
សមាជិកគណបក្សប្រជាជនកម្ពុជាជួបជុំនៅវិមាន ៧ មករា កាលពីថ្ងៃទី ២៨ ខែមិថុនា។ ហុង មិនា
ភ្នំពេញៈ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា (CPP) នឹងរៀបចំប្រារព្ធពិធីជួបជុំសំណេះសំណាលជាមួយមន្ត្រីគណបក្ស នាថ្ងៃទី ២៦ វិច្ឆិកា ដើម្បីពង្រឹងសមាជិកបក្ស ខណៈការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រកាន់តែខិតជិតមកដល់។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជាប្រធានគណបក្សប្រជាជនកម្ពុជានឹងអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការកណ្តាល ដែលនឹងធ្វើឡើងនៅវិមាន ៧ មករា នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ថ្ងៃទី ២៦ វិច្ឆិកា។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ប្រាប់នៅថ្ងៃទី ២៣ វិច្ឆិកាថា កិច្ចប្រជុំនេះ គឺជាកម្មវិធីសំណេះសំណាលជាមួយមន្ត្រីរាជការនៅរាជធានី-ភ្នំពេញ និងបណ្តាក្រសួងស្ថាប័ន។
លោកថ្លែងថា៖ «ដូចយើងឃើញសព្វដង សម្តេចនាយករដ្ឋមន្ត្រី [ហ៊ុន សែន] ក្នុងនាមប្រធានគណបក្ស លោកបានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋហូរហែនៅទាំងគ្រប់ខេត្ត-ក្រុងទាំងអស់កន្លងទៅ។ ឥឡូវកិច្ចប្រជុំនេះក៏ប្រព្រឹត្តទៅក្នុងក្របខ័ណ្ឌដូចគ្នា»។
លោកឱ្យដឹងថា កិច្ចប្រជុំនេះនឹងពិភាក្សាទៅលើការងារផ្សេងៗសភាពការណ៍នយោបាយក្នុងប្រទេស និងក្រៅប្រទេស ដែលលោកចាត់ទុកថា ជារឿងធម្មតាទេ ព្រោះគណបក្សតែងបែងចែកភារកិច្ច តួនាទី និងចំណេះដឹងទៅដល់សមាជិកសមាជិការបស់ខ្លួន ដើម្បីឱ្យយល់ដឹងជ្រួតជ្រាប ព្រមទាំងណែនាំនូវចំណុចមួយចំនួន ដែលត្រូវអនុវត្តនាពេលខាងមុខ។
ពាក់ព័ន្ធការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី ២៣ កក្កដា ឆ្នាំ ២០២៣ លោក សុខ ឥសាន លើកឡើងថា៖ «របៀបវារៈកិច្ចប្រជុំនោះ ចៀសមិន រួចទេរឿង [បោះឆ្នោត]។ គ្រប់គណបក្សទាំងអស់ឆ្ពោះទៅការបោះឆ្នោត ម្នាក់ៗរឹតខ្សែក្រវាត់រៀងខ្លួន មិនថា គណបក្សណានោះទេ»។
លោកបន្ថែមថា ថ្នាក់ដឹកនាំគណបក្ស និងសមាជិក ដែលនឹងចូលរួមក្នុងកិច្ចប្រជុំនោះប្រមាណរាប់ពាន់នាក់ មកពីបណ្តាស្ថាប័ន គ្រប់ក្រសួងទាំងអស់ និងមន្ត្រីរាជការនៅរាជធានីភ្នំពេញ និងនៅតាមខណ្ឌនីមួយៗ។
ជាមួយគ្នានេះ រដ្ឋបាលរាជធានី-ភ្នំពេញក៏បានជូនដំណឹងស្តីពីការបញ្ចៀសចរាចរណ៍របស់យានយន្ត គ្រប់ប្រភេទ ជាបណ្ដោះអាសន្ន ពេលប្រារព្ធពិធីជួបជុំសំណេះសំណាលជាមួយមន្ត្រីគណបក្សប្រជាជនកម្ពុជានៅរាជធានីភ្នំពេញរហូតដល់បញ្ចប់កម្មវិធី។
សេចក្តីជូនដំណឹងចុះថ្ងៃទី ២៣ វិច្ឆិកា ឱ្យដឹងថា ដើម្បីឱ្យកម្មវិធីប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខសុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរណ៍ រដ្ឋបាលរាជធានី-ភ្នំពេញ នឹងបញ្ចៀសចរាចរណ៍ចំពោះយានយន្តគ្រប់ប្រភេទលើកំណាត់មហាវិថីព្រះនរោត្តមចាប់ពីស្តុបជលផលដល់ស្ពានអាកាសក្បាលថ្នល់ និងបរិវេណជុំវិញទីតាំងប្រារព្ធពិធីពីម៉ោង ៥ ល្ងាច រហូតដល់បញ្ចប់កម្មវិធី៕