
អ្នកទទួលបានការបណ្ដុះបណ្ដាលពីសាលាសណ្ឋាគារ និងទេសចរណ៍ឌុយប្រ៊ូល។ រូបថត សហការី
សៀមរាប: ព្រឹត្តិការណ៍មួយដែលមិនអាចបំភ្លេចបានកាលពី ២ ទសវត្សរ៍ មុនអ្នកចូលចិត្តជិះកង់ដ៏អស្ចារ្យម្នាក់អាយុ ៦៨ ឆ្នាំ លោកប៉ូលឌុយប្រ៊ូលបានចាប់ផ្ដើមដំណើរផ្សងព្រេងដោយជិះកង់ចម្ងាយ ១៥ ២៧២ គីឡូម៉ែត្រពីក្រុង Fontainebleau ក្នុងប្រទេសបារាំង មកកាន់ខេត្តសៀមរាបនៅខែកុម្ភៈ ឆ្នាំ ២០០២។
៨ ខែក្រោយមក លោកឌុយប្រ៊ូលដែលមានប្រវត្តិផ្នែកបដិសណ្ឋារកិច្ចជាមួយការតាំងចិត្តខ្ពស់បានមកដល់ខេត្តសៀមរាប ក្នុងគោលបំណងបើកសម្ពោធសាលានៅថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០០២ ពេលលោកបានបង្កើតសាលាសណ្ឋាគារនិងទេសចរណ៍ប៉ូលឌុយប្រ៊ូល។
សព្វថ្ងៃ Formation et Progrès-Cambodge ជាអង្គការដែលមានមូលដ្ឋាននៅខេត្តសៀមរាប បានអបអរបេសកកម្មរយៈពេល ២០ ឆ្នាំ របស់ខ្លួនដែលបានពង្រីកវិស័យបដិសណ្ឋារកិច្ចនៅកម្ពុជាដល់សិស្សបញ្ចប់ការសិក្សាប្រមាណ ៤ ពាន់នាក់។
លោកអេនរីកប្លង់កូជាអ្នកគ្រប់គ្រងផ្នែកគម្រោងនិងទំនាក់ទំនងបាននិយាយថា៖ «ដោយមានបទពិសោធន៍ ២០ ឆ្នាំក្នុងការអភិវឌ្ឍជំនាញយើងបន្តបង្កើតកិច្ចសហការប្រកបដោយផ្លែផ្កាជាមួយអង្គការក្នុងស្រុកនិងអន្តរជាតិជាច្រើនដើម្បីលើកកម្ពស់ជីវភាពរបស់ប្រជាជនកម្ពុជាតាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការបង្កើនជំនាញ និងការផ្តល់ការអប់រំប្រកបដោយគុណភាព (SDG4) និងឱកាសការងារសមរម្យសម្រាប់កំណើនសេដ្ឋកិច្ច (SDG8)»។
សាលាធុរកិច្ចបដិសណ្ឋារកិច្ច EHLនឹងបង្កើតព្រឹត្ដិការណ៍អាហារពេលល្ងាចសប្បុរសធម៌ក្រោមអធិបតីភាពលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក ប៉ូល ឌុយប្រ៊ូល ស្ថាបនិកសាលាសណ្ឋាគារ និងទេសចរណ៍ឌុយប្រ៊ូលដើម្បីអបអរសាទរខួបលើកទី២០ របស់ខ្លួន។
ព្រឹត្តិការណ៍ពិសេសនេះ នឹងផ្តល់នូវឱកាសដ៏សំខាន់មួយដើម្បីភ្ជាប់ទំនាក់ទំនងជាមួយបុគ្គលិកសំខាន់ៗនៅក្នុងឧស្សាហកម្មបដិសណ្ឋារកិច្ច និងទេសចរណ៍ ក៏ដូចជាឥស្សរជនសាធារណៈល្បីៗដែរ។
សាលាបដិសណ្ឋារកិច្ចផ្តល់ជូនកម្មវិធីចំនួន ៥ រួមមានសេវាកម្មម្ហូបអាហារនិងភេសជ្ជៈជំនាញចម្អិនអាហារជំនាញដុតនំការិយាល័យជួរមុខនិងគេហដ្ឋាននិងប្រតិបត្តិការទីភ្នាក់ងារទេសចរណ៍។
កញ្ញា ស្រ៊ុន គីមលុយ អាយុ ២២ ឆ្នាំ មកពីខេត្តបាត់ដំបង ត្រូវបានមិត្តរួមការងារណែនាំឱ្យមកស្នើសុំការសិក្សានៅសាលាសណ្ឋាគារ និងទេសចរណ៍នេះនៅពេលកញ្ញាធ្វើជាបុគ្គលិកទទួលភ្ញៀវនៅឯស្រុកកំណើត។ ក្នុងឆ្នាំ ២០២១ កញ្ញា គីម លុយ បានបញ្ចប់ការសិក្សាពីសាលាសណ្ឋាគារ និងទេសចរណ៍ឌុយប្រ៊ូល។
យុវតី គីម លុយ ដែលសិក្សាកម្មវិធីប្រតិបត្តិការទីភ្នាក់ងារទេសចរណ៍ដែលចំណាយពេល ១០ ខែ នៅសាលាសណ្ឋាគារ និងទេសចរណ៍ឌុយប្រ៊ូលបាននិយាយថា៖ «វាជាសាលាដ៏ល្អសម្រាប់ឧស្សាហកម្មបដិសណ្ឋារកិច្ចដូច្នេះហើយទើបខ្ញុំចូលរៀនសាលានេះ»។
បច្ចុប្បន្នកញ្ញាកំពុងធ្វើកម្មសិក្សានៅសាលារបស់អង្គការនេះផ្ទាល់ជាអ្នកសម្របសម្រួលគម្រោង និងផ្នែករដ្ឋបាលដែលកញ្ញាគិតថា វាទាក់ទងនឹងកម្មវិធីសិក្សារបស់ខ្លួន។
យុវតីមកពីខេត្តបាត់ដំបងរូបនេះបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា៖ «ខ្ញុំពិតជារីករាយនិងធ្វើការនៅសាលាព្រោះអ្នករាល់គ្នាពិតជាបុគ្គលល្អៗ និងមានវិជ្ជាជីវៈខ្លាំងណាស់»។
លោក ប៉ូល ឌុយប្រ៊ូល សហស្ថាបនិកនៃសម្ព័ន្ធសណ្ឋាគារ Accor Hotels មានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះប្រទេសកម្ពុជានិងចាប់ផ្ដើមមានគំនិតអភិវឌ្ឍន៍ បន្ទាប់ពីលោកបានធ្វើដំណើរមកកាន់កម្ពុជាជាលើកដំបូងក្នុងឆ្នាំ ១៩៩៨។
ក្នុងនាមជាអភិបាលក្រុង Fontainebleau ក្នុងប្រទេសបារាំង ជំហានដំបូងរបស់លោក គឺលើកកម្ពស់ការអភិវឌ្ឍស្របគ្នាជាមួយខេត្តសៀមរាប។ នេះបើយោងតាមសាវតាររបស់លោក ប៉ូល ឌុយប្រ៊ូល ដែលបានបង្ហោះនៅលើគេហទំព័ររបស់ខ្លួន។
លោក ឌុយប្រ៊ូល បានបង្កើតសាលាសណ្ឋាគារ និងទេសចរណ៍នេះឡើង (EHT) ជាគំនិតផ្តួចផ្តើមផ្ទាល់ខ្លួននៅពេលដែលលោកបានបម្រើការជាសមាជិកព្រឹទ្ធសភាបារាំងពីឆ្នាំ ១៩៩៩ ដល់ឆ្នាំ ២០០៤ ដែលតំណាងឱ្យតំបន់ Seine-et-Marne។
លោក ឌុយប្រ៊ូល ដែលជាអ្នកចូលចិត្តជិះកង់ដ៏ល្បីល្បាញ ១ រូបដែរនោះ បានឱ្យដឹងថា៖«យើងជឿថាការបណ្តុះបណ្តាលនិងគុណវុឌ្ឍិ គឺជាគន្លឹះនៃអនាគតរបស់បុគ្គលម្នាក់ៗ»។
ក្នុងភាពជាដៃគូជាមួយសាលាពាណិជ្ជកម្មបដិសណ្ឋារកិច្ច EHL និងសម្ព័ន្ធសណ្ឋាគារ AccorHotels ស្ថាប័នទាំង ២ ផ្តល់ការអប់រំថ្នាក់សញ្ញាបត្រផ្នែកគ្រប់គ្រងបដិសណ្ឋារកិច្ចចាប់តាំងពីឆ្នាំ ២០១៦។
២០ ឆ្នាំ នៃការផ្តល់ការអប់រំផ្នែកបដិសណ្ឋារកិច្ច EHLកំពុងកសាងធនធានប្រហែល ៤ ពាន់នាក់។ ពាក់កណ្តាលនៃពួកគេ គឺជាស្ត្រីហើយសិស្សចំនួន ២៥០ នាក់ ត្រូវបានចុះឈ្មោះក្នុង ១ ឆ្នាំៗ។
ខណៈពេលដែលសាលាបានផ្តល់អាហារូបករណ៍តម្លៃពេញដល់សិស្សជាង ១ ពាន់នាក់រួចហើយ ចាប់តាំងពីឆ្នាំ ២០០៣ មក សិស្សជាង ១០០ នាក់ មកពីដៃគូទេសចរណ៍ក្នុងស្រុក និងអន្តរជាតិ។
កម្មវិធីទាំង ៥ នៅក្នុងបដិសណ្ឋារកិច្ចដែលផ្តល់អាហារូបករណ៍ ១០០ ភាគរយ ជាផ្នែកមួយនៃអាហារូបករណ៍ខ្លះៗ និងតម្លៃពេញសម្រាប់និស្សិតរាប់ពាន់នាក់ត្រូវបានគេមើលឃើញថា ជាសមិទ្ធផលដ៏ធំ។
លោក ប្លង់កូ បាននិយាយថា៖ «នៅ EHT ការរៀននិងភាពសប្បាយរីករាយគឺជាផ្នែកមួយនៃកម្មវិធីសិក្សារបស់សិស្ស។ ពីថ្នាក់រៀនរហូតដល់កម្មសិក្សាព្រឹត្តិការណ៍នានារហូតដល់ដំណើរកម្សាន្ដគ្រប់ជំហានទាំងអស់ត្រូវបានបង្កើតឡើង ដើម្បីបង្កើនចំណេះដឹងដល់សិស្ស»។
លោកបន្ដថា៖ «សិស្សានុសិស្សបង្កើនជំនាញរបស់ពួកគេនៅក្នុងបរិយាកាសជីវិតពិតរួមមានបន្ទប់រៀនដែលបំពាក់ដោយឧបករណ៍ពេញលេញចំនួន ១២ បន្ទប់កុំព្យូទ័រចំនួន៣ បណ្ណាល័យដែលមានសៀវភៅជាង ២ ៥០០ ក្បាល បន្ទប់សិក្ខាសាលាចំនួន ២ សាលប្រជុំ ១ ភោជនីយដ្ឋានបណ្តុះបណ្តាលផ្ទះបាយគរុកោសល្យ និងសិក្ខាសាលាផ្សេងៗក៏ដូចជាបន្ទប់សណ្ឋាគារបណ្តុះបណ្តាលចំនួន ៤»។
លោកនិយាយថា៖ «យើងលើកទឹកចិត្តសិស្សឱ្យរស់នៅក្នុងជីវិតគំរូដែលទទួលបានពីការបណ្ដុះបណ្ដាលការគោរពគ្នាទៅវិញទៅមកការចូលរួមក្នុងសង្គមការចែករំលែកគោលដៅ និងចំណង់ចំណូលចិត្ត»។
ដោយមិនទទួលបានអាហារូបករណ៍សិក្សានៅសាលាសណ្ឋាគារនិងទេសចរណ៍នេះ លោក តែ វុទ្ធី បានចំណាយពេល ២ ឆ្នាំធ្វើការជាអ្នករត់តុនៅភោជនីយដ្ឋានមួយនៅសៀមរាបនិង២ឆ្នាំទៀតនៅ Angkor Zipline ជាទីដែលលោកទទួលបានការឧបត្ថម្ភថ្លៃសិក្សាជំនាញចុងភៅ។
លោកបានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ថា៖ «ពេលខ្ញុំកំពុងរៀននោះខ្ញុំត្រូវបង់ថ្លៃសម្រាប់ចូលរួមចំណែកត្រឹមតែជាង ៨០០ ដុល្លារ ក្នុងតម្លៃប្រមាណ ៥ ០០០ ដុល្លារ ដោយមានទាំងការផ្ដោតលើទ្រឹស្ដី និងអនុវត្ដផ្ទាល់»។
យ៉ាងណាមិញសាលាអង្គការនេះបានផ្ដល់ឱ្យដល់សិស្សច្រើនដោយមានក្មេងៗជាច្រើនមកស្នើសុំអាហារូបករណ៍សិក្សាជំនាញផ្សេងៗ។
លោកអះអាងថា លោកមានសមត្ថភាពគ្រប់គ្រាន់ក្នុងការចេញទៅបំពេញការងារនៅតាមភោជនីយដ្ឋាន និងសណ្ឋាគារធំៗដែលមានកម្រិតស្ដង់ដា។
លោក វុទ្ធី បានឱ្យដឹងថា៖ «ខ្ញុំមានគោលបំណងបើកមុខជំនួញភោជនីយដ្ឋានមួយខ្លួនឯង តែដោយមិនទាន់មានលទ្ធភាពខ្ញុំនឹងចាប់ផ្ដើមពីការងារក្នុងវិស័យម្ហូបនេះដែលអាចសម្រួចបទពិសោធន៍ និងចំណេះដឹងក៏ដូចជាសន្សំលុយបន្ថែមទៀតដែរ»។
លោក ប្លង់កូ បាននិយាយថា ក្នុងចំណោមជំនាញទាំង ៥ ជំនាញធ្វើនំ គឺជាមុខវិជ្ជាដែលពេញនិយមជាងគេ។
សាលាសណ្ឋាគារនិងទេសចរណ៍ EHT ត្រៀមរៀបចំព្រឹត្តិការណ៍ជាច្រើននាសប្តាហ៍ចុងក្រោយនៃខែវិច្ឆិកា ឆ្នាំ ២០២២ នេះ និងស្វាគមន៍ភ្ញៀវជាង ៤០០ នាក់ រួមទាំងនាយកប្រតិបត្តិជាតិនិងអន្តរជាតិ និងបុគ្គលសំខាន់ៗនៃឧស្សាហកម្មបដិសណ្ឋារកិច្ចនិងទេសចរណ៍។
ព្រឹត្តិការណ៍នេះ នឹងចាប់ផ្តើមជាមួយការប្រកួតប្រជែងសហគ្រិនភាព ដំណើរទេសចរណ៍ជិះកង់ ការណែនាំអំពីសាលានិងកម្មវិធីលៀងសាយភោជន៍សប្បុរសធម៌។
នៅថ្ងៃសុក្រ ទី ២ ខែធ្នូ ឆ្នាំ ២០២២ នៅសាលាសណ្ឋាគារនិងទេសចរណ៍ប៉ូលឌុយប្រ៊ូល ផ្លូវជាតិលេខ ៦ ខេត្តសៀមរាប កម្មវិធីលៀងសាយភោជន៍សប្បុរសធម៌ចាប់ផ្តើមនៅម៉ោង ៧ យប់ ដែលរៀបចំ និងបម្រើដោយសិស្សរបស់សាលាអង្គការដើម្បីធានាដល់ភាពរីករាយចំពោះអ្នកចូលរួមទាំងអស់រួមទាំងមានកម្មវិធីសិល្បៈជាច្រើនទៀត។
សាលាសណ្ឋាគារនិងទេសចរណ៍ EHL អញ្ជើញមហាជនឱ្យចូលរួមការដេញថ្លៃទិញផលិតផលសិល្បៈ ដើម្បីគាំទ្រការអប់រំ និងការបណ្តុះបណ្តាលហើយប្រាក់ចំណេញទាំងអស់នឹងត្រូវបានបញ្ចូលទៅក្នុងមូលនិធិអាហារូបករណ៍របស់អង្គការមិនមែនរដ្ឋាភិបាលនេះ៕