ភ្នំពេញៈ កម្ពុជា​សហការ​ជា​មួយ​ក្រុម​ហ៊ុន​យូ​ធូប (YouTube) ដាក់​ឱ្យ​ដំណើរកា​រ​ជា​ផ្លូវការ​នូវ​ភាពជា​ដៃគូ​រួមគ្នាដែ​ល​អនុញ្ញាត​ឱ្យ​អ្នក​ផលិត​មាតិ​កា YouTube កម្ពុជា អាច​រក​ចំណូល​បាន​ចាប់ពី​ខែវិច្ឆិកា​ ឆ្នាំ​២០២២ ​នេះ​តទៅ ​ព្រម​ទាំង​អាច​ប្រើ​ប្រាស់​មុខងារ​សំខាន់ៗ​​របស់​វេ​ប​សាយ​លំដាប់​ពិភព​លោក​នេះ​ទៀត​ផង​។​

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ប្រៃ​សណីយ៍ ​និង​ទូរគម​នាគមន៍ (​ក​.​ប​.​ទ​) ចុះ​ថ្ងៃទី ​២៤​ ខែវិច្ឆិកា ឆ្នាំ ២០២២​ បាន​ឱ្យដឹងថា ​បន្ទាប់​ពី​ផ្អាក​ការផ្តល់​សេវា​រក​ចំណូល​ (Monetization) លើ​ថ្នាល​វីដេអូ YouTub នៅ​ប្រទេស​កម្ពុជា ក​.​ប​.​ទ​. បាន​ទាក់​ទង​និង​សហ​ការ​ជាមួយ​តំណាង​យូ​ធូប ​ដើម្បី​ស្វែងរក​ដំណោះ​ស្រាយ​បញ្ហា​នេះ​ជូន​អ្នក​ផលិត​មាតិកា​យូ​ធូបនៅ​កម្ពុជា​។

ក​.​ប​.​ទ បន្តថា «​ជា​លទ្ធផល​ចាប់ពី​ខែវិច្ឆិកា​ ឆ្នាំ​ ២០២២ នេះ​តទៅ ​ក្រុមហ៊ុន​ YouTube បាន​ដាក់ឱ្យ​ដំណើរ​ការ​ផ្លូវការ កម្មវិធី​ភាព​ជា​ដៃគូ​ (YouTube Partner Program) នៅ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ដែល​អនុញ្ញាតឱ្យ​អ្នក​ផលិត​មាតិកា​យូ​ធូប​កម្ពុជា​អាច​រក​ចំណូល​បាន ​ព្រមទាំង​ឱកាស​ចូលទៅ​ប្រើ​ប្រាស់​មុខ​ងារ​សំខាន់ៗ និង​ធន​ធាន​ជាច្រើន​របស់​យូ​ធូប​ផង​ដែរ​»​។​

​សេចក្តី​ប្រកាស​ព័ត៌មាន​បន្តថា ក​.​ប​.​ទ​. នឹង​បន្ត​សហការ​ជាមួ​យ​ក្រុមហ៊ុន​យូ​ធូប​ និង​ក្រុមហ៊ុន​នានា​ដែល​មាន​ថ្នាល​វីដេអូ​នៅលើ​ប្រព័ន្ធ​ អ៊ិន​ធឺ​ណិ​ត ដើម្បី​រៀបចំ​កម្មវិធី​បណ្ដុះ​បណ្ដាល​ដល់​អ្នក​ផលិត​មាតិ​កា​ដូច​ដែល​បានធ្វើ​កន្លង​មក សំដៅ​ពង្រឹង​សមត្ថ​ភាព ក្នុង​ការ​ផលិត​មាតិកា​ល្អៗគោរព​តាម​គោលកា​រណ៍​កម្ម​សិទ្ធិ​បញ្ញា​ប្រក​បដោយ​គំនិត​ច្នៃ​ប្រឌិត​។​

​ក​.​ប​.​ទ​. បាន​គូស​បញ្ជាក់ ការប្រើ​ប្រាស យូ​ធូប ប្រកប​ដោយ​គំនិត​ច្នៃប្រឌិត​នេះ​នឹង​ផ្តល់​អត្ថប្រយោជន៍ ការអប់រំ​ កម្សាន្ត ​បច្ចេក​វិទ្យា​ឌីជីថល ធុរ​កិច្ច និង​នវានុវត្តន៍​ជាដើម​ ដែល​ទាំង​នេះ ជា​ផ្នែក​មួយ​ជួយ​ជំរុញ​ដល់​បរិវត្ត​កម្ម​សេដ្ឋកិច្ច​ និង​សង្គម​ឌីជី​ថល​នៅ​កម្ពុជា​។​

​លោក ​យឺន សីហា ដែល​ជា​ផលិត​ករ និង​កំពុង​ប្រឡូក​នៅ​ក្នុង​វិស័យ​យូ​ធូប​មួយ​រូប បាន​សម្តែង​ការ​​ត្រេក​អរ​និង​សាទរ​យ៉ាង​ខ្លាំង​ចំពោះ​ការដែល​ក្រុម​ហ៊ុន​យូ​ធូប​បាន​អនុញ្ញាត​ឱ្យ​កម្ពុជា មាន​សិទ្ធិ​ពេញលេញ​ក្នុង​ការរកចំណូល​ពី​ក្រុមហ៊ុន​យក្ស​ដ៏​ធំ​មួយ​នេះខណៈ​បច្ចុប្បន្ន​កម្ពុជា​សម្បូរ​អ្នកបង្កើត​មាតិកា ​(Content)​ ជាច្រើន​នាក់ ដើម្បី​ទាញ​ចំណូល​ពី​យូ​ធូប​នេះ​។

​លោក​ថ្លែងថា​៖ «​សម្រាប់​ខ្ញុំ ចំពោះ​កម្ពុជា​ដែល​ទើបនឹង​ទទួល​បាន​សិទ្ធិ​ពេញលេ​ញ​ដែល​ក្រុម​ហ៊ុន​យូ​ធូប​អនុញ្ញាត​ឱ្យ​រកចំណូល​បាន​តាម​រយៈ​ការប​ង្កើត​មាតិកា​ជាការ​កម្សាន្ត​ ការផ្ដល់​ចំណេះដឹ​ង ការបង្រៀន ឬ​មាតិ​កា​ផ្សេងៗ​ទៀត ​នឹងចូ​លរួម​ជួយ​បាន​ច្រើន​ដល់​អ្នក​បង្កើត​មាតិកា​ទាំងនោះ​ ពោល​គឺ​ពួកគេ​អាច​រកបាន​ទាំង​ចំណូល ​និង​ផ្ដល់​ជាការ​កម្សាន្ត ​ការអប់រំ ឬ​ការ​បង្រៀន​អ្វីមួយ​ទៅដល់​អ្នក​ដែល​តាម​ដាន​ ឬ​ទស្សនា​មាតិ​កា​របស់​ពួកគេ​ដែល​បាន​បង្កើត​ឡើង​»​។​

​លោក​បាន​រៀបរាប់​ផងដែរ​ថា បើ​ងាក​ទៅ​និយាយ​ពី​បញ្ហា​របស់​អ្នក​ផលិត​មាតិ​កា មុននឹង​ទទួល​បាន​សិទ្ធិ​ពេញ​លេញ​នេះប្រ​ទេស​កម្ពុជា​មិនមាន​សិទ្ធិ​ក្នុង​ការរ​កចំណូល​ពី​យូ​ធូប​ឡើយ​ដែល​ធ្វើឱ្យ​អ្នក​ផលិត​មាតិកា​ដទៃក៏​ដូចជា​រូប​លោក​ផ្ទាល់ពិ​បាក​ក្នុង​ការកំណត់​ទីតាំងរ​បស់​ប៉ុស្តិ៍​យូ​ធូប ​(Channe​l Youtube)​។

លោក​ថា​៖«​ព្រោះ​ថាបើ​យើង​កំណត់​ទីតាំង​ថា​នៅក្នុង​ប្រទេស​កម្ពុជា គឺ​ច្បាស់​ណាស់​ថា យូ​ធូប​យើង​នឹង​មិនអាច​រក​លុយ​បាន​ឡើយ តែ​ពេលនេះ​យើង​អាច​រក​លុយ​បាន​ធម្មតា​ហើយ ខ្ញុំ​ពិតជា​សប្បាយ​ចិត្ត​ណាស់​»​។​

​យ៉ាង​ណា​មិញ ដ្បិត​បច្ចុប្បន្ន​ប៉ុស្តិ៍​យូ​ធូប​របស់លោក​រក​ចំណូ​លបាន​តិចតួច ​ប៉ុន្តែ​លោក​ប្តេជ្ញា​ថា នឹង​បង្កើន​ការ​ផលិត​មាតិកា​​ថ្មីៗ​បន្ថែម​ទៀត ដើ​ម្បី​ទាញ​យក​ចំណូល​ឱ្យបាន​ច្រើន​ពី​យូ​ធូប​។​

​បន្ថែម​ពីនេះ ​ដើម្បី​ជំរុញ​ការអប់រំ​ឌីជីថល ក្រសួង​ប្រៃសណី​យ៍ ​និង​ទូរគ​មនាគមន៍​លើកទឹ​កចិត្ត​ដល់​អ្នក​ផលិត​មាតិកា​ទាំង​អស់​ចូលរួ​មកម្ម​វិធី​ប្រកួតប្រ​ជែង​ផលិត​មាតិកា​វីដេអូ “​កម្ពុជា​ឆ្ពោះទៅ​ទី​ជី​ថ​ល ​(Go Digital Cambodia)ដែល​អាច​ស្វែងរ​កព័ត៌មា​ន​លម្អិត​តាម​គេហទំព័រ ​www.godigital.gov.kh៕