម្មភាព​នៃ​ការអនុវត្ត​ខ្លឹម​សារ​អនុក្រឹត្យ​លេខ ១៣៣ របស់​សាខា ក.ប.ប រាជធានី-ខេត្ត ក៏ដូចជា​បង្ហាញ​ពី​សកម្មភាព​និង​លទ្ធផល​នៃ​ការ​ចរាចរ​ផ្សព្វផ្សាយ​លក់​ផលិតផល​សម្រាប់​ចិញ្ចឹម​ទារក និង​កុមា​រលើ​ទីផ្សារ​ផង​ដែរ។

តាម​លោក ផាន អូន បានឱ្យដឹង​ទៀតថា ក្រុម​ការងារ​បាន​ជួបពិភាក្សា​គ្នា គឺ​បានធ្វើការ​បូកសរុប​កម្មសិក្សា​នៅតាម​បណ្តា​ខេត្ត​គោលដៅ​មួយចំនួន ដែលមាន​ការចូលរួម​សហ​ការចុះ​អង្កេត​លើ​ទីផ្សារ​ដោយផ្ទាល់​ពី​អង្គការ​ទាំង២នេះ ដើម្បី​ធានាបាន​ឱ្យនូវ​ការផ្សព្វ​ផ្សាយ​លើ​ផលិតផល​សម្រាប់​ចិញ្ចឹម​ទារក និង​កុមារ​នៅ​កម្ពុជា។

លោកបាន​បញ្ជាក់​ថា៖ «ដោយសារ​យើង​មានកម្ម​វិធី​មួយ​ក្នុង​ការចុះ​អង្កេត​លើ​ទីផ្សារ​ដោយផ្ទាល់ ដើម្បី​ធ្វើការ​ផ្ទៀងផ្ទាត់​ជាមួយ​ប​ញ្ជី​ឈ្មោះ ដែល​បាន​អនុវត្តតាម ឬ​មិនបាន​អនុវត្តតាម​នៅលើ​ទីផ្សារ។ បើសិនជា​មិនមាន​ការអនុវត្ត​ក្នុង​ចំណុច​ណាខ្លះ​នៃ​អនុ​ក្រឹត្យ១៣៣​នេះ យើង​នឹងមាន​វិធានការ។ យើង​ធ្វើការ​បូកសរុប​ម្តង ដើម្បី​ដាក់ចេញ​ផែន​ការ​គោល​ដៅ​បន្ត​កម្មវិធី ដើម្បី​ធ្វើការ​បណ្តុះ​បណ្តាល​មន្ត្រី ក.ប.ប និង​អនុវត្ត​គោល​ការណ៍​នៅតាម​បណ្តា​ទីផ្សារ​រាជធានី​ខេត្ត»។

តាម​ខ្លឹមសារ​អនុក្រឹត្យ​លេខ១៣៣ ស្ដីពី​ការផ្សព្វផ្សាយ​លើក​ផលិតផល​សម្រាប់​ចិញ្ចឹម​ទារក​និង​កុមារ បាន​ចែងថា អនុក្រឹត្យ​នេះ​មាន​គោលបំណង​រួមចំណែក​ក្នុងការ​ផ្តល់នូវ​អាហារូបត្ថម្ភ​ឱ្យបាន​សព្វគ្រប់ និង​មាន​សុវត្ថិភាព​ដល់​ទារក និង​កុមារតូចៗ តាមរយៈ​ការ​គាំពារ និង​ការលើកកម្ពស់​ការ​បំបៅកូន​ដោយ​ទឹកដោះ​ម្តាយ និង​ការជំរុញ​លើកទឹកចិត្ត​ឱ្យមាន​ការផ្ដល់​អាហារ​បន្ថែម​ឱ្យបាន​ត្រឹមត្រូវ និង​ស្របតាម​អាយុ​កំណត់​របស់​ទារក និង​កុមារ ដើម្បី​ធានាឱ្យមាន​ការប្រើប្រាស់​ស​ម​ស្រប​នូវ​ផលិតផល​ជំនួស​ទឹកដោះ​ម្តាយ​តែ​នៅពេលណា​ដែល​ចាំបាច់ និង​ដោយមាន​មូលដ្ឋាន ព័ត៌មាន​គ្រប់គ្រាន់។

អនុក្រឹត្យ​នេះ ក៏បាន​កំណត់​អំពី​ការផ្សព្វផ្សាយ​លក់​ផលិតផល​សម្រាប់​ចិញ្ចឹម​ទារក និង​កុមារ ក្នុងនោះ​មាន​ផលិតផល​ដែល​ផលិត​ក្នុងប្រទេស និង​ផលិតផល​នាំចូល​ពី​បរ​ទស សម្រាប់​បម្រើ​តម្រូវការ​ប្រើប្រាស់​ក្នុងការ​ចិញ្ចឹម​ទារក រហូតដល់​អាយុ​គ្រប់ ១២ ខែ និង​កុមារ​តូចៗ​រហូត​ដល់​អាយុ ២៤ ខែ។

យោងតាម​អនុក្រឹត្យ​ដដែល​នេះ បាន​ចែងថា ប្រភេទ​ផលិតផល​សម្រាប់​ចិញ្ចឹម​ទារក និង​កុមារ គឺមាន​ដូចជា ទឹកដោះ​គោ​ម្សៅ​តាម​រូបមន្ត រួមបញ្ចូល​ទាំង​ទឹកដោះគោ​ម្សៅ​ផ្សំ​តាម​រូបមន្ត​ពិសេស និង​រាល់​ផលិតផល​ទាំងអស់​ដែល​ត្រូវបាន​ផ្សព្វផ្សាយ​លក់ ឬ​បញ្ជាក់​បង្ហាញថា ​សមស្រប​សម្រាប់​ចិញ្ចឹម​ទារក និង​កុមារតូច។

បន្ថែម​ពីនេះ ចំពោះ​ដប​បំបៅ ក្បាលដោះ​ជ័រ និង​គ្រឿង​សម្រាប់​ទារក​ជញ្ជក់​លេង ទឹកដោះគោ​ផ្សំ​តាម​រូ​បមន្ត​សម្រាប់​កុមារ​អាយុ​ចាប់ពី៦ ខែ​ឡើង និង​ផលិតផល​ផ្សេងទៀត ដែល​ត្រូវបាន​កំណត់ដោយ​ប្រកាស​រួម​រវាង​ក្រសួងសុខាភិបាល និង​ក្រសួង​ពាក់ព័ន្ធ ក៏ត្រូវ​ធ្វើការ​ផ្សព្វ​ផ្សាយ​ដោយ​អនុលោម​ទៅតាម​អនុក្រឹត្យ​លេខ​១៣៣​នេះ។

លោក ទុំ សំណាង ប្រធាន​នាយក​ដ្ឋា​កិច្ចការ​បច្ចេកទេស ក.ប.ប បាន​ប្រាប់ ភ្នំពេញ ​ប៉ុស្តិ៍​ បន្ថែមថា ទីតាំង​ដែល​បាន​ត្រួត​ពិនិត្យ​តាមដាន មាន​ដូចជា ហា​ងលក់​ដូរ ផ្សារ​ទំនើប និង​ឱសថស្ថាន​ដែលមាន​សរុប ៤៥ ទីតាំង ​ក្នុង​ចំនួន ១០ រាជធានី​-ខេត្ត។

លោកបានឱ្យដឹង​បន្តថា ការ​អ​ង្កេ​ត​បានចាប់ផ្តើមពីខែមីនា ដល់ខែតុលាឆ្នាំ ២០២២ ដោយ​រកឃើញថា ការដាក់​សញ្ញា​នៅលើ​ផលិត​ផល​ទាំងនេះ គឺ​មិនទាន់​ឆ្លើយតប​ទៅនឹង​ខ្លឹមសារ​នៃ​អនុក្រឹត្យ​នោះទេ ខណៈ​ការឃោសនា និង​ការ​ដាក់​តាំង​បង្ហាញ​ពិសេស ក៏​នៅមាន​ការបំពាន​ផងដែរ។

លោក ទុំ សំណាង បាន​បញ្ជាក់ថា៖ «នឹង​បន្ត​ដាក់​វិធានការ​អនុវត្ត​ច្បាប់​កាន់តែ​តឹងរ៉ឹង​ជាង​មុន ចំពោះ​ទំនិញ​ទាំងអស់ ដោយ​មិន​សំដៅ​តែ​ទៅ​លើម្សៅ​ទឹកដោះគោ​នោះទេ។ នៅ​ឆ្នាំ​ក្រោយនេះ យើង​បន្ត​ចាត់វិធានការ និង​ធ្វើការ​បណ្តុះបណ្តាល​មន្ត្រី​បង្គោល​នៅតាម​សាខា និង​រំឭក​ពួកគេ​ឱ្យមាន​ការអង្កេត​ឱ្យបាន​មត់​ចត់ និង​សុក្រឹត»។

កាលពី​ឆ្នាំ ២០១៨ អង្គការ Helen Keller និង​អង្គការ​ទស្សនៈ​ពិភពលោក​កម្ពុជា បានធ្វើ​ការសិក្សា​ស្រាវជ្រាវ​រួមគ្នា​មួយ ដើម្បី​ប្រមូល​ព័ត៌មាន​ស្តីពី​ការអនុវត្ត​អនុក្រឹត្យ​លេខ ១៣៣ ស្តីពី​ការផ្សព្វផ្សាយ​លក់​ផលិតផល​សម្រាប់​ចិញ្ចឹម​ទារក និង​កុមារ​នៅក្នុង​ខេត្ត​ចំនួន ៦ ក្រៅពី​ទីក្រុង​ភ្នំពេញ។

ការសិក្សា​នោះ បាន​បង្ហាញថា ការ​មាន​លក់​ផលិតផល ជំនួស​ទឹកដោះ​ម្តាយ ការផ្សព្វផ្សាយ​លើកកម្ពស់​ការប្រើប្រាស់ និង​ការ​រំលោភបំពាន​លើ​ស្លាក​សញ្ញា​បន្ត​រីក​រាលដាល​នៅក្រៅ​ទីក្រុង​ភ្នំពេញ។ ក្នុងនោះ​ការលក់​ផលិតផល​ជំនួស​ទឹក​ដោះ​ម្តាយ​បាន​កើនឡើង​ពី ១១០ ក្នុង​ឆ្នាំ ២០១៥ ដល់ ១៦៥ ក្នុង​ឆ្នាំ ២០១៨ ខណៈ​ការផ្សព្វផ្សាយ​លើកកម្ពស់​ការប្រើ​ប្រាស់​ផលិតផល​ជំនួស​ទឹកដោះ​ម្តាយ​មានការ​កើនឡើង​បើ​ប្រៀប​ធៀប​ឆ្នាំ ២០១៥ ទៅនឹង​ឆ្នាំ ២០១៨៕