
លោក ស៊ុន ចាន់ថុល (ទី ២ ពីឆ្វេង) ក្នុងកិច្ចប្រជុំពីថ្ងៃទី ២២ វិច្ឆិកា។ រូបថត ក្រសួងសាធារណការ
ភ្នំពេញៈ ការប្រមើលមើលឡើងវិញលើវិស័យដឹកជញ្ជូននាពេលអនាគតក្នុងតំបន់អាស៊ី ត្រូវបានលើកជាប្រធានបទ សម្រាប់កិច្ចប្រជុំពិគ្រោះយោបល់កម្រិតខ្ពស់ថ្នាក់តំបន់លើកទី ១ នៅក្នុងតំបន់អាស៊ីរបស់វេទិកាដឹកជញ្ជូនអន្តរជាតិ ដែលរៀបចំឡើងនៅទីក្រុងបាងកកប្រទេសថៃ ខណៈថ្នាក់ដឹកនាំកម្ពុជាបានអះអាងថា ការគិតគូរទុកជាមុន អាចជួយរៀបចំឱ្យសង្គមកម្ពុជាមានលទ្ធភាពក្នុងការដោះស្រាយបញ្ហាប្រឈមនានានាពេលអនាគត។
កាលពីថ្ងៃទី ២២ ខែវិច្ឆិកា លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនបានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំពិគ្រោះយោបល់កម្រិតខ្ពស់ថ្នាក់តំបន់លើកទី ១ ក្នុងតំបន់អាស៊ីរបស់វេទិកាដឹកជញ្ជូនអន្តរជាតិ។
កម្មវិធីនេះមានការចូលរួមពីអង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ (OECD) គណៈកម្មការសេដ្ឋកិច្ច និងសង្គមសម្រាប់អាស៊ី និងប៉ាស៊ីហ្វិករបស់អង្គការសហប្រជាជាតិ (UN-ESCAP) មូលនិធិសុវត្ថិភាពផ្លូវថ្នល់របស់អង្គការសហប្រជាជាតិ (UN Road Safety Fund) ធនាគារអភិវឌ្ឍន៍អាស៊ី ADB ធនាគារពិភពលោក សហគមន៍អាល្លឺម៉ង់សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ GIZ លេខាធិការដ្ឋានសមាគមអាស៊ាន និងប្រទេសជាសមាជិករបស់វេទិកាដឹកជញ្ជូនអន្តរជាតិ (ITF) នៅក្នុងតំបន់អាស៊ីផងដែរ។
កិច្ចប្រជុំពិគ្រោះយោបល់នេះ ធ្វើឡើងដើម្បីកំណត់នូវឱកាស និងសកម្មភាពជាក់ស្តែងនៅតំបន់អាស៊ីដែលនឹងនាំដល់ការដឹកជញ្ជូនប្រកបដោយនិរន្តរភាព ភាពធន់ និងបរិយាប័ន្ន។ កិច្ចប្រជុំនេះផ្តោតសំខាន់លើការចែករំលែកគោលនយោបាយអាទិភាព ចំណេះដឹង ការអនុវត្តល្អៗ និងវិធានការប្រកបដោយប្រសិទ្ធភាព ដើម្បីពន្លឿនការផ្លាស់ប្តូរក្នុងបរិបទនៃការរាតត្បាតកូវីដ ១៩ ពិសេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលគ្របដណ្តប់លើប្រធានបទពាក់ព័ន្ធខ្ពស់សម្រាប់តំបន់ រួមមាន ដូចជា ការតភ្ជាប់វិស័យដឹកជញ្ជូន ការដឹកជញ្ជូនប្រកបដោយបរិយាប័ន្ន សុវត្ថិភាពនៃការដឹកជញ្ជូន (ការដឹកជញ្ជូនដែលបំភាយឧស្ម័នកាបូនទាប) និងការធ្វើទំនើបកម្មឌីជីថលលើវិស័យដឹកជញ្ជូន។
ក្រសួងសាធារណការ និងដឹកជញ្ជូនបញ្ជាក់ថា៖ «ក្នុងឱកាសនោះ លោក ស៊ុន ចាន់ថុល ត្រូវបានផ្តល់កិត្តិយសក្នុងការថ្លែងសុន្ទរកថាបើកកិច្ចប្រជុំពេញអង្គនៃកិច្ចប្រជុំពិគ្រោះយោបល់កម្រិតខ្ពស់ថ្នាក់តំបន់លើកទី ១ និងចូលរួមជាវាគ្មិនកិត្តិយសនៅក្នុងកិច្ចប្រជុំធំៗចំនួន ២ រួមមាន (១) កិច្ចប្រជុំក្រោមប្រធានបទ “ការប្រមើលមើលឡើងវិញលើវិស័យដឹកជញ្ជូននាពេលអនាគតនៅតំបន់អាស៊ី” និង (២) កិច្ចប្រជុំតុមូលសម្រាប់រដ្ឋមន្ត្រីស្តីពីការរៀបចំគោលនយោបាយដឹកជញ្ជូនប្រកបដោយចីរភាព ភាពធន់ និងបរិយាប័ន្ននៅតំបន់អាស៊ី»។
លោក ស៊ុន ចាន់ថុល បានថ្លែងថា ការគិតគូរទុកជាមុនអាចជួយរៀបចំសង្គមយើងឱ្យមានលទ្ធភាពក្នុងការដោះស្រាយបញ្ហាប្រឈមនានា ដែលអាចនឹងកើតមានឡើងនាពេលអនាគតបាន។ លោកចាត់ទុកថា លទ្ធផលនៃការពិភាក្សាគ្នានេះនឹងត្រូវបានយកទៅអនុវត្ត ដើម្បីបន្តទៅកាន់កិច្ចប្រជុំកំពូលរបស់វេទិកាដឹកជញ្ជូនអន្តរជាតិ (ITF) នាឆ្នាំ ២០២៣ ដែលជាសម័យប្រជុំលើកទី ៧ របស់ (UN-ESCAP)។
លោកបញ្ជាក់ថា៖ «វិស័យដឹកជញ្ជូន និងភ័ស្តុភារកម្មដែលមានលក្ខណៈប្រទាក់ក្រឡាគ្នាគឺកាន់តែមានសារៈសំខាន់ថែមទៀត សម្រាប់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចនៃប្រទេសនានានៅទូទាំងអាស៊ី និងប៉ាស៊ីហ្វិកក្នុងពេលប៉ុន្មានឆ្នាំខាងមុខ។ ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននានាគឺជាកត្តាជំរុញដ៏សំខាន់មួយសម្រាប់ការអភិវឌ្ឍ និងជាកត្តាជំរុញឱ្យមានកំណើនសេដ្ឋកិច្ចជាវិជ្ជមាន ក៏ដូចជារឹតបន្តឹងបរិយាប័ន្នសង្គមផងដែរ»។
លោកបានបន្តថា វេទិកាដឹកជញ្ជូនអន្តរជាតិកាលពីឆ្នាំ ២០២១ បានព្យាករថា តម្រូវការដឹកជញ្ជូនសម្រាប់អ្នកដំណើរ និងការដឹកជញ្ជូនទំនិញនឹងកើនឡើងយ៉ាងខ្លាំងនៅក្នុងទសវត្សរ៍ខាងមុខ ជាពិសេសនៅអាស៊ីដែលឆ្លុះបញ្ចាំងពីការអភិវឌ្ឍសេដ្ឋកិច្ច និងការតភ្ជាប់ដែលមានភាពប្រសើរឡើងហើយតម្រូវការដឹកជញ្ជូនអ្នកដំណើរទូទាំងពិភពលោក ត្រូវបានព្យាករថានឹងកើនឡើង ៣ ដងនៅឆ្នាំ ២០៥០ ។
លោកបានសង្កត់ធ្ងន់ថា៖ «មានកត្តាជាច្រើននៅពីក្រោយនិន្នាការវិជ្ជមានទាំងនេះដែលរួមចំណែកដល់តម្រូវការដឹកជញ្ជូននាពេលអនាគតនៅតំបន់អាស៊ីហើយឯកឧត្តមក៏បានលើកឡើងពីនិន្នាការទាំង ១០ ដែលគូសបញ្ជាក់ដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ស្តីពី "ការប្រមើលមើលអនាគតនៃការដឹកជញ្ជូននៅទូទាំងអាស៊ី និងប៉ាស៊ីហ្វិក" សម្រាប់ការយកមកពិចារណាផងដែរ»។
បន្ថែមពីនេះ ក្នុងនាមជាប្រទេសសមាជិកម្នាក់លោក ស៊ុន ចាន់ថុល បានស្នើទៅកាន់សមាជិក សមាជិកានៃអង្គប្រជុំទាំងមូល ចូលរួមគិតគូរឱ្យអស់ពីលទ្ធភាព និងសមត្ថភាព ដើម្បីស្វែងរកដំណោះស្រាយដែលអាចទៅរួច សម្រាប់វិស័យដឹកជញ្ជូននាពេលអនាគតនៅក្នុងតំបន់អាស៊ី ក៏ដូចជាកម្ពុជាផងដែរ។
វេទិកាដឹកជញ្ជូនអន្តរជាតិ (ITF) មានប្រទេសសមាជិកចំនួន ៨ នៅអាស៊ី ខណៈវេទិកានេះបន្តស្វែងរកការពង្រីកវិសាលភាពការងារ និងវត្តមានរបស់ខ្លួននៅក្នុងតំបន់បន្ថែមទៀត៕