
ភ្នំពេញៈ ក្រសួងសុខាភិបាលកម្ពុជាប្រកាសរកឃើញអ្នកឆ្លងមេរោគកូវីដ ១៩ ថ្មីចំនួន ៤ នាក់បន្ថែមទៀត ខណៈអ្នកជាសះស្បើយថ្មី ៤ នាក់ ប៉ុន្តែមិនមានអ្នកស្លាប់ដោយសារជំងឺនេះទេ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី ២៣ ខែវិច្ឆិកានេះ ឱ្យដឹងថា ក្រសួងរកឃើញអ្នកឆ្លងមេរោគកូវីដ ១៩ ចំនួន ៤ នាក់បន្ថែមទៀត ជាករណីឆ្លងក្នុងសហគមន៍ ដែលសុទ្ធតែប្រភេទអូមីក្រុងទាំងអស់។ ក្នុងចំណោម ៤ នាក់នោះ មាន៣នាក់ត្រូវបានរកឃើញមានវិជ្ជមានកូវីដ ១៩ ក្នុងករណីស្នើសុំវិញ្ញាបនបត្រចេញទៅក្រៅប្រទេស។ ក្រសួងបញ្ជាក់ថា របាយការណ៍ថ្ងៃនេះ មានអ្នកជាសះស្បើយថ្មី ៤ នាក់ និងគ្មានអ្នកស្លាប់ឡើយ។
បើតាមក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី ២៣ ខែវិច្ឆិកានេះ ចំនួនករណីឆ្លងជំងឺកូវីដ១៩ សរុបកើនដល់ចំនួន១៣៨ ០៣៩នាក់ ចំណែកករណីជាសះស្បើយសរុប ១៣៤ ៩៥១ នាក់ និងករណីស្លាប់សរុប ៣ ០៥៦ នាក់។ រីឯករណីនាំចូលពីក្រៅប្រទេសសរុបមានចំនួន ២១ ២៣៥ នាក់ និងករណីអូមីក្រុងឆ្លងក្នុងសហគមន៍កើនដល់ ១៦ ២២០ នាក់៕