ភ្នំពេញៈ ជន​រងគ្រោះ​ជាង ៤ ពាន​នាក់ ​ពី​ការជួញដូរ​មនុស្ស ទាស​ភាព និង​ការរំលោភ​បំពាន ត្រូវបាន​ជួយសង្គ្រោះ​ឱ្យមាន​ជីវភាព និង​ជីវិត​ល្អប្រសើរ​ឡើងវិញ ខណៈ​​លោកស្រី ជូ ប៊ុន​អេង រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃបាន​លើកឡើងថា បទល្មើស​ក្នុង​រូបភាព​ថ្មី​នៃ​ការជួញ​ដូរ​ជន​បរទេស​ពី​សំណាក់​ជន​បរទេស​នៅលើ​ទឹកដីកម្ពុជា​ កំពុងមាន​ការកើនឡើង។

នៅ​ថ្ងៃទី ​២៣ ខែវិច្ឆិកា ឆ្នាំ ២០២២ ក្រសួង​មហាផ្ទៃ និង​អង្គការ​ហា​ការ បានរៀបចំ​សិក្ខាសាលា​ស្តីពី​ការផ្សព្វផ្សាយ​លទ្ធផល​នៃ​ការវាយតម្លៃ និង​ជះ​ផល​វិជ្ជមាន​នៃ​គម្រោង​កម្ម​វី​ធី the Whole Journey” ដោយ​ក្នុងនោះ អង្គការ​ហា​ការ បាន​ប្រកាសថា មាន​អ្នក​រស់រានមានជីវិត​ច្រើនជាង ៤ ពាន់​នាក់ ពី​ការជួញដូរ​មនុស្ស ទាសភាព និង​ការរំលោភបំពាន បាន​ទទួល​ការគាំទ្រ ហើយ​ករណី​នេះ ត្រូវបាន​បិទ​ប្រហែល​ពី ៥ ​ឆ្នាំ​ទៅ ១០ ឆ្នាំ បន្ទាប់ពី​របាយ​ការណ៍​បង្ហាញថា ​ពួកគេ​ជាសះ​ស្បើយ​ទាំង​ស្រុង និង​អាច​រស់នៅ​ដោយ​ឯករាជ្យ​បាន។

លោក​ស្រី កែវ គៀង នាយក​ប្រតិបត្តិ​អង្គការ​ហា​ការ បាន​បញ្ជាក់​ថា៖ «ដើម្បី​តាមដាន​នូវ​អ្វីដែល​បាន​កើតឡើង​ចំពោះ​ជីវិត​របស់​ពួកគេ បន្ទាប់ពី​ទទួលបាន​ការគាំទ្រ​ពី​អង្គការ​ហា​ការ ការវាយតម្លៃ​នូវ​លទ្ធផល​នៃ​សេវាកម្ម​ជួយ​អ្នក​រស់រាន​មាន​ជី​វិត​ពី​ការរង​គ្រោះ គឺ​ចាំ​បាច់​ណាស់ ហើយក៏​ដើម្បី​កំណត់​នូវ​បញ្ហា​ប្រឈម ការអនុវត្ត​ល្អ និង​មេរៀន​ដែល​បាន​រៀន​ពី​ការ​វាយ​តម្លៃ​នេះ​ផងដែរ។ យើង​បាន​រួមគ្នា​ជួយ​ជីវិត​ជនរងគ្រោះ និង​អ្នក​រស់រានមានជីវិត ជនពិការ​រងគ្រោះផ្សេងៗទៀត»។

លោកស្រីបាន​បន្តថា អង្គការ​ហា​ការ បាន​ប្តេជ្ញា​ក្នុង​ការផ្តល់​សេវាកម្ម​គាំទ្រ​នៃ​ដំណើរ​ជីវិត​ទាំងមូល​ជូន​ដល់​អ្នក​រស់រាន​មានជីវិត​​ពី​ការ​ជួញដូរ​មនុស្ស ទាស​ភាព និង​ការរំលោភបំពានផ្សេងៗ ដើម្បី​ធានាថា ពួកគេ​មាន​កន្លែង​រស់នៅ​ប្រកប​ដោយ​សុវត្ថិភាព និង​គ្រួ​សារ​ដែល​មាន​សេចក្តី​ស្រឡាញ់​នៅក្នុង​សហគមន៍​របស់​ពួក​គេ។

បើតាម​សេចក្តី​ប្រកាស​របស់​អង្គការ​ហា​ការ ចំនួន​អ្នករងគ្រោះ​ជាង ៤ ពាន់​នាក់​នេះ គឺជា​ចំនួន​ដែល​អង្គការ​ហា​ការ​បាន​ជួយ​ពួកគេ​តាំងពី​ឆ្នាំ ១៩៩៤ រហូតមកដល់​បច្ចុប្បន្ន។ អង្គការហាការ បាន​អះអាង​ថា ក្រោយ​ការជួយ​សង្គ្រោះ ពួក​គេ​​ទទួល​បាន​ក្តីសង្ឃឹម​ឡើង​វិញ ដោយ​មាន​ស្មារតី​ល្អ និង​ថែមទាំង​មាន​ជីវភាព​ល្អប្រសើរនៅ​ក្នុង​សហគមន៍​ថែម​ទៀត​ផង​។

លោកស្រី ជូ ប៊ុន​អេង រដ្ឋលេខា​ធិការ​ក្រសួងមហាផ្ទៃ និង​ជា​អនុ​ប្រធាន​អចិន្ត្រៃយ៍​នៃគណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​ការជួញ​ដូរ​មនុស្ស បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ ក្រោយ​ចប់​សិក្ខាសាលា​ថា ការជួយ​ដល់​ជនរងគ្រោះ​ក្រោយ​ទង្វើ​នៃ​ការ​ជួ​ញ​ដូរ គឺជា​រឿង​មួយ​ដែល​ល្អ ដែល​ក្រសួង​មហាផ្ទៃ​គាំទ្រ និង​ចង់ឱ្យ​មាន​អង្គការ​ច្រើន​បន្ថែម​ទៀត ចូលរួម​ជួយ​ដល់​ពួកគេ។

លោកស្រី​បញ្ជាក់ថា៖ «តួលេខ​នេះ បង្ហាញថា ការផ្តល់សេវា ព្រម​នឹង​បំ​ណិ​ន​ជីវិត​ដ៏​ល្អប្រសើរ​ដែល​អាច​ជួយ​ពួកគេ សម្រប​​​ខ្លួន​ទៅក្នុង​បរិយាកាស​ថ្មី​នៅក្នុង​សហគមន៍​វិញ​យ៉ាង​រលូន។ អំពើ​ដែល​ជនរងគ្រោះ​ទទួលបាន គឺ​មិន​ងាយ​ធ្វើឱ្យ​គាត់ ផ្លាស់ប្តូរ​ឥរិ​យាបថ និង​ការគិត​បាន​ងាយៗ​នោះ​ទេ ហើយ​ការដែល​អង្គការ​នេះ ធ្វើបាន​របៀបនេះ គឺ​ល្អ​បំផុត​ហើយ»។

ជាមួយ​គ្នា​នេះ លោកស្រី ជូ ប៊ុន​អេង ​អះអាង​ថា រាជ​រដ្ឋាភិបាល នៅតែ​បន្ត​ការប្តេជ្ញា​ចិត្ត​ខ្ពស់​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ​បើទោះជា​របា​យការណ៍​បាន​បង្ហាញថា ការ​ជួញ​ដូរ​មនុស្ស​ក្នុងប្រទេស​មានការ​ថយចុះ ប៉ុន្តែ​ការជួញ​ដូរ​មនុស្ស​ក្នុង​រូបភាព​ហាក់​មានការ​កើនឡើង​ទៅ​វិញ ដែល​ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ​ជនបរទេស​ពី​សំណាក់​ជនបរទេស​នៅលើ​​​ទឹកដី​ខ្មែរ។

លោកស្រីសង្កត់​ធ្ងន់​ថា៖ «សកម្មភាព​ដែល​យើង​បានធ្វើ​កន្លង​មក​ក្នុងស្រុក គឺ​ឃើញថា តួលេខ​ធ្លាក់ចុះ។ ប៉ុន្តែ​ខ្ញុំ​លើក​រឿង​ថ្មី ដែល​យើង​មិនអាច​ដាក់​ប​ញ្ចូ​ល​គ្នា​បានទេ ព្រោះ​វា​មាន​ស្ថានភាព​ខុសគ្នា ដោយសារតែ​យើង​ធ្លាប់ធ្វើ​កន្លងមក គឺ​ចំពោះ​ជន​ដែល​ងាយ​រងគ្រោះ ភាគច្រើន​គឺជា​ជនជាតិខ្មែរ ដែល​ទទួលរង​ការជួញដូរ។ តែ​ឥឡូវនេះ បទល្មើស​ជួញដូរ​ថ្មី​នេះ គឺ​បាន​បង្កប់​ក្នុង​ប្រព័ន្ធ​អន​ឡាញ ដែល​ភាគច្រើន​​ខាង​ជនបរទេស។ មានន័យថា ជនបរទេស​ដែល​ប្រព្រឹត្ត​បទល្មើស​ទៅលើ​ជន​បរទេស​គ្នា​គាត់ ដោយ​ប្រើ​ប្រាស់​ទឹកដី​កម្ពុជា»។

របាយ​ការណ៍​រប​ស់អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ស្នងការដ្ឋាន​នគរបាល​រាជធានី​ខេត្ត បាន​បង្ហាញថា ខ្លួន​បាន​តាមដាន​ស្រាវជ្រាវ បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ ក្នុង​រយៈពេល ៩ ខែ សរុប​បាន ១២២​ ករណី បើ​ធៀប​នឹង​ឆ្នាំ ២០២១ មាន​ចំនួន ២៦៩​ ករណី ថយចុះ​ចំនួន ១៤៧ ករណី ស្មើនឹង ៥៤,៦៤​ ភាគ​រយ៕