សៀមរាបៈ ​អគ្គនាយកដ្ឋាន​យុវជន នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា បានរៀបចំ​កម្មវិធី​ពិព័រណ៍​ប្រកួតប្រជែង​ស្នាដៃ​យុវជន​សតវត្សរ៍​ទី​២១ ក្រោម​ប្រធានបទ “STEM និង​ការប្រើប្រាស់​ក្នុង​វិស័យ​បរិស្ថាន​” នៅ​ក្រុង​សៀមរាប កាលពី​ថ្ងៃ​ ២៣ ខែវិច្ឆិកា ដល់​ថ្ងៃទី​ ២៥ ខែវិច្ឆិកា ឆ្នាំ​ ២០២២ ដោយមាន​យុវជន​ប្រមាណ​ជិត​ ២០០​ នាក់​ចូលរួម​។ យោងតាម​ប្រភពពី​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​។​

លោក​ ស៊ាន បូរ៉ា​ត រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា ថ្លែងថា យុវជន គឺជា​ធនធាន​ដ៏​មានតម្លៃ​បំផុត​សម្រាប់​ចូលរួម​អភិវឌ្ឍ​សេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ បរិស្ថាន និង​ជា​កម្លាំងចលករ​ដ៏​សំខាន់ ដើម្បី​រក្សាបាន​នូវ​កំណើនសេដ្ឋកិច្ច​ជាតិ​ទាំង​ពេលបច្ចុប្បន្ន និង​អនាគត​។​

លោក បូរ៉ា​ត ថ្លែងថា កម្មវិធី​ពិព័រណ៍​ប្រកួតប្រជែង​ស្នាដៃ​យុវជន​សតវត្សរ៍​ទី​២១ នាឱកាស​នេះ គឺជា​ការអប់រំ​ដល់​យុវជន​ទាំងអស់​ឱ្យបាន​យល់ច្បាស់​ពីអ្វី​ដែលជា​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤.០ និង​យុគសម័យ​ព័ត៌មាន ដែល​ពេញនិយម​លើ​ផ្នែក​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ឌីជីថល ដោយ​កម្ពុជា​កំពុងតែ​ត្រូវការ​យុវជន មាន​បំ​ណិ​ន​សិក្សា ជំនាញ​ត្រិះរិះ ពិចារណា ច្នៃប្រឌិត សហប្រតិបត្តិការ​ក្នុងការ​ប្រើប្រាស់​បច្ចេកវិទ្យា ដើម្បី​ឆ្លើយតប​នឹង​បរិបទ​យុគសម័យ​ទំនើប​ឌីជីថល​ផងដែរ​»​។​

លោកបន្តថា​៖ «​ដើម្បី​ចូលរួម​គាំទ្រ​ក្របខ័ណ្ឌ​គោលនយោបាយ​នេះ យុវជន​កម្ពុជា​គប្បី​មាន​បំ​ណិ​ន​ឌីជីថល បំ​ណិ​ន​និ​វា​នុ​វត្ត​ន៍ និង​គំនិត​ផ្តួចផ្តើម​ថ្មីៗ​” និង​រួមផ្សំ​ជាមួយ “​បំ​ណិ​ន​ប្រពៃណី​” មួយចំនួន​ដែល​រក្សាបាន​នូវ​អត្តសញ្ញាណ​ជាតិ និង​ការរីកចម្រើន​សង្គម​»​។​

ប្រធាន​នាយកដ្ឋាន​យុវជន​នៃ​ក្រសួង​អប់រំ លោក ម៉ិ​ល ផន​សីហា បានឱ្យដឹងថា ការរៀបចំ​កម្មវិធី​នេះ​ឡើង ក្នុង​គោលបំណង​ធ្វើយ៉ាងណា​ឱ្យ​យុវជន​មានការ​ច្នៃប្រឌិត និង​ចូលរួមចំណែក​អភិវឌ្ឍ​វិស័យ​បរិស្ថាន​តាមបែប​ទំនើប ដើម្បី​ធ្វើឱ្យ​វិស័យ​បរិស្ថាន​នៅ​កម្ពុ​ជាមាន​ភាព​រីកចម្រើន​ជឿនលឿន​ដូច​បណ្ដា​ប្រទេស​នានា​លើ​សកលលោក​។​

លោក​បន្តថា៖ «​ជាការ​ជំរុញ​យុវ​សិស្ស រួមទាំង​លោកគ្រូ​-​អ្នកគ្រូ​ឱ្យ​ផ្តោត​ការយកចិត្តទុកដាក់​កាន់តែខ្លាំង​ក្នុងការ​សិក្សា​ស្រាវជ្រាវ​លើ​មុខវិជ្ជា​ដែល​ទាក់ទង​នឹង​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា ដែលជា​មុខជំនាញ​មាន​សក្តានុពល​សម្រាប់​ចូលរួមចំណែក​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ និង​ផ្តល់ឱកាស​ឱ្យ​យុវជន​បានបង្ហាញ​នូវ​សមត្ថភាព និង​ស្នាដៃ​បង្កើត​ថ្មី​របស់​ក្រុម​ខ្លួន​»​។​

រាជរដ្ឋាភិបាល​កម្ពុជា បានអនុម័ត​លើ​ក្របខ័ណ្ឌ​គោលនយោបាយ​សេដ្ឋកិច្ច និង​សង្គម​ឌីជីថល​កម្ពុជា ២០២១-២០៣៥​ សម្រាប់​ដាក់ចេញ​នូវ​ចក្ខុវិស័យ​វែងឆ្ងាយ ក្នុង​ការកសាង​សេដ្ឋកិច្ច និង​សង្គម​ឌីជីថល​រស់​រវើក តាមរយៈ​ការរៀបចំ​មូលដ្ឋានគ្រឹះ​ជំរុញ​ការទទួលយក និង​ការ​ធើ្វ​បរិវត្ត​កម្ម​ឌីជីថល​នៅក្នុង​គ្រប់​តួអង្គ​សង្គម ទាំង​រដ្ឋ ពលរដ្ឋ និង​ធុរជន ដើម្បី​ជំរុញ​សម្ទុះ​កំណើនសេដ្ឋកិច្ច​ថ្មី និង​លើកកម្ពស់​សុខុមាលភាព​សង្គម​៕