ភ្នំពេញៈ គោលដៅ​ទៅ​ថ្ងៃមុខ គឺ​កម្ពុជា​នឹង​ពង្រីក​ផលិតកម្ម​បន្លែ ជាពិសេស​បន្លែ​មាន​សុវត្ថិភាព​ដើម្បី​ឆ្លើយតប​ទៅនឹង​កំណើន​នៃ​តម្រូវការ​អ្នកប្រើប្រាស់ ហើយ​កសិករ​ត្រូវមាន​ផែន​ការដាំដុះ​ឱ្យបាន​ត្រឹមត្រូវ និង​ច្បាស់លាស់​។ នេះ​បើតាម​ការ​ថ្លែង​របស់​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក ឌិត ទីណា តាមរយៈ​បណ្តាញ​សង្គម​ហ្វេសប៊ុក​នៅ​យប់​ថ្ងៃទី​ ២១ ខែវិច្ឆិកា​។

លោក​បញ្ជាក់​៖ «​ផលិតកម្ម​បន្លែ​មាន​សុវត្ថិភាព​ត្រូវការ​ផ្ទះ​សំណាញ់​ដែល​មាន​ស្តង់ដា​បច្ចេកទេស ដូច្នេះ​ដើម្បី​ជួយ​ឱ្យ​កសិករ​អាច​ផលិត​បាន​តាម​តម្រូវការ ក្រុមហ៊ុន​ប្រមូល​ទិញ​បន្លែ គួរ​ជួយ​សាងសង់​ផ្ទះ​សំណាញ់​ជូន​កសិករ ដោយ​អនុវត្ត​កិច្ចសន្យា​កសិកម្ម​»​។

អ្នកនាំពាក្យ​ក្រសួង​កសិកម្ម កញ្ញា អ៊ឹម រចនា ថ្លែងប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ នៅ​ថ្ងៃទី​ ២២ ខែវិច្ឆិកា​ថា នៅក្នុង​ផលិតកម្ម​បន្លែ ក្រសួង​កសិកម្ម​មាន​មជ្ឈមណ្ឌល​ប្រមូលផ្តុំ ត្រួតពិនិត្យ​គុណភាព និង​ចែកចាយ​បន្លែ​សុវត្ថិភាព ដែលមាន​ទីតាំងនៅ​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល​។ កញ្ញា​ប្រាប់ថា នោះ​ជា​មជ្ឈមណ្ឌល​ដែល​ដើរតួ​យ៉ាងសំខាន់​នៅក្នុង​ការគាំទ្រ និង​គ្រប់គ្រង​បណ្ដុំ​អាជីវកម្ម​បន្លែ រួមមាន​ការ​កត់ត្រា​ចំនួន និង​ប្រភេទ​បន្លែ​យក​ចូល​មណ្ឌល ការលាង​សម្អាត វេចខ្ចប់ ការស្តុក​ទុក (​ឃ្លាំង​ត្រជាក់ និង​ឃ្លាំង​ស្ងួត​) និង​ការធ្វើ​តេស្ដ​រក​សារធាតុ​ពុល​បន្សល់ទុក​ក្នុង​បន្លែ ដែល​សុទ្ធតែ​បាន​យកមក​ពី​បណ្ដុំ​អាជីវកម្ម​បន្លែ​សុវត្ថិភាព និង​សហគមន៍​កសិកម្ម​ក្នុង​ខេត្តកណ្ដាល និង​ខេត្ត​នានា​តាមរយៈ​កិច្ចសន្យា​កសិកម្ម​។ ទាំងនេះ​ជា​ការងារ​ដែល​ក្រុម​ការងារ​ក្រសួង​បាន​និង​បន្តធ្វើ​។

អ្នកនាំពាក្យ​ក្រសួង​កសិកម្ម​រូបនេះ​បញ្ជាក់ថា ជា​ទស្សនវិស័យ​របស់​លោក​រដ្ឋមន្ដ្រី ឌិត ទីណា លោក​បាន​ផ្ដល់​អនុសាសន៍​ទាក់ទង​នឹង​ការផលិត​ដល់​មជ្ឈមណ្ឌល​ប្រមូលផ្តុំ ត្រួតពិនិត្យ​គុណភាព និង​ចែកចាយ​បន្លែ​សុវត្ថិភាព​ថា គួរ​មាន​កិច្ចសន្យា​ជាមួយ​កសិករ​ឱ្យ​បាន​ច្បាស់លាស់ និង​ត្រឹមត្រូវ​ដើម្បី​កុំឱ្យ​ពួកគាត់​ខ្វះ​ទីផ្សារ និង​បាត់បង់​ទំនុកចិត្ត​ក្នុង​ការផលិត​, ស្វែងរក​ដៃគូ​សហការ និង​ក្រុមហ៊ុន​ផ្សេងៗ​ទៀត​។ កញ្ញា​បញ្ជាក់ថា​៖ «​យក​គំរូ​តាម​ក្រុមហ៊ុន​មាស​បៃតង និង​ក្រុមហ៊ុន NAV ដែលមាន​ការ​វេចខ្ចប់​បាន​ស្អាត​ល្អ មាន QR កូដ បញ្ជាក់​ពីលើ​បន្លែ​ដែល​បានធ្វើ​តេស្ដ​រួច ដើម្បី​ឱ្យ​ប្រាកដថា បន្លែ​នោះ​សុវត្ថិភាព ឬ​ជា​បន្លែ​សរីរាង្គ យក​មកពី​តំបន់​ណា ហើយ​បាន​ស្គាល់​ឈ្មោះ​កសិករ​អ្នក​ផលិត​ផងដែរ​»​។

កញ្ញា រចនា បន្ថែមទៀត​ថា ចំណែក​ក្រុមហ៊ុន​អ្នកប្រមូល​ទិញ​ទាំងអស់ គប្បី​ធ្វើការ​វិនិយោគ​ជាមួយ​កសិករ ដើម្បី​កាត់​បន្ថយ​ថ្លៃដើម​ផលិត​របស់​ពួកគាត់ តាមរយៈ​ការផ្តល់​ជា​ផ្ទះ​សំណាញ់ ការស្រោចស្រព​តាមបែប​ទំនើប ធន់​ទៅ​នឹង​ការប្រែប្រួល​អាកាសធាតុ និង​ធ្វើការ​រំលស់​ជាមួយ​ថ្លៃ​បន្លែ​ដែល​ប្រមូល​ទិញ​ទាំងនោះ​ដោយ​មាន​ការយល់ព្រម​ពី​ភាគី​ទាំង​សងខាង​។

លោក​ លី លាង ​គឺ កសិករ​ដាំ​បន្លែ​សុវត្ថិភាព​នៅ​ភូមិ​រការបុស ឃុំ​កំរៀង ស្រុក​កំរៀង ខេត្ត​បាត់ដំបង បាន​ឱ្យដឹងថា លោក​បាន​ដាំដុះ​បន្លែ​សុវត្ថិភាព​រយៈពេល​ ៣ ​ឆ្នាំ​មកហើយ ដែល​ដើមឡើយ​លោក​ដាំ​តែ​ ១​ រោង​ប៉ុណ្ណោះ ដែល​ ១​ រោង​អាច​រក​ចំណូល​ជា​មធ្យម​បាន​ ១ ​លាន​រៀល​។ បន្ទាប់មក ដោយសារ​ឃើញ​អំណោយផល​ល្អ លោក​កំពុង​បន្ត​ពង្រីក​ទៅដល់​ ៣០ ​រោង លើ​ផ្ទៃដី ១ ​ហិកតា​។

ការដាំ​បន្លែ​សុវត្ថិភាព និង​ការដាំ​បន្លែ​ធម្មតា​លក្ខណៈ​គ្រួសារ​គឺ​ខុសគ្នា​ដូច​មេឃ និង​ដី​។ «​ការដាំ​បន្លែ​ធម្មតា​យើង​ចោល​ ៣-៤​ ថ្ងៃ​អត់​បានទេ ទាល់តែ​បាញ់ថ្នាំ មើលថែ​រហូត សំខាន់​រឿង​បាញ់ថ្នាំ​សត្វល្អិត​តែម្តង ចំណែក​បន្លែ​ផ្ទះសំណាញ់​នេះ យើង​ធ្វើ​ហើយ យើង​ដាំដុះ ថែទាំ​បានល្អ​ហើយ វា​អត់​មាន​សត្វ​អី​រំខាន វា​ចេះតែ​ល្អ​ឡើងៗ ហើយ​ថ្នាំ​សត្វល្អិត​ក៏​យើង​អត់​សូវ​ប្រើ​ដែរ​»​។

ចំណែក​លោក ចន គឹម​ស្រស់ ជា​កសិករ​ឆ្នើម​នៅ​ភូមិ​ពោធិ៍ទាប ឃុំ​ម្លូព្រៃ​ ១ ស្រុក​ឆែប ខេត្ត​ព្រះវិហារ ឱ្យដឹងថា លោក​បាន​ធ្វើការ​ដាំដុះ​បន្លែ​ធម្មតា​ជាង​ ២០ ​ឆ្នាំ​ហើយ ប៉ុន្តែ​លោក​ទើប​បាន​សាកល្បង​ដាំដុះ​បន្លែ​សុវត្ថិភាព​ក្នុង​រយៈពេល​ ១​ ឆ្នាំ​ចុងក្រោយ​។ ការដាំដុះ​បន្លែ​ធម្មតា និង​បន្លែ​សុវត្ថិភាព​គឺមាន​ទីផ្សារ​ផ្សេង​គ្នា​។ ចំពោះ​បន្លែ​ធម្មតា​តម្លៃ​ឡើង​ចុះ​តាម​ហាងឆេង ប៉ុន្តែ​បន្លែ​សុវត្ថិភាព​មានតម្លៃ​ថេរ​ជាង​។ លោក​ថា​៖ «​ទីផ្សារ​ខ្ញុំ​ផ្គត់ផ្គង់​ទៅ​ទី​រួមខេត្ត គឺ​ម៉ូយ​កុម្ម៉ង់​ទើប​យើង​កាត់​យកទៅ​ឱ្យគេ ប៉ុន្តែ​និយាយ​រួម រាល់ថ្ងៃនេះ​ស្ទើរតែ​គ្មាន​បន្លែ​ឱ្យ​ម៉ូយ​ផង​ព្រោះ​គេ​កុម្ម៉ង់​ទៅ​លក់​ឆាប់​អស់​»​។

លោក ជួ មករា ប្រធាន​សហភាព​សហគមន៍​កសិកម្ម​បន្លែ​សុវត្ថិភាព​កម្ពុជា​បាន​គាំទ្រ​ការលើកឡើង​របស់​លោក​រដ្ឋមន្ត្រី​កសិកម្ម​។ លោក​ថ្លែងថា​៖ «​បើសិនជា​ក្រសួង​មាន​ជា​ទិសដៅ​បែប​ហ្នឹង​ខ្ញុំ​គាំទ្រ ហើយ​វា​ល្អ​មែនទែន​ដែល​ជំរុញ​ការផលិត​បន្លែ ការសាងសង់​រោង​ផ្ទះ​សំណាញ់ ច្រើន​ទៅតាម​សហគមន៍​មូលដ្ឋាន​។ អ៊ីចឹង​វា​ជា​ឱកាស​ច្រើន​សម្រាប់​កសិករ​នៅក្នុង​សហគមន៍ ដែល​គាត់​មានការ​ពង្រីក​ទៅមុខ​របរ​ហ្នឹង​វា​ល្អ សម្រាប់​ពេល​បច្ចុប្បន្ន ហើយ​និង​ពេលអនាគត​»​។

លោក​ មករា ​បាន​លើកឡើង​កាលពី​ថ្ងៃទី​ ២២ ​វិច្ឆិកា​ថា ដើម្បីឱ្យ​ការងារ​ពង្រីក​ការដាំដុះ​បន្លែ​សុវត្ថិភាព​ប្រព្រឹត្ត​ទៅ​បាន​លឿន រហ័ស គឺ​ត្រូវការ​ការចូលរួម​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់ ពោលគឺ​ការងារ​នេះ​ត្រូវការ​ការចូលរួម​ពី​សំណាក់​ប្រជាកសិករ វិស័យ​ឯកជន និង​ក្រសួង​កសិកម្ម​។ កសិករ​ក៏ត្រូវ​ចូលរួម​ចំណែក​ក្នុង​ការសាងសង់​រោង​ផ្ទះ​សំណាញ់​ផងដែរ ព្រោះ​ក្រុមហ៊ុន​ឯកជន​មិនមាន​លទ្ធភាព​សាងសង់​តែឯង​បាន​ច្រើន​រាប់ពាន់​រោង​ដោយ​គ្មាន​ការចូលរួម​ពី​កសិករ​ជា​ម្ចាស់​កន្លែង​នោះទេ​។

លោក​បានឱ្យ​ដឹងថា ក្នុងពេល​បច្ចុប្បន្ន​ការផ្គត់ផ្គង់​បន្លែ​សុវត្ថិភាព​នៅមាន​ការខ្វះខាត​ច្រើន ដោយ​ក្នុង​ ១​ ថ្ងៃ​ផលិត​មិនបាន​ ១ ​តោន​ទេ គឺ​បានតែ​ក្នុង​ចន្លោះ​ ៧ ​ទៅ​ ៨ ​រយ​គីឡូក្រាម​ប៉ុណ្ណោះ បើ​ផ្តោត​តែ​លើ​បន្លែ​សុវត្ថិភាព​ក្នុង​រោង​ផ្ទះ​សំណាញ់​។ ប៉ុន្តែ​តម្រូវការ​ប្រើប្រាស់​ក្នុង​ ១​ ថ្ងៃ​អាច​ក្នុង​ចំនួន​ចន្លោះ​ប្រមាណ ៥ ​តោន ទៅ​ ១០ ​តោន​ឯណោះ​។

លោក​ថ្លែងថា​៖ «​ក្នុង​ចន្លោះ​បរិមាណ​ប៉ុន​ហ្នឹង​យើង​ទាមទារ​ឱ្យមាន​ការសាងសង់​រោង​ផ្ទះសំណាញ់​យ៉ាងតិចណាស់​ក៏​ចាប់ពី​ ១ ០០០ រោង​ឡើងទៅ​ដែរ ទើប​យើង​អាច​ទទួល​បាន​ទិន្នផល​ប៉ុន​ហ្នឹង តែ​រោង​ដែល​យើង​មាន​រាល់ថ្ងៃ​មិនទាន់​បាន ១០ ភាគរយ​នៃ​ទិសដៅ​រោង​ដែល​យើង​ចង់បាន​ទៅ​ថ្ងៃមុខ​នេះ​ផង​»​។

លោក​ ជួ មករា បាន​លើកឡើង​ថា បច្ចុប្បន្ន​សហភាព​សហគមន៍​កសិកម្ម​បន្លែ​សុវត្ថិភាព​កម្ពុជា​មាន​ ១០​ សហគមន៍​សមាជិក​នៅ​ខេត្ត​ចំនួន​ ២ គឺ​ប៉ៃលិន និង​បាត់ដំបង ដែល​ក្នុង​ចំណោម​ ១០ ​សហគមន៍​នេះ សហគមន៍​ខ្លះ​មាន​ដំណើរ​ការ​ដាំដុះ​ជាមួយ​សហភាព ចំណែក​សហគមន៍​ខ្លះទៀត​នៅ​មិនទាន់​មាន​លទ្ធភាព​គ្រប់គ្រាន់​នៅឡើយ ដែល​ទាមទារ​ឱ្យមាន​ការពង្រឹង​គ្នា​ទៅវិញ​ទៅមក​បន្ថែមទៀត​។ លោក​ប្រាប់ថា ក្រៅពី​ខេត្ត​ ២ ​នេះ សហភាព​សហគមន៍​កសិកម្ម​បន្លែ​សុវត្ថិភាព​កម្ពុជា​ក៏​កំពុង​ជជែក​គ្នា​ពង្រីក​ទៅ​ខេត្ត​មួយចំនួន​ទៀត ដូចជា នៅ​ឧត្តរមានជ័យ បន្ទាយមានជ័យ សៀមរាប ពោធិ៍សាត់ កំពង់ធំ និង​កំពង់ស្ពឺ នៅ​ឆ្នាំ ​២០២៣៕

វីដេអូ​៖