កោះកុងៈ​ ក្រុម​អ្នក​ជំនាញ​អន្តរ​ជាតិ​មកពី​ប្រទេស​បារាំង ចិន ​និង​ស្វ៊ីស និង​ក្រសួង​បរិស្ថាន​ មន្ត្រី​នៃ​សាកល​វិទ្យា​ល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​រួម​នឹង​ស្ថាប័ន​ពាក់​ព័ន្ធបាន​សន្និដ្ឋាន​ថា​ ហ្វូ​ស៊ី​ល​ឆ្អឹង​ដាយ​ណូ​ស័​រ​ដំបូង​នៅ​កម្ពុជា​ដែល​រកឃើញ​ក្នុង​ឆ្នាំ​ ២០២១​ ស្ថិត​ក្នុង​អម្បូរ ​Sauropod Dinosaur ជា​ប្រភេទ​ពូជ​ដាយ​ណូ​ស័​រ​ប្រភេទ​កវែង​។ នេះ​បើ​តាម​លោក​ លឹម​ វណ្ណ​ច័ន្ទ​ មន្ត្រី​ជំនាញ​នៅ​ក្រសួង​បរិស្ថាន ​។

​លោក ​លឹម វណ្ណ​ច័ន្ទ ប្រធាន​ការិយា​ល័យនៃ​នាយក​ដ្ឋាន​តំបន់​បេតិក​ភណ្ឌ​នៅ​អគ្គ​នាយក​ដ្ឋាន​សហ​គម​ន៍​មូល​ដ្ឋាន​នៃ​ក្រសួង​បរិស្ថានប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី ២៣ ខែ​វិច្ឆិកា​ថា ការសន្និដ្ឋាន​នេះ​ធ្វើ​ឡើង​ ក្រោយ​មន្ត្រី​ជំនាញ​អន្ត​រជាតិរួម​នឹង​ស្ថា​ប័ន​ពាក់​ព័ន្ធ បាន​ទៅធ្វើ​កំណាយ​នៅ​ថ្ងៃទី​ ២១ ​ខែវិច្ឆិកា ឆ្នាំ​ ២០២២​​ នៅ​ទីតាំង​ដែល​បាន​រកឃើញ​ហ្វូ​ស៊ី​ល​ដាយ​ណូ​ស័​រនៅលើ​កោះ​ប៉ោ ស្ថិត​ក្នុង​ភូមិ​កោះ​ប៉ោ ឃុំ​បាក់​​ខ្លង ស្រុក​មណ្ឌល​សីមា ខេត្ត​កោះ​កុង ជាប់​ដែន​ជម្រក​សត្វព្រៃ​តា​តៃ​។

​លោក​ថ្លែង​ថា​៖ «​ក្រោយពី​បាន​ចុះ​ពិនិត្យ​ដល់ទី​តាំងពី​សំណាក់​ក្រុម​អ្នក​ជំនាញ​អន្ត​រជាតិ មន្ត្រី​ជំនាញ​នៃ​ក្រសួងបរិស្ថាន មន្ត្រី​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈរួម​នឹង​ស្ថាប័ន​ពាក់ព័ន្ធបាន​សន្និដ្ឋានថា ​ផូស៊ីល​ឆ្អឹង​ដាយ​ណូ​ស័​រនេះ​គឺ​ស្ថិតក្នុង​អម្បូរ Sauropod Dinosaur»​។

​មន្ត្រី​ជំនាញ​ក្រសួង​បរិស្ថាន​បាន​ឱ្យដឹង​ទៀតថា ការធ្វើ​កំណាយ​នេះ​មិន​ទាន់​បាន​ប្រទះ​ឃើញ​បំណែក​ឆ្អឹង​ផ្សេង​ទៀត​ទេ ខណៈ​កំពុង​ស្រាវ​ជ្រាវ​បន្ត​តាម​រយៈ​ការ​សិក្សា​លើ​ស្រទាប់​ថ្ម​នៅ​តំបន់​ផ្សេងៗ​ដែល​នៅ​ជិត​នោះ ហើយ​នៅ​ថ្ងៃទី​២៣ ខែវិច្ឆិកា​ ​ក្រុម​ការងារ​បាន​បន្ត​ការស្រាវ​ជ្រាវ​មកដល់​ខេត្តពោ​ធិ៍សា​ត់និង​បាត់​ដំបង​ហើយ​។ចំណែក​ឆ្អឹង​ដាយ​ណូ​ស័​រដែ​ល​ធ្វើ​កំណាយ​បាននោះ​បាន​យក​ទៅ​រក្សាទុក​នៅ​ក្រសួង​បរិស្ថាន​សម្រាប់​ធ្វើ​ការ​ស្រាវ​ជ្រាវ​បន្ត​។

​លោក​បញ្ជាក់​ថា​៖ «​ឆ្អឹង​ហ្នឹង​នឹង​រក្សាទុក​នៅ​ក្រសួង​បរិស្ថាន យើង​នឹង​បន្ត​ការសិក្សា​លម្អិត ទៅ​លើ​ប្រភេទ​ពូជ​ហ្នឹងថា​ តើ​វា​ពូជ​ពពួក​កវែង​ថ្មី ​ឬ​មួយ​ក៏​ដូចគ្នា​នឹង​ប្រទេស​ដែល​នៅ​ជិត​ខាង​[​ប្រ​ទេសថៃ​]»​។​

​ហ្វូស៊ីល​នេះ​ គឺជា​ឆ្អឹង​ស្មង​ជើង​ខាង​ឆ្វេង មាន​ប្រវែង ​៧០ សង់​ទីម៉ែត្រ និង​ទទឹង ២០​ សង់​ទីម៉ែត្រ ដែល​អាច​មាន​អាយុ​កាល​ ៦៥​ លាន - ១៩០​ លាន​ឆ្នាំមុន​។ ផ្អែក​លើ​ការ​រកឃើញ ​ក្រុមការងារ​បាន​អះអាង​ថា នេះ​អាច​ជា​ហ្វូ​ស៊ី​ល​សត្វ​ដែល​ទាក់​ទង​នឹង​សត្វ​ព្រៃ​ដែល​បាន​រក​ឃើញ​នៅ​កម្ពុជា​។ ​វា​ត្រូវបាន​គេ​រក​ឃើញ​នៅក្នុង​ស្រទាប់​ថ្មភក់​នៅលើ​កោះ​ដែល​ទឹក​សមុទ្រ​បាន​បោក​បក់​ពីលើ​វា​។

​លោក លឹម វណ្ណ​ច័ន្ទ បានឱ្យ​ដឹងទៀត​ថា លោក​បាន​រក​ឃើញ​ហ្វូ​ស៊ី​ល​នៅ​កម្ពុ​ជា​ដំបូង​ក្នុង​ឆ្នាំ ២០១៧ ​ក្រោយ​មក​លោក​ស្នើ​បាន​ថវិកា​សម្រាប់​ស្រាវ​ជ្រាវ​នៅ​ឆ្នាំ ២០១៩​ ដែល​គិត​មក​ទល់​ពេល​នេះ​មាន​រយៈ​ពេល​ ៤ ឆ្នាំ​ហើយ​។ក្នុង​រ​យៈពេល ៤ ឆ្នាំនេះ​ មន្ត្រី​ជំនាញ​បរិស្ថាន​បាន​រកឃើញ​ហ្វូស៊ី​ល​សត្វ​សមុទ្រ​ ដើម​ឈើ​ក្លាយជា​ថ្ម និង​ហ្វូស៊ី​ល​ដាយ​ណូ​ស័​រ​ថ្មី​នេះ​ផង​ដែរ​។ គិត​មកទល់​បច្ចុប្បន្ន​ក្រសួង​បរិ​ស្ថាន​បាន​រក​ឃើញ​ស្ថា​នី​យ​ហ្វូ​ស៊ី​ល ៤៣ ស្ថានីយ​ហើយ​។​

​តាម​ការ​បញ្ជាក់​របស់​ពី​ម​ន្ដ្រីជំនាញ​បរិស្ថាន​ ដាយ​ណូ​ស័​រ គឺជា​ក្រុម​សត្វ​ល្មូន​ ១ ក្រុម​ ដែលមាន​ភាព​ចម្រុះ​។ពួកវាបាន​បង្ហាញ​ខ្លួន​ជា​លើក​ដំបូង​នៅ​ក្នុងសម័យ​កាល​ទ្រី​យ៉ា​ស៊ី​ក​ចន្លោះ​ឆ្នាំ ២៤៣ និង ២៣៣,២៣ លាន​ឆ្នាំមុន​។ទោះបី​ជាមាន​ប្រភព​ដើម ​និង​ពេល​វេលាជាក់​លាក់​នៃ​ការ​វិវឌ្ឍរបស់​ដាយ​ណូ​ស័​រ​ក៏ដោយ តែ​នេះក៏ជា​ប្រធាន​បទ​នៃ​ការ​ស្រាវ​ជ្រាវ​ដ៏​សកម្ម​មួយ​ផងដែ​រ​។

​ពួកវា​បាន​ក្លាយ​ជាស​ត្វ​មាន​ដើម​កំណើត​នៅលើ​ដី​ដែល​មាន​ភាព​លេច​ធ្លោ​បន្ទាប់​ពី​យុគ​សម័យ Triassic-Jurassic ២០១,៣ លាន​ឆ្នាំមុន​។ភាព​លេច​ធ្លោ​របស់​ពួកវាបាន​បន្ត​ពេញ​ ១ យុគ​សម័យ Jurassic និង Cretaceous​។ កំណត់​ត្រា​ហ្វូស៊ីល​បង្ហាញ​ថា​ សត្វ​ស្លាបគឺជា​ប្រភេទ​មួយ​នៃ​ដាយ​ណូ​ស័​រ​ដ៏​គួរឱ្យ​ខ្លាច​ដែល​មាន​ការ​វិវឌ្ឍ​ពីមុនៗក្នុង​អំឡុង​យុគ​សម័យ Jurassic ហើយ​វា​ជា​សែ​ស្រឡាយ​ដាយ​ណូ​ស័​រ​តែ ១​ គត់​ ដែល​អាច​រស់​រាន​មានជីវិត​ពី​យុគ​សម័យ ​Cretaceou-Paleogene ដែល​បាន​ផុត​ពូជ​ប្រមាណ​ ៦៦​ លាន​ឆ្នាំ​មុន​៕