ស្ទឹងត្រែងៈ ការប្រែ​ប្រួល​អាកាស​ធាតុបាន​បង្ក​ឱ្យ​មាន​គ្រោះ​មហន្តរាយ​ធម្មជាតិ​ ធ្វើឱ្យ​ប៉ះ​ពាល់​ជាអវិជ្ជមាន​ដល់​សេដ្ឋ​កិច្ច សង្គម និង​បរិស្ថាន ហើយ​អ្នក​ដែល​រងគ្រោះ​ក្នុង​វិបត្តិ​នេះធ្ងន់​ធ្ងរ​ជាង​គេនោះ គឺ​ស្ត្រី​ និង​កុមារ រួម​ទាំង​មនុស្ស​ចាស់​ជរា ដែល​ពួក​គេភាគ​ច្រើន​រស់​នៅ​ក្នុង​ប្រទេស​ក្រីក្រ។ នេះ​ជាការលើក​ឡើង​របស់​សិក្ខាកាម ក្នុង​វគ្គបណ្ដុះ​បណ្ដាល​ស្ដីពី«ការ​ប្រែប្រួល​អាកាស​ធាតុ និង​ការ​ប្រើប្រាស់​ឧបក​រណ៍វាយ​តម្លៃ​កាត់​បន្ថយ​ភាព​ងាយ​រង​គ្រោះ​តាម​បែប​បរិយា​ប័ន្ន» ដែល​កំពុង​ប្រព្រឹត្ត​ធ្វើ​ឡើង​នៅ​ក្នុង​ខេត្ត​ស្ទឹង​ត្រែង។​

អ្នក​ស្រី ណា អូសា សមាជិក​ក្រុម​ប្រឹក្សា​ឃុំកោះ​ស្នែង នៃ​ស្រុក​បូរី​អូរស្វាយ​សែន​ជ័យ ខេត្ត​ស្ទឹង​ត្រែង ដែល​បាន​ចូល​រួម​នៅក្នុង​វគ្គ​បណ្ដុះ​បណ្ដាល​នេះ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ថា វគ្គបណ្ដុះ​បណ្ដាល​នេះ​ មាន​សារៈ​សំខាន់​ណាស់​សម្រាប់ អាជ្ញាធរ​មូល​ដ្ឋាន​ក្នុងការរៀបចំ​ផែនការ​សកម្មភាព​ ដើម្បី​ទប់​ស្កាត់​និង​ឆ្លើយ​តប​ជា​បន្ទាន់​នូវ​ហានិភ័យ​គ្រោះ​មហន្ត​រាយ ដែល​បង្ក​ឡើង​ពីការប្រែ​ប្រួលនៃអាកាស​ធាតុ ម​កលើ​​ប្រជា​ពល​រដ្ឋ​ក្នុង​សហគមន៍​មូលដ្ឋាន​នីមួយៗ​។

ឆ្លង​តាម​ការ​ពន្យល់​ពីវាគ្មិន​សំខាន់ៗ​ ដែល​មក​ពីស្ថាប័ន​ជំនាញ​ថ្នាក់​ជាតិនិង​ខេត្ត​ ​ក្នុងរយៈ​ពេល ២​ ថ្ងៃជាប់​គ្នា​មក​នេះ អ្ន​កស្រី អូសា បាន​យល់ឃើ​ញថា​​ ការកាប់​រាន ដុត និង​ឈូស​ឆាយ​ដី​គម្រប​ព្រៃ​ឈើ​ដោយ​ខុស​ច្បាប់ និង​ការ​បំភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ចេញពី​រោង​ចក្រ សហ​គ្រាស​គ្រប់ប្រភេទច្រើន​ហួស​ប្រមាណ ចូល​ទៅ​ក្នុងប​រិយាកាស បាន​បង្កឱ្យ​មាន​ការ​ប្រែ​ប្រួល​អាកាស​ធាតុ ដែល​ជាលទ្ធ​ផល​បង្កើត​ឱ្យ​ មាននូវ​គ្រោះ​មហន្ត​រាយ​ធម្មជាតិ​ធ្ងន់​ធ្ងរ ដូច​ជាខ្យល់​ព្យុះ​ រ​ន្ទះ​បាញ់ រលក​កម្តៅ គ្រោះ​រាំងស្ងួត និង​ គ្រោះ​ទឹក​ជំនន់​។

អ្នកស្រី​បាន​បញ្ជាក់​ថា៖ «​នៅពេល​មាន​គ្រោះ​មហន្តរាយ​កើត​ឡើង ស្ត្រី និង​កុមារ ព្រម​ទាំង​ជន​ចាស់​ជរា គឺ​ទទួល​បញ្ហា​ប្រឈម​ធ្ងន់​ធ្ងរជាង​គេ ដែល​ទាមទារ​ឱ្យ​មាន​ការយកចិ​ត្តទុក​ដាក់​ជាចម្បង ពីគ្រប់​ភាគី​ពាក់​ព័ន្ធ ​អំពី​សុវត្ថិ​ភាព និង សុខុ​មាលភាព​ចំពោះ​ពួក​គាត់​»។

បើតាម​អ្នក​ស្រី អូសា វគ្គ​បណ្ដុះ​បណ្ដាល​នេះ មាន​រយៈ​ពេល ​៥​ ថ្ងៃ ដោយ​ចាប់​ផ្ដើមពី​ថ្ងៃទី​ ២១ ដល់​ ២៥ ខែវិ​ច្ឆិកា ឆ្នាំ​ ២០២២។ សិក្ខាកាម​ដែល​ចូល​រួម​ក្នុង​វគ្គបណ្ដុះ​បណ្ដាល​នេះ គឺជា​មន្ត្រី​ថ្នាក់​មូលដ្ឋាន​ឃុំ ស្រុក ដែល​មក​ពីខេត្ត​គោល​ដៅ​ចំនួន​៣ រួម​មាន​ខេត្តក្រចេះ ស្ទឹង​ត្រែង និង ខេត្ត​រតនគិ​រី និង​មាន​ការ​សម្រប​សម្រួល​ផ្នែក​បច្ចេក​ទេស សម្ភារ និង​ថវិកាពី​អង្គ​ការ Oxfam។

អ្នក​ស្រី​បាន​បន្ត​ថា មេរៀន​សម្រាប់​ថ្ងៃទី២​ នៃវគ្គ​បណ្ដុះ​បណ្ដាល​នេះ គឺផ្ដោត​សំខាន់​ទៅលើកា​រប្រមូល​ទិន្នន័យ​អំពីហានិភ័យ​នៃ​ប្រភេទ​គ្រោះ​មហន្ត​រាយ និង​ការរៀបចំ​ផែន​ទី​កំណត់​ទីតាំង​ជាក់លាក់​នៃតំ​បន់​ភូមិ​សាស្ត្រ​ដែល​មានការ​ជួប​ប្រឈម​ធ្ងន់​ធ្ងរ​នៃ​គ្រោះ​មហន្តរាយ សម្រាប់​ការរៀបចំ​ផែន​ការយុទ្ធ​សាស្ត្រ​​ក្នុង​ការ​ទប់​ស្កាត់ និង​កាត់​បន្ថយ​ហានិភ័យ​នៃ​គ្រោះម​ហន្តរាយ និង​ការឆ្លើយ​តប​ប​ន្ទាន់​ដើម្បី​ជួយ​ដល់​​ជនរង​គ្រោះ។​

អ្នក​ស្រីបាន​បញ្ជាក់​ថា៖ «តាម​រយៈ​មេរៀ​ន​នៅថ្ងៃនេះ​ មូលដ្ឋាន​ឃុំកោះ​ស្នារបស់​ខ្ញុំ គឺមាន​បញ្ហា​ប្រឈម​ធំ​នឹង​គ្រោះទឹ​កជំនន់​ និងខ្យល់​ព្យុះ ដោយសារ​ស្ថិត​នៅក្នុងតំបន់​ផ្ទៃ​រង​ទឹក​ភ្លៀង​នៃអា​ងទន្លេ​មេគង្គ»។

ស្រដៀង​គ្នានេះ​សិក្ខាកាម​ម្នាក់​ទៀត គឺ លោក ជុំ សាវ៉ន មេឃុំ​សំបូរ ខេ​ត្តក្រ​ចេះ បានប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ថា ជារៀង​រាល់​ឆ្នាំ នៅ​ក្នុង​មូល​ដ្ឋាន​ឃុំរបស់​គាត់​ តែង​ប្រឈម​នឹងគ្រោះទឹក​ជំនន់ ​ដែល​បង្កការ​ខូច​ខាត​ផល​ដំណាំ​របស់​ប្រជា​កសិករ​ជាច្រើនហិ​កតា​​។

លោក​ថ្លែង​ថា៖ «ទោះជា​មាន​ទំនើបកម្ម​ កសិកម្ម​ល្អ​ប្រសើរ​ជាង​មុន​ក៏ដោយ ក៏កសិករ​នៅ​ក្នុង​មូល​ដ្ឋាន​ឃុំ​សំបូរ​​របស់​យើង​ខ្ញុំ នាពេល​បច្ចុប្បន្ន នៅតែជួប​ប្រឈម​ការ​ខូច​ខាត​ផល​ដំណាំ​ និង​ផលិត​ផល​សត្វ គួរ​ឱ្យកត់​សម្គាល់​ផង​ដែរ ដោ​យ​សារ​តែការ​ប្រែប្រួល​នៃអាកាស​ធាតុ បានបង្ក​ឱ្យមាន​គ្រោះ​ទឹក​ជំនន់​ ​គ្រោះរាំ​ងស្ងួត​ សត្វល្អិត​ចង្រៃស៊ី​ដំណាំ និង ជំងឺ​ឆ្លង​ដល់​សត្វ​»។

លោក​​បាន​បន្តថា តាម​រយៈបទ​បង្ហាញ​របស់វាគ្មិន ប្រទេស​អ្នកមាន​នៅក្នុង​ពិភ​ពលោក ចាំបាច់​ត្រូវ​តែ​ផ្ដល់​​សំណង​ដល់​ប្រទេស​ក្រីក្រ និង ប្រទេស​កំពុង​អភិវឌ្ឍន៍ ដើម្បី​រៀបចំផែន​ការស្ដារនិង​កាត់​បន្ថយ​នូវ​គ្រោះហានិភ័យ​នានា ដែល​បណ្ដាល​មក​ពីការ ប្រែប្រួល​អាកាស​ធាតុ​៕