
អ្នកគ្រូភាសាអង់គ្លេស កញ្ញា ទ្រី រតនី ពេលទទួលសញ្ញាបត្រពីលោក ហ៊ុន ម៉ាណែត កន្លងមក។ រូបថត Ratany Try page
កំពង់ចាមៈ កាលវ័យទើបតែ៣ឆ្នាំ កុមារី ទ្រី រតនី បានជួបប្រទះបញ្ហាងងឹតភ្នែកទាំងគូដែលធ្វើឱ្យនាងមើលអ្វីលែងឃើញដោយសារជំងឺកញ្ជ្រឹលដ៏គួរឱ្យសង្វេគបំផុត។ ចាប់ពីពេលនោះមក រតនី នឹកតូចចិត្តជាពន់ពេកព្រោះគិតថា ខ្លួននៅមិនទាន់ដឹងក្តី និងមិនទាន់យល់ដឹងការរាក់ជ្រៅបានប៉ុន្មានផងក៏ត្រូវមកទទួលរងសេចក្តីទុក្ខលំបាកពេញ១ជីវិតទៅហើយ។
ចាប់កំណើតឡើងក្នុងត្រកូលកសិករក្រីក្រហើយត្រូវរងទុក្ខវេទនាជីវិត ក្លាយជាជនពិការភ្នែកបែបនេះ កុមារី ទ្រី រតនី តែងតែគិតថាភ្នែកខ្លួនងងឹតមើលអ្វីពុំឃើញដូច្នេះតើខ្លួនអាចនឹងរៀនសូត្របានដោយរបៀបណា? ប៉ុន្តែជីវិតដែលធ្លាប់តែអស់សង្ឃឹមរយៈពេល៧ឆ្នាំមកនោះបែរត្រឡប់មកជាមានសង្ឃឹមឡើងវិញ ព្រោះ រតនី ត្រូវបានអង្គការ១យកទៅបង្ហាត់បង្រៀនរហូតរៀនចប់ថ្នាក់ទី១២ ក្នុងក្រុងកំពង់ចាម ហើយនាងបានតស៊ូរៀនបន្តនៅសាកលវិទ្យាល័យរហូតទទួលបានបរិញ្ញាបត្រអក្សរសាស្ត្រភាសាអង់គ្លេសថែមទៀត។បច្ចុប្បន្នកញ្ញា ទ្រី រតនី បានក្លាយជាគ្រូបង្រៀនកុមារពិការភ្នែកនៅវិទ្យាល័យមួយក្នុងក្រុង-ខេត្តកំពង់ចាមទៀតផង។
ស្ថិតក្នុងសម្លៀកបំពាក់អាវពណ៌សស៊កក្នុងសំពត់ពណ៌ខ្មៅក្នុងដំណើរយឺតៗតម្រង់ទៅរកតុអង្គុយ ហើយបើមើលទៅម្រាមដៃទាំង ១០ របស់នាងវិញ គឺកម្រើកយ៉ាងញាប់នៅពីលើស្នាមកំពកតូចៗផុសចេញពីផ្ទៃក្រដាសបណ្តើរបញ្ចេញសំឡេងយឺតៗបណ្តើរ ខណៈមានសិស្សប្រុស-ស្រីប្រមាណជា ១០ នាក់ កំពុងបញ្ចេញកាយវិការស្ទាបលើក្រដាសព្រមៗគ្នាផ្ទៀងតាមប្រភពសំឡេង។
កញ្ញា ទ្រី រតនី បានរៀបរាប់ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា នាងមានបងប្អូនប្រុស-ស្រីចំនួន ៥ នាក់ (ប្រុស ២ នាក់) ហើយនាងជាកូនទី៤ ដែលមានឪពុកជាកសិករ ម្តាយជាមេផ្ទះរស់នៅភូមិកំពង់ឫស្សីលើ ឃុំកំពង់រាប ស្រុកកោះសូទិន ខេត្តកំពង់ចាម។ កាលណោះដោយសារតែបងប្អូននាងនៅតូចៗនៅឡើយ ហើយម្យ៉ាងម្តាយជាមេផ្ទះគឺមានតែឪពុកម្នាក់គត់ជាជំហរនិងជាអ្នកដោះស្រាយបន្ទុកគ្រួសារទាំងស្រុង។ហេតុដូច្នេះហើយទើបធ្វើឱ្យជីវភាពក្នុងគ្រួសាររបស់នាងជួបការលំបាក តែជាគុណបុណ្យកុសលណាស់ខណៈដែលនាងមានអាយុ ១០ ឆ្នាំទៅហើយ តែគ្រួសារគ្មានលទ្ធភាពបញ្ជូននាងទៅសាលារៀនផងនោះ ក៏ស្រាប់តែមានអង្គការមួយឈ្មោះថាអង្គការគ្រួសារថ្មីបានមកចុះឈ្មោះដល់ផ្ទះក្នុងអំឡុងឆ្នាំ ២០០៤ ហើយក៏បានយកនាងទៅរៀននៅក្នុងសាលារបស់អង្គការដែលមានទីតាំងនៅសង្កាត់-ក្រុងកំពង់ចាម។
កញ្ញាបានពោលថា៖ «ទោះខ្ញុំធ្លាក់ខ្លួនជាជនពិការភ្នែកក៏ដោយ ក៏ខ្ញុំនៅតែមានបំណងចង់ចូលរៀននឹងគេដែរ ព្រោះខ្ញុំចង់ចេះអក្សរចង់ទៅសាលារៀនដូចបងៗខ្ញុំដែរ។ ខ្ញុំសប្បាយចិត្តណាស់ដែលត្រូវបានអង្គការគ្រួសារថ្មីយកខ្ញុំទៅរៀនហើយខ្ញុំទទួលបានការផ្គត់ផ្គង់អ្វីៗសព្វបែបយ៉ាងពីអង្គការ»។
រតនី បានរៀបរាប់ទៀតថា កាលណោះខាងសាលាបានតម្រូវឱ្យនាងចូលរៀនថ្នាក់ទី១ ទៅតាមកម្មវិធីរបស់ក្រសួងអប់រំយុវជន និងកីឡា។ ចំពោះជនពិការគថ្លង់ពួកគាត់អាចមើលអក្សរបានតែប្រើកាយវិការជាសញ្ញាជំនួសឱ្យការនិយាយ។ ដោយឡែកសម្រាប់ជនពិការភ្នែកដូចពួកនាងគឺខាងសាលាបានបង្រៀនឱ្យចេះស្ទាបដុំពកតូចៗនៅលើក្រដាសដែលដុំពកទាំងនោះ គឺជាអក្សរសម្រាប់ជនពិការភ្នែក។ដំបូងឡើយគ្រូបានបង្ហាត់បង្រៀនយើងឱ្យស្គាល់ពីឧបករណ៍ដែលត្រូវរៀនសិន ដូចជាឧបករណ៍ស្លេត និងឧបករណ៍ស្តាយឡាស ហើយបន្ទាប់ពីយើងយល់ពីឧបករណ៍ទាំងអស់នោះហើយទើបគ្រូបង្រៀនឱ្យចេះសរសេរអក្សរតាមរយៈការបង្រៀនស្ទាបតែម្តង។ អក្សរស្ទាបនេះគេឱ្យឈ្មោះថាអក្សរប្រេលដែលឧបមាថាអក្សរ «ក» ១ តួមានចំណុចប៉ុន្មានខ្លះ អក្សរ «ខ» មានចំណុចប៉ុន្មានខ្លះហើយសិស្សត្រូវចងចាំនៅក្នុងខួរក្បាលឱ្យច្បាស់ ដើម្បីងាយស្រួលយើងចាក់នៅក្នុងស្លេតដែលនៅក្នុងស្លេតនោះមានប្រឡោះ៦កន្លែង ដែលក្នុង ១ តួអក្សរៗយើងត្រូវចាក់ចំណុចខុសៗគ្នា។
កញ្ញា រតនី បានបន្តទៀតថា រូបនាងក៏ដូចជាក្មេងៗជាជនពិការគថ្លង់ និងពិការភ្នែកដទៃទៀតដែរ គឺត្រូវបានអង្គការគ្រួសារថ្មីទទួលឱ្យស្នាក់នៅហូបចុករៀនសូត្រនៅកន្លែងអង្គការតែម្តង ប៉ុន្តែដំបូងៗសម្រាប់នាងក៏ជួបការលំបាកខ្លះៗដែរដូចជាមិនអាចដើរទៅបន្ទប់ទឹក ផ្ទះបាយ និងថ្នាក់រៀន ដោយខ្លួនឯងបានឡើយ ត្រូវពឹងអ្នកគ្រូឱ្យជូនទៅឬត្រូវពឹងពាក់អ្នកដែលពិការគថ្លង់ឱ្យជូនទៅបន្ទប់ទឹកប៉ុន្តែក្រោយពីនាងរស់នៅក្នុងអង្គការយូរខែទៅទើបនាងចំណាំបាន និងអាចដើរទៅថ្នាក់រៀន បន្ទប់ទឹកឬផ្ទះបាយដោយខ្លួនឯងបានរហូតរៀនចប់ថ្នាក់ទី១២។
កញ្ញា រតនី បានបញ្ជាក់ថា បន្ទាប់ពីនាងបានបញ្ចប់ថ្នាក់ទុតិយភូមិ (ទី១២) នៅក្នុងឆ្នាំ ២០១៥ មកនាងទទួលបានអាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (University of Management and Economics) ដែលមានទីតាំងនៅសង្កាត់-ក្រុងកំពង់ចាម ខេត្តកំពង់ចាម ដោយចាប់យកជំនាញអក្សរសាស្ត្រភាសាអង់គ្លេស។ប៉ុន្តែនៅថ្នាក់សាកលវិទ្យាល័យនេះនាងត្រូវជួបនឹងបញ្ហាលំបាកកាន់តែខ្លាំង ព្រោះមានតែនាងម្នាក់ប៉ុណ្ណោះជានិស្សិតពិការភ្នែកនៅក្នុងថ្នាក់។
ដូច្នេះការបង្រៀនគឺគ្រូបង្រៀនផ្តោតទៅលើតែនិស្សិតភ្នែកភ្លឺទេ ម្យ៉ាងនាងងងឹតភ្នែកតែម្នាក់ឯងគេទាំងអស់គ្នាមិនអាចរៀនកំដរយើងតែម្នាក់បានទេ។សម្រាប់ការសិក្សានៅសាកលវិទ្យាល័យនាងជួបប្រទះផលលំបាកច្រើនសូម្បីតែនៅក្នុងថ្នាក់រៀនក៏លោកគ្រូគាត់បង្រៀនទៅតាមមនុស្សភ្នែកភ្លឺដែរ ព្រោះអីគាត់គ្មានជំនាញបង្រៀនជនពិការភ្នែកឡើយ។
កញ្ជា រតនី ប្រាប់ថា៖ «ម្យ៉ាងទៀតដោយសារមានតែយើងម្នាក់ ហេតុដូច្នេះទាល់តែយើងព្យាយាមតាមគាត់។គ្រូសរសេរនៅលើក្តារខៀន ឬតាមរយៈស្លាយហើយរាល់ការពន្យល់របស់គាត់គឺពន្យល់តាមការសរសេរលើក្តារខៀន។ ដូច្នេះត្រឹមតែស្តាប់ដោយត្រចៀកតែប៉ុណ្ណឹងអត់អាចចាប់យកបានទាំងអស់ទេ។អ៊ីចឹងខ្ញុំត្រូវការឧបករណ៍ជំនួយមួយទៀតគឺថតសំឡេង ហើយពេលមកដល់ផ្ទះវិញ យើងចាក់សំឡេងស្តាប់ឡើងវិញ សាចុះសាឡើងធ្វើបែបនេះទើបយើងអាចរៀនទាន់គេ»។
បើតាម រតនី ក្នុងការសិក្សានៅសាកលវិទ្យាល័យនេះនាងត្រូវប្រើកុំព្យូទ័រយួរដៃដើម្បីធ្វើកិច្ចការរបស់សាលាប៉ុន្តែកុំព្យូទ័ររបស់នាងត្រូវបញ្ចូលកម្មវិធីសម្រាប់ជនពិការភ្នែក។រាល់កិច្ចការប្រឡងគ្រូធ្វើនៅក្នុងថ្នាក់រៀនតែគ្រូក៏ផ្តល់អាទិភាពឱ្យនាងយកទៅធ្វើនៅផ្ទះបានដែរ ព្រោះគ្រូគិតថា នាងពិការភ្នែកធ្វើការងារយឺតជាងគេ។
ក៏ប៉ុន្តែបើធ្វើកិច្ចការជាក្រុមវិញគឺភាគច្រើននាងគ្រាន់តែជួយផ្តល់គំនិតយោបល់ដល់ក្រុមប៉ុណ្ណោះ រីឯការរៀបចំឯកសារពួកគាត់ដែលជាក្រុមតែ១ជាអ្នករៀបចំវិញ។នៅក្នុងការសិក្សារយៈពេល ៤ ឆ្នាំ នាងបានជួបការខ្វះខាតខ្លាំងដោយសារការចំណាយទៅលើកន្លែងស្នាក់នៅ ថ្លៃហូបចុក ក៏ដូចជាលុយសម្រាប់ធ្វើដំណើរទៅសាលា គឺជាបន្ទុករបស់ខ្លួនឯងទាំងស្រុង ដោយនាងពឹងតែលើឪពុកម្តាយជាអ្នករ៉ាប់រង ខណៈពេលដែលពួកគាត់មានរបរត្រឹមតែធ្វើស្រែ ១ មុខប៉ុណ្ណោះ។ ការចំណាយនេះគ្រាន់តែបង់ថ្លៃរដ្ឋបាលក្នុងសាកលវិទ្យាល័យអស់ ២០០ ដុល្លារ ក្នុងរយៈពេល ៤ ឆ្នាំ តែត្រូវបានលោកប្រធានអាហារូបករណ៍ជួយចំណាយឱ្យ។
កញ្ញា ទ្រី រតនី បានត្អូញត្អែរថា៖ «បើរដូវណាគាត់ធ្វើស្រែបានច្រើនទៅគាត់ក៏ផ្តល់ឱ្យយើងតាមហ្នឹងដែរ តែបើគាត់ធ្វើស្រែមិនសូវបានផលទេ ការចំណាយរបស់យើងក៏ស្តួចទៅតាមហ្នឹងទៅ។សម្រាប់លុយកាក់គឺយើងចាយត្បិតត្បៀតមែនទែនប៉ុន្តែថ្លៃសិក្សាខ្ញុំទទួលបានអាហារូបករណ៍ ១០០% ពីលោក ហ៊ុន ម៉ាណែត បើខ្ញុំត្រូវបង់ទាំងថ្លៃសិក្សាទៀតប្រហែលជាខ្ញុំគ្មានលទ្ធភាពសិក្សាទេ។ អ៊ីចឹងខ្ញុំចំណាយតែថ្លៃស្នាក់នៅហូបចុក និងថ្លៃធ្វើដំណើរទៅសាលាប៉ុណ្ណោះបើចំណាយគ្រប់ទាំងអស់ប្រហែលជាខ្ញុំគ្មានថ្ងៃនេះទេ»។
ទោះបីមានការលំបាកយ៉ាងណា ក៏នៅទីបំផុត កញ្ញា ទ្រី រតនី បានទទួលសញ្ញាបត្របរិញ្ញាបត្រនៅថ្ងៃទី ២៨ កញ្ញា ឆ្នាំ ២០២២ ហើយនាងអាចប្រើប្រាស់ភាសាអង់គ្លេសបានយ៉ាងស្ទាត់ជំនាញទាំងការសរសេរទាំងការនិយាយជាផ្លូវការ។
ក្រោយពីបានបញ្ចប់បរិញ្ញាបត្រអក្សរសាស្ត្រអង់គ្លេសមក កញ្ញា រតនី បានក្លាយជាគ្រូភាសាអង់គ្លេស និងបានបង្រៀនជនពិការភ្នែកនៅវិទ្យាល័យអប់រំពិសេសក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាម។ ចំពោះសិស្សដែលអ្នកគ្រូ រតនី ត្រូវបង្រៀនសុទ្ធសឹងតែជាជនពិការភ្នែកទាំងអស់ ព្រោះបើអ្នកគ្រូទៅបង្រៀនអ្នកគថ្លង់ឬអ្នកមានកាយសម្បទាល្អក៏កញ្ញាមិនអាចទៅបង្រៀនបានដែរ ព្រោះកញ្ញាមានជំនាញស្ទាបអក្សរ រីឯមនុស្សគថ្លង់ត្រូវមើលរូបភាពឬអានអក្សរហើយធ្វើជាសញ្ញា។
កញ្ញា ទ្រី រតនី ក៏បានឱ្យដឹងដែរថា សម្រាប់ការប្តូរពីសិស្សមកជាគ្រូក៏កញ្ញាជួបបញ្ហាលំបាកខ្លះៗដែរ ដោយសារតែមិនទាន់មានបទពិសោធន៍ក្នុងការបង្រៀនប៉ុន្តែការលំបាកទាំងអស់នេះវាបានសម្រួលមកវិញដោយសារកញ្ញាបានចូលរួមវគ្គបណ្តុះបណ្តាលផ្សេងៗដែលជាការចាត់តាំងរបស់សាលា។វិទ្យាល័យអប់រំពិសេសគឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋ ហើយការសិក្សា គឺទទួលយកតែក្មេងពិការភ្នែក និងគថ្លង់តែប៉ុណ្ណោះ។
ដោយឡែកការប្រើប្រាស់សម្ភារប្រចាំថ្ងៃផ្សេងៗវិញ អ្នកគ្រូភាសាអង់គ្លេសរូបនេះក៏អាចប្រើទូរស័ព្ទស្មាតហ្វូនដូចអ្នកភ្នែកភ្លឺបានដែរព្រោះក្នុងទូរស័ព្ទកញ្ញាបានដំឡើងកម្មវិធីសំឡេង។ រីឯមុខងារកម្មវិធីផ្សេងៗដែលប្រើនៅលើទូរស័ព្ទថាច់ស្គ្រីន គឺនៅពេលកញ្ញាយកម្រាមដៃចុចលើកម្មវិធីណាមួយវានឹងបន្លឺជាសំឡេងតែម្តង។ក្រៅពីនេះកញ្ញាអាចប្រើប្រាស់យូធូប ហ្វេសប៊ុក តេឡេក្រាមបាន តែលុះត្រាដំឡើងកម្មវិធីសំឡេងជាមុនទើបអាចប្រើប្រាស់បាន៕